ភ្នំពេញ: ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ប្រកាស​មិន​ទទួលដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​តាម​សំណើ​របស់​ពលរដ្ឋ ៧៧ ​គ្រួសារ​ នៅ​ឃុំ​តានូន ស្រុក​បទុមសាគរ ខេត្តកោះកុង​ឡើយ​ដោយ​លើកឡើងថា ពលរដ្ឋ​ទាំងនោះ​ធ្លាប់​ទទួល​បាន​ការដោះស្រាយ​រួចមកហើយ​ពី​គណៈកម្មការ​អន្តរក្រសួង​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី​ចុះ​ថ្ងៃទី​ ១១ ខែ​កុម្ភៈ ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា ចំពោះ​ប្រជាពលរដ្ឋ​ចំនួន ៧៧ ​គ្រួសារ​ មាន​ទីលំនៅ​ភូមិ​បាក់រនាស់ ភូមិ​តានូន ភូមិ​ទួលពោធិ៍ ភូមិ​ព្រែកខ្យង ឃុំ​តានូន ស្រុក​បទុមសាគរ ដែលមាន​តំណាង​ឈ្មោះ គុណ សៅរ៍​, ម៉ូវ ស៊ីដែន​, លឹម អូន និង​ឈ្មោះ ផៃ ទួន ដែល​ឡើងមក​តវ៉ា​នៅ​ទីស្ដីការ​ក្រសួង​នៅ​ថ្ងៃទី​ ១១ ខែ​ កុម្ភៈ ឆ្នាំ​ ២០២០ ដើម្បី​ស្នើ​ឲ្យ​ក្រសួង​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុង​តំបន់​វិនិយោគ​របស់​ក្រុមហ៊ុន UNION DEVELOPMENT GROUP Co.,Ltd​។

សេចក្ដី​ប្រកាស​បន្តថា ពលរដ្ឋ​ទាំង ៧៧ ​គ្រួសារ​ បាន​ស្នើសុំ​ដីស្រែ​បន្ថែម​ចំនួន ១ ​ហិកតា​ក្នុង ១ ​គ្រួសារ ប៉ុន្ដែ​ករណី​នេះ​ក្រសួង​រៀបចំ​ដែនដី​បាន​ពិនិត្យឃើញ​ថា ពលរដ្ឋ​ទាំងនេះ​បាន​ទទួល​ការដោះស្រាយ​រួចរាល់​ហើយ​ពី​គណៈកម្មការ​អន្តរក្រសួង​ដោយ​ក្នុង​ ១ ​គ្រួសារ​ទទួល​បាន​ដី​លំនៅឋាន​ទំហំ ៥០ គុណ ១០០ ​ម៉ែត្រ​ដីចម្ការ​ទំហំ​ចាប់ពី ១ ​ហិកតា​ ដល់ ៦ ​ហិកតា​ ទៅ​តាម​ទំហំ​ដី​ធំ ឬ​តូច ដែល​ពួកគាត់​ធ្លាប់​បាន​កាន់កាប់​ផ្ទះ​ឈើ​ ១ ​ខ្នង និង​ថវិកា​ពី ៣៥០ ​ដុល្លារ​ ដល់ ១ ​ម៉ឺន​ដុល្លារ​ ទៅ​តាម​ទំហំ​ដី​ធំ ឬ​តូច​ដែល​ពួកគាត់​ធ្លាប់បាន​កាន់កាប់​។

លោក ម៉ែន វុទ្ធី អាយុ ៥៧ ​ឆ្នាំ​ ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៧៧ ​គ្រួសារ​ ថ្លែង​ពី​ម្សិលមិញ​ថា រហូតមក​ដល់​ពេល​នេះ​ក្រុម​លោក​មិន​ទាន់​បាន​ទទួល​សំណង​អ្វី​ពី​ក្រុមហ៊ុន UNION DEVELOPMENT GROUP Co.,Ltd និង​រដ្ឋាភិបាល​ទេ ដោយ​លោក​តែងតែ​នាំ​គ្នា​ទៅ​ធ្វើ​ការតវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជា​ញឹកញាប់​។

លោក​បន្តថា ការប្រកាស​មិន​រក​ដំណោះស្រាយ​ជូន​ពួកលោក​នេះ​គឺ​ពិតជា​អយុត្តិធម៌​ខ្លាំងណាស់ ព្រោះ​នៅ​ឆ្នាំ​ ២០០៨ ក្រុមហ៊ុន​ឈូសឆាយដី​ស្រែចម្ការ និង​ដី​ភូមិ​របស់​ពួកលោក​ដោយ​គ្មាន​ផ្ដល់​សំណង​ទេ​ ខណៈ​ពួកលោក​បាន​រស់នៅ​លើ​ដី​របស់​ខ្លួន​តាំងពី​ដូនតា​មក​។ «​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចុះមក​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​ដឹង​ឲ្យ​កាន់តែ​ច្បាស់​ពី​ជីវភាព​របស់​ពលរដ្ឋ​។ ការប្រកាស​នេះ​ខ្ញុំ​ពិតជា​អស់សង្ឃឹម​ណាស់ ពួក​ខ្ញុំ​មិនដឹងថា​ត្រូវ​ទៅរក​ស្ថាប័ន​ណា​ឲ្យ​ជួយ​ទៀត​ទេ​»​។

លោក វ៉ាន់ ពុទ្ធី មេឃុំ​តានូន​ថ្លែង​ថា​ពលរដ្ឋ​ទាំង ៧៧ ​គ្រួសារ​នេះ​ត្រូវ​បាន​គណៈកម្មការ​អន្តរក្រសួង​បាន​បែងចែក​ដី លុយ និង​ផ្ទះ​ឈើ​ ១ ​ខ្នង​ជូន​រួចរាល់​ហើយ​កាលពី​ឆ្នាំ​ ២០១០ ប៉ុន្ដែ​មាន​ពលរដ្ឋ​មួយចំនួន​បាន​លក់​ដី និង​ផ្ទះ​ដែល​អាជ្ញាធរ​ចែកជូន​នោះ​ទៅ​ឲ្យ​អ្នកផ្សេង​ហើយ​បែរជា​ពួកគាត់​នាំគ្នា​តវ៉ា​សុំ​ដីស្រែ​បន្ថែមទៀត​ទៅវិញ​។

លោក​បន្តថា លោក​ធ្លាប់​បាន​អប់រំ ផ្សព្វផ្សាយ ពី​បញ្ហា​ផ្លូវច្បាប់ ប្រាប់​ទៅ​ពួកគាត់​អំពី​ផលប៉ះពាល់​នានា ប្រសិន​ពួកគាត់​នាំគ្នា​តវ៉ា​ស្នើសុំ​ដី​បន្ថែម ខណៈ​ដែល​គណៈកម្មការ​អន្តរក្រសួង​បាន​បែងចែក​ដី​រួចរាល់​នោះ​។ «​ខ្ញុំ​បាន​ប្រាប់​ពួកគាត់​ហើយ បើ​យើង​ទទួល​បាន​ដី បាន​ផ្ទះ​ហើយ​យើង​ចាំបាច់​អី​ទៅ​នាំគ្នា​ទៅ​តវ៉ា​ទៀត​បើ​គេ​ផ្ដល់​សំណង​រួចរាល់​ហើយ គ្មាន​ក្រុមហ៊ុន​ឯណា គេ​មាន​ដី​ចែក​ឲ្យ​យើង​ទៀត​ទេ​។ យើង​គួរតែ​នាំគ្នា​ប្រកបរបរ​រកស៊ី​អី​ផ្សេងៗ​ទៅ​»​។

លោក ហោ អ៊ិន មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង​ថ្លែងថា ករណី​នេះ​លោក​បាន​តាមដាន​ជិត ៧ ​ឆ្នាំ​ហើយ ដោយ​សង្កេតឃើញ​ថា​អាជ្ញាធរ​ពិតជា​បាន​បែងចែក​ដី លុយ និង​ផ្ទះ​ជូន​ពលរដ្ឋ​ទាំងនេះ​ពិតមែន ប៉ុន្ដែ​សំណង​ទាំងនោះ​មិន​មាន​តម្លាភាព និង​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ដែល​មាន​ដីស្រែ​ច្រើន​ហិកតា​នោះទេ​។ «​អាជ្ញាធរ​គួរតែ​សើរើ និង​ស៊ើបអង្កេត​ករណី​នេះ​ឡើងវិញ ដើម្បី​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ដែល​កើតទុក្ខ​មិនសុខចិត្ត​នោះ​អស់​ចិត្ត ព្រោះ​អ្នកខ្លះ​គាត់​មាន​ដីស្រែ​ចម្ការ​ដី​ភូមិ​ ១០ ​ហិកតា​ ឬ​ ២០ ​ហិកតា​ តែ​គាត់​ទទួល​បាន​ដីស្រែ​តែ​ ៥ ហិកតា​ដូច​គេ ដូច​ឯង​ដែរ​។ អ៊ីចឹង​គួរ​ពិនិត្យ​ឡើងវិញ ហើយ​ផ្ដល់​យុត្តិធម៌ និង​តម្លាភាព​ឲ្យ​គាត់​»៕