ភ្នំពេញៈ ក្រសួង​ទេសចរណ៍​បាន​សម្រេច​បង្កើត​អនុ​ក្រុម​ការងារ​ថ្មី​ចំនួន​ ១២ ក្រុម ដើម្បី​ជំរុញ និង​តាមដាន​វិធាន​សុវត្ថិភាព​ទេសចរណ៍​ (​ជំហាន​ទី ​១) ចំណុះឱ្យ​ក្រុមការងារ​ជំរុញ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍ ក្នុង​ដំណាក់កាល​វិបត្តិ និង​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​។

យោងតាម​សេចក្តី​សម្រេច​លេខ ០៨០ សសរ ដែល​ ភ្នំពេញ ​ប៉ុស្តិ៍​ ទទួល​បាន​កាលពី​ម្សិលមិញ​ឱ្យដឹងថា លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​សម្រេច​បង្កើត​អនុក្រុម​ការងារ​ដើម្បី​ជំរុញ និង​តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ (​ជំហាន​ទី ១) ចំណុះ​ឱ្យ​ក្រុម​ការងារ​ជំរុញ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុងដំណាក់កាល​វិបត្តិ និង​ក្រោយ​វិបត្តិ​កូវីដ ​១៩ ថ្មី​ចំនួន ១២ ខណៈ​សេចក្តី​សម្រេច​លេខ ០៥៤ សសរ ចុះ​ថ្ងៃទី​ ១៤ ខែ​សីហា ឆ្នាំ​ ២០២០ ត្រូវ​បាន​ចាត់​ចូល​ជា​និរាករណ៍​។

លោក តុប ​សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា គោលបំណង​នៃ​ការបង្កើត​អនុក្រុម​ការងារ​ថ្មី​មាន​ចំនួន​ ១២ ក្រុម​នេះ​ដើម្បី​ចុះ​ទៅ​ពិនិត្យ​តាមដាន​នូវ​វិធានការ​សុវត្ថិភាព​ទេសចរណ៍​នៅតាម​គោលដៅ​ទេសចរណ៍​នៃ​ខេត្ត​នីមួយៗ​នៅ​ទូទាំង​ប្រទេស​ក្នុង​ការរួមចំណែក​ទប់ស្កាត់​ការរីករាលដាល​នូវ​ជំងឺ​កូវីដ ១៩​។

លោក តុប សុភ័ក បន្តថា អនុក្រុមការងារ​នេះ​នឹង​សហការ​ជាមួយ​នឹង​រដ្ឋបាល​រាជធានី-ខេត្ត​ទាំងអស់ ដើម្បី​ធ្វើការ​បញ្ជ្រាប​ព័ត៌មាន​ឱ្យមាន​ការយល់ដឹង ក៏ដូចជា​ការដាក់​ឱ្យ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​ប្រតិបត្តិករ​ទសចរណ៍​ដែលមាន​មូលដ្ឋាន​អាជីវកម្ម​រួមមាន​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដា្ឋន​ជាដើម​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខេត្ត​នីមួយ​។

ក្រុមការងារ​ថា្នក់​ជាតិ​នេះ​ក៏​នឹង​ចុះ​ទៅ​ជួយ​សម្របសម្រួល ជាមួយ​នឹង​រដ្ឋបាល​រាជធានី-ខេត្ត​ឱ្យ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ចំពោះ​វិធានការ​សុវត្ថិភាព​ទេសចរណ៍​នេះ ។

លោក​ពន្យល់​ទៀតថា​៖ «​ការបង្កើត​លើក​នេះ​មាន ១២ ​ក្រុម​ដែល​កាលពី​លើក​មុន​មានតែ ៤ ក្រុម​មាន​គ្នា​តិច ដែល​ធ្វើឱ្យ​ថ្នាក់ដឹកនាំ​មាន​ការមមាញឹក​ខ្លាំងពេក​។ ដូច្នេះ​យើង​បែងចែក​ឱ្យមាន​គ្នាច្រើន​ដើម្បី​ជួយ​គ្នា​ក្នុង​ការធ្វើ​កិច្ចការ​នេះ ជាពិសេស​ងាយស្រួល​ក្នុង​ការក្តាប់​ស្ថានការណ៍​ឱ្យបាន​ល្អ​»​។

ទោះជា​យ៉ាណា​បើតាម​អ្នក​នាំពាក្យ​រូបនេះ ក្រុមការងារ​ថ្មី​នេះ​គឺ​មិន​ខុសពី​ក្រុមការងារ​ចាស់​នោះទេ ដោយ​ក្រសួង​គ្រាន់តែ​បន្ថែម​កម្លាំង​ដើម្បី​ធ្វើ​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ពីព្រោះ​ការអនុវត្ត​វិធាន​ទេសចរណ៍​ដែល​បានធ្វើ​កន្លងមកនេះ​ទើប​តែ​សម្រេចបាន​​ ៤០ ​ភាគរយ​នៃ​មូលដ្ឋាន​អាជីវកម្ម​នៅ​ទូទាំង​ប្រទេស​ដែល​អនុវត្តបាន​ត្រឹមត្រូវ​ និង​ប្រគល់​ឡាប៊ែល​សុវត្ថិភាព​ទេសចរណ៍​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ការបង្កើត​អនុក្រុម​បន្ថែមទៀត​នេះ​ព្រោះ​វា​ជា​ទស្សនវិស័យ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍​ពាក់ព័ន្ធ​នឹង​ភាពអសកម្ម ឬ​ក៏​មិនសូវ​ជា​រលូន តែងតែ​មាន​ការផ្លាស់ប្តូរ​ជាធម្មតា និង​មាន​ការបង្កើត​ថ្មី ។ ប៉ុន្តែ​ក្នុងករណី​បង្កើត​អនុក្រុមការងារ​នេះ​ដោយ​ដាក់​មនុស្ស​មិន​ចំ​ជំនាញ​ ឬ​មិន​ចំ​តួនាទី​ក៏​ការងារ​នេះ​មិនសូវ​រលូន​ដែរ​។

ទោះយ៉ាងណា​លោក ហូ វណ្ឌី មិនទាន់​អាច​ហ៊ាន​វាយតម្លៃ​យ៉ាងណា​ចំពោះ​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​របស់​អនុក្រុម​ការងារ​ទាំង​ ១២ នេះ​នោះទេ​ដោយ​លោក​ត្រូវ​រង់ចាំ​តាមដាន​មើល​សកម្មភាព​ការងារ​របស់​ក្រុមការងារ​នេះ​បន្ទាប់ពី​សេចក្តី​សម្រេច​នេះ​បាន​ចូល​ជា​ធរមាន​។

លោក​បាន​ថ្លែងថា​៖ «​ពេលខ្លះ យើង​រង់ចាំ​មើល​ផែនការ​ណា​ដែលមាន​ប្រសិទ្ធភាព ផែនការ​នោះ​ធ្វើ​ទៅ​បាន​ជោគជ័យ​។ វា​ស៊ីសង​ទៅលើ​ពេលវេលា យើង​រង់​ចាំមើល​បន្តិច​សិន​អ្វីៗ​ទាំងអស់​វា​មិនអាច​ដូច​ការគិត​ទុក​ទេ ប៉ុន្តែ សម្រាប់​អ្នក​ធ្វើ​តែងតែ​ខុស អ្នក​មិន​ធ្វើ​សោះ​វា​មិន​ខុស​ទេ​»៕