ភ្នំពេញៈ ក្រសួង​ទេស​ចរណ៍ ​បំផុស​ចលនា​មហាជន​ជាថ្មី​ឲ្យ​ចូលរួម​ថែរក្សា​អនា​ម័យ ​និង​វាយ​តម្លៃ​លើ​ភោជ​នី​យដ្ឋាន​ស្អាត​ គ្មាន​សំរា​ម​ក្រោម​តុ និង​បង្គន់​អនាម័យ​ស្អាត​ តា​ម​រយៈ​ការ​ប្រើ​ប្រាស់​កូន​សៀវភៅ ​Green Passport​ ដែល​អាច​ឲ្យ​ពលរដ្ឋ​ចូល​រួម​វាយ​តម្លៃ​លើ​ភោជ​នី​យ​ដ្ឋាន​ជិត​ ៤០០​ កន្លែង​ទូទាំង​ប្រទេស​ ខណៈ​ កម្ពុជា នឹង​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី ៧ ​នៅ​សប្តាហ៍​ក្រោយ។​

តាម​រយៈ​វីដេអូ​ស្ប៉ត ​ដែល​បានផ្សព្វ​ផ្សាយ​កាល​ពី​ម្សិល​មិញ​ នៅ​លើ​​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​របស់​ក្រសួង​ទេសចរណ៍ បាន​បង្ហាញ​ថា យុទ្ធ​នាការ “​ភោជ​នី​យ​ដ្ឋាន ​និង​អាហារ​ដ្ឋា​ន​ទេស​ចរ​ណ៍ស្អាត​”​ តា​ម​រយៈ​ការ​ប្រើ​ប្រាស់​កូន​សៀវភៅ Green Passport ​ក្រោម​ពាក្យ​ស្លោក «ទី​ក្រុង​ស្អាត​៖​ ​ទី​ក្រុង​មាន​ភោជ​នី​យ​ដ្ឋាន​ស្អាត​គ្មាន​សំរាម​ក្រោមតុ​ និង​មាន​បង្គន់​អនា​ម័យ​ស្អាត​» នេះ​ បាន​បើក​ឲ្យ​ដាក់​វាយ​តម្លៃ​តាំង​ពី​ចុង​ឆ្នាំ​មុន​ ដោយ​សា​ធារ​ណជន​ទាំង​អស់​ អាច​ចូលរួម​ក្នុង​យុទ្ធ​នា​ការ​នេះ​ ជាពិសេស​ការ​ប្រើ​ប្រាស់​កូន​សៀវ​ភៅ (​Green Passport​) ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​គេហទំព័រ http://cleanrest.cambodiaecobusiness.org។​

លោក​ គឹ​ម​ សេរី​រដ្ឋ​ ប្រធាន​នាយក​ដ្ឋាន​គ្រប់គ្រង​សេវាក​ម្ម​ស្នាក់​នៅ​ទេស​ចរណ៍​និង​ម្ហូប​អាហារ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា ​ការ​បំផុស​សា្មរ​តី​ដល់​ពលរដ្ឋ​ឲ្យ​ចូល​រួម​វាយ​តម្លៃ​ តា​ម​រយៈ ​Green Passport នេះ​ ព្រោះ​តែ​អត្រា​នៃ​អ្នក​ចូលរួម នៅ​មាន​ចំនួន​តិច​តួច​ ដែល​ទាមទារ​ឲ្យ​ក្រ​សួង ត្រូវ​មាន​វិធានការ​ផ្សព្វ​ផ្សាយ​បន្ថែម។

​លោក​បន្ត​ថា​៖ ​«​យុទ្ធ​នា​ការ​នេះ ក្នុង​ផែន​ការ​យើង ​បញ្ចប់​និង​គ្រោង​ប្រកាស​នៅ​ក្នុង​អំឡុង​ខែ​មេសា ​ខាង​មុខ​ តែ​ចំនួន​នៃ​ការ​ចូ​ល​រួម​វា​មិន​ទាន់​ច្រើន​កុះករ​នៅ​ឡើយ​ទេ។ ​សព្វ​ថ្ងៃ​នេះ​ ចំនួនអ្នក​​ស្នើ​សុំ (Green Passport)​ មាន​តែ​ជាង​​ ៥ ពាន់​នាក់​ប៉ុណ្ណោះ ​មិន​ទាន់​បាន​ច្រើន​ ដូច​អ្វី​ដែល​ក្រសួង​ចង់​បាន​នោះ​ទេ​។​ ក្រសួង​ចង់​បាន​ គឺ​ឲ្យ​វាស​មាមា​ត្រ​​ទៅ​ហ្នឹង​ចំនួន​ប្រ​ជាជន​ជាង ​១៧ លា​ន​នាក់​ ដែល​យ៉ាង​ហោច​ក៏​មាន​ព​ល​រដ្ឋ​ចូល​រួម​ខ្ទង់​លាន​នាក់​ដែរ»។​

បើ​តាម​សេច​ក្តី​ណែ​នាំ​របស់​ក្រសួង​ទេ​ចរណ៍ ​កូន​សៀវភៅ ​Green Passport​ ​គឺ​ជា​កូន​សៀវភៅ​មួយ​ដែល​អាច​ឲ្យ​អ្នក ធ្វើ​ការ​​​វាយ​តម្លៃ​លើ​ភោ​ជនីយ​ដ្ឋា​ន​ប្រមា​ណ​​ជិត​ ៤០០ ​ក្នុង​ចំណោម​ភោ​ជនីយ​ដ្ឋា​ន​ជាង ​២ ពាន់​ទូទាំង​ប្រទេស​ ដោយ​គ្រាន់​តែ​យក​វា​ជាប់​តាម​ខ្លួន ​ដើម្បី​ស្នើសុំ​អាជីវ​​ក​ម្ម​ភោជ​នី​យ​ដ្ឋាន ​ឬ​អាហារ​ដ្ឋា​ន​ទេស​ចរណ៍ ឲ្យ​បោះ​ត្រា​សម្គាល់​ក្នុង​ទំព័រ​នោះ ខណៈ​មា​ត្រា ​០២ ​ប្រភេទ ​ដែល​ប្រភេទ​ទី១​ ​«​គ្មាន​សំរាម​ក្រោម​តុ»​ សម្រា​ប់​តែ​ភោជ​នី​យ​ដ្ឋាន ​ឬ​អាហារ​ដ្ឋា​ន​ទេស​ចរណ៍​ទាំង​ឡាយ​ណា​ដែល​គ្មាន​សំរាម​នៅ​ក្រៅ​ធុង ​និង​ទី២​ «​បង្គន់​អនាម័យ​​ស្អាត» ​សម្រាប់​តែ​ភោជ​នី​យ​ដ្ឋាន ​ឬ​អាហារ​ដ្ឋា​ន​ទេស​ចរណ៍​ទាំង​ឡាយ​ណា​ដែល​មាន​បង្គន់​អនាម័យ​ស្អាត។​

លោ​ក​ គឹ​ម​ សេ​រី​រដ្ឋ ​និយាយ​ថា​៖​ «​ចំ​ពោះ​លោក​អ្នក​ដែល​ចូលរួម​ប្រើ​ប្រាស់​កូន​សៀវ​ភៅ ​Green Passport​ មាន​ចំនួន​បោះត្រា​ ​«​គ្មាន​សំរាម​ក្រោម​តុ»​ ឬ​ ​«បង្គន់​អនាម័យ​ស្អាត»​ ច្រើន​ជាង​គេ ​នឹង​ទទួល​បាន​លិខិត​សរសើរ​ និង​មេ​ដាយ​ ជា​ពល​រដ្ឋ​គំរូ​ចូ​ល​រួម​ក្នុង​យុទ្ធ​នាការ​ ​«​ភោជ​នីយ​ដ្ឋាន ​និង​អាហារ​ដ្ឋា​ន​ទេស​ចរណ៍​ស្អាត»​ ពី​ក្រសួង​ទេ​ស​ច​រ​ណ៍​ ​និង​គណៈ​កម្មា​ធិការ​ជាតិ​វាយ​តម្លៃ​ទី​ក្រុង​ស្អាត​ នៅ​ពេ​ល​យុទ្ធនាការ​នេះ ​ត្រូវ​បាន​បិទ​បញ្ចប់»។

​ជំហាន​បន្ទាប់ ​លោក​បានបញ្ជាក់​ថា​ ក្រសួង​នឹង​ព្យាយាម​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ផុសផុល​បន្ថែម​ និង​បន្ត​យុទ្ធ​នា​ការ​តាម​ខេត្ត​ រួម​ទាំង​ធ្វើ​បច្ចុ​ប្បន្នភាព​នូវ​សៀវភៅ​នេះ ជា​សៀវភៅ​អេឡិចត្រូនិក​ ថែម​ទាំង​មាន​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ចូលរួម តាម​រយៈ​អត្ថ​ប្រយោ​ជ​ន៍​ផ្សេងៗ​ ដែល​ពួក​គេ​នឹង​ទទួល​បាន​សម្រាប់​ការ​ចូល​រួម​នេះ​ ខណៈ​នៅ​ថ្ងៃទី ២៥ ​ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ​ខាង​មុខ​នេះ ​ក្រសួង​ទេសចរណ៍ ​ក៏​រៀបចំ​អបអរ​សាទរ​ទិ​វា​ជាតិ​ទីក្រុ​ង​ស្អាត​លើក​ទី​ ៧ ​ក្រោម​ប្រធាន​បទ ​«​ទីក្រុង​ស្អាត៖​ ទីក្រុង​ផ្តល់​ភាព​កក់​ក្តៅ» ​ដែល​មាន​ការ​ចូលរួម​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ផង​ដែរ។​

បើ​តាម​សារ​លិខិត​របស់​លោក​នាយ​ករដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ ក្នុង​ឱកាស​អបអរ​​សាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​នេះ​ ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ត្រូវ​​ប្រាក​ដ​ថា​ យក​ចិត្ត​ទុក​ដាក់​ពី​អនាម័យ​ជុំវិញ​ខ្លួន​ និង​ធានា​ឲ្យ​បាន​នូវ​ភាព​កក់ក្តៅ​យ៉ាង​ពិត​ប្រាកដ​សម្រាប់​កា​ររ​ស់​នៅ​របស់​ពល​រដ្ឋ​ និង​ភ្ញៀវទេសចរ​ទាំង​អស់៕​​