
ក្មេងៗដើរក្រោមពន្លឺព្រះអាទិត្យនៅខេត្តបាត់ដំបង នាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសជូនដំណឹងពីម្សិលមិញថា ប្រទេសកម្ពុជា មិនទាន់មានឥទ្ធិពលពីកាំរស្មីវិទ្យុសកម្មយូវី (UV) នៅឡើយទេ ទោះបីជាប្រទេសជិតខាងកម្ពុជាគឺវៀតណាម ពិសេសនៅទីក្រុងហូជីមិញ និងខេត្តភាគខាងត្បូងមួយចំនួនកំពុងរងនូវការឡើងខ្ពស់នៃសន្ទស្សន៍កាំរស្មីនេះក៏ដោយ។
នៅថ្ងៃទី ១៧ ខែកុម្ភៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានជូនដំណឹងដល់និស្សិត សិក្ខាកាម យោធានគរបាល និងពលរដ្ឋកម្ពុជាទាំងអស់ដែលកំពុងមានវត្តមាននៅវៀតណាម ពិសេសអ្នកដែលនៅក្នុងទីក្រុងហូជីមិញ និងខេត្តមួយចំនួននៅភាគខាងត្បូងត្រូវប្រុងប្រយ័ត្ន និងការពារពីផលប៉ះពាល់ដោយការឡើងខ្ពស់នៃសន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវី។
ស្ថានទូតបានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈរហូតដល់ថ្ងៃសុក្រ ចុងសប្តាហ៍នេះ សន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវីនឹងឡើងដល់កម្រិតហានិភ័យខ្ពស់គឺពី ១០ ឡើងទៅនៅទីក្រុងហូជីមិញ ទីក្រុងញ៉ាត្រាង ទីក្រុង Can Tho និងទីក្រុង Ca Mau»។
ស្ថានទូតកម្ពុជាបានបន្តថា នៅខេត្ត Thua Thien Hue និងទីក្រុងដាណាង សន្ទស្សន៍នេះនឹងឡើងដល់កម្រិតហានិភ័យខ្ពស់គឺ ៨។ កាំរស្មីវិទ្យុសកម្មយូវីកម្រិតខ្លាំង កើតមានភាគច្រើននៅចន្លោះម៉ោង ១១ ព្រឹក ដល់ម៉ោង ១ រសៀល។
សេចក្តីជូនដំណឹងដដែលបានលើកឡើងថា៖ «សន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវីពី ៨ ទៅ ១០ មានន័យថា ជាកម្រិតកាំរស្មីយូវីខ្លាំង អាចឆ្លងកាត់ ពពក វ៉ែនតា និងធ្វើឱ្យរលាកក្នុងរយៈពេល ២៥ នាទី។ សន្ទស្សន៍ចាប់ពី ១១ ឡើងទៅជាកម្រិតកាំរស្មីយូវីខ្លាំងណាស់ ដែលអាចបង្កឱ្យខូចខាតស្បែក និងភ្នែកក្នុងរយៈពេល ១៥ នាទី បើប៉ះពាល់ផ្ទាល់នឹងពន្លឺព្រះអាទិត្យ»។
ជាមួយនេះដែរ ស្ថានទូតកម្ពុជាបានអំពាវនាវទៅដល់ប្រជាជនកម្ពុជាដែលកំពុងមានវត្តមាននៅក្នុងប្រទេសវៀតណាមទាំងអស់ត្រូវប្រុងប្រយ័ត្ន និងការពារខ្លួនដោយត្រូវស្លៀកសម្លៀកបំពាក់ការពារកម្ដៅ បាំងមុខ ក ត្រចៀក និងពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ។ ត្រូវលាបឡេការពារស្បែក នៅពេលចេញក្រៅ បើទោះបីពេលមានពពកក៏ដោយ និងត្រូវទទួលទានទឹកឱ្យបានច្រើន និងមានវីតាមីន C បំប៉នបន្ថែមឱ្យគ្រប់គ្រាន់។
ដោយឡែកក្រសួងធនធានទឹក និងឧតុនិយមកម្ពុជាក៏បានជូនដំណឹងផងដែរថា នៅប្រទេសកម្ពុជាមិនទាន់មានបញ្ហាធ្ងន់ធ្ងរទេ ដោយសារលេខកម្ដៅស្ថិតក្នុងកម្រិតទាប ១-៤។
ក្រសួងនេះបានបញ្ជាក់ថា «ប្រទេសយើងមិនទាន់មានសភាពធ្ងន់ធ្ងរ ឥទ្ធិពលពី UV នៅឡើយទេ ហើយអាស៊ីតទឹកភ្លៀង Acid Rain ក៏មិនទាន់ធ្ងន់ធ្ងរទេ»។
យ៉ាងណាក៏ដោយ ក្រសួងធនធានទឹក និងឧតុនិយមបានអះអាងថា កំពុងតែតាមដានទៅលើស្ថានភាពនៃកម្ដៅបន្តទៀត៕