The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ទេសចរណ៍​ គ្រោង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ចុងឆ្នាំ​នេះ




ក្រសួង​ទេសចរណ៍​ គ្រោង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ចុងឆ្នាំ​នេះ

Content image - Phnom Penh Post
សកម្មភាព​ពលរដ្ឋ​កម្សាន្ត​នៅ​សមុទ្រ​ខេត្ត​ព្រះសីហនុ​ដើម​ឆ្នាំ​នេះ​។ ហេង ជីវ័ន

ក្រសួង​ទេសចរណ៍​ គ្រោង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ចុងឆ្នាំ​នេះ

ភ្នំពេញៈ ក្រសួង​ទេសចរណ៍​​គ្រោង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ចុង​ឆ្នាំ​ ២០២០ ​នេះ ប្រសិន​បើ​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ​បាន​ធូរស្រាល ខណៈ​ក្រសួង​កំពុង​ធ្វើ​យុទ្ធនាការ​ដើម្បី​ពង្រឹង​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​សុវត្ថិភាព និង​មាន​សេវាកម្ម​កាន់តែ​ល្អ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឡើងវិញ​។

កាលពី​ថ្ងៃទី​ ១៦ មិថុនា លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​នានា​នៅ​សាលាខេត្ត​ព្រះសីហនុ និង​បាន​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្ដែង​មួយ​ចំនួន​ដើម្បី​ដាក់​ផែនការ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ចុង​ឆ្នាំ​ ២០២០ ​នេះ​។

លោក ថោង ខុន ថា​៖ «​ក្នុង​​ករណី​ដែល​សភាពការណ៍​កូវីដ​បាន​ធូរស្រាល ហើយ​រដ្ឋាភិបាល​អនុញ្ញាត ក្រសួង​ទេសចរណ៍​គ្រោង​កំណត់​យក​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​ ៩ ​នៅ​ខេត្ត​ព្រះសីហនុ​នា​ចុង​ឆ្នាំ​នេះ ជា​យុទ្ធនាការ​ពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ និង​ធានា​បាន​សុវត្ថិភាព​ទេសចរណ៍​ដើម្បី​ផ្សព្វផ្សាយ​ទៅកាន់​ទីផ្សារ​ទេសចរណ៍​អន្តរជាតិ​ថា កម្ពុជា​នៅ​តែ​ជា​គោលដៅ​ទេសចរណ៍​មាន​សុវត្ថិភាព និង​មាន​គុណភាព​សេវាកម្ម​ទេសចរណ៍​ល្អប្រសើរ​ជាង​មុន​»​។

លោក តុប សុភ័ក មន្ត្រី​នាំពាក្យ​​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​បាន​អនុញ្ញាត​គោលការណ៍​ឱ្យ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​រួច​ហើយ​នៅក្នុង​អំឡុង​ខែធ្នូ ប៉ុន្តែ​កាលបរិច្ឆេទ​ជាក់លាក់​មិនទាន់​សម្រេច​ជា​ផ្លូវការ​នៅឡើយ​។

លោក​ថ្លែងថា​៖ «​ជាទូទៅ​ពិធីបុណ្យ​ហ្នឹង​គឺ​យើង​ធ្វើ​នៅ​ចុងឆ្នាំ ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ រដ្ឋាភិបាល​បាន​​សម្រេច​ជាគោលការណ៍​ឱ្យ​ធ្វើ ប៉ុន្តែ​មិនទាន់​សម្រេច​ជា​កាលបរិច្ឆេទ​ជាក់លាក់​នៅ​ឡើយ​ទេ​»​។

លោក ឃាង ភារម្យ មន្ត្រី​នាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ដែរ​ថា កម្មវិធី​បុណ្យ​សមុទ្រ​ដែល​មាន​រៀបចំ​កម្មវិធី​កម្សាន្ត​ និង​ការតាំងពិព័រណ៍​គឺ​នឹងធ្វើ​​ឡើង​នៅ​រង្វង់មូល​ព្រះថោង​នាងនាគ​ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខណៈ​តំបន់​ឆ្នេរសមុទ្រ​សាធារណៈ​ប្រវែង​ជាង​ ៩ ​គីឡូម៉ែត្រ​នឹង​ទុក​ជា​តំបន់​ទំនេរ ដើម្បី​ឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​ចេញ​ពី​កន្លែង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​មក​លេង​កម្សាន្ត​លើ​ឆ្នេរ​ទាំងអស់​។

លោក​ថ្លែងថា​៖ «​ប៉ុន្តែ​នៅលើ​ឆ្នេរ​ទាំង​ហ្នឹង យើង​ក៏​អាច​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​កម្សាន្ត​ផ្សេងៗ​ទៀត ដោយសារ​ឥឡូវ​យើង​រង់ចាំ​គណៈកម្មការ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​ធ្វើការ​រួមគ្នា ដើម្បី​រៀបចំ​ប្លង់​នៅលើ​ឆ្នេរ​ហ្នឹងហើយ​យើង​នឹង​អាច​ផ្សាយ​ឱ្យ​បាន​ទូលាយ​»​។

នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ១៦ ​មិថុនា ​លោក ថោង ខុន ក៏បាន​ស្នើឱ្យ​ខេត្ត​ព្រះសីហនុ និង​មន្ទីរ​ទេសចរណ៍​ខេត្ត​រៀបចំ​សាងសង់​បង្គន់​អនាម័យ​សាធារណៈ​ឱ្យ​បាន​ច្រើន​តាម​ស្ដង់ដា​​ និង​ការកែលម្អ​សេវា​ផ្សេងៗ​ដើម្បី​ឱ្យ​អ្នកទេសចរ​កាន់តែ​ងាយស្រួល​ទទួល​បាន​ព័ត៌មាន និង​គោលដៅ​ទេសចរណ៍​។

កាលពី​ថ្ងៃទី​ ៩ ​មិថុនា​កន្លងទៅ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ខេត្ត​បានរៀបចំ​ត្រៀម​សាងសង់​បង្គន់​អនាម័យ​សាធារណៈ​ឱ្យបាន​ជាង​ ២០ ​កន្លែង​ដែល​ក្នុង​ ១ ​កន្លែង​អាចមាន​បន្ទប់ទឹក​ចាប់ពី​ ១០ ​ទៅ​ ២០ ​បន្ទប់ ហើយ​បន្ទប់​ខ្លះ​សម្រាប់​ប្រើ​ទឹកសាប​លាងជម្រះ​ខ្លួន និង​អាចបង្កើត​ម៉ាត​លក់​គ្រឿង​ភេសជ្ជៈ​ និង​ឧបករណ៍​ហែល​ទឹក​ដែរ​។

លោក​ថ្លែងថា​៖ «​ជាបឋម​នៅពេល​កំពុង​ធ្វើ​ផ្លូវ​បេតុង​គឺ​បាន​សម្រេច​បង្កប់​ឱ្យ​ហើយ​ជាស្រេច​ថា ថ្ងៃក្រោយ​បើ​យើង​កសាង​បន្ទប់ទឹក​សាធារណៈ​ទៅ​គឺ​ទឹក​បង្គន់​ទាំងនោះ យើង​មិន​អនុញ្ញាត​​ឱ្យ​ហូរ​ចូល​សមុទ្រ​ទេ​។ ​ដោយសារ​ទាក់ទង​នីតិវិធី​ហិរញ្ញវត្ថុ​យើង​មិន​អាច​គិត​ឥឡូវ​ហើយ​ធ្វើ​ឥឡូវ​បានទេ​។ អ៊ីចឹង​ត្រូវ​រៀបចំ​ផែនការ​​ចំណាយ​នៅក្នុង​ហិរញ្ញវត្ថុ​របស់​យើង​។ អ៊ីចឹង​នៅ​ចំពោះ​មុខ​នេះ យើង​ធ្វើ​បាន​ត្រឹម​ដាក់​លូ​សិន​»​។

លោក​ថ្លែង​ទៀតថា​៖ «​ក្រុម​បច្ចេកទេស​របស់​យើង​កំពុងតែ​ធ្វើ​ឌីហ្សាញ ហើយ​ឆ្នេរ​ខ្លះ​ដែល​​មាន​ទំហំ​ធំ គឺ​អាច​បង្កើត​ឱ្យ​មាន​ចំណត​រថយន្ត​ដែល​ចត​រថយន្ត​ចាប់ពី​ ២០ ​ទៅ​ ៣០ ​រថយន្ត​ទៅ​តាម​​ឆ្នេរ​ដោយ​មិន​ធ្វើឲ្យ​ប៉ះពាល់​ការធ្វើដំណើរ​របស់​ពលរដ្ឋ​ទេ​»​។

លោក ឃាង ភារម្យ បញ្ជាក់​ដែរ​ថា បង្គន់​ទាំងនោះ​នឹង​ត្រូវ​សង់​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅបាន ប៉ុន្តែ​លោក​ថា​លោក គួច ចំរើន កំពុង​ដឹកនាំ​ក្រុម​ការងារ​ជំនាញ​ដើម្បី​សិក្សា​អំពី​ការសាងសង់​បង្គន់​ទាំងនោះ និង​មិនទាន់​បាន​កំណត់​អំពី​ថវិកា​ត្រូវ​ចំណាយ ហើយ​បច្ចុប្បន្ន​ខេត្ត​ក៏​ពុំទាន់​មាន​ថវិកា​នោះទេ​។

លោក​ថ្លែងថា​៖ «​ក្រុមការងារ​កំពុង​សិក្សា​ហើយ​ពេល​យើង​សិក្សា​ចប់ ទើប​យើង​ដឹងថា បន្ទប់ទឹក​ ១ ​ហ្នឹង ចំណាយ​អស់​ថវិកា​ប៉ុន្មាន រយៈពេល​សាងសង់​ប៉ុន្មាន​​ហើយ​ប្រភព​ថវិកា​យក​មកពី​ណា ទាំងអស់​ហ្នឹង​គឺ​យើង​កំណត់​នៅក្នុង​ការសិក្សា​ហ្នឹង​»​។

ខេត្ត​ព្រះសីហនុ​កំពុង​ស្ថាបនា​ផ្លូវ​អាទិភាព​ ៣៤ ​ខ្សែ​មាន​ប្រវែង​ ៨២ ៥០៥ ​ម៉ែត្រ ដែល​ត្រូវ​ចែកចេញ​ជា​ ៣ ​ប្រភេទ រួមមាន មហាវិថី វិថី និង​អនុវិថី ដោយ​ផ្ដោតលើ​គុណភាព​ភាព​ធន់​នឹង​អាកាសធាតុ និង​ផ្ដល់​លើផ្លូវ​ថ្មើរជើង ផ្លូវ​ជិះកង់ ...​ខណៈ​រដ្ឋាភិបាល​នឹង​ប្រែ​ក្លាយ​ក្រុងព្រះសីហនុ​ជា​តំបន់​ប៉ូល​អភិវឌ្ឍន៍​មួយ​ដ៏សំខាន់ និង​ជា​ទីក្រុង​ឆ្លាតវៃ​នាពេល​ខាង​មុខ​៕

អត្ថបទគួរចាប់អារម្មណ៍