The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ដែនដី​ឲ្យ​បញ្ឈប់​ការ​សង់​ស្ថានីយ​ប្រេង​នៅ​តំបន់​ហាម​ឃាត់

ក្រសួង​ដែនដី​ឲ្យ​បញ្ឈប់​ការ​សង់​ស្ថានីយ​ប្រេង​នៅ​តំបន់​ហាម​ឃាត់

ស្ថានីយ​ប្រេង​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន។
ស្ថានីយ​ប្រេង​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន។ ផា លីណា

ក្រសួង​ដែនដី​ឲ្យ​បញ្ឈប់​ការ​សង់​ស្ថានីយ​ប្រេង​នៅ​តំបន់​ហាម​ឃាត់

ភ្នំពេញៈ រដ្ឋមន្ត្រី​​​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​ដល់​អភិបាល​រាជធានី ខេត្ត​ទាំងអស់​ដែល​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ត្រូវ​ឈប់​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់​ស្ថានីយ​ប្រេង​ឥន្ធនៈ​នៅ​តំបន់​ដែល​ហាមឃាត់​ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាជន។

ក្នុង​លិខិត​ចុះ​ហត្ថលេខា​ដោយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​ទើប​កាន់​តំណែង​ថ្មី​ចុះ​ថ្ងៃ​ទី ១៩ ខែ​ឧសភា​បាន​ស្នើ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់​កំណត់​តំបន់​ហាម​ឃាត់ និង​ឈប់​ផ្តល់​អាជ្ញាប័ណ្ណ​នៅ​កន្លែង​នោះ។ លិខិត​បាន​ស្នើ​ថា៖ «រៀបចំ​ប្លង់​កំណត់​តំបន់​ឈប់​បន្ត​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់​ស្ថានីយ​ប្រេង​ឥន្ធនៈ​ក្នុង​តំបន់​ហាម​ឃាត់ និង​តំបន់​សាងសង់​ស្ថានីយ​ប្រេង​ឥន្ធនៈ​នៅក្នុង​រាជធានី ខេត្ត ដោយ​ផ្អែក​លើ​គោលការណ៍​តម្លាភាព សុវត្ថិភាព សណ្តាប់​ធ្នាប់ បរិស្ថាន​រស់​នៅ»។ ក្នុង​លិខិត​ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​ពង្រឹង​ជុំវិញ​ការ​ផ្តល់​លិខិត​អនុញ្ញាត​សាង​សង់​ស្ថានីយ​ប្រេងឥន្ធនៈ​ផង​ដែរ។ ​លិខិត​បន្ត​ថា៖ «ចំពោះ​រាល់​ការ​ស្នើ​សុំ​លិខិត​អនុញ្ញាត​ត្រូវ​ណែនាំ​ឱ្យ​ម្ចាស់​សំណើ​ភ្ជាប់​មក​ជាមួយ​នូវ​កិច្ចសន្យា​ និង​ស្នាម​មេដៃ​យល់​ព្រម​ឱ្យ​សាង​សង់​ស្ថានីយ​ប្រេង​ឥន្ធនៈ​ពី​គ្រប់​អ្នក​ជាប់​ព្រំ​ ត្រូវ​មាន​របាយការណ៍​លទ្ធផល​បិទ​ផ្សាយ​គម្រោង​សាងសង់​នៅ​ទីតាំង​ស្នើសុំ​រយៈពេល​ ២៥ ​ថ្ងៃ​ដោយ​ការិយាល័យ​រៀបចំ​ដែនដី»។

អ្នក​នាំពាក្យ​ក្រសួង​ដែនដី​លោក ជៀម សុផលមករា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​ថា​វិធានការ​នេះ​គឺ​ដើម្បី​ពង្រឹង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ចៀសវាង​គ្រោះថ្នាក់​ជាយថា​ហេតុ។ លោក​ថា៖ «កន្លែង​ខ្លះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សាងសង់​បន្ថែម​ទៀត​ទេ​ព្រោះ​ដី​ផ្ទាល់​មិន​អាច​តម្រូវ​តាម​ស្តង់ដារ​សង់​ស្ថានីយ​អ៊ីចឹង​យើង​ត្រូវ​មាន​ការ​ណែនាំ​មួយ​ដូច​ថា​តំបន់​ខ្លះ​គេ​បិទ​ហាម​ឃាត់ និង​មាន​តម្រូវការ​គ្រប់គ្រាន់​សម្រាប់​សាងសង់​ស្ថានីយ​ប្រេង​អ៊ីចឹង​មិន​ចាំបាច់​ឱ្យ​ខេត្ត​បញ្ជូន​ពាក្យ​ស្នើ​សុំ​មក​ទេ»។

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​រាជធានី​ភ្នំពេញ​លោក ងី ប៊ុនលី ថ្លែង​ថា​បច្ចុប្បន្ន​ស្ថានីយ​ប្រេង​ឥន្ធនៈ និង​ដេប៉ូ​នៅ​ភ្នំពេញ​មាន​​ ៤០០ ​កន្លែង​តែ​នៅ​ទូទាំង​ប្រទេស​លោក​ក្តាប់​ព័ត៌មាន​មិន​បាន​ទេ។ លោក​ថា៖ ​«កន្លង​មក​សាលា​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឱ្យ​ទីតាំង​ខ្លះ​តែ​ទីតាំង​មួយ​ចំនួន​មិន​អនុញ្ញាត​ទេ​តែ​ក្រុម​ការងារ​បច្ចេកទេស​បាន​​ចុះ​រៀបចំ​សុវត្ថិភាព​ស្ថានីយ​មុន​នឹង​អនុញ្ញាត​ឱ្យ​សង់»៕

អត្ថបទគួរចាប់អារម្មណ៍