ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី បញ្ជាក់ថា​ពលរដ្ឋ​ចំនួន​ ៥ ​ក្រុម​ដែល​អះអាង​ថា មាន​ចំនួន ១ ២១៧ ​គ្រួសារ​ កំពុង​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​ចំនួន​ ៣ ​នៃ​ខេត្ត​កោះកុង​ គឺ​គ្រួសារ​ខ្លះ​ក្នុង​ចំណោម​នោះ​មិនមាន​មូលដ្ឋាន​ផ្លូវច្បាប់​សម្រាប់​ឱ្យ​ក្រសួង​ដោះស្រាយ​ឱ្យ​ឡើយ​។ ការអះអាង​នេះ ក្រោយពី​មាន​ក្រុម​ពលរដ្ឋ​នៅ​ខេត្ត​នេះ​រាប់រយ​នាក់​ចេញ​តវ៉ា​នៅមុខ​ក្រសួង​ជាថ្មី​កាលពី​ថ្ងៃទី​ ២១ កញ្ញា​។

លិខិត​ចុះ​ថ្ងៃទី​ ២១ កញ្ញា របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បញ្ជាក់​ថា ក្រុម​ពលរដ្ឋ​ទាំង​ ៥ ​ក្រុម​នេះ​នៅ​ស្រុក​ស្រែអំបិល ថ្មបាំង និង​ស្រុក​បទុម​សាគរ​ដែល​ខ្លះ​មានទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន Koh Kong Plantation និង​ក្រុមហ៊ុន​ Koh Kong Sugar Industry Co.,LTD​។ ខ្លះទៀត​មានទំនាស់​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខ័លឈ័រគ្រុប និង​ខ្លះ​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន UNION DEVELOPMENT GROUP CO.,LTD(UDG) ប៉ុន្តែ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ជា​ស្ថាពរ​រួចហើយ​។

លិខិត​ដដែល​បន្តថា ចំពោះ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ពុំ​មាន​ឈ្មោះ​ក្នុង​ការទាមទារ​ដី ដោយសារ​មិនមាន​វត្តមាន​មក​បំពេញ​សលាកបត្រ​តាម​ការប្រកាស ផ្សព្វផ្សាយ​របស់​ក្រសួង​កាលពី​ឆ្នាំ​ ២០១៧ និង​ខ្លះទៀត​មិនមាន​ឯកសារ​កាន់កាប់​ដី​។ ក្រុម​ពលរដ្ឋ​ទាំងនេះ គឺ​ខ្លះ​ទាមទារ​សុំ​ចុះបញ្ជី​ដីធ្លី ខ្លះ​ស្នើសុំ​ដីសម្បទាន​សង្គមកិច្ច និង​ខ្លះ​ប្ដឹង​ទាមទារ​ដី​ពី​ក្រុមហ៊ុន​មកវិញ​។

ក្រសួង​បាន​បន្តថា​៖ «​ចំពោះ​ក្រុម​ពលរដ្ឋ​ចំនួន​ ៣៣ ​គ្រួសារ ប្ដឹង​ទាមទារ​ដី​ពី​ក្រុមហ៊ុន UDG គឺ​ក្រសួង​ពិនិត្យ​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ចំនួន​ ១៣ ​គ្រួសារ​ ធ្លាប់​ទទួល​បាន​ការដោះស្រាយ​រួចហើយ និង​ប្រជាពលរដ្ឋ​ចំនួន​ ២០ ​គ្រួសារ​ទៀត មិន​ស្ថិត​ក្នុង​ក្រុម​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ត្រូវ​ដោះស្រាយ​»​។

លិខិត​របស់​ក្រសួង​នេះ​បាន​ធ្វើឡើង តែ​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​ពលរដ្ឋ​មកពី​ខេត្តកោះកុង​រួមទាំង​ត្បូងឃ្មុំ និង​ខេត្តស្វាយរៀង រាប់រយ​នាក់​បាន​នាំ​គ្នា​ឡើង​មក​តវ៉ា និង​បិទផ្លូវ​នៅខាងមុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​ ២១ កញ្ញា ដើម្បី​ទាមទារ​ឱ្យ​ពន្លឿន​ដំណោះស្រាយ​ជូន​ពួកគាត់​។

លោក​ សំ វុទ្ធី តំណាង​ពលរដ្ឋ​ទាំង​ ៣៣ ​គ្រួសារ​ មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន UDG លើកឡើង​ថា ក្នុង​ចំណោម​ទាំង​ ៣៣ ​គ្រួសារ​ ដែល​បាត់​ដីធ្លី​សរុប​ចំនួន​ ២៧៩ ​ហិកតា​ គឺ​គ្រួសារ​ខ្លះ​ពិតជា​ធ្លាប់​ទទួល​បាន​ដំណោះស្រាយ​មែន​។ ប៉ុន្តែ​ដំណោះស្រាយ​ទាំងនោះ គឺ​មិន​សមស្រប​នឹង​ដី​ដែល​ត្រូវ​បាត់បង់​ទៅខាង​ក្រុមហ៊ុន​។

លោក​បាន​បន្តថា ការដោះស្រាយ​កាលពី​ឆ្នាំ​ ២០១០ គឺ​ពលរដ្ឋ​ខ្លះ​ទទួល​បាន​ដី​ត្រឹម​ ២ ​ហិកតា ១ ​ហិកតា​ខ្លះ​ទៀត​បាន​ដី​ទំហំ​ត្រឹម​ ២៤ ​ម៉ែត្រ និង​បណ្ដោយ​ប្រហែល​ ៨០ ​ម៉ែត្រ​។ ឯ​មួយចំនួន​ទៀត មិន​ទទួល​បាន​ដី ប៉ុន្តែ​ទទួល​បាន​លុយ​ត្រឹម​ ៤០០ ​ទៅ​ ៥០០ ​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដី​ដែល​ពួកគាត់​បាត់បង់​គឺ​ខ្លះ​ ៨ ​ហិកតា​ ទៅដល់​ជាង​ ១០ ​ហិកតា​។

តំណាង​ពលរដ្ឋ​រូបនេះ​អះអាង​ថា​៖ «​ខ្ញុំ​មាន​ដី​ ៩ ​ហិកតា ប៉ុន្តែ​គេ​ឱ្យ​លុយ​តែ​ ៤៨០ ដុល្លារ និង​ឱ្យ​ដី​វិញ​បាន​ ២ ​ហិកតា​កន្លះ​។ បើ​យើង​មិន​ទទួល​យក មាន​ន័យថា ស្មើ​នឹង​អត់ ដោយសារ​កាលនោះ​គឺ​គេ​បាន​បណ្ដេញ​ចេញ​ពី​ដី​តែម្ដង​។ គឺ​ប្រើ​សុទ្ធតែ​ប៉េអឹម កងសន្ដិសុខ និង​កម្លាំង​បរិស្ថាន​»​។

លោក​ ប៊ុន សារិន អាយុ​ ៥៦ ​ឆ្នាំ​ ដែល​មាន​ទំនាស់​ដីធ្លី​ទំហំ​ ១២ ​ហិកតា​ ជាមួយ​ក្រុមហ៊ុន UDG ដែរនោះ​លើក​ឡើង​ថា ដី​របស់​លោក​ គឺ​មាន​ឯកសារ​កាន់កាប់​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ និង​ឃុំ ហើយ​ថែមទាំង​មាន​លិខិត​ទទួលស្គាល់​ពី​ក្រុមហ៊ុន​នៅពេល​ចុះ​ដោះស្រាយ​សំណង​ផង​។

លោក​និយាយថា​៖ «​ឯកសារ​ហ្នឹង គឺ​មាន​ការបញ្ជាក់​ពី​អាជ្ញាធរ​ដែល​មាន​ព្រំប្រទល់​ច្បាស់លាស់ និង​មាន​ការផ្ដិត​មេដៃ​ទទួលស្គាល់​រវាង​អ្នកមាន​ដី​ជាប់​គ្នា ហើយ​យក​ទៅ​ឱ្យ​អាជ្ញាធរ​បញ្ជាក់​ទទួលស្គាល់​។ ឥឡូវនេះ​គឺ​យើង​ទាមទារ​ឱ្យ​ក្រុមហ៊ុន និង​ក្រសួង​ពាក់ព័ន្ធ​ដោះស្រាយ​ជា​សំណង​ដី​វិញ​ក៏​យើង​យក បើ​មិន​អ៊ីចឹង​ទេ បើ​ដោះស្រាយ​សំណង​ជា​លុយ គឺ​អាស្រ័យ​តាម​ការចរចា​គ្នា​ដើម្បី​ឱ្យ​ស្រប​តាម​តម្លៃ​ទីផ្សារ​»​។

កាលពី​ថ្ងៃទី​ ២១ ខែកញ្ញា ពលរដ្ឋ​ទាំង​ ៥ ​ក្រុម​មកពី​ខេត្ត​កោះកុង​រួមទាំង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ស្វាយរៀង និង​ខេត្ត​ត្បូងឃ្មុំ​ប្រហែល​ ៤០០ ​នាក់​ បាន​នាំគ្នា​តវ៉ា​បិទផ្លូវ​នៅមុខ​ក្រសួង​ដែនដី ដើម្បី​សុំ​ជួប​ផ្ទាល់​ជាមួយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​នេះ​។ ប៉ុន្តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បំបែក និង​អនុញ្ញាត​ឱ្យ​អង្គុយ​តវ៉ា​នៅលើ​ចិញ្ចើម​ផ្លូវ​វិញ​។ ពួកគាត់​បាន​ត្រឡប់​ទៅ​ស្រុក​វិញ​នៅ​ថ្ងៃ​ដដែល បន្ទាប់ពី​ញត្តិ​របស់​ពួកគាត់​ត្រូវ​បានទទួល​។

លោក​ ឈឹម សាផាន អាយុ​ ៦៥ ​ឆ្នាំ​ តំណាង​ឱ្យ​ក្រុម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មួយក្រុម​ទៀត​មាន​ចំនួន​ ៨៤៣ ​គ្រួសារ និយាយ​ថា​ការនាំគ្នា​មក​តវ៉ា​ជាថ្មី​នេះ ដោយសារ​ការដាក់​ញត្តិ​នៅ​ក្រសួង​ដែនដី​ជាច្រើន​ដង មិន​ទទួល​បាន​ការឆ្លើយតប​ឱ្យ​បាន​ជាក់លាក់​ពី​រដ្ឋមន្ត្រី​ក្រសួង​នេះ ដើម្បី​ចាត់​មន្ត្រី​ដោះស្រាយ​ដីធ្លី​ជូន​ពួកគាត់​។

លោក​បន្ថែមថា​៖ «​គោលបំណង​សំខាន់​ដែល​ពួក​ខ្ញុំ​មក​ថ្ងៃនេះ គឺ​សួរ​ទៅ​ឯកឧត្តម​ (​ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី​)​ ​តើ​ដោះ​ឱ្យ​ពួកខ្ញុំ​នៅពេល​ណា​គឺ​ថ្ងៃ​ណា ខែ​ណា​ឱ្យ​ច្បាស់ ហើយ​អ្នកណា​ជា​អ្នកដោះស្រាយ​។ គឺ​ចង់បាន​ចម្លើយ​ប៉ុណ្ណឹង ហើយ​ពិតប្រាកដ​។ បើ​មិន​ផ្ដល់​ចម្លើយ​ដោះ​ពេលណា​ទេ ហើយ​អស់​ជម្រើស​គឺ​ពួកខ្ញុំ​ត្រឡប់​ទៅវិញ គឺ​ទៅ​នៅ​លើដី​រៀងខ្លួន ហើយ​បោះតង់​យក​តែ​ម្ដង ដោយសារ​ដី​ទាំងនោះ​ឈប់​ដាំ​អំពៅ​ ៤ ​ទៅ​ ៥ ​ឆ្នាំ​ហើយ​»​។

លោក​ សាផាន បន្ត​ថា​ក្រុម​ពលរដ្ឋ​របស់លោក​គឺ​មាន​ទំនាស់​ដីធ្លី​ចំនួន​ ១ ៧២០ ​ហិកតា តាំងពី​ឆ្នាំ​ ២០០៩ ខណៈដី​ទាំងនោះ​ត្រូវ​បាន​កាន់កាប់​ដើម្បី​ធ្វើ​ចម្ការ និង​ធ្វើ​ស្រូវ​តាំងពី​អំឡុង​ឆ្នាំ​ ១៩៨០​។ ដី​តំបន់​ទាំងនោះ​មិនមាន​លិខិត​កាន់កាប់​ទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ឡើយ ប៉ុន្តែ​មាន​លិខិត​ទទួលស្គាល់​ព្រំដី​រវាង​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយទៀត​។

អភិបាលស្រុក​បទុមសាគរ​លោក​ ហាក់ ឡេង មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហាដីធ្លី​របស់​ពលរដ្ឋ​ ៣៣ ​គ្រួសារ​នេះ​ទេ ដោយ​លោក​អះអាង​ថា ករណី​ទំនាស់​នេះ​បាន​កើតឡើង​មុនពេល​អាណត្តិ​របស់​លោក​ចូល​គ្រប់គ្រង​ស្រុក​នេះ និង​ម្យ៉ាងទៀត​នោះ​លិខិត​របស់​ក្រសួង​ដែនដី​បាន​បកស្រាយ​ច្បាស់​រួចហើយ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ទើប​ចូលមក​កាន់​ជា​អភិបាលស្រុក​ហើយ​រឿងនេះ​គឺជា​រឿង​ចាស់​បន្សល់ទុក​តាំងពី​អភិបាល​ចាស់​ ២ ​ជំនាន់​មកហើយ​។ អ៊ីចឹង​! ខ្ញុំ​មិនអាច​បញ្ជាក់ជូន​ឱ្យ​បាន​ច្បាស់លាស់​ទេ ណាមួយ​ក្រសួង​ដែនដី​គឺ​ច្បាស់​ជាង​យើង ដោយសារ​ពលរដ្ឋ​មិនមែន​ទើបតែ​ប្ដឹង​ម្ដង​ហ្នឹង​ទេ​»​។

ចំណែក លោក យឹង វាំងវីរៈ មេឃុំ​តានួន មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​បានទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ច្រើនលើក ប៉ុន្តែ​លោក​មិន​ទទួល​។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ទទួល​ស្គាល់​ថា ជុំវិញ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កោះកុង​ត្រូវ​បាន​អាជ្ញាធរខេត្ត និង​ក្រសួង​ដែនដី​ដោះស្រាយ​បាន​ច្រើន​មកហើយ​។ ប៉ុន្តែ​លោក​ថា ទន្ទឹម​គ្នា​នេះ​លោក​ក៏​ចង់​ឱ្យ​មាន​ការដោះស្រាយ​បញ្ចប់​ឱ្យ​បាន​ឆាប់ ចំពោះ​ការទាមទារ​របស់​ពលរដ្ឋ​ដែល​នៅ​សេសសល់​មួយចំនួន​។

លោក​បន្តថា ស្របពេល​មាន​ការលើកឡើង​ខ្វែង​គ្នា​ដែល​ពលរដ្ឋ​ខ្លះ​អះអាង​ថា មិនទាន់​ទទួល​បាន​ដំណោះស្រាយ​សមរម្យ និង​មិន​ទទួល​បាន​ដំណោះស្រាយ​ទាល់តែ​សោះ​នោះ ប៉ុន្តែ​ក្រសួង​ឆ្លើយតប​ថា ពលរដ្ឋ​ទាំងនោះ​មិនមាន​ឯកសារ​គ្រប់គ្រាន់ ហើយ​ទំនាស់​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ជាដើម​។ លោក​ថា ក្រសួង​គួរ​សិក្សា​អំពី​បញ្ហា​ឫសគល់​របស់​គ្រួសារ​នីមួយៗ ហើយ​ដោះស្រាយ នោះ​អាច​នឹង​ទទួល​យកបាន​ពី​សំណាក់​ប្រជាពលរដ្ឋ​។

មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​យើង​ត្រូវ​ពិនិត្យមើល​ឫសគល់​នៃ​បញ្ហា​ទាំងមូល​របស់​គ្រួសារ​នីមួយៗ​ថា តើ​គ្រួសារ​មួយ​ហ្នឹង​មាន​បញ្ហា​អ្វីខ្លះ ហើយ​ដោះស្រាយ​តែម្ដង​ទៅ ដើម្បី​កុំឱ្យ​ដោះស្រាយ​បញ្ហា​មួយ​នៅ​សល់​បញ្ហា​មួយទៀត អាហ្នឹង​គឺ​មិន​ចេះចប់​ទេ​ដែល​ធ្វើឱ្យ​ការដោះស្រាយ​ចេះតែ​អូសបន្លាយ​។ បើ​មើល​លើ​បញ្ហា​របស់គាត់​មានអី​ខ្លះ​ឱ្យ​គាត់​ដាក់​មក​សម្រាប់​ដោះស្រាយ​។ អាហ្នឹង​គឺ​ដោះ​ទៅ អាច​មិន​ធ្វើឱ្យ​ពួកគាត់​មាន​បញ្ហា​អ្វី​ទៀត​ទេ​»​។

ចំណែក​លោក ថោង ច័ន្ទតារា អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​នៅ​ខេត្តកោះកុង លើក​ឡើង​ថា ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ទាំង​ ៥ ​ក្រុម​នៅ​ខេត្តកោះកុង​កន្លង​មក មាន​អ្នកខ្លះ​ទទួល​បាន​ដំណោះស្រាយ សមរម្យ ហើយ​ខ្លះទៀត​ត្រូវ​បាន​បង្ខំ​ឱ្យ​ទទួល​យក​ដំណោះស្រាយ​តិចតួច​។

លោក​បញ្ជាក់ថា ពលរដ្ឋ​ដែល​ទទួល​បាន​ដំណោះស្រាយ​កន្លងមក គឺ​អ្នករស់នៅ​លើដី​ជាក់ស្ដែង​ដែល​មាន​ផ្ទះ​នៅក្នុង​ភូមិ ឃុំ​មាន​ជម្លោះ​។ ប៉ុន្តែ​អ្នកមាន​ផ្ទះសម្បែង​នៅ​ក្រៅ​ភូមិ និង​ឃុំ​មាន​ជម្លោះ គឺ​មិន​ត្រូវបាន​ដោះស្រាយ​សម្រាប់​ការបាត់បង់​ដីស្រែ​ចម្ការ​របស់​ពួកគេ​នោះទេ​។

លោក​ថ្លែងថា​៖ «​អាជ្ញាធរ​ថា ពួកគាត់​ខ្វះ​លិខិត​ស្នាម​កាន់កាប់ អាហ្នឹង​គឺ​ពួកគាត់​ពិតជា​ខ្វះខាត​មែន ដោយសារ​ពួកគាត់​ចេះតែ​កាន់កាប់ និង​រស់នៅ​យូរ​ឆ្នាំ​មកហើយ​»​។

ទោះ​យ៉ាងណា​លោក រស់ វីរ៉ាវុធ ប្រធាន​មន្ទីរ​ដែនដី​ខេត្តកោះកុង​បញ្ជាក់​ថា កន្លងមក​អ្នក​ដែល​ធ្លាប់​ដាក់ពាក្យ​បណ្ដឹងសុំ​ដោះស្រាយ​ដីធ្លី គឺ​ត្រូវ​បាន​ដោះស្រាយ​ចប់សព្វគ្រប់​អស់ហើយ​។ ប៉ុន្តែ​មូលហេតុ​ដែលមាន​ពលរដ្ឋ​បន្ត​ចេញ​តវ៉ា ដោយសារ​ក្រោយ​មក​ទៀត​អ្នក​ធ្លាប់​ទទួលបាន​ដំណោះស្រាយ​បាន​នាំ​ក្រុម​ថ្មី​ផ្សេងទៀត​មក​ដាក់​ពាក្យសុំ​ដំណោះស្រាយ​។

លោក វីរ៉ាវុធ បញ្ជាក់ថា​៖ «​ខ្ញុំ​មិនដឹង​ដែរ អ្នកថ្មី​មកសុំ​ដំណោះស្រាយ​គឺ​គាត់​បាន​អះអាង​ថា គឺ​នៅក្នុង​ក្រុម​នេះ​ក្រុម​នោះ​អ៊ីចឹង​»៕