ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវឲ្យពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្ដាលភាគខាងត្បូង និងភាគខាងកើត ជាប់ព្រំប្រទល់ប្រទេសវៀតណាម ប្រុងប្រយ័ត្នខណៈចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃ ១៨ ឧសភា នឹងមានភ្លៀងធ្លាក់ច្រើនលាយឡំនឹងខ្យល់កន្ត្រាក់បក់បោកខ្លាំង និងមានទាំងផ្គររន្ទះផងដែរ។ នេះបើតាមការព្យាករអាកាសធាតុរបស់ក្រសួងនេះ។
នៅក្នុងសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុចុះថ្ងៃទី ១១ ខែឧសភានេះ ក្រសួងធនធានទឹក និងឧតុនិយមបានគូសបញ្ជាក់ថា ក្នុងអំឡុង ១ សប្ដាហ៍នេះ ខ្យល់មូសុងនីរតីកំពុងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា។ ក្នុងស្ថានភាពបែបនេះ បណ្ដាខេត្តមួយចំនួនដែលស្ថិតនៅក្នុងតំបន់វាលទំនាបកណ្ដាលភាគខាងត្បូង និងភាគពាយព្យ ជាពិសេសខេត្តនៅភាគខាងកើតជាប់ប្រទេសវៀតណាម នឹងមានភ្លៀងធ្លាក់ច្រើនព្រមទាំងមានខ្យល់កន្ត្រាក់បក់បោកខ្លាំង និងផ្គររន្ទះមកជាមួយផងដែរ។
ទន្ទឹមនឹងនេះ ក្រសួងធនធានទឹកក៏បានអំពាវនាវដល់ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក្នុងបណ្ដាខេត្តនៃតំបន់វាលទំនាបកណ្តាលភាគខាងត្បូង ភាគពាយព្យ និងបណ្តាខេត្តខាងកើតជាប់ប្រទេសវៀតណាម ឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដោយអះអាងថា បាតុភូតទាំងនេះនឹងកើតមានច្រើន «ចាប់ពីថ្ងៃទី ១៣-១៦ ខែឧសភា»។
ជុំវិញការអំពាវនាវនេះ លោក រស់ ដារិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រោយពីទទួលបានសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរខេត្តបានជំរុញឲ្យថ្នាក់មូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធដែលចំណុះឲ្យរដ្ឋបាលខេត្តស្វាយរៀង ផ្សព្វផ្សាយនូវសេចក្ដីជូនដំណឹងនេះ ឲ្យដល់គ្រប់មូលដ្ឋានពលរដ្ឋ ដើម្បីត្រៀមបង្ការ និងឆ្លើយតបឲ្យទាន់ពេលវេលា ដើម្បីជួយដល់ពលរដ្ឋណាដែលរងគ្រោះដោយសារបាតុភូតគ្រោះធម្មជាតិនេះ។
លោកបានបញ្ជាក់ថា៖ «យើងបានប្រកាសផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានហើយអំពីបញ្ហានេះ និងបានត្រៀមកម្លាំងសម្រាប់ចុះជួយអន្តរាគមន៍នៅពេលមានគ្រួសារពលរដ្ឋរងគ្រោះដោយបាតុភូតធម្មជាតិនេះផងដែរ»។
ស្រដៀងគ្នានេះដែរ លោក អ៊ុយ សាគុណ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រៃវែង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដែរថា រដ្ឋបាលខេត្តតែងតែផ្សព្វផ្សាយអំពីបាតុភូតភ្លៀងលាយឡំខ្យល់កន្ត្រាក់នេះ ជាបន្តបន្ទាប់នៅពេលដែលក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងអំពីស្ថានភាពអាកាសធាតុម្ដងៗ។
លោកថ្លែងថា៖ «បាតុភូតភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងរន្ទះបាញ់នេះ គឺពិតជាបង្កនូវក្ដីបារម្ភខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋយើង ដែលរស់នៅតាមតំបន់ដាច់ស្រយាល និងដែលមានផ្ទះសម្បែងតូចៗមិនរឹងមាំ»។
យោងតាមទិន្នន័យដែលទទួលបានពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាតុភូតខ្យល់កន្ត្រាក់ និងរន្ទះបាញ់ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ បានបណ្ដាលឲ្យមនុស្ស ៣០ នាក់ស្លាប់ និងរងរបួស និងបង្កការខូចខាតផ្ទះ សាលារៀន ព្រមទាំងអគាររដ្ឋបាលសាធារណៈសរុបជាង ១ ២៧០ ខ្នង និងងាប់គោក្របីពលរដ្ឋសរុប ២១ ក្បាល៕
វីដេអូ៖