ភ្នំពេញៈ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតរបស់ក្រសួងទេសចរណ៍ បានសម្រេចដាក់បញ្ចូល «វិធានសុវត្ថិភាពទេសចរណ៍» ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្ត ដើម្បីចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដែលនឹងត្រូវប្រកាសនៅចុងខែកុម្ភៈ ឆ្នាំ ២០២១។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានពីម្សិលមិញគឺការដាក់បញ្ចូល «វិធានសុវត្ថិភាពទេសចរណ៍» សម្រាប់ការប្រឡងប្រណាំងនេះ ដើម្បីលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ (ថ្នាក់រាជធានី-ខេត្ត និងថ្នាក់ក្រុង-ខណ្ឌ) ដែលបានចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍។ សេចក្តីជូនដំណឹងនេះឲ្យដឹងថា គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍គ្រោងនឹងប្រកាសជយលាភីនាឱកាសទិវាជាតិទីក្រុងស្អាតឆ្នាំ ២០២១ នេះ។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ថ្លែងថា ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ ក្រសួងទេសចរណ៍បានដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ យោងទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ហើយក៏ជាផ្នែកមួយនៃការប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។ សម្រាប់ទីក្រុង ឬខណ្ឌណាមួយនៅប្រទេសកម្ពុជា អនុវត្ត ឬក៏ធ្វើបានល្អចំពោះ «វិធានសុវត្ថិភាពទេសចរណ៍» នេះនឹងត្រូវផ្តល់ពិន្ទុបន្ថែមពីលើអ្វីដែលធ្លាប់មានពីមុនមកក្នុងការវាយតម្លៃទីក្រុងស្អាតដើម្បីផ្តល់ពានរង្វាន់។ ក្រសួងមានក្រុមការងារ ដើម្បីចុះពិនិត្យតាមដានរាល់ការអនុវត្តរបស់រាជធានី-ក្រុងទាំងអស់ចំពោះ «វិធានសុវត្ថិភាពទេសចរណ៍» នេះ។
លោកថ្លែងថា៖ «គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានសម្រេចយកសូចនាករ «វិធានសុវត្ថិភាពទេសចរណ៍» នេះទៅចូលនៅក្នុងទីក្រុងសា្អតហ្នឹង។ នៅក្នុងទីក្រុងស្អាត គេមានសូចនាកររបស់គេដូចជាមានការគ្រប់គ្រងកាកសំណល់ អនាម័យ បរិស្ថានស្អាត និងមានសន្តិសុខ សណ្តាប់ធ្នាប់ ហើយ«វិធានសុវត្ថិភាពទេសចរណ៍» ជាសូចនាករមួយផ្នែកដែលគេត្រូវដាក់ពិន្ទុនៅក្នុងការវាយតម្លៃផងដែរ»។
បើតាមលោក តុប សុភ័ក ការប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ត្រូវបានគេរៀបចំធ្វើរៀងរាល់ ២ ឆ្នាំម្តង។ នៅឆ្នាំ ២០២១ នេះនឹងត្រូវប្រកាសជយលាភីនៅថ្ងៃទី ២៧-២៨ ខែកុម្ភៈ។ ប៉ុន្តែ សម្រាប់ឆ្នាំនេះក្រសួងមិនទាន់ដឹងថា ធ្វើបានកម្រិតណានោះទេ ព្រោះវាស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ ដោយរង់ចាំមើលស្ថានភាពជាក់ស្តែង។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុឱ្យដឹងពីម្សិលមិញថា មន្ទីរបានអនុវត្តចំពោះលិខិតបទដ្ឋានរបស់ក្រសួងបានយ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្តែបើទោះបីគ្មានការប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ក៏ដោយ ក៏ខេត្តនៅតែបន្តអនុវត្តតាមការណែនាំកាលពីមុនមករបស់ក្រសួងក៏ដូចរដ្ឋបាលខេត្តដើម្បីធ្វើយ៉ាងណាឱ្យទីក្រុងវាស្អាត សណ្តាប់ធ្លាប់ល្អ និងមិនមានជំងឺកូវីដ ១៩ ឆ្លងចូលទៅក្នុងសហគមន៍។
លោកបន្តថា៖ «នៅពេលមានការប្រកាសដាក់ «វិធានសុវត្ថិភាពទេសចរណ៍» ចូលទៅក្នុងការប្រឡងប្រណាំងទីក្រុងស្អាតនេះ ខេត្តនឹងខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីត្រួតពិនិត្យ បង្ការ ការពារ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរ»។
លោក សុចិត្តគ្រឹស្នា បន្ថែមថា៖ «មិនមែនគ្រាន់តែយើងអនុវត្ត ដើម្បីចូលរួមប្រណាំងនោះទេ គឺដើម្បីសុវត្ថិភាព សណ្តាប់ធ្លាប់ អនាម័យ និងបង្កើនសេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ ហើយបើមានការឆ្លង [ជំងឺកូវីដ ១៩] ចូលទៅក្នុងសហគមន៍ វានឹងបង្កហានិភ័យកាន់តែខ្លាំងថែមទៀត»។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងពីម្សិលមិញថា ផែនការរបស់ក្រសួងទេសចរណ៍ដាក់ចូល «វិធានសុវត្ថិភាពទេសចរណ៍» ទៅក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» នេះ ដើរស្របទិសជាមួយអង្គការសុខភាពពិភពលោករួមជាមួយនឹងការណែនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាល និងការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាលផងដែរ។
លោក វណ្ឌី បានបញ្ជាក់ថា៖ «មូលហេតុដែលក្រសួងទេសចរណ៍លោកដាក់ «វិធានសុវត្ថិភាពទេសចរណ៍» ចូលគឺដើម្បីកុំឱ្យអាជ្ញាធរ និងពលរដ្ឋមានការភ្លេចខ្លួន ព្រោះវិស័យទេសចរណ៍នៅក្នុងប្រទេសមិនទាន់ងើបឡើងវិញ និងជំងឺកូវីដ ១៩ នេះ ក៏មិនទាន់បាត់បង់ទៅវិញដែរ»។
បើតាមក្រសួងទេសចរណ៍ «វិធានសុវត្ថិភាពទេសចរណ៍» ត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២០ ដើម្បីក្រើនរំឭកជាប្រចាំដល់អាជីវកម្មទេសចរណ៍ដែលកំពុងដំណើរការឱ្យចូលរួមបង្ការ ការពារ រក្សាបានទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា ប្រកបដោយបរិយាប័ន្ន និងមានការទទួលខុសត្រូវខ្ពស់។ វិធានការនេះទទួលបានការគាំទ្រ និងចូលរួមអនុវត្តបានផុសផុល ដោយរដ្ឋបាលរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធគ្រប់លំដាក់ថ្នាក់៕