
ភ្ញៀវកំពុងចេញពីទូកទេសចរណ៍កាលពីខែធ្នូ ២០២០។ ហុង មិនា
ភ្នំពេញៈ ក្រសួងទេសចរណ៍ណែនាំដល់សមាគមក្នុងឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីឈ្មោះភ្ញៀវទេសចរតាមប្រព័ន្ធ Telegram BOT ដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទូទាំងប្រទេសដើម្បីប្រឆាំងការរីករាលដាលនៃជំងឺកូវីដ ១៩។
សារាចរណែនាំរបស់ក្រសួងទេសចរណ៍ចេញថ្ងៃទី ២២ ខែមករា ដែល ភ្នំពេញ ប៉ុស្តិ៍ ទើបទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា ការចេញសេចក្តីណែនាំនេះ គឺអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងដើម្បីផ្តល់ភាពងាយស្រួលចំពោះការស្វែងរកអ្នកប៉ះពាល់ដោយប្រយោល និងដោយផ្ទាល់ក្នុងករណីរកឃើញថា មានអ្នកឆ្លងក្នុងមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍។
សារាចរបន្តថា៖ «គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ទូទាំងប្រទេសត្រូវមានកាតព្វកិច្ចចូលរួមរៀបចំ និងប្រើប្រាស់ប្រព័ន្ធចុះបញ្ជីឈ្មោះភ្ញៀវទេសចរតាមប្រព័ន្ធ Telegram BOT ជាទម្រង់រួមមួយដែលផលិតដោយក្រសួងទេសចរណ៍។ ជាមួយគ្នានោះត្រូវចូលរួមសហការជាមួយក្រសួងទេសចរណ៍ជំរុញដល់សមាជិករបស់ខ្លួនចូលរួមប្រើប្រាស់ប្រព័ន្ធចុះបញ្ជីឈ្មោះភ្ញៀវទេសចរតាមប្រព័ន្ធ Telegram BOT»។
សារាចរក្រសួងទេសចរណ៍បញ្ជាក់ថា គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ទូទាំងប្រទេសត្រូវរៀបចំដាក់តាំងបង្ហាញស្ទិកឃ័រ ប្រព័ន្ធចុះបញ្ជីឈ្មោះភ្ញៀវទេសចរតាមប្រព័ន្ធ Telegram BOT នៅតាមច្រកចេញចូលមូលដ្ឋានអាជីវកម្មលើតុអាហារ ឬកន្លែងដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរប្រើប្រាស់។
ចំណែកមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំងអស់មានកាតព្វកិច្ចសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីចុះជំរុញ និងតាមដានការអនុវត្តប្រព័ន្ធចុះបញ្ជីឈ្មោះភ្ញៀវទេសចរតាមប្រព័ន្ធ Telegram BOT របស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សារាចរបន្តថា៖ «មន្ទីរទេសចរណ៍រាជធានី- ខេត្ត និងសមាគមក្នុងឧស្សាហកម្មទេសចរណ៍ត្រូវធ្វើរបាយការណ៍បច្ចុប្បន្ន អំពីការអនុវត្តរបស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ឬសមាជិករបស់ខ្លួនមកក្រសួងទេសចរណ៍រៀងរាល់ខែ (យ៉ាងយូរសប្តាហ៍ទី ២ នៃខែបន្ទាប់)» ។
អ្នកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ឡេតស៍ហ្គោត្រាវែល កញ្ញា ណុច សុភួង បានថ្លែងថា ការណែនាំរបស់ក្រសួងទេសចរណ៍គឺជាវិធីល្អមួយនាំមកនូវភាពងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យភ្ញៀវទេសចរ ប៉ុន្តែជាការកត់សម្គាល់ការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ មិនទាន់មានភាពទូលំទូលាយ ដែលធ្វើឱ្យភ្នាក់ងារទេសចរណ៍មួយចំនួនមិនបានដឹងពីការណែនាំនោះ។
កញ្ញាបញ្ជាក់ថា៖ «ខ្ញុំស្នើសុំឱ្យក្រសួងទេសចរណ៍មានការផ្សព្វផ្សាយឱ្យទូលំទូលាយបន្តិច ធ្វើការឡាយឬក៏ឧបត្ថម្ភទៅលើការបង្ហោះតាមបណ្តាញសង្គមអីផ្សេងៗពាក់ព័ន្ធនឹងការណែនាំដែលមើលទៅវាអាចមានប្រសិទ្ធភាព ព្រោះអីបើយើងអត់ចាប់អារម្មណ៍ចូលមើលក្នុងផេចក្រសួងទេ អត់ដឹងព័ត៌មានទេ»។
យ៉ាងណាក្តី លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានថ្លែងថា ការណែនាំឱ្យមានការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ មិនមានបញ្ហាពិបាកទេ គ្រាន់តែចូលទៅប្រើប្រាស់កម្មវិធីតេឡេក្រាមដូចការចុចចូលរួមក្រុមសាធារណៈ (Public Group) ផ្សេងៗដែរ។
លោកបញ្ជាក់ថា៖ «គ្រាន់តែចូលក្នុងតេឡេក្រាមហើយវាយពាក្យថា MOT customer information ហ្នឹងទៅ ហើយយើង Join (ចូលរួម) ដូចយើង Join Group public អ៊ីចឹង។ កន្លងមកក្រសួងក៏ធ្លាប់ធ្វើសិក្ខាសាលាណែនាំម្តងរួចមកហើយ ហើយថ្មីៗនេះ ក្រសួងក៏បានដាក់នៅក្នុងហ្វេសប៊ុកដែរពីរបៀបប្រើប្រាស់»៕