ភ្នំពេញៈ ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ បានទទួលលិខិតស្នើសុំឲ្យដកបម្រាមនយោបាយពីលោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៊ី និងកូនប្រុសរបស់លោកគឺ លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិហើយ បន្ទាប់ពីធ្វើការពិនិត្យក្រសួងមហាផ្ទៃ និងបញ្ជូនលិខិតនេះបន្តទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការដាក់លិខិតស្នើសុំនេះ ធ្វើឡើងបន្ទាប់ពី វិសោធនកម្មមាត្រា ៤៥ ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ បានចូលជាធរមាន នៅថ្ងៃទី ២ ខែមករាបន្ទាប់ពីព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខា លើច្បាប់នេះ ដែលច្បាប់នេះ ផ្តល់អំណាចដល់នាយករដ្ឋមន្ត្រី ស្នើសុំស្តារនីតិសម្បទាឡើងវិញ សម្រាប់អ្នកនយោបាយ ដែលត្រូវបានហាមឃាត់ពីសកម្មភាពនយោបាយ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រសួង មហាផ្ទៃបានទទួលលិខិតរបស់ លោក គង់ គាំ និងកូនប្រុសរបស់លោក គឺលោក គង់ បូរ៉ា រួចហើយ កាលពីម្សិលមិញ ដែលស្នើសុំឲ្យដកបម្រាមនយោបាយ ហើយក្រសួងមហាផ្ទៃ នឹងធ្វើការពិនិត្យ លិខិតស្នើសុំនេះ មុននឹងផ្ញើជូនលោកនាយករដ្ឋមន្ត្រី។ លោក បញ្ជាក់ថា៖ «យើងត្រូវការពេលវេលាដើម្បីពិនិត្យមើល»។
លោក គង់ គាំ គឺជាអ្នកនយោបាយម្នាក់ដែលស្ថិតក្នុងចំណោមអ្នកនយោបាយ អតីតគណបក្សសង្គ្រោះជាតិ ចំនួន ១១៨ រូបដែលជាប់បម្រាមនយោបាយតាមអំណាចសាលដីការបស់តុលាការកំពូលកាលពីចុងឆ្នាំ ២០១៧។
លោកគង់ គាំបានឲ្យដឹងថា កាលពីម្សិលមិញ ជំនួយការរបស់លោកបានយកលិខិតទៅដាក់នៅក្រសួងមហាផ្ទៃ។ លោកបានបញ្ជាក់ថា៖ «ខ្ញុំបានសរសេរដាក់គោរពជូនទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមឲ្យគាត់ធ្វើសេចក្តីស្នើទៅសម្តេចនាយករដ្ឋមន្ត្រី ដើម្បីឲ្យសម្តេចនាយករដ្ឋមន្ត្រី ទូលថ្វាយព្រះមហាក្សត្រ ដើម្បីឲ្យព្រះអង្គព្រះរាជទានផ្តល់នីតិសម្បទានយោបាយ ដល់ខ្ញុំឡើងវិញ»។
លោកបញ្ជាក់ថា៖ «យើងស្នើសុំឲ្យរួចផុតពីបម្រាមធ្វើនយោបាយមុនកំណត់ របស់សាលដីកាតុលាការ។ ខ្ញុំមាន ជំនឿថានឹងបានទទួលការផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ ដោយសារខ្ញុំមិនបានរំលោភបំពានសាលដីកាតុលាការកំពូលនោះទេ។ ខ្ញុំមិនបានទៅធ្វើនយោបាយ ដូច្នេះខ្ញុំប្រាកដជានឹងបានទទួលនីតិសម្បទាធ្វើនយោបាយឡើងវិញ»។
លោកក៏បានឲ្យដឹងទៀតថា លោក គង់ បូរ៉ា ដែលជាកូនប្រុសរបស់លោក ក៏បានយកពាក្យទៅដាក់នៅក្រសួងមហាផ្ទៃស្នើសុំឲ្យមានការដកបម្រាមនយោបាយផងដែរ។
លោកគង់ គាំ រំពឹងថា អាចនឹងមាន អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិផ្សេងទៀតដែលមិនសប្បាយចិត្តជាមួយនឹងលោកសម រង្ស៊ី ក៏នឹងដាក់ពាក្យស្នើសុំឲ្យដកបម្រាមនយោបាយដូចលោកផងដែរ។
លោក គង់ បូរ៉ា មិនអាចទាក់ទងសុំការអធិប្បាយបានទេ កាលពីម្សិលមិញ។ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ដែលក៏ជាអ្នកជាប់បម្រាមនយោបាយម្នាក់ដែរនោះ បានថ្លែងកាលពីម្សិលមិញថា ការដាក់លិខិតស្នើសុំរបស់លោក គង់ គាំ និង លោក គង់ បូរ៉ា នៅមិនទាន់បង្ហាញសញ្ញាវិជ្ជមានធំដំ ក្នុងការដោះស្រាយបញ្ហានយោបាយនៅឡើយទេ ដោយសារតែលោក កឹម សុខា មិនទាន់មានសេរីភាព ហើយមន្ត្រីអតីតគណបក្សសង្គ្រោះជាតិទាំង ១១៨ នាក់នៅជាប់បម្រាមនយោបាយនៅឡើយ។
លោកបញ្ជាក់ថា៖ «ការដាក់លិខិតស្នើសុំជាបុគ្គលឯកជនម្នាក់ៗបែបនេះ គឺជាការដាក់សម្ពាធ ហើយប្រហែលជាមិនមាននរណាដាក់ទេ»។
មាត្រា ៤៥ ថ្មី (ស្ទួន) ចែងថា៖ «បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់ នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។
វិសោធនកម្មមាត្រានេះ នឹងអនុញ្ញាតឱ្យអ្នកនយោបាយអតីតគណបក្សប្រឆាំងមួយចំនួននៅក្នុងចំណោម ១១៨ នាក់ដែលជាប់បម្រាមធ្វើសកម្មភាពនយោបាយ អាចទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីជាប់បម្រាមជាង ១ ឆ្នាំនៅពេលគណបក្ស របស់ពួកគេត្រូវបានតុលាការរំលាយកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ ហើយអតីតប្រធានអតីតគណបក្សប្រឆាំងគឺលោក កឹម សុខា ក៏ត្រូវបានចាប់ឃុំខ្លួន ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ»។
លោក មាស នី អ្នកវិភាគនយោបាយថ្លែងថា ការដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់លោក គង់ គាំនិង គង់ បូរ៉ា គឺមិនមែនជារឿងអ្វីចម្លែកនោះទេ ដោយសារតែពួកគេ ស្ថិតនៅក្រោមសម្ពាធសេដ្ឋកិច្ចរបស់អ្នកនយោបាយ និងដើម្បីការពារផលប្រយោជន៍ របស់ពួកគេ។ លោកអះអាងថា មន្ត្រីអតីតគណបក្សសង្គ្រោះជាតិផ្សេងទៀតកំពុងមានការប្រុងប្រយ័តក្នុងការដាក់លិខិតស្នើសុំធ្វើនយោបាយឡើងវិញ។
លោកបញ្ជាក់ដូច្នេះថា៖ «ជាធម្មតា វាអាចមានថែមទៀត ប៉ុន្តែចំនួនច្រើនប៉ុនណានោះ ខ្ញុំមិនអាចទាន់ហ៊ានថាទេ។ អាចជាមនុស្សដែលត្រូវបានគេប្រើឲ្យធ្វើការពីមុនមក។ យើងរង់ចាំមើលតទៅទៀតមើលថា តើមានប៉ុន្មាននាក់ទៀត»។
លោកបន្ថែមថា បើមានមន្ត្រីអតីតសង្គ្រោះជាតិមួយចំនួនដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ វាអាចនឹងធ្វើឲ្យអតីតគណបក្សសង្គ្រោះជាតិប្រឈមមុខនឹងការបែកបាក់។
អ្នកវិភាគនយោបាយផ្សេងទៀត ដូចជា លោក អ៊ូ វីរៈ លោក ឡៅ ម៉ុងហៃ និង លោក ឱក សេរី សោភក្តិ៍ បានបដិសេធធ្វើអធិប្បាយពីបញ្ហានេះ។
ក៏ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន បានបដិសេធចំពោះការលើកឡើងដែលថា ការដាក់លិខិត ស្នើសុំឲ្យដកបម្រាមនយោបាយរបស់លោក គង់ គាំ និងលោក គង់ បូរ៉ា ធ្វើឡើងក្រោមសម្ពាធ។
លោកបញ្ជាក់ថា៖ «អ្នកវិភាគអគតិខ្លះ បានយកទឡ្ហីករណ៍ថា ដោយសារផលប្រយោជន៍រឿងបុគ្គលមកសំអាងទើបបានមកដាក់ពាក្យសុំ សិទ្ធិធ្វើនយោបាយ នៅក្រសួងមហាផ្ទៃ។ ការនិយាយរបស់អ្នកវិភាគរត់ចោលស្រុកនេះ គឺគ្រាន់តែនិយាយ ដើម្បីបាននិយាយតែប៉ុណ្ណោះ គ្មានខ្លឹមសារអ្វីគួរឲ្យចាប់អារម្មណ៍ទេ»។
ជាមួយគ្នានេះ លោកក៏បញ្ជាក់ដែរថា អ្នកដែលត្រូវបានព្យួរសិទ្ធិធ្វើនយោបាយ មិនអាចធ្វើការស្នើសុំជាកញ្ចប់បានទេដោយសារបុគ្គលម្នាក់ៗមានលក្ខណសម្បត្តិដោយឡែកពីគ្នាមានអ្នកខ្លះបានគោរពសាលដីកាស្ថាពរ និងបិទផ្លូវតវ៉ារបស់តុលាការកំពូល និងមានអ្នកខ្លះបានល្មើសលើសាលដីកាតុលាការកំពូល៕