ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​តាមរយៈ​គម្រោង​ខ្សែចង្វាក់​ផលិតកម្ម​ប្រកប​ដោយ​ភាតរបរិស្ថាន ADB Climate Friendly Agri-Business Value Chain (CFAVC) នឹង​ចាប់ផ្ដើម​ជួសជុល​ស្ដារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ដ្រ​ចំនួន ៣២ ​កន្លែង​ និង​ជីក​ស្រះ​ចំនួន​ ៨០០ ក្នុង​ខេត្ដ​តាកែវ កំពង់ចាម កំពត​ និង​ត្បូងឃ្មុំ​។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​កាលពី​ថ្ងៃ​ពុធ​បាន​ផ្សព្វផ្សាយ​ពី​ការ​អនុវត្ដ​គម្រោង​ស្ដារ​ប្រព័ន្ធធារាសាស្ដ្រ​នេះ​ថា ក្រុមការងារ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ចុះ​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​អនុវត្ត​គម្រោង ADB CFAVC តាម​បណ្ដា​ខេត្ដ​គោលដៅ​ទាំង​ ៤ នោះ​ដើម្បី​ពន្លឿន​ការជួសជុល​ស្ដារ​ប្រព័ន្ធធារាសាស្ដ្រ​ទាំង ៣២ ​កន្លែង និង​ជីក​ស្រះ​ទាំង ៨០០ ​កន្លែង​។

ក្រុមការងារ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ចុះ​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​អនុវត្ត​គម្រោង​គឺ​ក្នុង​បំណង​ជំរុញ​ឲ្យ​បាន​ឆាប់​លើ​ការអនុវត្ត​គម្រោង ADB CFAVC លើ​វិស័យ​ទឹក​ដែល​ក្នុងនោះ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ត្រូវធ្វើ​ការអនុវត្ត​ឲ្យ​សម្រេចបាន​ជោគជ័យ​។

គម្រោង​ដែល​ត្រូវ​ធ្វើការ​អនុវត្ដ​នោះ​រួមមាន​ការធ្វើការ ​ជួសជុល​ស្តារឡើងវិញ​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​ចំនួន​ពី ២៧ ដល់ ៣២ ​កន្លែង ​ក្នុង​ខេត្តតាកែវ ខេត្ត​កំពត ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​ដោយ​ផ្អែក​តាម​ស្ថានការណ៍​ជាក់ស្តែង​។ ពិនិត្យ​ធ្វើការ​ចាត់​ថ្នាក់លើ​ផលប៉ះពាល់​ដីធ្លី​បរិស្ថាន និង​ធ្វើការ​កំណត់​ខ្នាត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការកំណត់​របស់ ADB ក្នុង​គម្រោង​មួយ​នេះ​។

ក្រសួង​បញ្ជាក់ថា ក្រុមការងារ​កំពុង​ធ្វើការ​កំណត់​ឱ្យបាន​ច្បាស់លាស់​លើ​ការអនុវត្ត​គម្រោង ADB មួយ​នេះ​ចៀសវាង​ការរាំងស្ទះ​ណាមួយ​ដែល​កើតឡើង​ជាយថាហេតុ​។ ក្រសួង​ធនធាន​ទឹក​នឹង​ធ្វើការ​អនុវត្ត​លើ​ការជីក​ស្រះ​ចំនួន ៨០០ កន្លែង​រួច​បំពាក់​នូវ​ការធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​ដោយ​​ប្រើ​ទឹក​តិច​ជូន​ខេត្ត​គោលដៅ​ទាំង​ ៤ នោះ​។

លោក ចាន់ យុត្ថា អ្នក​នាំពាក្យ​ក្រសួង​ធនធានទឹក​មិនអាច​ទាក់ទង​បានទេ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​កាលពី​ថ្ងៃទី​ ២៣-២៤ ខែធ្នូ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ដឹកនាំ​ក្រុម​ការងារ​ក្រសួង​ធនធានទឹក និង​ឧតុនិយម មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​តាកែវ និង​មន្ដ្រី​ជំនាញ​របស់​ ADB ប្រចាំ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ចុះ​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​អនុវត្ត​គម្រោង ADB-CFAVC ក្នុង​ខេត្តតាកែវ​ដែល​បានដាក់​ស្នើ​មក​ចំនួន​ ១២ គម្រោង​។

លោក ចាន់ ស៊ីណាត ថ្លែងថា​៖ «​ការចុះពិនិត្យ​ជាក់ស្តែង​នាពេលនេះ​គឺ​ក្នុង​បំណង​ជំរុញ​ឱ្យ​បាន​ឆាប់​លើ​ការអនុវត្ត​គម្រោង ADB CFAVC លើ​វិស័យ​ទឹក ដែល​ក្នុង​នោះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ត្រូវ​ធ្វើការ​អនុវត្ត​ឲ្យ​សម្រេចបាន​ជោគជ័យ​»​។

លោក មាស ​អ៊ុយ នាយក​រដ្ឋបាល​សាលា​ខេត្ដ​តាកែវ​ថ្លែងថា ក្នុង​ខេត្តតាកែវ បាន​ដាក់​ស្នើ​ទៅ​ក្រសួង​ក្នុង​ការស្ដារ​ប្រព័ន្ធ​ធារាសាស្ដ្រ​ចំនួន ១២​ គម្រោង ​ក្នុង​នោះ​ក្រុម​ការងារ​ជំនាញ​ពី​ក្រសួង និង​អ្នកពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​ទីតាំង​មួយចំនួន ដូចជា ប្រព័ន្ធធារាសាស្ត្រ​ទំនប់​ព្រៃក្តួច​ក្នុង​ឃុំ​ត្រពាំងគ្រញូង​, ប្រព័ន្ធធារាសាស្ត្រ​ទំនប់​ក្រាំងអម្ពិល​, ប្រព័ន្ធធារាសាស្ត្រ​ស្តុកសាប​, ប្រព័ន្ធធារាសាស្ត្រ​ត្រពាំងខន និង​ស្រះ​ទឹក​ចំនួន ៤ ​កន្លែង​ ស្ថិត​ក្នុងស្រុក​ត្រាំកក់​ផងដែរ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​គម្រោង​នេះ​បាន​អនុវត្ដ​តាម​ការស្នើ​របស់​ខេត្ដ​នោះ​គឺជា​លទ្ធផល​ល្អ ព្រោះ​អាច​មាន​ប្រព័ន្ធ​ធារាសាស្ដ្រ​គ្រប់គ្រាន់​ក្នុង​ការផ្គត់ផ្គង់​ផលដំណាំ​របស់​ប្រជាកសិករ​»៕