កោះកុងៈ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ព្រម​ទាំង​អាជ្ញាធរ​ខេត្ត​កោះកុង​បាន​ព្រមព្រៀម​គ្នា​កំណត់​ពេល​ចុះ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះដីធ្លី​ដ៏រុំារ៉ៃ​ចាប់ពី​ថ្ងៃទី​ ២១ ​នេះ​តទៅ ក្រោយ​ពី​តំណាង​ពលរដ្ឋ​ប្រមាណ​ ៣០០ ​នាក់​ប្រមូល​ផ្តុំគ្នា​ជាថ្មីទៀត​បិទ​ផ្លូវ​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី ដើម្បី​ស្វែងរក​ដំណោះស្រាយ​កាលពី​ចុង​សប្តាហ៍​មុន​។

លោកស្រី ភូថង មិថុនា អភិបាលខេត្ត​កោះកុង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ព្រម​ទាំង​មាន​ពាក្យ​ណែនាំ​របស់​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ស្នើឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ឲ្យ​ចប់​នៅ​ចុង​ខែ​ឧសភា ឆ្នាំ ២០១៨ នេះ​។

លោកស្រី​ថ្លែង​ថា​៖ «​ហ្នឹង​ហើយ! យើង​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​រួចរាល់​ហើយ ហើយ​នៅ​ថ្ងៃទី​ ២១ ខែ​ឧសភា​នេះ​គឺ​យើង​ចុះ​ទៅ​ស្រង់​ព័ត៌មាន​។ មានន័យ​ថា​យើង​ប្រមូល​ព័ត៌មាន​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ ដែល​កាន់កាប់​ដី​នោះ ពិនិត្យ​ទំហំ​ដី ដែល​កំពុង​មាន​ជម្លោះ និង​ស្វែងរក​ជន​ណា​ខ្លះ​ដែល​លួច​បន្លំ​ចង់​បាន​ដី​នោះ​ដែរ​។ អ៊ីចឹង បើ​យើង​កំណត់​អត្ដសញ្ញាណ​បាន​ច្បាស់លាស់​ហើយ គឺ​យើង​ឈាន​ទៅ​កាត់​បែងចែក​ដី​ឲ្យ​ពួកគាត់​តែ​ម្ដង​គឺ​យើង​មិន​ទុក​យូរ​ទេ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​នៅ​ថ្ងៃទី​ ១៨ ខែ​ឧសភា​ឆ្នាំ​ ២០១៨ ដែល​បាន​បង្ហាញ​ពី​លិខិត​របស់​រដ្ឋបាល​ខេត្ត​កោះកុង​ចុះ​ថ្ងៃទី​ ៣០ ខែ​មីនា​ឆ្នាំ​ ២០១៨ បញ្ជាក់​ថា​មាន​សំណូមពរ​របស់​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​ ៣១៦ ​គ្រួសារ​ស្ថិត​នៅ​ស្រុកស្រែ​អំបិល ស្រុក​បទុមសាគរ ខេត្ត​កោះកុង និង​សំណូមពរ​របស់​ក្រុម​ប្រជាពលរដ្ឋ​ ១៧០ ​គ្រួសារ ស្ថិត​នៅ​ស្រុកស្រែ​អំបិល ខេត្ត​កោះកុង​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា​ ហ៊ុយ ហេង ដែល​មាន​ឈ្មោះ​កោះកុង ស៊ូហ្គើរ​ (Kohkong Sugar Industry Co .,Ltd) ​និង​ក្រុមហ៊ុន កោះកុង ផ្លេនថេសិន (Kohkong Plantation Co., Ltd) ​នោះ​មក ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ក៏​បាន​ចាត់​ក្រុម​ការងារ​ចុះ​សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ខេត្ត​កោះកុង​ដើម្បី​ពិនិត្យ​អត្តសញ្ញាណ​អ្នក​កាន់កាប់​ដីធ្លី​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ខាង​លើ​ចាប់ពី​ថ្ងៃទី ២១ ខែ​ឧសភា​ឆ្នាំ​ ២០១៨ រហូត​រួចរាល់​ជា​ស្ថាពរ​ឈាន​ទៅ​ដោះស្រាយ​បញ្ចប់​។

អ្នកស្រី​ ធី ណា តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជាង​ ៣១៦ ​គ្រួសារ​រស់នៅ​ឃុំ​ជីខលើ ស្រុកស្រែ​អំបិល ខេត្ត​កោះកុង បាន​អះអាង​ថា​បន្ទាប់ពី​ក្រុម​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​តវ៉ា​នៅ​ទីក្រុង​ភ្នំពេញ​អស់​មួយរយៈ មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​បាន​សម្របសម្រួល​ដោយ​អះអាង​ថា ខ្លួន​នឹង​ចាត់​តំណាង​ក្រុម​មន្ត្រី​ជំនាញ​ចុះ​មក​តាម​មូលដ្ឋាន​ដី​ដែល​កំពុង​មាន​ទំនាស់ ដើម្បី​ពិនិត្យ​អត្តសញ្ញាណ និង​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់​ពី​អ្នក​កាន់កាប់​ដីធ្លី​ទាំង​នេះ​។

អ្នកស្រី​បន្ត​ថា​ប្រជាពលរដ្ឋ​ស្វាគមន៍​ចំពោះ​ការចេញ​សេចក្ដី​ប្រកាស​របស់​ក្រសួង​រៀបចំ​ដែនដី​ដែល​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ ព្រោះ​កន្លង​មក​មន្ត្រី​ទាំងអស់​មិន​បាន​ឆ្លើយ​ព្រម​ទាំង​ដេញ​ប្រជាពលរដ្ឋ​ឲ្យ​ត្រឡប់​ទៅវិញ ដោយ​មិន​ព្រម​រក​ដំណោះស្រាយ​អ្វី​ទាំងអស់​។

អ្នកស្រី​ ធី ណា បញ្ជាក់​ថា​៖ «​ភាគី​ក្រសួង​ដែនដី​បាន​ប្រាប់​មក​ពួក​ខ្ញុំ​ថា ក្រសួង​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​នៅ​ខេត្ត​កោះកុង​ផ្ទាល់​។ ដូច្នេះ​គេ​តម្រូវ​ឲ្យ​ពួក​ខ្ញុំ​ត្រឡប់​ទៅ​ដោះស្រាយ​ជាមួយ​អាជ្ញាធរខេត្ត​វិញ ប៉ុន្ដែ​ពួក​ខ្ញុំ​មាន​ជំនឿ​ត្រឹម​ ៥០ ​ភាគរយ​សិន​ព្រោះ​ពួក​ខ្ញុំ​នៅ​មិន​ទាន់​បាន​សំណង​នៅ​ឡើយ ហើយ​យ៉ាង​ណា​ក៏​ពួក​ខ្ញុំ​សប្បាយចិត្ត​ដែរ​»​។

លោក​ សួន វណ្ណាត អាយុ ៥០ ឆ្នាំ​ជា​ពលរដ្ឋ​ក្នុង​ជម្លោះដីធ្លី​ថ្លែង​ថា​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​បាន​អូសបន្លាយ​ពេល​ជាង​ ១០ ​ឆ្នាំ​មក​នេះ​គឺ​បាន​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ចំនួន​ ៥៣៧ ​គ្រួសារ​ដែល​រស់នៅ​ក្នុង​ភូមិ​ចំនួន​ ៩ នៃ​ឃុំ​ចំនួន​ ៤ គឺ​មាន​ឃុំ​ជីខ​ក្រោម ឃុំ​ជីខលើ ឃុំ​ដងពែង និង​ឃុំ​កណ្ដោល ស្ថិត​ក្នុង​ស្រុក​ចំនួន​ ២ គឺ​ស្រុក​ស្រែអំបិល និង​បទុមសាគរ ខេត្ត​កោះកុង​។

លោក​បញ្ជាក់​ថា​៖ «​ពេល​ចរចា​គ្នា​ហ្នឹង​ពួក​ខ្ញុំ​បាន​លើក​សំណើ​ ១ ​ចំណុច គឺ​ពួកខ្ញុំ​ចង់​បាន​សំណង​ដូច​ក្រុម​អ្នកស្រី​ ផាវ ញ៉ើង គឺ​ដី​ ៣ ហិកតា និង​លុយ​ ២៥០០ ​ដុល្លារ ហើយ​ភាគី​ក្រសួង​ប្រាប់​ថា គេ​គិត​មើល​សិន ហើយ​បាន​ប្រាប់​ឲ្យ​ពួកខ្ញុំ​ត្រឡប់​ទៅ​​ខេត្ត​វិញ​ហើយ​ឥឡូវ​​គេ​​បង្កើត​គណៈកម្មការ​ចម្រុះ​មក​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ ប៉ុន្ដែ​ពួក​ខ្ញុំ​នៅ​មិន​ទាន់​ទុក​ចិត្ត​ទាំងស្រុង​ពេក​ទេ​»​។

ការចេញ​ទាមទារ​រក​ដំណោះ​ស្រាយ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​នៅ​ខេត្ត​កោះកុង​នេះ​ដោយសារ​​អាជ្ញាធរ​ក្នុង​ខេត្ត​កោះកុង និង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​មិន​បាន​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ពួកគាត់​ដូច​ពលរដ្ឋ​មួយ​ក្រុម​ទៀត​ដែល​ដឹកនាំ​ដោយ​អ្នកស្រី ផាវ ញ៉ើង ដែល​តែងតែ​ចេញ​តវ៉ា​យ៉ាង​សកម្ម​កន្លងមក​។ ទំនាស់​ដីធ្លី​នេះ​គឺ​មាន​វិវាទ​ជាមួយ​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា ហ៊ុយ ហេង ​និង​ក្រុមហ៊ុន​ឈ្មោះ កោះកុង ស៊ូហ្គើរ​ (Kohkong Sugar) និង​ក្រុមហ៊ុន​កោះកុង ផ្លេនថេសិន (Kohkong Plantation) របស់​អ្នក​វិនិយោគ​ទុន​ថៃ​ដែល​បាន​​ទិញ​ភាគហ៊ុន​ពី​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ ទេព ធន អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ កាលពី​ម្សិលមិញ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បាន​ទេ ​ប៉ុន្ដែ​លោក​​បាន​ប្រាប់​ប្រជាពលរដ្ឋ​ក្នុង​អំឡុង​ពេល​ជួប​គ្នា​កាលពី​សប្តាហ៍​មុន​នោះ​ថា ​លោក​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដែល​ដឹកនាំ​ដោយ​លោកស្រី ភូថង មិថុនា អភិបាល​ខេត្ត​កោះកុង​ដើម្បី​ជំរុញ​ការដោះស្រាយ​នៅ​ចុង​ខែ​ឧសភា​​ខាង​មុខ​នេះ។

កាលពី​ថ្ងៃទី​ ២២ ខែ​មីនា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​ ក្រុមហ៊ុន​ និង​ប្រជាពលរដ្ឋ​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​ករណី​វិវាទ​នេះ​ជា​ស្ថាពរ​ដោយ​ក្រុម​ប្រជាពលរដ្ឋ​ ១៧៥ ​គ្រួសារ​ក្នុង​ក្រុម​ទី១​យល់​ព្រម​ទទួល​យក​ដំណោះស្រាយ​​ជា​ដី​ទំហំ ៣ ហិកតា​នៅ​លើ​ទីតាំង​ថ្មី និង​ថវិកា​ចំនួន ២៥០០ ដុល្លារ​ក្នុង​មួយ​គ្រួសារ។

ក្រុម​ប្រជាពលរដ្ឋ​ ២០០ គ្រួសារ​ផ្សេង​ទៀត​យល់​ព្រម​ទទួល​យក​ដំណោះស្រាយ​ជា​ដី​ទំហំ ១,៥ ហិកតា​ក្នុង​មួយ​គ្រួសារ​នៅ​លើ​ទីតាំង​ចាស់ ប៉ុន្តែ​មិន​ទទួល​បាន​លុយ​ទេ។

តំណាង​ក្រុមហ៊ុន​កោះកុង ផ្លេនថេសិន (Kohkong Plantation) កាលពី​ម្សិលមិញ​​មិន​ទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ ដោយ​លោក​បាន​បិទ​ទូរស័ព្ទ។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) ​ថ្លែង​ថា​ក្រសួង​ល្មម​ដល់​ពេល​ដោះស្រាយ​រាល់​ទំនាស់​ទាំងអស់​នេះ​ដោយ​មិន​គួរ​ដោះស្រាយ​កន្លែង​នេះ​ទុក​កន្លែង​នោះ​ទេ ព្រោះ​ពលរដ្ឋ​ទាំង​នេះ​ជា​ជនរងគ្រោះ​ពី​គម្រោង​ដីសម្បទាន​សេដ្ឋកិច្ច​ស្ករអំពៅ​ដូច​គ្នា​ «ដូច្នេះ​ដើម្បី​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​ចប់​ជា​ស្ថាពរ​គឺ​ក្រសួង​ដែនដី​ត្រូវ​ខិតខំ​ដោះស្រាយ​ផ្ដល់​ជា​សំណង និង​ដី​ដល់​ពួកគាត់​ទាំង​នេះ»​៕