ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​អះអាងថា ខ្លួន​មាន​ភាពហ្មត់ចត់​ក្នុង​ការគ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន្ត​នៅ​កម្ពុជា​ក្នុង​នោះ​មាន​ជនបរទេស​អន្តោប្រវេសន្ត​ជាង ​៨ ​ម៉ឺន​នាក់​ កំពុង​ត្រូវបាន​ក្រសួង​ផ្ដល់​ជូន​បណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍​ជា​បន្តបន្ទាប់ ដើម្បី​ដាក់​ពួកគេ​ឱ្យ​ស្ថិត​នៅ​ក្រោម​គន្លង​ច្បាប់ និង​អនុវត្ដ​កាតព្វកិច្ច​នានា​តាម​ការកំណត់​។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​ ១០ ខែ​កក្កដា បាន​ឱ្យ​ដឹងថា ដោយ​ពិនិត្យ​ឃើញថា មិនអាច​ទុក​ឱ្យ​បញ្ហា​អន្តោប្រវេសន៍​បន្ត​ស្ថិតនៅ​ជា​គ្រោះ​ហានិភ័យ​ចំពោះ​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ព្រម​ទាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នោះ​គឺ​ចាប់ពី​ឆ្នាំ​ ២០១៤ ​ក្រសួង​មហាផ្ទៃ​បាន​ស្នើសុំ​គោលការណ៍​ដឹកនាំ និង​បាន​ទទួល​នូវ​ការគាំទ្រ​ពី​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន ​សែន ដើម្បី​ដោះស្រាយ​កិច្ចការ​នេះ​ប្រកប​ដោយ​ការបេ្តជ្ញាចិត្ត និង​ការទទួល​ខុសត្រូវ​ចំពោះ​ផលប្រយោជន៍​ជាតិ​។

ក្រសួង​ឱ្យ​ដឹងថា​៖ «​គណៈកម្មការ​អន្តរក្រសួង​មួយ និង​ក្រុម​ការងារ​ប្រតិបត្ដិ​ជាច្រើន​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ចុះ​ធ្វើ​ជំរឿន​ស្ថិតិ​ជនបរទេស​អន្តោប្រវេសន្ត​សា​ឡើងវិញ ដោយ​មាន​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ ដើម្បី​វាយតម្លៃ​ចងក្រង​ជា​តារាង​ឧបសម្ព័ន្ធ​ផ្លូវការ​បម្រើ​ឱ្យ​ការកំណត់ ក្របខ័ណ្ឌ​គ្រប់គ្រង និង​ដោះស្រាយ​»​។

ក្រសួង​បញ្ជាក់ថា ជា​លទ្ធផល​ចុងក្រោយ​ពេល​បិទ​ឱសានវាទ​នៃ​យុទ្ធនាការ ចុះ​ធ្វើ​ជំរឿន​ស្ថិតិ​ជនបរទេស​អន្តោប្រវេសន្ត​កាលពី​ថ្ងៃទី​ ៣០ ​មិថុនា ឆ្នាំ​ ២០១៩ គឺ​មាន​ជនបរទេស​អន្តោប្រវេសន្ត​នៅ​ទូទាំង​ប្រទេស​បាន​ដាក់​ពាក្យ​ស្នើសុំ​ប្រកាស​ទទួល​ស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន្ត និង​សុំ​បណ្ណស្នាក់នៅ​អចិន្រៃ្តយ៍​ចំនួន​ ៨៩ ៧៨៦ ​នាក់​ ស្មើនឹង​ ២៨ ៩៤៥ ​គ្រួសារ​ រួមមាន​ ១១ ​សញ្ជាតិ​។ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​ចំនួន​ ៨៩ ៤៧១ ​នាក់​ (​ស្រី​ ៤២ ៨៣៦ ​នាក់​) ថៃ​ ចំនួន​ ១១៧ ​នាក់​ (​ស្រី​ ១៥ ​នាក់​) ឡាវ​ ចំនួន​ ១៥១ ​នាក់​ (​ស្រី​ ៥២ ​នាក់​) និង​ ចិន​ ២២ ​នាក់​ (​ស្រី​ ១៣ ​នាក់​)​។

ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹងថា ក្នុង​ដំណើរការ​ពិនិត្យ​ដោះស្រាយ​បញ្ហា​នេះ​ក្រុមការងារ​បាន​ធ្វើការ​ដក​ហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់ចាប់​តាំងពី​ដើមឆ្នាំ​ ២០១៧ ដល់​ថ្ងៃទី​ ៣០ ខែ​មិថុនា ឆ្នាំ​ ២០១៩ បាន​ចំនួន​ ៣៧ ៤៣៦ ​ច្បាប់​ពី​ជនបរទេស​ចំនួន​ ២០ ១០៧ ​គ្រួសារ​ ដែល​មាន​មនុស្ស​សរុប​ចំនួន​ ៦៩ ៩៥៧ ស្មើនឹង​ ១១ សញ្ជាតិ​។ ក្នុងនោះ​សញ្ជាតិ​វៀតណាម​ចំនួន​ ១៩ ៩៦៧​ គ្រួសារ​មនុស្ស​ចំនួន​ ៦៩ ៧៨៧ ​នាក់​។

ក្រសួង​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​ជនបរទេស​ដែល​មាន​ចំនួន​ដូច​បាន​រៀបរាប់​ខាងលើ​កំពុង​ត្រូវបាន​ក្រសួង​មហាផ្ទៃ​ផ្តល់​ជូន​បណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍​ (​សុពលភាព​ ២ ​ឆ្នាំ​ម្តង​) ​ជា​បន្តបន្ទាប់​ដើម្បី​ដាក់​ពួកគេ​ឱ្យ​ស្ថិត​នៅ​ក្រោម​គន្លង​ច្បាប់ និង​អនុវត្ត​កាតព្វកិច្ច​នានា​តាម​ការកំណត់​»​។

លោក​ ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ សិទ្ធិមនុស្ស​ (​អាដហុក​) ​ថ្លែង​ថា​ជា​គោលការណ៍​ខាង​អង្គការ​សិទ្ធិមនុស្ស​មិន​រើសអើង​ចំពោះ​ជាតិ​សាសន៍​ខាង​ណាមួយ​ទេ​។ អង្គការ​មាន​ការគោរព​សិទ្ធិ​របស់​ពួកគាត់ មិន​ថា​ជា​ជនជាតិ​ណា​នោះទេ​។ ប៉ុន្ដែ​អ្វីដែល​ជា​ការកត់សម្គាល់​ជាធម្មតា​ប្រទេសជាតិ​ណា​ក៏ដោយ ក៏មាន​ច្បាប់​ពី​ការគ្រប់គ្រង​ប្រទេស​របស់គេ​នីមួយៗ​អំពី​សិទ្ធិ និង​ច្បាប់​អន្ដោប្រវេសន៍​នេះដែរ​។

លោក​ថា​៖ «​ដោយឡែក​កម្ពុជា​យើង ឃើញ​ថា​មាន​ការបើក​លម្ហ​ច្រើន​ឱ្យ​ជន​អន្ដោប្រវេសន្ត​ខុសច្បាប់​មក​រស់នៅ​កម្ពុជា​រហូតដល់​មាន​ការសម្របសម្រួល​ឱ្យ​មាន​បណ្ណអន្ដោប្រវេសន៍​អចិន្រៃ្តយ៍​ថែមទៀត​។ ដូច្នេះ​យើង​ឃើញថា​មាន​ការសម្របសម្រួល​ច្រើន​នៅក្នុង​រឿងនេះ​។ អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​មាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​របស់ខ្លួន​។ សម្រាប់​រដ្ឋាភិបាល​ត្រូវតែ​មាន​ការបំភ្លឺ​ឱ្យបាន​ច្បាស់​អំពី​បញ្ហា​ទាំងអស់​នេះ​»​។

លោក​បន្តថា បើ​រដ្ឋាភិបាល​មិនមាន​ការគ្រប់គ្រង​ជនអន្តោប្រវេសន្ត​បាន​ល្អ​បណ្ដោយ​ឱ្យ​ចូលមក​រស់នៅ​អចិន្រៃ្តយ៍​ច្រើន​នៅ​កម្ពុជា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ និង​ការងារ​របស់​ពលរដ្ឋ​កម្ពុជា​។

លោក​ កែវ វណ្ណថន អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១២ កក្កដា ថា​ដើម្បី​ឱ្យ​សាធារណជន​បានដឹង​ពី​ភាពហ្មត់ចត់​នៃ​ការគ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន្ត​ទើប​ក្រសួង​មហាផ្ទៃ​បានចេញ​លិខិត​ផ្សព្វផ្សាយ​ជូនដំណឹង​នេះ​។

លោក​ថ្លែងថា​៖ «​យើង​ចង់​ប្រាប់​ពី​ការគ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន្ត​ថា មាន​ភាពច្បាស់លាស់ ហ្មត់ចត់ ហើយ​ដើម្បី​គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន្ត​ឱ្យ​បាន​ហ្មត់ចត់ គឺ​យើង​ធ្វើ​ជំរឿន​ដើម្បី​គ្រប់គ្រង​តួលេខ​ឱ្យ​បាន​ច្បាស់លាស់ ដោយ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​ទិន្នន័យ និង​ចេញ​បណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍​ជា​បន្តបន្ទាប់​ជូន​ពួកគាត់​។ ជនបរទេស​អន្តោប្រវេសន្ត​ដែល​កាន់​ឯកសារ​មិន​ប្រក្រតី​ពី​ពេលមុន​យើង​បាន​ដកហូត​ឯកសារ​នោះ​ពី​គាត់​»៕