ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្យាករ​ថា អាកាសធាតុ​ក្នុង​រដូវប្រាំង​ឆ្នាំ​ ២០២១ ​នេះ​មាន​លក្ខណៈ​អំណោយផល​ល្អ​ជាង​ឆ្នាំមុន ប៉ុន្តែ​បាតុភូត​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​អាច​នឹង​កើតមាន​ច្រើនជាង​ឆ្នាំមុនៗ ពិសេស​នៅក្នុង​បណ្ដា​ខេត្ត​ដែល​ស្ថិត​តាម​តំបន់​វាលទំនាប និង​មាត់សមុទ្រ​។

បើតាម​ការព្យាករ​របស់​ក្រសួង​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៩ ខែ​មករា តំបន់​មាត់សមុទ្រ​នឹង​មាន​បាតុភូត​រន្ទះបាញ់​កើតឡើង​ជា​បន្តបន្ទាប់​ជាមួយ​ភ្លៀង​កក់ខែ​ធ្លាក់​ច្រើន​ជាង​មធ្យមភាគ​ប្រចាំឆ្នាំ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​ខ្លាំង​ចាប់តាំងពី​ចុងខែ​មករា​ទៅ​។

លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ជូនដំណឹង​ស្ដីពី​ការព្យាករ​អាកាសធាតុ​នោះ​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​រង​នូវ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ខ្ពស់ និង​វិសម្ពាធទាប​ខ្សោយ ដែលជា​ផ្នែក​មួយ​នៃ​បាតុភូត ENSO ។

លោក​បញ្ជាក់ថា​៖ «​ផ្អែក​តាម​ការវាយតម្លៃ​ជា​អន្តរជាតិ​ក៏ដូចជា​តំបន់​ស្តីពី​ស្ថានភាព​សីតុណ្ហភាព​លើ​ផ្ទៃសមុទ្រ​ប៉ាស៊ីហ្វិក ក្បែរ​ខ្សែ​អេក្វាទ័រ​បានបង្ហាញ​ថា ក្នុង​រដូវប្រាំង​ និង​ដើមរដូវ​វស្សា​ឆ្នាំ​នេះ សីតុណ្ហភាព​ក្នុង​ប្រទេស​កម្ពុជា​នឹងមាន​លក្ខណៈ​អំណោយផល​ល្អ ព្រោះ​កម្ពុជា​រង​ឥទ្ធិពល​នៃ​បាតុភូត La Nina ៥០ ​ភាគរយ និង​បាតុភូត Neutral ៥០ ​ភាគរយ​»​។

បើតាម​លោក គានហោ នៅក្នុង​រដូវប្រាំង​ឆ្នាំនេះ សីតុណ្ហភាព​អាច​ទាប​ ឬ​ប្រហាក់ប្រហែល​នឹង​មធ្យមភាគ​ឆ្នាំមុនៗ ពោល​គឺ​នៅ​ខែកុម្ភៈ​សីតុណ្ហភាព​អប្បបរមា​អាច​ស្ថិត​នៅក្នុង​រង្វង់​ពី​ ១៦-១៩ ​អង្សាសេ​ សម្រាប់​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល និង​ក្នុង​រង្វង់​ពី​ ១៣-១៦ ​អង្សាសេ ​សម្រាប់​បណ្ដា​ខេត្ត នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ជួរ​ភ្នំ​។ ដោយឡែក​សម្រាប់​តំបន់​មាត់សមុទ្រ​សីតុណ្ហភាព​អប្បបរមា​នឹង​អាច​ស្ថិត​ក្នុង​រង្វង់​ពី​ ១៩-២២ ​អង្សាសេ​។

ចាប់ពី​ខែ​មីនា ដល់​ខែមេសា​ធាតុអាកាស​អាច​នឹង​កើន​កម្តៅ​ជា​បន្តបន្ទាប់​ក្នុងនោះ បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល​មាន​សីតុណ្ហភាព​មធ្យម​អតិបរមា​អាច​ក្នុង​ចន្លោះ​ពី​ ៣៤-៣៧ ​អង្សាសេ​ នៅ​តំបន់​ខ្ពង់រាប​ និង​តំបន់​ជួរ​ភ្នំ​សីតុណ្ហភាព​មធ្យម​អតិបរមា​អាចមាន​ចន្លោះ​ពី ៣៣-៣៦ ​អង្សាសេ​ និង​នៅ​តំបន់​មាត់សមុទ្រ​សីតុណ្ហភាព​មធ្យម​អតិបរមា​អាច​នឹងមាន​ចន្លោះ​ពី​ ៣០-៣៣ ​អង្សាសេ​។ ចាប់ពី​ខែ​មេសា ដល់​ដើម​ខែឧសភា​កម្រិត​សីតុណ្ហភាព​អតិបរមា​អាច​នឹង​កើនឡើង​ខ្ពស់បំផុត​ក្នុង​រង្វង់​ ៣៩ ​អង្សាសេ​។

លោក​បន្តថា​៖ «​ចំណែក​បរិមាណ​ទឹកភ្លៀង​អាច​នឹងមាន​កម្រិត​ខ្ពស់ជាង​មធ្យមភាគ​ឆ្នាំមុនៗ ព្រោះ​នឹងមាន​ភ្លៀង​កក់ខែ​ធ្លាក់​ច្រើន​ក្នុង​ខែមីនា​ និង​ខែមេសា​ស្របពេល​បាតុភូត​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់​ក៏​នឹង​កើតឡើង​ច្រើន​ផងដែរ​»​។

តាម​ការព្យាករ​ដដែល រដូវវស្សា​នឹង​ចូលមក​ដល់​នៅ​សប្តាហ៍​ទី​១ នៃ​ខែ​ឧសភា ហើយ​នៅក្នុង​រដូវវស្សា​របាយ​ទឹកភ្លៀង​ជាទូទៅ​មាន​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។ ទោះយ៉ាងណា​លោក គានហោ បាន​អំពាវនាវ​ដល់​ប្រជាកសិករ​ក្នុង​តំបន់​ដាច់ស្រយាល​ដែល​គ្មាន​ប្រព័ន្ធ​ផ្លូវទឹក សូម​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ក្នុង​អំឡុងពេល​នៃ​រដូវប្រាំង​នេះ​៕

វីដេអូ៖