ភ្នំពេញៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គ្រោងដាក់ដំណើការកម្មវិធីទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងបណ្ដឹងតវ៉ា និងបណ្ដឹងបរិហារពីប្រជាពលរដ្ឋទូទៅតាមរយៈប្រព័ន្ធអនឡាញក្នុងពេលឆាប់ៗនេះ ខណៈបច្ចុប្បន្នក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យារបស់ក្រសួងកំពុងដំឡើងកម្មវិធីនេះ។
លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងផែនការទិសដៅការងារសម្រាប់អនុវត្តឆ្នាំ ២០២០ របស់ក្រសួងកាលពីថ្ងៃទី ២០ ខែមករា ថា ក្នុងដំណាក់កាលនៃកាវិវឌ្ឍវិស័យឌីជីថល និងដើម្បីបម្រើសេវាឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ក្រសួងនឹងដំឡើងកម្មវិធីទទួលពាក្យបណ្តឹងតាមអនឡាញ និងដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិក (e-Library) ដែលអាចឱ្យពលរដ្ឋដាក់ពាក្យបណ្តឹង និងមើលឯកសារច្បាប់តាមកុំព្យូទ័រ និងទូរស័ព្ទដៃបានងាយស្រួល។
លោកស្រី ម៉ែន សំអន ក៏បានណែនាំមន្ត្រីដែរថា ដោយសារការផ្សព្វផ្សាយច្បាប់ជាតម្រូវការចាំបាច់ ក្រុមការងារក្រសួងត្រូវបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ឱ្យបានទូលំទូលាយគ្រប់ ២៥ រាជធានី-ខេត្តជាពិសេសតាមទីប្រជុំជន និងជនបទដាច់ស្រយាល។
លោកស្រីបានបញ្ជាក់ថា៖ «ត្រូវបន្តអនុវត្ដនូវកម្មវិធីទទួលពាក្យបណ្តឹងតាមអនឡាញ និងបណ្ណាល័យអេឡិចត្រូនិក (e-Library)។ ការអនុវត្តកម្មវិធីនេះ គឺជាការសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ»។
លោកស្រីបានបន្តថា មន្ដ្រីរបស់ក្រសួងត្រូវពង្រឹងប្រសិទ្ធភាពក្នុងបេសកកម្មចុះធ្វើអធិការកិច្ច ការអង្កេតស្រាវជ្រាវពាក្យបណ្តឹង និងការតាមដានការអនុវត្តច្បាប់តាមរយៈការរកព័ត៌មានឱ្យមានតុល្យភាពច្បាស់លាស់ មានភ័ស្តុតាង និងឯកសារសំអាងគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់។
លោកស្រីថ្លែងថា៖ «រាល់ពាក្យបណ្តឹងដែលបញ្ជូនទៅសមត្ថកិច្ចពាក់ព័ន្ធពិនិត្យដោះស្រាយត្រូវតាមដាន ស៊ើបសួរព័ត៌មានអំពីវឌ្ឍនភាពនៃការដោះស្រាយឱ្យបានច្បាស់លាស់ និងទាន់ពេលវេលារួចជូនព័ត៌មានទៅដើមបណ្តឹងវិញ។ ទង្វើនេះបង្ហាញពីការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋដែលជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋ»។
ជាមួយគ្នានេះលោកស្រី ឧបនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យវិទ្យាស្ថានជាតិអធិការកិច្ចត្រូវរៀបចំខ្លឹមសារកម្មវិធីបណ្តុះបណ្តាលថ្នាក់បឋម ថ្នាក់មធ្យម និងថ្នាក់ឧត្តមលើជំនាញអធិការកិច្ច និងជំនាញពាក់ព័ន្ធ។ ក្រៅពីនេះក៏ត្រូវបណ្តុះបណ្តាលមុខជំនាញផ្សេងបន្ថែមផងដែរ ដូចជា ជំនាញអប់រំផ្សព្វផ្សាយច្បាប់ ជំនាញការសិក្សាស្រាវជ្រាវ ជំនាញវាយតម្លៃ និងជំនាញផ្នែកស្ទាបស្ទង់មតិ ដែលជាតម្រូវការចាំបាច់របស់ក្រសួង។
លោក ហុង ឡុង ទីប្រឹក្សា និងជានាយកខុទ្ទកាល័យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានបញ្ជាក់បន្ថែមកាលពីម្សិលមិញថា បច្ចុប្បន្នក្រុមអ្នកជំនាញរបស់ក្រសួងកំពុងរៀបចំដាក់ដំណើរការកម្មវិធីទទួលពាក្យបណ្ដឹងតាមអនឡាញ និងបណ្ណាល័យអេឡិចត្រូនិកនៅក្រសួង។
លោកថ្លែងថា៖ «យើងកំពុងរៀបចំនូវការងារនេះនៅក្រសួងនៅឡើយពាក់ព័ន្ធនឹងការដាក់ឱ្យដំណើរការការទទួលពាក្យបណ្ដឹងតាមអនឡាញពីប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាយើងនេះ។ ការទទួលពាក្យបណ្ដឹងនេះគឺក្រសួងយើងទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងការតវ៉ា និងបណ្ដឹងបរិហារ។
ពលរដ្ឋអាចដាក់បណ្ដឹងទាំងនេះតាមអនឡាញបាន។ យើងនឹងរៀបចំឱ្យរួចរាល់ក្នុងពេលឆាប់ៗនេះ»។
លោក ហុង ឡុង បញ្ជាក់ថា បណ្ដឹងតវ៉ា និងបណ្ដឹងបរិហារដែលអាចដាក់មកក្រសួងបានគឺជាប្រភេទបណ្ដឹងដូចជា ការរំលោភដោយអំណាចរបស់មន្ដ្រី ឬមន្ដ្រីណាមួយដែលសម្រេចរឿងក្ដីទៅមានភាពអយុត្ដិធម៌ជាដើម ដែលនេះជាបណ្ដឹងតវ៉ា។ ចំណែកបណ្ដឹងបរិហារសំដៅទៅលើផលប្រយោជន៍រួមរបស់រដ្ឋ ដូចជា មន្ដ្រីណាមួយរំលោភយកដីធ្លី ឬសម្បត្ដិរបស់រដ្ឋទៅធ្វើជាសម្បត្ដិរបស់ខ្លួន បើពលរដ្ឋមិនសុខចិត្ដអាចដាក់បណ្ដឹងតាមអនឡាញមកកាន់ក្រសួងបាន៕