
ភ្លៀវទេសចរទស្សនាប្រាសាទអង្គរកន្លងមក។ រូបថត មន្ទីរទេសចរណ៍សៀមរាប
ភ្នំពេញៈ ក្រសួងទេសចរណ៍បានណែនាំមន្ទីរទេសចរណ៍រាជធានី និងខេត្តឱ្យរៀបចំប្រារព្ធកម្មវិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទទេសចរណ៍ និងការអភិវឌ្ឍជនបទដោយត្រូវរៀបចំបណ្ណផ្សព្វផ្សាយ និងបដាពាក្យស្លោកដាក់តាំងបង្ហាញនៅតាមស្ថាប័នរដ្ឋ អាជីវកម្មទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលទីសាធារណៈ និងនៅតាមដងផ្លូវធំៗ។
លិខិតរបស់ក្រសួងទេសចរណ៍ចេញផ្សាយកាលពីថ្ងៃទី ២៨ កញ្ញា បញ្ជាក់ថា ការរៀបចំប្រារព្ធពិធីអបអរសាទរនៅតាមបណ្ដារាជធានី និងខេត្តនោះត្រូវមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ ពលរដ្ឋ គ្រូបង្រៀន សិស្ស អាជីវករ អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិដោយត្រូវគោរពតាមវិធានការសុវត្ថិភាព និងសុខភាពប្រឆាំងនឹងការឆ្លងជំងឺកូវីដ ១៩។
កម្មវិធីប្រារព្ធគឺត្រូវផ្ដោតខ្លឹមសារនៃកម្មវិធីលើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃវិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាពិសេសការចូលរួមអភិវឌ្ឍតំបន់ជនបទដូចជាអានសារលិខិតអបអរទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០២០ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម។
ក្រសួងទេសចរណ៍ក៏បានណែនាំឱ្យរាជធានី និងខេត្ត ត្រូវចូលរួមការប្រារព្ធកម្មវិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០២០ ដែលរៀបចំឡើងដោយក្រសួងនៅខេត្តសៀមរាបនាពេលខាងមុខដ៏ខ្លីនេះដើម្បីទទួលបានខ្លឹមសារនានាទៅផ្សព្វផ្សាយបន្តនៅក្នុងរាជធានី និងខេត្តរបស់ខ្លួន។
អង្គការពលកម្មអន្តរជាតិ (ILO) បានប៉ាន់ប្រមាណនៅថ្ងៃទី ២៤ កញ្ញា ថា វិបត្តិកូវីដ ១៩ ជាសកលបានធ្វើឱ្យមនុស្សចំនួន ៤៩៥ លាននាក់ បាត់បង់ការងារធ្វើ ខណៈវិស័យទេសចរណ៍គឺស្ថិតក្នុងចំណោមវិស័យដែលត្រូវរងការវាយប្រហារខ្លាំងបំផុតដែលធ្វើឱ្យមនុស្សប្រហែល ៣០០ លាននាក់ បំពេញការងារនៅក្នុងវិស័យនេះស្ថិតក្នុងហានិភ័យបាត់បង់ការងារធ្វើ។
គិតត្រឹមឆ្នាំ ២០១៩ វិស័យទេសចរណ៍កម្ពុជាបានផ្ដល់ការងារដល់ពលរដ្ឋជាង ៦៣ ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់សិបម៉ឺននាក់ផ្សេងទៀត។ ប៉ុន្តែតាមក្រសួងទេសចរណ៍លើកឡើងកាលពីខែមិថុនាថា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងម៉ាស្សា ខារ៉ាអូខេ ក្លិបកម្សាន្ត និងក្រុមហ៊ុនធ្វើដំណើរ និងទេសចរណ៍ប្រហែលជិត ៣ ពាន់ ត្រូវបានព្យួរការងារ និងបិទ ហើយបានធ្វើឱ្យប៉ះពាល់បុគ្គលិកប្រហែល ៤៥ ៤០៥ នាក់។
ក្រសួងនេះក៏ព្រមានថា កម្ពុជានឹងអាចបាត់បង់ប្រាក់ចំណូលប្រហែល ៣ ពាន់លានដុល្លារ ពីវិស័យទេសចរណ៍នៅក្នុងឆ្នាំ ២០២០ នេះដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនទេសចរអន្តរជាតិ។ ទោះជាយ៉ាងណារដ្ឋាភិបាលបានចាប់ផ្ដើមជំរុញឱ្យមានកំណើនទេសចរក្នុងស្រុកចាប់ពីពាក់កណ្ដាលខែសីហា តាមរយៈការអនុញ្ញាតឱ្យមានថ្ងៃឈប់សម្រាកជាបន្តបន្ទាប់ដូចជាការផ្ដល់ថ្ងៃឈប់សងចូលឆ្នាំ និងការសម្រាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំ។
រដ្ឋាភិបាលបានអះអាងថា ការឈប់សម្រាកចូលឆ្នាំរយៈពេលជិត ១០ ថ្ងៃ បានធ្វើឱ្យពលរដ្ឋប្រមាណ ១ លាន ៥ សែននាក់ ដើរកម្សាន្តទៅតំបន់ទេសចរណ៍នានា និងបានចូលរួមបង្កើនប្រាក់ចំណូលមូលដ្ឋានប្រហែល ១០០ លានដុល្លារ។
នៅក្នុងលិខិតចេញផ្សាយកាលពីថ្ងៃទី ២៨ ខែកញ្ញា ដើម្បីអបអរទិវាទេសចរណ៍ពិភពលោកនៅថ្ងៃទី ២៨ កញ្ញាលោក ហ៊ុន សែន ក៏បានអះអាងថា វិបត្តិកូវីដ ១៩ បានធ្វើឱ្យមានការផ្លាស់ប្ដូរចំណង់ចំណូលចិត្តរបស់ទេសចរឱ្យងាកទៅរកការដើរកម្សាន្តតាមតំបន់ជនបទ សហគមន៍ទេសចរណ៍ តំបន់អេកូទេសចរណ៍ និងតំបន់ធម្មជាតិកាន់តែខ្លាំងឡើង។
លោកបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវកំណត់យកវិស័យទេសចរណ៍ជាសសរស្ដម្ភយុទ្ធសាស្ដ្រមួយក្នុងគោលនយោបាយអភិវឌ្ឍន៍ជនបទដោយត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍទេសចរណ៍ជនបទតាមរយៈការបង្ហាញគុណតម្លៃវប្បធម៌ប្រពៃណីទំនៀមទម្លាប់តាមតំបន់ រួមទាំងការច្នៃប្រឌិតលើសពីផលិតផលទេសចរណ៍ដែលតំបន់តែងផ្ដល់ជូនទៅដល់ភ្ញៀវទេសចរ។
លោក សាយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ខេត្តរបស់លោកនឹងរៀបចំប្រារព្ធពិធីអបអរទិវាទេសចរណ៍ពិភពលោកនៅក្នុងសប្ដាហ៍ទី ១ នៃខែតុលា ដែលគ្រោងនឹងរៀបចំឡើងនៅរមណីយដ្ឋានភ្នំកំពង់ត្រាចស្ថិតនៅក្នុងស្រុកកំពង់ត្រាចដែលជាតំបន់មានរូងភ្នំដ៏ស្រស់ស្អាត និងធ្លាប់ជាទីតាំងត្រូវបានគេជ្រើសរើសសម្រាប់ថតខ្សែភាពយន្តនៅក្នុងរឿងសម័យដើម។
លោកថា៖ «ប្រធានបទរបស់យើង គឺទេសចរណ៍ និងការអភិវឌ្ឍជនបទ។ យើងចង់បង្ហាញទិដ្ឋភាពទីជនបទនៅជុំវិញនោះ និងបង្ហាញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ដើម្បីបម្រើដល់វិស័យទេសចរណ៍នៅតំបន់នោះ។ អ្នកត្រូវទៅចូលរួមទិវាដែលបានឃើញទិដ្ឋភាពនៅទីនោះ នឹងជួយថតបង្ហោះនៅតាមហ្វេសប៊ុក»។
ចំណែកលោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារក៏បានលើកឡើងផងដែរថា មន្ទីរគ្រោងរៀបចំពិធីប្រារព្ធទិវាទេសចរណ៍ពិភពលោកនៅថ្ងៃទី ២ ខែតុលា ដែលគ្រោងធ្វើឡើងនៅរមណីយដ្ឋានទំនប់ ៩៥ ស្ថិតនៅក្នុងក្រុងព្រះវិហារ៕