ភ្នំពេញៈ ក្រុម​ការងារ​ចំនួន ៥ ​ក្រុម​ដែល​ទើប​ត្រូវ​បាន​បង្កើតឡើង​ដោយ​ក្រសួង​ទេសចរណ៍​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​ក្នុង​ពេល​ឆាប់ៗ​នេះ​ជា​អ្វី​ដែល​ត្រូវ​បាន​មន្ត្រី​ពន្យល់​ថា ដើម្បី​ទៅ​ជួយ​អាជ្ញាធរ​ខេត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន ខណៈ​ដែល​មាន​កំណើន​ភ្ញៀវ​ទេសចរ​ចិន និង​អ្នក​វិនិយោគិន​ជនជាតិ​ចិន នៅ​ខេត្ត​ទេសចរណ៍​ដ៏ល្បីល្បាញ​ជាប់​មាត់​សមុទ្រ​មួយ​នេះ​។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​កាលពី​ពេល​ថ្មីៗ​នេះ​ថា នៅក្នុង​ឆ្នាំ​ ២០១៨ ​នេះ​មាន​ជនជាតិ​ចិន​ប្រមាណ​ ២១ ​ម៉ឺន​នាក់​បាន​មក​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​នោះ​ជាង ៧ ម៉ឺន​នាក់​នៅ​ខេត្ត​ព្រះសីហនុ​។

លោក តុប សុភ័ក អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការបង្កើត​ក្រុម​ការងារ​ជំនាញ ដើម្បី​ជួយ​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍ​ទេសចរណ៍​នៅ​ខេត្ដ​ព្រះសីហនុ ព្រោះ​កន្លង​មក​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​បាន​កើត​មាន​ឡើង​ជុំវិញ​បញ្ហា​បរិស្ថាន​អនាម័យ និង​សេវាកម្ម​ផ្សេងៗ​។

លោក​ថ្លែង​ថា​៖ «​ការបង្កើត​ក្រុម​ការងារ​នេះ​សំខាន់​យើង​ចង់​ទៅ​ពង្រឹង​ការងារ​គ្រប់គ្រង​នៅ​ក្រុង​ព្រះសីហនុ​ព្រោះ​កន្លង​មក​មាន​បញ្ហា​មួយ​ចំនួន​ត្រូវ​ដោះស្រាយ ប៉ុន្ដែ​មិនមែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ តែ​ជា​បញ្ហា​ដែល​យើង​ត្រូវ​ដោះស្រាយ​ទាំងអស់​គ្នា​។ អ៊ីចឹង​ហើយ​បាន​ខាង​ក្រសួង​ទេសចរណ៍ យើង​មាន​ក្រុម​ការងារ​ខាង​ទេសចរណ៍ ចំណែក​ក្រសួង​ផ្សេងៗ​មាន​ក្រុម​ការងារ​ផ្សេង​ដែល​ចុះ​ទៅ​អនុវត្ដ​ការងារ​ទៅ​តាម​ជំនាញ​»​។

លោក សុភ័ក បាន​ឲ្យ​ដឹង​ថា​បញ្ហា​ចម្បង និង​សំខាន់​ដែល​តែងតែ​កើត​មាន​ឡើង​នៅ​ខេត្ដ​ព្រះសីហនុ​គឺ​តែងតែ​មាន​ទាក់ទង​ទៅ​នឹង​រឿង​បរិស្ថាន​អនាម័យ និង​ការបម្រើ​សេវាកម្ម​ផ្សេងៗ​នៅ​ខេត្ដ​នេះ​។

លោក​បន្ថែម​ថា​៖ «​ក្រុម​ការងារ​យើង​នេះ​គឺ​ចុះ​ទៅ​ដើម្បី​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​នៅ​ទីនោះ​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​គ្នា ហើយ​ការបង្កើត​ក្រុម​ការងារ​នេះ​ក៏​ដោយសារ​តែ​កំណើន​នៃ​ទេសចរណ៍ និង​វិនិយោគិន​ចិន​។ អ៊ីចឹង​ទើប​យើង​ត្រូវ​មាន​ក្រុមការងារ​នេះ​ដើម្បី​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ដើម្បី​អញ្ជើញ​ពួកគាត់​ (​វិនិយោគិន​) មក​ណែនាំ​»​។

បើ​តាម​លោក សុភ័ក បន្ទាប់ពី​ក្រសួង​បាន​ចេញ​សេចក្ដី​សម្រេច​រួច​ហើយ​នេះ ក្រុម​ការងារ​ទាំង​ ៥ ក្រុម​ដែល​ក្រសួង​បាន​ចាត់តាំង​នោះ​កំពុង​រៀបចំ​ដើម្បី​ចុះ​ទៅ​អនុវត្ដ​ផែនការងារ​នៅ​ខេត្ដ​ព្រះសីហនុ​ក្នុង​ពេល​ឆាប់ៗ​នេះ​។

លិខិត​បង្កើត​ក្រុម​ការងារ​ដែល​ចុះ​កាលបរិច្ឆេត​កាលពី​ថ្ងៃទី​ ២ ខែ​វិច្ឆិកា​បាន​បង្ហាញ​ថា ក្រសួង​បាន​បង្កើត​ក្រុម​ការងារ​ជំនាញ​ទាំង​ ៥ ​រួមមាន​៖ ១- ក្រុម​ការងារ​ទាក់ទង​ទីក្រុង​ស្អាត​, ២- ក្រុម​ការងារ​ទាក់ទង​ការ​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​, ៣- ក្រុម​ការងារ​ទាក់ទង ការគ្រប់គ្រង​ឆ្នេរ​ស្អាត​, ៤- ​ក្រុម​ការងារ​ទាក់ទង​ការបណ្តុះបណ្តាល ធនធាន​មនុស្ស​ផ្នែក​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​និង​ ៥- ក្រុម​ការងារ​ទាក់ទង​ការពិនិត្យ​កែសម្រួល រចនាសម្ព័ន្ធ​ចាត់​តាំង​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត ការិយាល័យ​ទេសចរណ៍ កោះរ៉ុង កោះរ៉ុង​សន្លឹម​ជាដើម​។

លោក ស៊ុន សុផាត តំណាង​សហគមន៍​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ និង​ជា​អ្នកស៊ើប​អង្កេត​លើ​ករណី​ទន្ទ្រាន​ដី​ក្នុង​តំបន់​អភិរក្ស​បាន​ស្វាគមន៍​ចំពោះ​ការបង្កើត​ក្រុម​ការងារ​ដើម្បី​ចុះ​មក​ជួយ​ពង្រឹង និង​អភិវឌ្ឍ​នៅក្នុង​ខេត្ដ​ព្រះសីហនុ​នេះ ប៉ុន្ដែ​លោក​បញ្ជាក់​ថា​ក្រសួង​គួរ​ឲ្យ​ក្រុម​ការងារ​ទាំងនោះ​មាន​ការសហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ផ្ទាល់​នៅក្នុង​ខេត្ដ​។

លោក​បាន​លើក​ឡើង​ថា​៖ «​ការបញ្ជូន​ក្រុម​ការងារ​ចុះ​មក​អនុវត្ត​ខ្ញុំ​មិន​សូវ​សង្ឃឹម​ថា ទទួល​បាន​ជោគជ័យ​ទេ ព្រោះ​អ្នក​មាន​លុយ​មាន​អំណាច​គេ​មាន​អ្នកការពារ​ចំពោះ​ការអភិវឌ្ឍ​របស់​គេ អ៊ីចឹង​យើង​មិន​ងាយ​ធ្វើ​អ្វី​កើត​ទេ​។ ប៉ុន្ដែ​បើសិន​ជា​មាន​ការ​ចូលរួម​ពី​សហគមន៍ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ដ​រួម​​ជាមួយ​នឹង​ការប្រឹងប្រែង​អនុវត្ដ​កិច្ចការងារ​របស់​ពួកគាត់ យើង​អាច​ទទួល​បាន​លទ្ធផល​ជាង តែ​បើ​ចុះ​តែ​ពួកគាត់​ (​មន្ត្រី​ក្រសួង​) ​ប្រហែល​មិន​អាច​ធ្វើ​ការងារ​នោះ​គ្រប់​ជ្រុងជ្រោយ​ទេ​»​។

លោក សុផាត បាន​បន្ដ​លើកឡើង​ថា​សង្គម​ស៊ីវិល​ និង​ប្រជាសហគមន៍​នៅក្នុង​ខេត្ដ​ព្រះសីហនុ​ដែល​ជា​ម្ចាស់​ទឹកដី​ទើប​ដឹង​រឿង​ច្បាស់ ហើយ​ប្រសិន​ជា​មាន​ការ​សហការ​ជាមួយ​ប្រជាពលរដ្ឋ និង​សហគមន៍​រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ថែម​ទៀត​ទើប​អាច​អនុវត្ដ​ការងារ​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ​។

លោក​បាន​បញ្ជាក់​៖ «​ដូចជា​សំរាម​នៅ​ខេត្ដ​ព្រះសីហនុ​នេះ​អ៊ីចឹង​មិន​មាន​ការអន់​ថយ​ទេ មាន​តែ​ការកើនឡើង​ព្រោះ​ចំនួន​ភ្ញៀវទេសចរ​មាន​ការ​កើនឡើង ហើយ​ការប្រមូល​សំរាម​មិន​បាន​ទៀងទាត់ ហើយ​ផ្លូវ​នៅ​ខេត្ដ​ព្រះសីហនុ​នេះ​ខូច​អស់​សឹង​តែ​គ្រប់កន្លែង​ទៅ​ហើយ​»​។

គួរ​បញ្ជាក់​ថា ​ក្នុង​ពេល​ថ្មីៗ​នេះ​ក្រៅ​ពី​ក្រសួង​ទេសចរណ៍​មាន​ក្រសួង​មហាផ្ទៃ ក៏​បាន​ចាត់តាំង​ក្រុម​ការងារ​ពិសេស​ជា​បន្ដបន្ទាប់ ដើម្បី​ចុះ​ទៅ​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​សុខ​សុវត្ថិភាព​នៅក្នុង​ខេត្ដ​ព្រះសីហនុ​នេះ​ផង​ដែរ​៕