
លោក ឌិត ទីណា ថ្លែងក្នុងវេទិកាពីម្សិលមិញ។ រូបថត ក្រសួងរ៉ែ និងថាមពល
ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពលអះអាងថា ការឲ្យអាជ្ញាប័ណ្ណក្រុមហ៊ុនបូមខ្សាច់ គឺដើម្បីសម្រួលចរន្តទឹកហូរឲ្យចំកណ្តាលទន្លេ និងបញ្ចៀសចរន្តទឹកហូរបុកច្រាំងដែលអំណះអំណាងនេះជាការឆ្លើយតបទៅនឹងរដ្ឋមន្ត្រីក្រសួងអប់រំ ដែលជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកកងមាស ខេត្តកំពង់ចាមដែលស្នើឲ្យបញ្ឈប់ការបូមខ្សាច់។
ក្នុងវេទិកាសាធារណៈពិគ្រោះយោបល់ និងផ្សព្វផ្សាយពាក់ព័ន្ធនឹងការធ្វើអាជីវកម្មខ្សាច់តាមដងទន្លេមេគង្គលើ ស្ថិតក្នុងស្រុកកងមាស និងស្រុកស្រីសន្ធរពីម្សិលមិញដែលមានប្រជាពលរដ្ឋប្រមាណ ៦០០ នាក់ចូលរួម លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលលើកឡើងថា៖ «មូលហេតុដែលក្រសួងចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនក្នុងការបូមស្តារបាតទន្លេ ដើម្បីសម្រួលចរន្តទឹកហូរឲ្យចំកណ្តាលទន្លេបញ្ចៀសចរន្តទឹកហូរបុកច្រាំង»។
វេទិកាសាធារណៈពិគ្រោះយោបល់ និងផ្សព្វផ្សាយនេះធ្វើឡើងបន្ទាប់ពីមានសំណើកាលពីថ្ងៃទី ២២ ខែសីហាពីលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានស្រុកកងមាស ខេត្តកំពង់ចាមដែលបានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជួយដោះស្រាយ និងសុំឲ្យបញ្ឈប់ការបូមខ្សាច់ទន្លេនៅស្រុកកងមាស ខេត្តកំពង់ចាម។
លោក អឿន សុធាលី នាយករងរដ្ឋបាលខេត្ដកំពង់ចាមឲ្យដឹងថាតាមរយៈការប្រជុំពិគ្រោះយោបល់ក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋរយៈពេល ១ ថ្ងៃនេះប្រជាពលរដ្ឋបានយល់ព្រមឲ្យក្រុមហ៊ុនបន្ដបូមខ្សាច់ ប៉ុន្ដែត្រូវគោរពតាមច្បាប់នៃការបូមខ្សាច់របស់កម្ពុជា។
លោកបញ្ជាក់ថា៖ «ពលរដ្ឋទទួលយកដោយយល់ព្រមឲ្យក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណបូមខ្សាច់ បន្ដបូមដដែល ប៉ុន្ដែត្រូវគោរពតាមច្បាប់នៃការបូមខ្សាច់របស់កម្ពុជា»។
លោកបន្តថាការយល់ព្រមរបស់ប្រជាពលរដ្ឋនេះ បន្ទាប់ពីការធ្វើបទបង្ហាញរបស់ក្រសួងរ៉ែ និងថាមពលបានពន្យល់ពីអត្ថប្រយោជន៍ចំពោះការបូមខ្សាច់ និងបង្ហាញពីហានិភ័យ បើសិនជាមិនមានក្រុមហ៊ុនបូមខ្សាច់នៅទន្លេមេគង្គលើនៃខេត្ដកំពង់ចាមនេះ។
លោក សុធាលី បន្ថែមថា៖ «ក្រសួងបានពន្យល់ថាការបូមខ្សាច់នេះមិនបានធ្វើឲ្យបាក់ច្រាំងទន្លេទេ ប៉ុន្ដែបែរជាចូលរួមកាត់បន្ថយការបាក់ច្រាំងទន្លេទៅវិញ។ ចំណែកការបាក់ច្រាំងនៅទីនេះ (ស្រុកកងមាស) គឺបានបាក់តាំងពីយូរណាស់មកហើយ មិនមែនទើបតែបាក់ពេលក្រុមហ៊ុនបូមខ្សាច់នេះទេ»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពលចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៨ នេះបានបង្ហាញថា ដើម្បីឲ្យការអនុវត្តការងារនេះប្រព្រឹត្តទៅដោយរលូនក្រសួងរ៉ែ និងថាមពលបានចាត់តាំងលោក ឌិត ទីណា រដ្ឋលេខាធិការ និងមន្ត្រីពាក់ព័ន្ធដើម្បីចូលរួមផ្ដល់ព័ត៌មាន និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធករណីខាងលើ។
ទោះបីជាមានកិច្ចព្រមព្រៀងគ្នារវាងក្រុមហ៊ុនជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការបញ្ឈប់ការបូមខ្សាច់នៅជិតច្រាំងទន្លេក្នុងភូមិសាស្ត្រឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាមរួចមកក៏ដោយក្រុមហ៊ុនបូមខ្សាច់នៅតែបន្តសកម្មភាពបូមនៅជិតច្រាំងទន្លេបន្តទៀតដែលបង្កឲ្យពលរដ្ឋរងគ្រោះព្រួយបារម្ភដោយខ្លាចបាក់ច្រាំងទន្លេ ហើយធ្វើឲ្យប៉ះពាល់ផ្ទះសំបែងនៅជិតមាត់ទន្លេផងដែរ។
លោក សន ជ័យ អ្នកវិភាគ និងជាប្រធានអង្គការសម្ព័ន្ធ គណនេយ្យភាព សង្គម កម្ពុជា សង្កេតឃើញថា ការបកស្រាយរបស់ក្រសួងជំនាញពេលខ្លះផ្ទុយពីការរងផលប៉ះពាល់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋដូចជា ការបាក់ច្រាំងទន្លេដែលអាចប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋជាដើម។
លោកបន្ដថា៖ «ការបកស្រាយណាមួយតាមបច្ចេកទេសរបស់ខ្លួនគ្រាន់តែជាការបំភ្លឺប៉ុណ្ណោះ ប៉ុន្ដែក្រុមហ៊ុនដែលបូមខ្សាច់នោះ ទោះបីទទួលបានអាជ្ញាប័ណ្ណ និង ការវាយតម្លៃពីក្រសួងក៏ដោយតែពេលគាត់ទៅបូមគាត់មិនបានបូមតាមនីតិវិធីកំណត់ទេ»។
លោក ជ័យ មើលឃើញថាការស្នើរបស់លោករដ្ឋមន្ដ្រីក្រសួងអប់រំនេះគឺកើតឡើងតាមរយៈផលប៉ះពាល់ដែលប្រជាពលរដ្ឋគាត់បានជួបប្រទះបញ្ហាដោយផ្ទាល់នៅទីនោះ៕