ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​មិន​ប្រតិកម្ម​នឹង​ថេរដីកា​របស់​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែល​បាន​លើក​ឡើង​ក្នុង​វិទ្យុ​អាស៊ីសេរី​ពាក់ព័ន្ធ​ការប្រមាថ​ព្រះមហាក្សត្រ​​នោះ​ទេ ប៉ុន្តែ​ថា​សមត្ថកិច្ច​កំពុង​រង់ចាំ​អនុវត្ត​ច្បាប់​ចាប់​ព្រះអង្គ​ពេល​ចូល​កម្ពុជា​វិញ​លើ​សំណុំ​រឿង​បាត់​បច្ច័យ​បុណ្យ​។

ព្រះសង្ឃ ប៊ុត ប៊ុនតិញ កាលពី​យប់​ថ្ងៃ​អង្គារ​ទី​ ២៧ ខែ​កុម្ភៈ​បាន​មាន​ថេរ​ដីកា​ក្នុង​កិច្ចសន្ទនា​របស់​វិទ្យុ​អាស៊ីសេរី​ជាមួយ​លោក ជុន ច័ន្ទបុត្រ ដោយ​បាន​រៀបរាប់​ថា​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជា​ប្រភេទ​អសុរកាយ​ដោយ​ថា​លោក​បាន​កាន់​អំណាច​​មិនមែន​ដោយ​ប្រើ​ជំនាញ​ទេ គឺ​ដោយសារ​វាយ​បំបែក​បាត្រ និង​​ដុត​វត្ត​ចោល​។

ព្រះសង្ឃ​ (​អង្គ​) ​នេះ​មាន​ថេរ​ដីកា​ ដូច្នេះ​ដោយ​អះអាង​ថា​លោក ហ៊ុន សែន ​ធ្លាប់​ជា​ខ្មែរក្រហម ហើយ​បាន​រត់​ទៅ​ពឹង​វៀតណាម​មក​រំដោះ ប៉ុន្តែ​ដោយសារ​ជំពាក់​សគុណ​វៀតណាម លោក ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ទទួល​បាន​ដីសម្បទាន​ ៩៩ ​ឆ្នាំ និង​ឲ្យ​វៀតណាម​រស់នៅ​លើ​ទន្លេសាប​។

ត្រង់​ចំណុច​នេះ​ព្រះអង្គ​បញ្ជាក់​ថា​៖ «​ហើយ​រាល់​ថ្ងៃ​ខ្មែរ​ភ្នំពេញ​ និង​ខ្មែរ​មួយ​ចំនួន​នៅ​ខេត្ត​ផឹកទឹក​នោម​យួន​ទេ ពីព្រោះ​គេ​នោម​ដាក់​ទន្លេ គេ​ជុះ​ដាក់​ទន្លេ​ហើយ​យើង​យក​ទឹក​ពី​ទន្លេ​បុក​មក​ក្បែរ​វាំង​ហ្នឹង អា​កន្លែង​បន្សុទ្ធ​ទឹក​ចាក់​មក​ក្បែរ​មុខ​វាំង​។ អ៊ីចឹង​រាល់​ថ្ងៃ​អ្នក​ដែល​ផឹកទឹក​នោម​យួន​មិនមែន​តែ​នាយក​រដ្ឋមន្ត្រី​ទេ ស្តេច​ហ្នឹង​ក៏​ផឹក​។ អាត្មា​អ្នក​សៀមរាប​អត់​ដែល​ផឹក​ទេ​»​។

ពាក់ព័ន្ធ​នឹង​ការលើក​ឡើង​នេះ មន្ត្រី​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ថ្លែង​ថា​លោក​មិន​ចង់​និយាយ​​ពាក់ព័ន្ធ​នឹង​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ​ទេ ប៉ុន្តែ​សមត្ថកិច្ច​រង់ចាំ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​បណ្ដឹង​រឿង​បច្ច័យ​បុណ្យសព​លោក​បណ្ឌិត កែម ឡី​។

លោក សុភ័គ ថ្លែង​ថា​៖ «​រក​ពាក្យ​អី​ឆ្លើយ​មិន​បាន​ទេ មិន​ចង់​​និយាយ​តែ​ម្តង​។ ​ខ្ញុំ​មិន​ចង់​ឆ្លើយតប​មនុស្ស​ធុន​ហ្នឹង​។ មិន​ចង់​ជ្រលក់​មាត់​រក ខ្ពើម​ហ្មង ស្អប់ ទុក​ពេលវេលា​ធ្វើ​អី​ផ្សេង​»​។

លោក​បាន​បន្ដ​ថា​៖ «​រង់ចាំ​សង្ឃ​ធុន​ហ្នឹង​មក ដើម្បី​អនុវត្ត​ដីកា​ប៉ុណ្ណឹង​។ ​ដីកា​កោះ​ហៅ​រឿង​ជំពាក់​លុយ​រឿង កែម ឡី​។ មាន​ដីកា​កោះ​ហៅ មិន​ចង់​ចំណាយ​ពេលវេលា​ច្រើន​ជាមួយ​មនុស្ស​ធុន​ហ្នឹង​ទេ ព្រោះ​មាន​ដីកា​តុលាការ​ហៅ​ហើយ​»​។

ព្រះសង្ឃ ប៊ុត ប៊ុនតិញ និង​មន្ត្រី​សង្គម​ស៊ីវិល​ ២ ​រូប​ទៀត​គឺ​លោក មឿន តុលា និង​លោក ប៉ា ងួនទៀង ត្រូវ​បាន​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្តឹង​ទៅ​តុលាការ​ដោយ​ចោទ​ថា ធ្វើឲ្យ​បាត់​បច្ច័យ​បុណ្យសព​លោក បណ្ឌិត កែម ឡី​។

កាលពី​ដើម​ខែ​មករា ព្រះរាជអាជ្ញា​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ពួកគាត់​ទាំង​ ៣ ​នាក់​ក្រោម​បទ​ចោទ​ «​រំលោភ​លើ​ទំនុក​ចិត្ត​»​។

លោក ពេជ្រ ស្រស់ បាន​ថ្លែង​ពី​ម្សិលមិញ​ថា ពាក្យពេចន៍​របស់​ព្រះសង្ឃ​ ប៊ុត ប៊ុនតិញ គឺជា​ការមើល​ងាយ​លើ​ព្រះមហាក្សត្រ ហើយ​លោក​នឹង​ប្រឈម​មុខ​ច្បាប់​ដែល​ទើប​តែ​ត្រូវ​បាន​អនុម័ត​កាលពី​ពេល​ថ្មីៗ​នេះ​។

លោក​ថា​៖ «​តុលាការ​នឹង​កោះ​ហៅ​ព្រះអង្គ​មក​សួរ​បញ្ជាក់​អ្វី​ដែល​ព្រះអង្គ​បាន​ថ្លែង​។ ​ខ្ញុំ​រង់ចាំ​មើល​ថា​តើ​ព្រះអង្គ​ដឹង​ថា​ខ្លួន​ខុស​ឬ​អត់​? ខ្ញុំ​មិន​ទាន់​ច្បាស់​ថា​ខ្ញុំ​នឹង​ប្តឹង​ទៅ​តុលាការ​ ឬ​យ៉ាងណា​ទេ ចាំមើល​គាត់​សិន​។ ខ្ញុំ​រង់​ចាំ​មើល​ព្រះអង្គ​ឆ្លើយតប​នឹង​ច្បាប់​យ៉ាង​ម៉េច​? ​ខ្ញុំ​មិន​ចង់​ឃើញ​លោក​ប្រមាថ​លើ​ព្រះមហាក្សត្រ​ទេ​»​។

កាលពី​ពេល​ថ្មីៗ​នេះ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​បាន​អនុម័ត​មាត្រា​បន្ថែម​គឺ​មាត្រា​ ៤៣៧ ស្ទួន​ទៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​ទាក់ទង​នឹង​​ការ​ដាក់​ទោស​លើ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​ពី​ ១ ​ទៅ​ ៥ ​ឆ្នាំ​។

ទោះ​យ៉ាង​ណា​ច្បាប់​នេះ​មិន​ទាន់​ចូល​ដល់​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​នៅ​ឡើយ​ទេ​។ ​នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក មឹន ស៊ាន អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​សុំ​ការបំភ្លឺ​ពី​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ​បាន​ទេ​កាលពី​ម្សិលមិញ​។

ទោះ​យ៉ាង​ណា​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ពន្យល់​ថា ដរាប​ណា​ព្រះមហាក្សត្រ​មិន​ទាន់​ឡាយ​ព្រះហត្ថលេខា​នោះ ច្បាប់​ថ្មី​នេះ​មិន​ទាន់​ចូល​ជា​ធរមាន​ទេ​។

លោក​ថ្លែង​ថា​៖ «​ជាទូទៅ​ច្បាប់​មួយ​មាន​សុពលភាព​អនុវត្ត​ក្រោយ​ពេល​ព្រះករុណា​ឡាយ​ព្រះហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ​។ ក្រោយ​ពេល​ឡាយ​ព្រះហស្ត​ឲ្យ​ប្រើ​ហើយ​ចូល​ជា​ធរមាន​ ១០ ​ថ្ងៃ​នៅ​ភ្នំពេញ ២០ ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស លើកលែង​តែ​ច្បាប់​មួយ​ចែង​ថា​ជា​ការ​ប្រញាប់​។ បើ​ចែង​ជា​ការ​ប្រញាប់​គឺ​ចូល​ជា​ធរមាន​ភ្លាម ក្រោយ​ពេល​ឡាយ​ព្រហត្ថលេខា​។ អ៊ីចឹង​ទេ មុន​ពេល​ព្រះករុណា​ឡាយ​ព្រ​ហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ មិន​ទាន់​ជា​ច្បាប់​ទេ គឺ​នៅតែ​ជា​សេចក្តី​ព្រាង​ច្បាប់ ហើយ​មិន​មាន​សុពលភាព​នៃ​ការអនុវត្ត​ទេ​»៕