ភ្នំពេញៈ ក្រសួង​សុខាភិបាល​​ចេញ​សេចក្ដី​ណែនាំ​យ៉ាង​លម្អិត​​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​​ដែល​មាន​បំណង​ចូលគាល់​ព្រះមហាក្សត្រ សម្ដេចព្រះវរ​រាជមាតា​ជាតិខ្មែរ និង​ជួប​សវនាការ​ជាមួយ​ថ្នាក់ដឹកនាំ​ដោយ​តម្រូវ​ឱ្យ​អនុវត្ត​នូវ​វិធាន​នានា ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ​ ១៩​ ដល់​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​កម្ពុជា​។

តាម​សេចក្ដី​ណែនាំ​ចុះ​ហត្ថលេខា​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​កាលពី​ថ្ងៃទី​ ២៤ វិច្ឆិកា បាន​លម្អិត​អំពី​ការរៀបចំ​វិធី​ការពារ​ការចម្លង​ជំងឺ​កូវីដ​ ១៩ សម្រាប់​ការចូលគាល់​ព្រះមហាក្សត្រ និង​ក្នុងជំនួប​ផ្លូវការ​ជាមួយ​ថ្នាក់ដឹកនាំ​ដោយ​បែងចែក​ទៅតាម​ដំណាក់កាល​រួមមាន ដំណាក់កាល​មុនពេល​មកដល់​ ពេល​មកដល់​ក្នុង​ពេល​ជួប​សវនាការ ក្រោយពេល​ជួប និង​វិធានការ​សម្រាប់​អង្គរក្ស អ្នកបើកបរ និង​អ្នកសារព័ត៌មាន​។

សេចក្ដី​ណែនាំ​នោះ​បាន​រៀបរាប់​ទៀតថា មុនពេល​មកដល់​ប្រតិភូ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ត្រូវ​ទទួលបាន​ការឯកភាព​ពី​ព្រះបរមរាជវាំង អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា រដ្ឋសភា និង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមុនសិន​។

ប្រតិភូ​ក៏ត្រូវ​កត់សម្គាល់​អំពី​កម្រិត​ហានិភ័យ​នៃ​ទីតាំង​ភូមិសាស្ត្រ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ និង​ហានិភ័យ​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ​ផងដែរ​។ ​លើសពី​នេះ​ទៀត ប្រតិភូ​ត្រូវ​មាន​វិញ្ញាបនបត្រ​ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​ដែល​បញ្ជាក់ថា គ្មាន​ជំងឺ​កូវីដ​១៩ រយៈពេល​ ៧២ ​ម៉ោង​មុន​ចេញដំណើរ និង​គ្មាន​រោគសញ្ញា​នានា​នៃ​ជំងឺ​កូវីដ​ ១៩​។

នៅពេល​មក​ដល់​ប្រតិភូ​នឹង​​ត្រូវបាន​យក​សំណាក​សម្រាប់​ធ្វើតេស្ត​រក​កូវីដ​ ១៩​ ឱ្យបាន​ឆាប់រហ័ស ហើយ​ត្រូវ​ចៀសវាង​ការជួបជុំ​ក្នុង​ពិធី​ណា​ដែលមាន​មនុស្ស​ប្រមូលផ្ដុំ​គ្នា​ច្រើន​។

បើតាម​សេចក្ដី​ណែនាំ​ដដែល​នៅ​មុន​ចូលគាល់​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ ប្រតិភូ និង​អ្នកពាក់ព័ន្ធ​ត្រូវបាន​យក​សំណាក​ និង​ធ្វើតេស្ត​រកមើល​កូវីដ​១៩​។

ការចូលគាល់ ឬ​ជួប​សវនាការ​អាច​ធ្វើ​ឡើង​ទៅ​បាន លុះត្រាតែ​លទ្ធផល​នៃ​ការតេស្ត​សំណាក​បញ្ជាក់ថា អវិជ្ជមាន​ជំងឺ​នេះ​។ ប្រសិនបើ​លទ្ធផល​បញ្ជាក់ថា​​មាន​វិជ្ជមាន​កូវីដ​១៩ ជំនួប​នោះ​​ត្រូវ​លុបចោល​ភ្លាម​។ ​រីឯ​អ្នក​ដែល​អមដំណើរ​ជាមួយ​ប្រតិភូ​ទាំងអស់​ត្រូវ​បាន​កត់​ក្នុង​បញ្ជី​ឈ្មោះ និង​មាន​កម្មវិធី​ច្បាស់លាស់​ក្នុង​អំឡុងពេល​មក​កម្ពុជា​។

សម្រាប់​ទីតាំង​ជំនួប​ត្រូវ​មាន​ការរៀបចំ​ប្រព័ន្ធ​រំហួត​ខ្យល់​ចេញចូល គម្លាត​សុវត្ថិភាព​ ១,៥ ​ម៉ែត្រ ការប្រើប្រាស់​ជណ្ដើរយន្ត ពាក់ម៉ាស់ អនាម័យ​ពេល​ក្អក​កណ្ដាស់​ និង​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​មុនពេល​ជំនួប​។ ក្រសួង​លើក​ទឹកចិត្ត​ឱ្យ​រក្សា​ជំនួប​ត្រឹមតែ​ ៤៥ ​នាទី ហើយ​អ្នករៀបចំ​ត្រូវ​រក្សា​បញ្ជី​ឈ្មោះ​អ្នកចូលរួម ដើម្បី​ងាយស្រួល​ក្នុង​ការតាមដាន​ក្នុង​ករណី​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកមាន​កូវីដ ​១៩​។

សម្រាប់​អ្នកបើកបរ អង្គរក្ស​ផ្ទាល់ និង​អ្នកសារព័ត៌មាន ក្រសួង​សុខាភិបាល​តម្រូវឱ្យ​ពួកគេ​ធ្វើតេស្ត​រកមើល​កូវីដ ​១៩ ក្នុង​រយៈពេល​ ១២ ​ម៉ោង មុន​ទទួល និង​ជួប​ប្រតិភូ​ពី​អាកាសយានដ្ឋាន និង​ហាម​មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ក្នុង​អំឡុងពេល​ដែល​ប្រតិភូ​ស្នាក់នៅ ពាក់ម៉ាស់ លាងដៃ និង​រក្សា​គម្លាត​សុវត្ថិភាព និង​វិធាន​ការពាក់ព័ន្ធ​នានា ដែល​ក្រសួង​ធ្លាប់​បានកំណត់​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​៖ «​វិធីសាស្ត្រ​បង្ការ​ជា​លក្ខណ​ពិសេស​តាមបែប​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ មាន​ប្រសិទ្ធភាព​​ក្នុង​ការកាត់បន្ថយ ជា​អតិបរមា​នូវ​ឱកាស​ចម្លង​វីរុស​កូវីដ​ ១៩​ ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​នៅ​ទីកន្លែង​ណាមួយ តាមរយៈ​ការស្រាវជ្រាវ​ជាមុន​អំពី​ភូមិសាស្ត្រ​នៃ​​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ មធ្យោបាយ​ធ្វើដំណើរ ការប្រកាស​ពី​ស្ថានភាព សុខភាព​របស់​​បុគ្គល ការពិនិត្យ​សុខភាព​ជាប់​ជាប្រចាំ ការធ្វើ​តេស្ត​ស្រាវជ្រាវ​រក​វីរុស​កូវីដ​១៩​ឱ្យបាន​ឆាប់​រហ័ស ការធ្វើ​ចត្តាឡីស័ក ការអនុវត្ត​វិធានការ​អនាម័យ គម្លាត​សុវត្ថិភាព រួមជាមួយ​ការកំណត់ ឬ​ជ្រើស​ទីតាំង​ដែលមាន​សុវត្ថិភាព និង​សមស្រប​បំផុត​»​។

លោក​វេជ្ជបណ្ឌិត ហែន ភារៈ ឯកទេស​ខាង​ជំងឺ​ផ្លូវដង្ហើម​ថ្លែង​ថា ក្រសួង​សុខាភិបាល ដោយមាន​កិច្ចសហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក បាន​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ជាច្រើន ប៉ុន្តែ​លោក​ស្នើឱ្យ​ការអនុវត្ត​វិធានការ​ទាំងនេះ​ធ្វើឡើង​ឱ្យបាន​ដិតដល់​។

លោក​បាន​បញ្ជាក់ថា​៖ «​វា​អាស្រ័យ​លើ​អ្នកអនុវត្ត​ដែរ ​វិធានការ​ដែល​យើង​ដាក់ចេញ​ល្អ​ហើយ ដោយ​មាន​ស្តង់ដា​តាម​​អង្គការ​សុខភាព​ពិភពលោក​។ ប៉ុន្តែ​អ្នកអនុវត្ត​ត្រូវតែ​មាន​ស្មារតី​ភ្ញាក់រឭក ព្រោះ​អី​ការឆ្លង​វា​ងាយ​ណាស់ យើង​ត្រូវតែ​​ប្រុងប្រយ័ត្ន​រហូត​។ ​យើង​មិនអាច​ថា ជោគជ័យ​ក្នុង​ការទប់ស្កាត់​ជោគជ័យ​ក្នុង​ការព្យាបាល ហើយ​ធ្វេសប្រហែស​លើ​​វិធី​ការពារ​ទេ​»៕