ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​តំបន់​វាលទំនាប​ជាប់​ជួរ​ភ្នំ និង​ប្រព័ន្ធ​ផ្លូវទឹក​នានា បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​អាច​នឹង​កើត​មាន​ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខ​នេះ​។

យោង​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ស្ដីពី «​ស្ថានភាព​ធាតុអាកាស​នៃ​ប្រទេស​កម្ពុជា​» ​ចុះ​ថ្ងៃទី​ ២៨ ខែ​ កក្កដា ឆ្នាំ​ ២០២០ បញ្ជាក់ថា ខ្យល់មូសុង​និរតី​កំពុង​បក់​ក្នុង​កម្រិត​បង្គួរ​មកលើ​ប្រទេស​កម្ពុជា ខណៈ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​កំពុង​បន្ត​អូសបន្លាយ​គ្របដណ្ដប់​លើ​ប្រទេស​ថៃ ឡាវ និង​វៀតណាម​ បាន​ធ្វើឲ្យ​ស្ថានភាព​អាកាសធាតុ​ក្នុង​ប្រទេស​កម្ពុជា មាន​ការប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​។

ស្ថិត​ក្នុង​ស្ថានភាព​នេះ បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ឦសាន​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​ក្នុង​នោះ​ក៏មាន​ផ្នែក​ខ្លះ​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​។ ចំណែក​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​គូសបញ្ជាក់​ថា​៖ «​ចាប់ពី​ថ្ងៃទី​ ៣១ ខែ​កក្កដា ដល់​ថ្ងៃទី​ ៤ ខែ​សីហា​ ខាងមុខ​នេះ​ ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​ទី​ទំនាប​ជាប់​ជួរ​ភ្នំ និង​ផ្លូវទឹក​អាច​នឹង​មាន​ជំនន់​ទឹកភ្លៀង​កើតឡើង​។ ជាមួយ​គ្នា​នេះ​បាតុភូត​ផ្គររន្ទះ និង​ខ្យល់​កន្ត្រាក់​អាច​នឹង​កើតមាន​ច្រើន​ផងដែរ ក្នុង​អំឡុងពេល​មាន​ភ្លៀង​ធ្លាក់​»​។

តាមរយៈ​ការព្យាករ​នេះ ប្រជាកសិករ​រស់នៅក្នុង​តំបន់​ទាំងនេះ​គប្បី​ត្រូវ​រួសរាន់​ប្រមូល​កសិផល​របស់​ខ្លួន​ឲ្យ​បាន​ទាន់​ពេលវេលា ចៀសវាង​រង​ការលិចលង់ ដោយ​ជំនន់​ទឹកភ្លៀង​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​។

បើ​តាម​ក្រសួង​ធនធានទឹក​ខេត្ត​នៃ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ដូចជា ខេត្ត​ព្រះសីហនុ កោះកុង កំពត និង​ខេត្ត​កែប​ចាប់ពី​ថ្ងៃទី​ ១-៣ ខែ​សីហា​ ខាង​មុខ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ហើយ​លើ​ផ្ទៃ​សមុទ្រ​មាន​រលក​សមុទ្រ​ធំៗ និង​ខ្យល់​បក់បោក​ខ្លាំង​។ ក្នុង​ស្ថានភាព​នេះ ប្រជានេសាទ​ក៏ដូចជា​អ្នកធ្វើ​ដំណើរ​កម្សាន្ត​តាម​ប្រជុំ​កោះ​នានា​នៃ​ខេត្ត​ជាប់មាត់​សមុទ្រ គប្បី​ផ្អាក​សកម្មភាព​ជា​បណ្ដោះអាសន្ន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​៕

វីដេអូ៖