ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្រមាន​ជាថ្មី​ម្ដងទៀត​អំពី​ជំនន់​ទឹកភ្លៀង ដែល​អាច​នឹង​កើតឡើង​នា​ចុង​សប្ដាហ៍​នេះ​ក្នុង​តំបន់​វាលទំនាប​ជាប់​ផ្លូវទឹក ជើងភ្នំ និង​ខ្ពង់រាប ដែល​ជា​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​។ ស្ថិតក្នុង​ស្ថានភាព​នេះ ក្រសួង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ងាយរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​។

យោងតាម​សេចក្តី​ជូន​ដំណឹង​ស្ដីពី​ស្ថានភាព​អាកាសធាតុ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​គូស​បញ្ជាក់​ថា ចាប់ពី​ថ្ងៃទី​ ៣០ ខែ​កញ្ញា ដល់​ថ្ងៃទី​ ៦ ខែតុលា ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​បន្ត​អូសបន្លាយ​ឆ្លងកាត់​លើ​កម្ពុជា ដោយ​ភ្ជាប់​ជាមួយ​សម្ពាធ​ទាប​មួយ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​គ្របដណ្ដប់​លើ​ផ្ទៃ​ប្រទេស​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង​ដែល​អាច​ «​បង្ក​ជា​ជំនន់​ទឹកភ្លៀង​» ជាពិសេស​នៅ​តំបន់​វាលទំនាប​កណ្ដាល ជួរ​ភ្នំ និង​ខ្ពង់រាប ភាគ​ពាយព្យ និង​ឦសាន​។ ចំណែក​ក្នុង​លម្ហ​សមុទ្រ​នឹង​មាន​រលក​ធំ​ខ្ពស់ៗ និង​មាន​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង​។

ជាមួយ​គ្នា​នេះ​ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​ងាយ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងមក បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រៀមលក្ខណៈ​ជាមុន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ជំនន់​ទឹកភ្លៀង និង​ខ្យល់​កន្ត្រាក់​ដែល​អាច​កើតមាន​ក្នុងពេល​ដ៏ខ្លី​ខាង​មុខ​នេះ​។

ការព្រមាន​អំពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹក​បាន​ធ្វើឱ្យ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​នៃ​បណ្ដា​ខេត្ត​ដែល​ងាយ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងមក​ថ្មីៗ​នេះ បង្កើន​ការប្រុងប្រយ័ត្ន និង​ឃ្លាំមើល​អំពី​ស្ថានភាព​នៃ​កម្ពស់​ទឹក​នៅ​តាម​ដងអូរ ស្ទឹង និង​ប្រព័ន្ធ​ដៃទន្លេ ដែល​ស្ថិតនៅ​ក្បែរ​សហគមន៍​របស់​ពួកគេ​។

លោក​ សែស វិបុល អធិការ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញថា ទឹក​នៅតាម​អូរ​ព្រំដែន​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ បាន​ហក់​ឡើង​ជាថ្មី​ម្ដងទៀត ធ្វើឱ្យ​ភូមិ​អូរបីជាន់​ដែល​ទើបនឹង​ស្រក​ចុះ​បន្តិច​កាលពី​ ៣ ​ថ្ងៃ​មុន​បាន​ជន់លិច​ជាថ្មី​។ ប៉ុន្តែ​មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ពី​ជំនន់​ទឹកភ្លៀង​ក្នុង​តំបន់​អូរ​ព្រំដែន​នេះ​ទេ​។

លោក​ វិបុល ​ថ្លែង​ថា​៖ «​នៅពេល​នេះ​ភ្លៀង​បានចាប់ផ្ដើម​ធ្លាក់​ទៀតហើយ ប៉ុន្តែ​មិន​ខ្លាំង​ទេ តែ​ទឹក​នៅ​តាម​អូរ​ព្រំដែន​បានស្ទុះ​ងើប​ឡើង​វិញ​។ ទំនង​ជាមាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ទឹកដី​ថៃ ហើយ​ទឹក​បាន​ហូរ​ចាក់​ពី​ផ្នែក​ខាងលើ​ចូលមក​ក្នុង​អូរ​ព្រំដែន​»​។

បើ​តាម​លោក​ វិបុល កាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​អាជ្ញាធរ​ស្រុក​អូរជ្រៅ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ ១៩០ ​គ្រួសារ​ ដែល​រស់នៅ​ក្នុង​ភូមិ​អូរបីជាន់ ឃុំ​អូរបីជាន់ ទៅ​កាន់​ទីទួល​សុវត្ថិភាព ក្រោយពី​មាន​ជំនន់​ទឹកភ្លៀង និង​ទឹក​ហូរ​ចាក់​ពី​ប្រទេស​ថៃ​តាម​អូរ​ព្រំដែន​។ រហូត​មក​ទល់​ពេលនេះ ពលរដ្ឋ​ប្រមាណ​ជាង​ ៦០ ​គ្រួសារ​ទៀត​ នៅ​មិនទាន់​បាន​ត្រឡប់​ទៅកាន់​លំនៅឋាន​របស់​ពួកគេ​វិញ​ទេ ខណៈ​ទឹកបាន​ជន់​ឡើងជា​ថ្មី​។

ចំណែក​លោក​ រត្ន ដាស៊ីណង់ អភិបាលស្រុក​មង្គលបុរី​បាន​និយាយ​ថា ទឹក​នៅតាម​ប្រព័ន្ធ​ដៃស្ទឹង​នានា​ក្នុងស្រុក​មង្គលបុរី​បាន​ជន់​ឡើង​បន្តិច ប៉ុន្តែ​មិនទាន់​ពេញ​ប្រៀប​នៅឡើយ​ទេ បើ​ទោះជា​មាន​តំបន់​ខ្លះ​មាន​ការជន់លិច​វាលស្រែ​មួយចំនួន​ក្ដី​។

លោក​ ដាស៊ីណង់ ដែល​ទើប​ដឹកនាំ​មន្ត្រី និង​កងទ័ព​ចុះ​ជួយ​ច្រូតស្រូវ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រហាត់ទឹក​ក្នុង​រយៈពេល​ ២ ​ថ្ងៃ​ជាប់​គ្នា​មកនេះ​បាន​បន្តថា​៖ «​នៅពេល​នេះ​ប្រជាកសិករ​កំពុង​ប្រញឹក​ដៃជើង ធ្វើការ​ដាំដុះ​ស្រូវ​រដូវវស្សា​ជំហាន​ទី​ ២ ដែល​គិត​មកទល់​ពេល​នេះ​បាន​សម្រេច​ ១ ​ម៉ឺន​ហិកតា លើស​ពី​ផែនការ​ដាំដុះ ៤ ០០០ ​ហិកតា​។ នេះ​ជា​អ្វីដែល​យើង​កំពុង​បារម្ភ​អំពី​ការខ្វះ​ទឹក​ស្រោចស្រព ខណៈ​ទឹកភ្លៀង​អាច​នឹង​អស់​នៅ​ចុងខែ​តុលា​ខាងមុខនេះ​»​។

ជុំវិញ​ក្ដីព្រួយ​កង្វល់​នេះ​លោក​ ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​អំពាវនាវ​ដល់​ប្រជាកសិករ និង​អាជ្ញាធរ​ពាក់ព័ន្ធ គប្បី​រៀបចំ​ប្រព័ន្ធ​ទឹក​បិទ ដើម្បី​រក្សា​ទឹក​ទុក​ឱ្យ​បាន​គ្រប់គ្រាន់ សម្រាប់​ប្រើប្រាស់​នៅក្នុង​រដូវប្រាំង​ដែល​ខ្វះ​ទឹក​។

លោក​ថ្លែងថា​៖ «​នៅពេល​នេះ​ភ្លៀង​បាន​ធ្លាក់​រាយប៉ាយ​គ្របដណ្តប់​លើ​ផ្ទៃ​ប្រទេស ប៉ុន្តែ​ទឹកទន្លេ និង​តាម​ប្រព័ន្ធ​ដៃទន្លេ ស្ទឹង​បឹងបួ​មួយ​ចំនួន ទឹក​នៅ​មិនទាន់​ជន់​ឡើង​ដល់​ពាក់កណ្ដាល​ផង​។ ដូច្នេះ​យើង​គប្បី​រៀបចំ​រក្សា​ទឹកភ្លៀង ដែល​កំពុង​មាន​នេះ​ទុកដាក់​ឱ្យបាន​ល្អ សម្រាប់​ប្រើប្រាស់​ពេល​ខ្វះ​ទឹក​»៕

វីដេអូ៖