ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​ទុក​ឱសានវាទ​រយៈពេល​ ២ ​សប្ដាហ៍​គិត​ចាប់ពី​ថ្ងៃទី​ ១ ខែ​កញ្ញា​ តទៅ ដល់​ក្រុមហ៊ុន​នាំចូល​ផលិតផល​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt ដើម្បី​ដោះស្រាយ​តាម​សំណើ​របស់​មាតាបិតា​ទារក​រងគ្រោះ​ដែល​បាន​ប្រើប្រាស់​ទឹកដោះគោ​នេះ ខណៈ​អង្គការ​អន្តរជាតិ​ចំនួន​ ៣ ​បាន​គាំទ្រ​ចំណាត់ការ​របស់​ក្រសួង​។

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប.) នៃ​ក្រសួង​ពាណិជ្ជកម្ម ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ក្រសួង​នឹង​ដោះស្រាយ​ករណី ផលិតផល​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ទារក​នេះ​ទៅ​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​នាពេល​កន្លងមក​។

លោក​ថ្លែងថា​៖ «​ឥឡូវ​ក្រសួង​កំពុង​រង់ចាំ​ទទួល​ឯកសារ​ផ្សេងៗ​ដែល​មាតាបិតា​ទារក​កំពុង​រៀបចំ​ដាក់​មក​លើ​សំណើ​ក្នុង​ការដោះស្រាយ​ករណី​នេះ​។ ចំពោះ​ការទាមទារ​យ៉ាង​ម៉េចៗ​របស់​មាតាបិតា​ទារក​នោះ​យើង​មិនទាន់​បាន​ទទួល​ពី​មាតាបិតា​ទារក​រងគ្រោះ​នៅឡើយ​ទេ គឺ​យើង​ទុក​រយៈពេល​ ២ ​សប្ដាហ៍​»​។

ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ទី​ ៣ ​ខែ​កញ្ញា​ បាន​ដាក់​ចេញ​នូវ​វិធានការ​ចំពោះ​ផលិតផល​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន NUTRILATT MASTER LM Co,LTD បញ្ឈប់​ជាបន្ទាន់​នូវ​ការនាំចូល​ និង​ចែកចាយ​ផលិតផល​ម្សៅ​ទឹកដោះគោ​នេះ និង​ប្រមូល​ត្រឡប់​វិញ​នូវ​ផលិតផល​នេះ​ពី​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​។

អគ្គនាយកដ្ឋាន ក.ប.ប. កាលពី​ថ្ងៃទី​ ២៧ ខែ​សីហា ក្រោយពី​ទទួល​លទ្ធផល​នៃ​ការវិភាគ​ដោយ​មន្ទីរពិសោធន៍​ឯករាជ្យ និង​មាន​ការទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ប្រទេស​សិង្ហបុរី​បាន​បង្ហាញថា ជាតិ​ដែក (Iron) ដែល​មាន​នៅក្នុង​ម្សៅ​ទឹកដោះគោ ម៉ាក Nutrilatt លើ​លេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) ទាំងនេះ​មាន​កម្រិត​ទាប​ជាង​ការប្រកាស​របស់​ក្រុមហ៊ុន និង​ស្តង់ដា​កូដិច​អន្តរជាតិ​។

មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ (​យូនីសេហ្វ​) អង្គការ​សុខភាព​ពិភពលោក (WHO) និង អង្គការ Helen Keller អន្តរជាតិ (HKI) កាលពី​ថ្ងៃទី​ ៧ ខែ​កញ្ញា​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម «​គាំទ្រ​ដល់​ការពង្រឹង​ការគ្រប់គ្រង​ផលិតផល​អាហារ​សម្រាប់​ទារក ដើម្បី​ការពារ​សុខភាព និង​អាហារូបត្ថម្ភ​របស់​កុមារ​នៅ​កម្ពុជា​»​។

អង្គការ​ទាំង​ ៣ ​នេះ​បញ្ជាក់ថា​៖ «​យើង​សូម​កោតសរសើរ​ដ៏ស្មោះស្ម័គ្រ ចំពោះ​ចំណាត់ការ​ទាន់​ពេលវេលា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបញ្ឈប់​ការលក់ដូរ​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ​នៅ​លើ​ទីផ្សារ​របស់​ក្រុមហ៊ុន​ទាំងទ្បាយ​ណា ដែល​ត្រូវ​បាន​រកឃើញ​ថា ពុំបាន​បំពេញ​ទៅ​តាម​ស្តង់ដា​អន្តរជាតិ​»​។ អង្គការ​ទាំងនេះ​បន្តថា វិធានការ​នេះ​នឹង​បង្ការ​មិន​ឱ្យ​មាន​ទារក​ និង​កុមារ​រងគ្រោះ​បន្តទៀត​។ យើង​ក៏​សូម​ស្នើឱ្យ​រាជរដ្ឋាភិបាល​រៀបចំ​ឲ្យ​មាន​ការថែទាំ និង​ការគាំទ្រ​សមស្រប​សម្រាប់​កុមារ និង​គ្រួសារ​ដែល​រងគ្រោះ​ផងដែរ​»​។

អង្គការ​ទាំង​ ៣ ​នេះ​លើកឡើង​ថា​លទ្ធផល​នេះ​គឺជា​ការក្រើន​រំឭក​ពី​សារៈសំខាន់​នៃ​ការគ្រប់គ្រង​ដ៏តឹងរ៉ឹង​លើ​ការលក់​ផលិតផល​ជំនួស​ទឹកដោះ​ម្ដាយ​។ ប្រសិនបើ​កុមារ​មិន​ទទួល​បាន​នូវ​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ទេ​នោះ​ពួកគេ​នឹង​មិន​អាច​លូតលាស់​បាន​ល្អ​លើ​ផ្នែក​រាងកាយ​ និង​ស្មារតី​ទ្បើយ​។ ​អង្គការ​ទាំងនេះ​ក៏​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​រៀបចំ​ឲ្យ​មាន​ការថែទាំ និង​ការគាំទ្រ​សមស្រប​សម្រាប់​កុមារ និង​គ្រួសារ​ដែល​បាន​រងគ្រោះ​ផងដែរ​។

អ្នកស្រី លីវ សំណាង មាតា​ទារក​រងគ្រោះ​ម្នាក់​ដែល​បាន​ប្រើ​ផលិតផល​ម្សៅ​ទឹកដោះគោ​នេះ​ថ្លែង​ថា បច្ចុប្បន្ន​ក្រុម​មាតាបិតា​ទារក​រងគ្រោះ​ទាំង​ ១៦ ​គ្រួសារ កំពុង​រៀបចំ​ឯកសារ និង​ទាមទារ​សំណង​ជំងឺចិត្ដ​ផ្សេងៗ​ឲ្យ​បាន​រួចរាល់​ត្រឹម​ថ្ងៃទី​ ១៥ ខែកញ្ញា ដើម្បី​ដាក់​ទៅ​ក្រសួង​ពិនិត្យ​ និង​ឲ្យ​ក្រុមហ៊ុន​ចូល​មក​ដោះស្រាយ​។

អ្នកស្រី​ថ្លែងថា​៖ «​ពួកយើង​កំពុង​ស្នើ​ទៅ​មជ្ឈមណ្ឌល​គាំពារ​មាតា បកស្រាយ​អំពី​ផលប៉ះពាល់​ចំពោះ​ទារក ក្រោយពី​ប្រើប្រាស់​ផលិតផល​ម្សៅ​ទឹកដោះគោ​នេះ ព្រោះ​វា​បណ្ដាល​ឲ្យ​មាន​ជំងឺ​ខ្វះ​ជាតិដែក និង​ជំងឺ​ស្លេកស្លាំង​រយៈពេល​វែង និង​រយៈពេល​ខ្លី និង​បង្ក​ផលប៉ះពាល់​សុខភាព​ការលូតលាស់ និង​ការអភិវឌ្ឍ​របស់​ទារក​ និង​កុមារ​»​។ អ្នកស្រី​ព្រមាន​ថា ប្រសិនបើ​ក្រុមហ៊ុន​មិន​យល់ព្រម​តាម​ការទាមទារ​ទេ​ក្រុម​មាតាបិតា​ទារក​នឹង​បន្ត​ប្ដឹង​ទៅ​តាម​នីតិវិធី​តុលាការ​ទៀត​។

លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ផ្ញើលិខិត​ ១ ​ច្បាប់​ជូន​លោក ប៉ាន សូរស័ក្តិ កាលពី​ថ្ងៃទី​ ៣១ ខែសីហា ដោយបាន​បង្ហាញ​ការគាំទ្រ​ចំពោះ​ចំណាត់ការ​ដ៏តឹងរ៉ឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ដើម្បី​ឲ្យ​ក្រុមហ៊ុន NUTRILATT MASTER LM Co,LTD គោរព​តាមច្បាប់​កម្ពុជា និង​ស្តង់ដា​អន្តរជាតិ​សំដៅ​ធានា​លើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ក៏​បាន​ស្នើ​ដល់​ក្រសួង​ពាណិជ្ជកម្ម​ត្រូវ​បន្ត​ត្រួតពិនិត្យ និង​វិភាគ​កម្រិត​ជាតិ​ដែក និង​ជាតិ​ស័ង្កសី​នៅក្នុង Bacthes ផ្សេងទៀត​នៃ​ផលិតផល​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​របស់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​នានា​ដែល​កំពុង​ចរាចរ​លក់ដូរ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​៕

វីដេអូ៖