ភ្នំពេញ: ក្រសួងទេសចរណ៍ និង​អង្គការ​ចំនួន​ ២ ​បាន​សហការ​គ្នា​បង្កើត​យុទ្ធនាការ​ដើរ​សម្អាត​សំរាម​ពី​ច្រាំងទន្លេ​នៅ​កម្ពុជា ដោយ​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ចូលរួម​សកម្មភាព​សម្អាត និង​ដើរ​រើស​សំរាម​តាម​ច្រាំងទន្លេ ដើម្បី​លើក​សម្រស់​សោភណភាព​ទន្លេ និង​ទីក្រុង​ដើម្បី​ចូលរួម​អបអរសាទរ ពិធី​បុណ្យ​ទន្លេ​លើក​ទី​ ៦ ​ដែល​ធ្វើឡើង​នៅ​ខេត្តបាត់ដំបង​រយៈពេល​ ៣ ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​ ១៣ ​ដល់​ថ្ងៃទី​ ១៥ ​មីនា​។

លោក ហ៊ួត រិទ្ធី ប្រធាន​នាយកដ្ឋាន​សេវា​គាំពារ​ទីក្រុង​ស្អាត និង​ជំរុញ​ការប្រឡងប្រណាំង​នៃ​ក្រសួងទេសចរណ៍​ថ្លែង​ពី​ម្សិលមិញ​ថា ក្រសួងទេសចរណ៍ និង​អង្គការ LET''S DO IT WORLD បានធ្វើការ​សហការគ្នា​បង្កើត​យុទ្ធនាការ​មួយ ដើម្បី​កៀរគរ​ពលរដ្ឋ យុវជន និង​មន្ត្រី​គ្រប់​ស្ថាប័ន​ទាំងអស់​ឲ្យ​ចូលរួម​ដើរ​រើស​សំរាម​តាម​ច្រាំងទន្លេ​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ១៣ ខែ​មីនា​តទៅ​។

លោក​បន្តថា ក្នុងឱកាស​ពិធីបុណ្យ​ទន្លេ​ឆ្នាំនេះ ក្រសួងទេសចរណ៍​បានចេញ​លិខិត​អំពាវនាវ​ដល់​រដ្ឋបាល​រាជធានី-ខេត្ត​ដែល​នៅតាម​ដង​ទន្លេ​ទាំងអស់​ត្រូវ​ចូលរួម​សម្អាត​បរិស្ថាន​តាម​ច្រាំងទន្លេ​ឲ្យ​បាន​ស្អាត​ឲ្យ​មាន​សោភណភាព​។

ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ មន្ត្រី​មន្ទីរ​ទេសចរណ៍​ និង​អាជ្ញាធរ​ក្រុងភ្នំពេញ គ្រោង​ចាប់ផ្ដើម​យុទ្ធនាការ​នៅ​ថ្ងៃទី​ ១៤ ខែមីនា រីឯ​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ចាប់ពី​ថ្ងៃទី​ ១៣ ខែមីនា​តទៅ​។

លោក​បញ្ជាក់ថា​៖ «​ការសម្អាត ឬ​ដើរ​រើស​សំរាម​តាម​ច្រាំងទន្លេ​នេះ តែង​ធ្វើជា​ប្រចាំ បើទោះបី​ជា​យើង​មិនបាន​បង្កើត​យុទ្ធនាការ​នេះ​ក៏ដោយ ប៉ុន្ដែ​យុទ្ធនា​ការលើក​នេះ​យើង​ធ្វើជា​ទ្រង់ទ្រាយ​ធំ​ពោល​គឺ​សម្រាប់​ស្រុក-ក្រុង និង​ខេត្ត ដែល​ជាប់​ទន្លេ​ទាំងអស់​ត្រូវតែ​ចូលរួម​ធ្វើ​យុទ្ធនាការ​នេះ​»​។

លោក រិទ្ធី បន្ថែមថា សម្រាប់​យុទ្ធនាការ​នៅ​ភ្នំពេញ​អាច​នឹងមាន​អ្នកចូលរួម​សរុប​ទាំង ៣ ​ខណ្ឌ​មាន​ជ្រោយចង្វារ ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌឫស្សីកែវ​ចន្លោះ​ពី ១ ​ពាន់​ទៅ​ ១៥០០ ​នាក់​។ រីឯ​ខេត្ត​មួយចំនួន​ដែល​នៅជាប់​ទន្លេ ក៏​រំពឹង​មាន​ចំនួន​អ្នកចូលរួម​ច្រើន​ដែរ​។

លោក តុប សុភ័ក អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ថ្លែង​ពី​ម្សិលមិញ​ថា នាឱកាស​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង​ក្រសួងទេសចរណ៍​នឹង​សហការ​ជាមួយ​អង្គការ LET''S DO IT WORLD និង​អង្គការ River Clean up Belgium ត្រៀម​អនុវត្ត​សកម្មភាព​សម្អាត​បរិស្ថាន និង​រើស​សំរាម​នៅ​ជុំវិញ​បឹងទន្លេសាប​។

លោក​ថា បុណ្យទន្លេ​នៅ​ខេត្តបាត់ដំបង​ឆ្នាំនេះ​អាច​នឹងមាន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ប្រមាណ​ជាង ៥០ ម៉ឺន​នាក់​ចូលរួម​កម្សាន្ដ​។ ដូច្នេះ​ទីតាំង​នោះ​អាចមាន​ការចោល​សំរាម​កាន់តែ​ច្រើន ដោយ​លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​គ្រប់​ទីកន្លែង​ចូលរួម​ក្នុង​សកម្មភាព​សម្អាត​សំរាម​ពី​ទន្លេ​ឲ្យ​បាន​ផុសផុល​។

លោក​បន្តថា​៖ «​ក្រៅពី​កម្មវិធី​កម្សាន្ដ​ច្រើន​គឺ​ក្នុង​កម្មវិធី​បុណ្យ​ទន្លេ​នេះ​ក្រសួងទេសចរណ៍​យើង​នឹង​ផ្ដល់ Poster ផ្សព្វផ្សាយ​សេចក្ដីណែនាំ​ស្ដីពី​ការបង្ការ ទប់ស្កាត់ វីរុសកូរ៉ូណា​ថ្មី កូវីដ​ ១៩ ដល់​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ដើម្បី​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រតិបត្តិករ​ទេសចរណ៍​ព្រោះ​អំឡុង​ពេលនោះ​នឹង​មាន​មនុស្ស​មក​ច្រើន​»​។

លោក នូ សុវណ្ណ នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ LET''S DO IT WORLD ថ្លែងថា ក្រុមការងារ​អង្គការ​របស់​លោក​ចាប់អារម្មណ៍​ច្រើន​ទៅលើ​ការបំពុល​ទឹកទន្លេ ដោយសារ​ការ​ទម្លាប់​ចោល​សំរាម​ចូលទៅក្នុង​ទឹកទន្លេ ព្រោះ​ទឹកទន្លេ​ពិតជា​មាន​អត្ថប្រយោជន៍​ច្រើន​ខ្លាំងណាស់​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ សត្វ​ត្រី​គ្រប់​ប្រភេទ និង​ផ្ដល់​សារៈសំខាន់​ជាច្រើន​ដល់​មនុស្ស និង​សត្វ​។

លោក​បាន​បន្តថា តាម​ទម្លាប់​ប្រជាជន​កម្ពុជា ប្រសិនបើ​គ្មាន​អ្នកដឹកនាំ​ធ្វើ ឬ​បង្កើត​ឲ្យ​មាន​យុទ្ធនាការ​អ្វីមួយ​នោះទេ គឺ​ពួកគាត់​នឹង​មិន​នាំគ្នា​ធ្វើ​ដែរ​។ ដូច្នេះ​ក្រសួងទេសចរណ៍ ផ្ដួចផ្ដើម​ឲ្យ​មាន​កម្មវិធី​នេះ​ឡើង ដើម្បី​កែប្រែ​ទម្លាប់​ចោល​សំរាម​របស់​ប្រជាជន​កម្ពុជា​ឲ្យ​បានល្អ​ជាង​នេះ​។

លោក​ថា​៖ «​ការពិត​យុទ្ធនាការ​ប្រមូល​សំរាម​តាម​ច្រាំងទន្លេ​នេះ​ពួក​ខ្ញុំ​បានធ្វើ​វា​ចាប់តាំងពី​បុណ្យអុំទូក​ឆ្នាំនេះ​ម្ល៉េះ ប៉ុន្ដែ​មិនមែន​ជា​ទ្រង់ទ្រាយ​ធំ​។ លើក​នេះ យើង​នឹងធ្វើ​យុទ្ធនាការ​ធំ​តែម្ដង គឺ​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ យុវជន និង​មន្ត្រី​ចូលរួម​ទាំងអស់​គ្នា​ឲ្យ​ផុសផុល ដើរ​សម្អាត និង​រើស​សំរាម​តាម​ច្រាំងទន្លេ​ដោយ​ចាប់ផ្ដើម​ពី​ខាងមុខ​ព្រះបរមរាជវាំង​»​។

លោក​បាន​សំណូមពរ​ដល់​ក្រុមហ៊ុន​ឯកជន​នានា​ដែល​ទាញ​ផលប្រយោជន៍​ពី​ទឹកទន្លេ សូម​ចូលរួម ជាមួយ​សកម្មភាព​សម្អាត​សំរាម​ពី​ទន្លេ​ទាំងនោះ​។ លោក​ក៏​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​គួរតែ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សំរាម ដោយ​ត្រូវ​ផាកពិន័យ​ ឬ​ដាក់ទោសទណ្ឌ​ចំពោះ​បុគ្គល​ណា​ដែល​បោះចោល​សំរាម​ពាសវាលពាសកាល​៕