ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍លោក ថោង ខុន កាលពីថ្ងៃ ៣ មិថុនា បានចេញលិខិតជម្រាបជូនអភិបាលរាជធានី-ខេត្ដទាំងអស់ឲ្យបន្តអនុវត្ដវិធានការចំពោះមូលដ្ឋានអាជីវកម្ម KTV ក្លិបកម្សាន្ត និងបៀរហ្គាដិនឲ្យបានត្រឹមត្រូវ ដើម្បីបន្ដទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ខណៈក្រសួងនេះក៏ត្រូវប្រកាសពីលក្ខខណ្ឌមួយចំនួននៅថ្ងៃនេះផងដែរ។
ការចេញលិខិតនេះគឺបន្ទាប់ពីក្រសួងទេសចរណ៍ទទួលបានរបាយការណ៍ថា អាជីវកម្មប្រភេទខាងលើនេះនៅតាមរាជធានី ខេត្ដមួយចំនួននៅតែបន្តសកម្មភាពល្មើស ខណៈដែលវិធានការរបស់រដ្ឋាភិបាលបាននិងកំពុងបន្ដអនុវត្តនៅឡើយ ។
នៅក្នុងលិខិតនោះលោក ថោង ខុន បានប្រាប់ទៅអភិបាលរាជធានីខេត្ដថា វិធានការទាំងឡាយរបស់រាជរដ្ឋាភិបាលដើម្បីទប់ទល់ការរីករាលដាលនៃជំងឺកូវីដ ១៩ ពិសេសចំពោះមូលដ្ឋានអាជីវកម្មដូចបានរៀបរាប់ខាងលើនៅតែត្រូវបន្តអនុវត្ដឲ្យបានម៉ឺងម៉ាត់ខ្ជាប់ខ្ជួនជាប្រចាំរហូតដល់មានការជូនដំណឹងថ្មីស្ដីពីការបន្ធូរបន្ថយ ឬកែសម្រួលវិធានការនៅពេលខាងមុខ។
លោករដ្ឋមន្ដ្រីបានថ្លែងថា៖ «បច្ចុប្បន្ននេះមានរបាយការណ៍ថា នៅមានមូលដ្ឋានអាជីវកម្ម KTV ក្លិបកម្សាន្ត (ខារ៉ាអូខេរង្គសាល ឌីស្កូតែក) និងបៀរហ្គាឌិនខ្លះនៅតាមរាជធានី ខេត្ដមួយចំនួននៅតែបន្តសកម្មភាពអាជីវកម្មដោយល្មើសនឹងវិធានការរបស់រាជរដ្ឋាភិបាល។
អាស្រ័យហេតុនេះខ្ញុំសូមរំឭកដល់ឯកឧត្ដម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ដត្រូវត្រួតពិនិត្យ និងអនុវត្ដវិធានការចំពោះមូលដ្ឋានអាជីវកម្មទាំងនេះឲ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល»។
ដោយឡែកតាមស្មារតីនៃកិច្ចប្រជុំដឹកនាំដោយលោក ថោង ខុន នៅក្រសួងទេសចរណ៍កាលពីថ្ងៃទី ៣ ខែមិថុនាដដែល ក្រសួងនេះក៏បានសម្រេចចេញនូវវិធានសុវត្ថិភាព និងក្រមប្រតិបត្តិក្នុងដំណាក់កាល និងក្រោយដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ ១៩ ផងដែរ ជាពិសេសសម្រាប់អាជីវកម្មទេសចរណ៍ធំៗ ៤។ ក្នុងនោះរួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍, អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍, អាជីវកម្មសេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក-ផ្លូវគោក និងអាជីវកម្មរមណីយដ្ឋានទេសចរណ៍សហគមន៍ទេសចរណ៍។
ក្រសួងទេសចរណ៍លើកឡើងថា ដើម្បីចូលរួមបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងបន្ទាប់ពីបានពិគ្រោះជាមួយក្រសួងសុខាភិបាល និងផ្នែកឯកជនរួចមក ក្រសួងទេសចរណ៍បានសម្រេចដាក់ចេញនូវប្រកាសស្ដីពី «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អនុវត្តក្នុងអាជីវកម្មធំៗទាំង ៤ នេះ»។
បើតាមក្រសួងវិធាននេះមានកំណត់នូវលក្ខខណ្ឌមួយចំនួនដែលអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវរៀបចំបំពេញជាចាំបាច់ដោយខានពុំបាន តែក្រសួងពុំទាន់បានលម្អិតថា លក្ខខណ្ឌនោះមានអ្វីខ្លះទេ។ ក៏ប៉ុន្តែក្រសួងទេសចរណ៍ បានបញ្ជាក់ថាក្នុងករណីមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ខាងលើមិនបំពេញនូវលក្ខខណ្ឌតម្រូវទេនោះអាចនឹងប្រឈមនឹងការព្យួរអាជ្ញាប័ណ្ណមួយរយៈ។
ទន្ទឹមនឹងនេះក្នុងករណីដែលមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍បានបំពេញនូវលក្ខខណ្ឌតម្រូវបានល្អដោយបន្ថែមលក្ខខណ្ឌជម្រើសមួយចំនួនទៀតអាចនឹងបានទទួលនូវបណ្ណបញ្ជាក់ និងលិខិតសរសើរ (Label) ទទួលស្គាល់គុណភាពសេវាកម្មក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ពីក្រសួងទេសចរណ៍ ហើយអាចបិទបង្ហាញជាសាធារណៈ ឬចុះផ្សាយក្នុងបណ្តាញសង្គម និងគេហទំព័ររបស់ក្រសួងទេសចរណ៍។
ជាមួយគ្នានេះក្រសួងទេសចរណ៍ក៏ចេញសេចក្តីណែនាំពី «អ្វីដែលគួរធ្វើ និងអ្វីមិនគួរធ្វើ» សម្រាប់វិស័យទេសចរណ៍ក្នុងដំណាក់កាលកូវីដ១៩នេះ ជាភាសាខ្មែរ និងបរទេសផងដែរ។ ក៏ប៉ុន្តែបើតាមលោក ថោង ខុន វិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អនុវត្តនេះនឹងត្រូវប្រកាសផ្សព្វផ្សាយនៅថ្ងៃសុក្រ ទី ៥ ខែមិថុនានេះ៕