ភ្នំពេញៈ ក្រសួង​ទេសចរណ៍​បាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ កាត់បន្ថយ​នីតិវិធី​មួយ​ចំនួន​ជុំវិញ​ការបំពេញ​បែបបទ​សម្រាប់​ភ្ញៀវទេសចរ ដែល​ធ្វើដំណើរ​ចេញ និង​ចូល​កម្ពុជា​នៅ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​នានា​ទូទាំង​ប្រទេស ដោយ​អះអាង​ថា​ការកាត់បន្ថយ​នេះ ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ ជាពិសេស​ភ្ញៀវទេសចរ​បរទេស​តាមរយៈ​ការកាត់បន្ថយ​របាំង​មិន​ចាំបាច់ និង​ភាព​ស្មុគស្មាញ​មួយចំនួន​។

សេចក្តី​ជូនដំណឹង​ស្តីអំពី​ការសម្រួល​ការធ្វើ​ដំណើរ​របស់​ភ្ញៀវទេសចរ និង​អ្នកដំណើរ​នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ច្រកទ្វារ​អន្តរជាតិ​ទូទាំង​ប្រទេស​របស់​ក្រសួង​ទេសចរណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​បាន​ឲ្យ​ដឹងថា ក្រសួង​សាមី​បាន​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ (​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​) ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​) ក្នុងការ​សម្រួល​បែបបទ​នៃ​ការធ្វើ​ដំណើរ​មួយ​ចំនួន​នេះ​។

ក្រសួង​អះអាង​ថា នីតិវិធី​ទាំងនោះ​រួមមាន​បែបបទ​នៃ​ការបំពេញ​សលាកបត្រ​ចូល ចេញ និង​ស្នើសុំ​ទិដ្ឋាការ​ពេលមក​ដល់​ត្រូវបាន​បញ្ចូល​គ្នា​តែមួយ​សន្លឹក ដោយ​មាន​ជា​ភាសា​ខ្មែរ ចិន និង​អង់គ្លេស ហើយ​សម្រាប់​ភ្ញៀវទេសចរ​ (​បរទេស​) គឺ​ត្រូវ​បំពេញ​បែបបទ​ចូល​តែ​ម្តងគត់ ហើយ​ពេល​ត្រឡប់​ចេញទៅ​វិញ មិន​តម្រូវ​ឲ្យ​បំពេញបែបបទ​ទៀត​ទេ និង​មិន​ត្រូវការ​រូបថត​ឡើយ​។ ចំណែក​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើដំណើរ​ចេញ និង​ចូល​ប្រទេស​ដែល​កាន់​លិខិត​ឆ្លងដែន​អេឡិចត្រូនិក​ខ្មែរ​មិន​តម្រូវ​ឲ្យ​បំពេញបែបបទ​ទេ​។

បន្ថែម​ពីនេះ ការបំពេញ​បែបបទ​ចូល ចេញ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​វិញ ក្រសួង​បញ្ជាក់​ថា ភ្ញៀវទេសចរ​ដែល​បើកបរ​ដោយ​ខ្លួនឯង​មាន​បំណង​ចូល​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន នាំចូល​បណ្តោះអាសន្ន និង​ចេញ​ទៅវិញ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​នានា​ទូទាំង​ប្រទេស​អាច​បំពេញ​ប្រតិវេទន៍​គយ​សង្ខេប សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ចូល-ចេញ ​បណ្តោះអាសន្ន​របស់​ភ្ញៀវទេសចរ​ជាមួយ​មន្ត្រី​គយ​ច្រកទ្វារ​តែម្តង​។ ក្នុងនោះ​ក្រសួង​បញ្ជាក់​ដែរថា រាល់​ភ្ញៀវទេសចរ​ទាំងអស់​មិន​ចាំបាច់​បង់ប្រាក់​និមុត្តិធានា (Deposit) និង​ថ្លៃ​ធានារ៉ាប់រង​ឡើយ​។

លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​នៃ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ ​បន្ថែម​ថា ការកំណត់​បែប​នេះ​គឺ​ក្នុង​គោលបំណង​សម្រួលការ​ចេញចូល​ភ្ញៀវទេសចរ​មកកាន់​កម្ពុជា​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល​បន្ថែម​ទៀត​ដោយ​កុំ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ច្រើន​ក្នុង​ការរារាំង​ដល់​ការធ្វើ​ដំណើរ​ពួកគេ​មក​កម្ពុជា​។

ទោះ​យ៉ាងណា​លោក​អះអាង​ថា​ការកាត់បន្ថយ​នេះ​មិនមែន​បាន​ន័យថា មាន​ការ​រិះគន់ ឬ​មានការ​អំពាវនាវ​ជា​អវិជ្ជមាន​ណាមួយ​ជុំវិញ​ករណីនេះ​នោះទេ ដោយ​គ្រាន់តែ​ជា​ផែនការ​​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវទេសចរ​តែប៉ុណ្ណោះ​។

លោក​បញ្ជាក់​ថា​៖ «​ក្រសួង​ទេសចរណ៍​តែងតែ​សហការ​​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ការដាក់ចេញ​នូវ​គោលនយោបាយ​ផ្សេងៗ ដើម្បី​ជំរុញ​កំណើន​ភ្ញៀវទេសចរ​។ វា​ជា​ផ្នែក​មួយ​ព្រោះ​ថា​មិនមែន​សុខៗ​ចេះ​តែ​ដាក់ចេញ​នូវ​វិធានការ​នេះ​ទេ​។ កន្លង​មក​ក្រសួង​ទេសចរណ៍​នៅក្នុង​ក្របខ័ណ្ឌ​គណៈកម្មការ​អន្តរក្រសួង​សម្រួលការ​ធ្វើដំណើរ​យើង​តែងតែ​ប្រជុំ​ជាប្រចាំ​ជាមួយ​វិស័យ​ឯកជន និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​នានា ហើយ​ការសម្រួល​ផ្នែក​ធ្វើដំណើរ​នេះ​គឺជា​ផ្នែក​មួយ​ដែល​យើង​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការចេញចូល​នៅ​តាម​ច្រកទ្វា​អន្តរជាតិ​នានា​កាន់តែ​មាន​ភាពងាយស្រួល​»​។

លោក ជុក ជំនោរ ថ្លែង​ថា​ក្នុង​រយៈពេល ៦ ​ខែ​ដើម​ឆ្នាំ​នេះ​មាន​ភ្ញៀវទេសចរ​ជារួម​ជាង ៣ ​លាន ៦ សែន​នាក់​បាន​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា ដែល​មាន​កំណើន​ជាង ១១ ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៨ ខណៈ​នៅ​ខេត្ត​សៀមរាប ភ្ញៀវ​ទេសចរ​មាន​ការធ្លាក់ចុះ ប៉ុន្តែ​ភាគច្រើន​នៃ​ភ្ញៀវទេសចរ​ទាំងនោះ​បាន​ចូល​មក​ទស្សនា​នៅ​ភ្នំពេញ និង​តាម​តំបន់ឆ្នេរ​។

លោក John Coster វ័យ ៥៣ ឆ្នាំ​ ដែល​ធ្លាប់មាន​បទពិសោធ​មក​កម្ពុជា​ចំនួន ៣ ដង​មក​ហើយ​នោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​វា​ជា​រឿង​ល្អ បើ​រដ្ឋាភិបាល​មួយ​នេះ​បាន​សម្រួល​បញ្ហា​ទាំងអស់​នេះ​ឲ្យ​កាន់​តែ​មាន​ភាពងាយស្រួល​ជាង​មុន បើទោះ​ជា​កន្លង​ទៅ​លោក​គិត​ថា ការបំពេញ​សលាកបត្រ​ចូល ចេញ និង​ស្នើសុំ​ទិដ្ឋាការ​មក​កម្ពុជា​មិន​ពិបាក​ពេក​នោះទេ​។ ប៉ុន្តែ​លោក​ថា​លោក​ក៏ត្រូវ​ចំណាយពេល​យូរ​ផងដែរ គឺ​ក្នុង​ចន្លោះ​ពី ១៥ ​ទៅ ៤០ នាទី​នៅ​តាម​ច្រកទ្វារ​នីមួយៗ​។

លោក​មាន​បំណង​មក​ទស្សនា​កម្ពុជា​ម្តងទៀត​នៅ​ឆ្នាំក្រោយ​ដោយ​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ធ្លាប់​មក​កម្សាន្ត​នៅ​ប្រទេស​ កម្ពុជា​ ចំនួន ៣ ​ដង​។ ពេល​ខ្ញុំ​មក​ម្តងៗ ខ្ញុំ​តែងតែ​បំពេញ​សលាកបត្រ​ចូល ចេញ​នេះ​នៅ​ពេល​ខ្ញុំ​កំពុង​នៅ​លើ​យន្តហោះ​ដោយ​ត្រូវ​ចំណាយពេល​បំពេញ​ប្រហែល ១០ នាទី​។ អ្វីដែល​សំខាន់​នៅក្នុង​ក្រដាស​សលាកបត្រ​ចូល ចេញ​គឺ​ត្រូវ​ឲ្យ​យើង​បំពេញ​អាសយដ្ឋាន​ជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ស្នាក់នៅ​ក្នុង​អំឡុងពេល​ខ្ញុំ​មក​ទស្សនា​នៅ​កម្ពុជា​»​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​និយាយថា វិធានការ​នេះ​ជា​ការ​រួមចំណែក​តិចតួច​បំផុត​ក្នុង​ការជំរុញ​កំណើន​ភ្ញៀវទេសចរ​មក​កម្ពុជា បើ​ទោះ​ជា​វា​ពិតជា​បាន​ចូលរួម​ចំណែក​កាត់បន្ថយ​ភាពស្មុគស្មាញ​ជាច្រើន​នៅ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​នានា​ទូទាំង​ប្រទេស​ក៏ដោយ​។ ជាមួយ​នឹង​វិធានការ​នេះ​លោក​បែរ​ជា​ស្នើឲ្យ​ក្រសួង​ក៏​ដូចជា​រដ្ឋាភិបាល​គួរ​លើកលែង​ការស្នើសុំ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​បរទេស ដែល​មាន​សក្ដានុពល​ខ្លាំង​សម្រាប់​កម្ពុជា​ដើម្បី​ចូលរួម​បង្កើន​កំណើន​ភ្ញៀវទេសចរ​នេះ​។

លោក​ថ្លែងថា​៖ «​យើង​ចង់​ស្នើ​នោះ​គឺ​ការលើកលែង​ការស្នើសុំ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវបរទេស ព្រោះ​ប្រទេស​ដែល​មាន​ភ្ញៀវទេសចរ​ច្រើនៗ​គេ​បាន​ធ្វើ​ហើយ​» ៕