ភ្នំពេញ៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃទី ២០ ខែ​មេសា​នេះ បាន​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​វាល​ទំនាប​កណ្ដាល និង​តំបន់​ឆ្នេរ ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ និង​រលក​សមុទ្រ ខណៈ​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​កំពុង​បង្កើន​ឥទ្ធិពល​គ្រប​ដណ្ដប់​លើ​ប្រទេស​កម្ពុជា ជាមួយ​នឹង​ខ្យល់​បោកបក់​មក​ពី​ភាគ​ខាង​ត្បូង និង​អាគ្នេយ៍។

តាមរយៈ​ការ​ពិនិត្យ​អង្កេត​អំពី​ការ​វិវត្តន៍​នៃ​ស្ថានភាព​អាកាសធាតុ​នេះ ក្រុម​ជំនាញ​ការ​ផ្នែក​អាកាសធាតុ​នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ព្យាករណ៍​ថា ចាប់​ពី​ថ្ងៃទី ២១-២៧ ខែ​មេសា នឹង​មាន​ភ្លៀង​ធ្លាក់​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ប្រទេស​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ជា​ពិសេស​បណ្ដា​ខេត្ត​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​វាល​ទំនាប​កណ្ដាល​ភាគ​ខាង​ត្បូង និង​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា។

លោក ចាន់ យុត្ថា អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា៖ «បាតុភូត​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​នឹង​កើត​មាន​កាន់​តែ​ច្រើន​ផង​ដែរ នៅ​ក្នុង​រយៈពេល​នេះ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន។ ពិសេស​អ្នក​រស់នៅ​តំបន់​ទំនាប​កណ្ដាល និង​តំបន់​ឆ្នេរ​សមុទ្រ»។

បើ​តាម​លោក ចាន់ យុត្ថា អ្នក​នេសាទ​សមុទ្រ​គប្បី​កុំ​ចេញ​ទូក​នេសាទ ព្រោះ​អាច​ប្រឈម​នឹង​ខ្យល់​កន្ត្រាក់ រួម​នឹង​រលក​សមុទ្រ​ធំៗ ដែល​មាន​កម្ពស់​ចន្លោះ​ពី ១,៥ ម៉ែត្រ ទៅ ២ ម៉ែត្រ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​កើត​ឡើង​ជាយថាហេតុ។

លោក កែវ វី ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​មុន​នេះ​បន្តិច​ថា ក្នុង​រយៈពេល ២០ ថ្ងៃ នៃ​ខែ​មេសា ឆ្នាំ​ ២០២១ នេះ មាន​ពលរដ្ឋ​ជាង ២០ នាក់ បាន​ស្លាប់ និង​រងរបួស​ដោយសារ​បាតុភូត​ទាំង​នេះ។

លោក​បាន​ថ្លែង​ថា នៅ​ក្នុង​ខែ​មេសា​នេះ បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ បាន​កើត​ឡើង ២៥ លើក នៅ​ក្នុង​បណ្ដា​ខេត្ត​ចំនួន ១៣ រួម​មាន ខេត្ត​កណ្ដាល, តាកែវ, ស្វាយរៀង, មណ្ឌលគិរី, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ, កោះកុង និង ប៉ៃលិន។

លោក​បាន​បញ្ជាក់​ថា៖ «ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់ បាន​បង្ក​ឲ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់ និង ៥ នាក់​ទៀត​រង​របួស។ បង្ក​ការ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ ៥៤២ ខ្នង របើក​ដំបូល​ផ្សារ​ចំនួន ២ ប៉ះពាល់​តូប​លក់​ដូរ​សរុប ជាង ២០០ តូប ព្រម​ទាំង​ដួល​រលំ​ឃ្លាំង​ស្តុក​កសិផល ១ រោង​ម៉ាស៊ីន​កិន​ស្រូវ ១ អគារ​រោងចក្រ ១ អង់តែន​វិទ្យុ​ទាក់ទង​នគរបាល ១ និង អគារ​រដ្ឋបាល​សាធារណៈ​មួយ​ចំនួន​ទៀត»។

លោក​បាន​បន្ថែម​ថា៖ «ចំណែក​បាតុភូត​រន្ទះ​បាញ់​វិញ បាន​បង្ក​ឲ្យ​មនុស្ស ១២ នាក់​ស្លាប់ និង​រង​របួស ៣ នាក់ ព្រម​ទាំង​ងាប់​គោ​ចំនួន ៣ ក្បាល»៕