The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ថា​ម្ចាស់​សំណង់​ខ្លះ​សាងសង់​គ្មាន​ការ​អនុញ្ញាត

ក្រសួង​ថា​ម្ចាស់​សំណង់​ខ្លះ​សាងសង់​គ្មាន​ការ​អនុញ្ញាត

សំណង់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​កំពុង​ដំណើរការ​សាងសង់​។
សំណង់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​កំពុង​ដំណើរការ​សាងសង់​។ ផា លីណា

ក្រសួង​ថា​ម្ចាស់​សំណង់​ខ្លះ​សាងសង់​គ្មាន​ការ​អនុញ្ញាត

ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​រកឃើញ​ថា​ម្ចាស់​សំណង់​មួយ​ចំនួន​បាន​ដំណើរការ​សាងសង់​ដោយ​ពុំ​មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​ទេ​ដែល​ករណី​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភណភាព និង​សណ្តាប់ធ្នាប់​សាធារណៈ។

នៅ​ក្នុង​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ២០១៥ និង​ទិសដៅ​ឆ្នាំ ២០១៦ ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ចន្ទ​ឲ្យ​ដឹង​ថា​បញ្ហា​ប្រឈម​របស់​ក្រសួង​នៅ​តែ​មាន​ដោយសារ​ម្ចាស់​សំណង់​មួយ​ចំនួន​សាងសង់​ទាំង​គ្មាន​លិខិត​អនុញ្ញាត​ពុំ​ព្រម​អនុវត្ត​តាម​សេចក្តី​ណែនាំ​ឲ្យ​​កែលម្អ និង​កែតម្រូវ​បណ្តាល​ឲ្យ​មាន​​ការ​សាងសង់​ខុស​ពី​លិខិត​អនុញ្ញាត​ជា​អាទិ៍​ ខុស​គម្លាត ខុស​កម្ពស់ ឬ​រំលោភ​លើ​ដី​សាធារណៈ​ជាដើម។ ជាង​នេះ​ទៅ​ទៀត​ម្ចាស់​សំណង់​ខ្លះ​ពុំ​បាន​ហ៊ុមព័ទ្ធ​ការដ្ឋាន​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុវត្ថិភាព​អ្នក​ធ្វើ​ដំណើរ​អ្នក​ជិត​ខាង និង​សោភណភាព​ទីក្រុង។

របាយការណ៍​លើក​ឡើង​ថា៖ ​«ការដ្ឋាន​សំណង់​ខ្លះ​ពុំ​មាន​របង​ហ៊ុមព័ទ្ធ​ការដ្ឋាន​រៀបចំ​របាំង​សុវត្ថិភាព​មិន​បាន​ត្រឹមត្រូវ ឬ​បាន​រំលោភ​លើ​ដី​សាធារណៈ​ដោយ​យក​ដី​នោះ​ធ្វើ​ជា​ជម្រក​ឲ្យ​កម្មករ សំណង់ ស្នាក់​នៅ ឬ​ទុក​សម្ភារ​បរិក្ខារ​សំណង់​ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​ខូច​របៀប​រៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ»។

ជាមួយ​គ្នា​នេះ​ដែរ​ម្ចាស់​សំណង់​ខ្លះ​នៅ​តែ​មាន​ការ​ជួសជុល​ការ​កែលម្អ ការ​ផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ប្រភេទ​អគារ ការ​ប្រើប្រាស់​ខុស​មុខ​អគារ និង​មិន​បាន​គិតគូរ​ពី​គ្រឿង​ផ្គុំ​សំណង់​នៃ​អគារ​ទៅ​តាម​ការ​ណែនាំ​។

បើ​តាម​របាយការណ៍​ក្នុង​ឆ្នាំ​ ២០១៥ ក្រសួង​បាន​ពិនិត្យ​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់​ទូទាំង​ប្រទេស​​ចំនួន ២៣០៥ ​គម្រោង​មាន​ផ្ទៃ​ក្រឡា​សំណង់​​សរុប​ ៧៦៨៦១១ ម៉ែត្រ​ការ៉េ​ដែល​មាន​​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ $៣,៣៣៨ លាន​បើ​ធៀប​នឹង​ឆ្នាំ ២០១៤ ទុន​វិនិយោគ​កើន​លើស ៣៣,១៤%​។

ទាក់ទង​ការ​សាងសង់​នេះ​កន្លង​មក​សំណង់​អគារ​នៅ​ក្បែរ​ស្តាត​អូឡាំពិក​បាន​បង្ក​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ដោយសារ​ដែក​ធ្លាក់​លើ​ហើយ​ថ្មីៗ​នេះ​អគារ​ដដែល​នោះ​បាន​ធ្វើឲ្យ​អ្នក​ដំណើរ​ម្នាក់​​រងរបួស​ដោយសារ​របង​ហ៊ុមព័ទ្ធ​អគារ​សំណង់​រលំ​សង្កត់​លើ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​ធ្លាប់​បាន​បញ្ជា​ឲ្យ​រុះរើ​សំណង់​អគារ​របស់​កាស៊ីណូ​ណាហ្គាវើល​សង់​ក្បែរ​អគារ​ពុទ្ធសាសនបណ្ឌិត្យ​ដោយ​លោក​បាន​ចាត់​ទុក​ថា​សាងសង់​ដោយ​ខុស​ច្បាប់ និង​ធ្វើ​ឲ្យ​ខូច​សោភណភាព​ទីក្រុង​។

នៅក្នុង​របាយការណ៍​នេះ​ពុំ​បាន​លើក​ឡើង​ពី​វិធានការ​ទប់ស្កាត់ ឬ​ផាក​ពិន័យ និង​ទោសទណ្ឌ​លើ​អ្នក​​សាងសង់​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី​លោក ជៀម សុផលមករា បាន​​ថ្លែង​​ថា​ក្រសួង​នៅ​តែ​និយាយ​ដដែលៗ​គឺ​ម្ចាស់​គម្រោង​ដែល​បន្ត​សាងសង់​ដោយ​ខុស​ច្បាប់​គឺ​ប្រឈម​នឹង​ការ​ផាក​ពិន័យ និង​ប្តឹង​ឡើង​តុលាការ។

លោក​ថា៖ ​«តាម​នីតិវិធី​​របស់​យើង​ត្រូវ​ប្តឹង​ឡើង​ទៅ​តុលាការ​ព្រោះ​អី​យើង​ខំ​ទប់ស្កាត់​ហើយ​គាត់​នៅ​តែ​បន្ត​ល្មើស​ច្បាប់»។ យ៉ាង​ណា​ក៏ដោយ​លោក​ថា​កន្លង​មក​ក៏​មាន​ម្ចាស់​សំណង់​មួយ​ចំនួន​ព្រម​ផ្អាក​សាងសង់ ឬ​កែលម្អ​តាម​ក្រសួង​ណែនាំ​ផង​ដែរ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​លោក សន ជ័យ ថ្លែង​ថា​សំណង់​ដែល​សង់​ខុស​​ច្បាប់ និង​រំលោភ​លើ​ផ្លូវ​សាធារណៈ​នៅ​តែ​កើត​មាន​​ដោយសារ​ភាព​កម្សោយ ឬ​ភាព​អសកម្ម​របស់​មន្ត្រី​ដែល​ធ្វើ​ការងារ​​នេះ។ ​អ្វី​ដែល​​លោក​មើល​ឃើញ​​ភាគច្រើន​អ្នក​សាងសង់​ល្មើស​ច្បាប់​​គឺ​សុទ្ធតែ​ជា​អ្នក​​មាន​​អំណាច ឬ​មាន​​ឥទ្ធិពល​ពោល​គឺ​​​ពុំ​សូវ​មាន​ប្រជាពលរដ្ឋ​ធម្មតា​ហ៊ាន​សង់​នោះ​ទេ។

លោក​ថា​៖ ​«អ្នក​សាងសង់​ភាគច្រើន​ជា​ក្រុម​មនុស្ស​មាន​អំណាច​ហើយ​ភាព​អសកម្ម​របស់​មន្ត្រី​ដែល​ចុះ​ទៅ​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព​ប៉ុន្តែ​អំណាច​រដ្ឋ​ហ្នឹង​បើ​គេ​អនុវត្ត​ជាមួយ​ប្រជាជន​សាមញ្ញ​ជាមួយ​អ្នក​រកស៊ី​លក់ដូរ​ធម្មតា​គឺ​មាន​ប្រសិទ្ធភាព​ហ្មង»​៕

អត្ថបទគួរចាប់អារម្មណ៍