ភ្នំពេញ៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃទី ១០ ឧសភា បាន​ច្រាន​ចោល​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​របស់​គណនី​ហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា Cambodia Weather Service និង​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ប្រឆាំង​នឹង​គណនី​មួយ​នេះ។

ការ​ប្រកាស​ច្រាន​ចោល​នូវ​រាល់​ព័ត៌មាន​ស្ដីពី​ស្ថានភាព​អាកាសធាតុ​របស់​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ពិនិត្យ​ឃើញ​ថា រាល់​ព័ត៌មាន​ស្ដីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ដែល​ចេញ​ផ្សាយ ឬ​បង្ហោះ​តាម ទំព័រ​ហ្វេសប៊ុក ឈ្មោះ Cambodia Weather Service នោះ មាន​ភាព​លម្អៀង​ច្រើន​ទៅ​នឹង​ស្ថានភាព​អាកាស​ធាតុ​ជាក់​ស្ដែង ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ គឺ​មាន​តែ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​តែ ១ គត់ ដែល​ជា​ស្ថាប័នរដ្ឋ​ចេញ​ផ្សាយ​នូវ​សេចក្ដី​ជូន​ដំណឹង ឬ​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​ស្ថានភាព​អាកាសធាតុ​ទូទៅ ក៏​ដូចជា​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ​នៅ​កម្ពុជា ប្រកប​ដោយ​សុក្រិត្យភាព ដោយ​បង្ហោះ​តាម​ផេក​ផ្លូវ​ការ​​របស់​ក្រសួង​ដែល​មាន​ឈ្មោះ​ថា «ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម Ministry of Water Resource and Meteorology»។

ក្រសួង​ធនធាន​ទឹក​បញ្ជាក់​ថា៖ «តាមរយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អាកាសធាតុ​ដែល​មិនមែន​ជា​ស្ថាប័ន​ទទួល​ខុស​ត្រូវ​របស់​រាជរដ្ឋាភិបាល ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម សូម​ច្រាន​ចោល​ទាំង​ស្រុង និង​មិន​ទទួល​ខុស​ត្រូវ​នោះ​ឡើយ និង​ចាត់​ទុក​ថា ជា​ចេតនា​មួយ​របស់​ជន​អនាមិក​ក្នុង​ការ​បង្ក​ឲ្យ​មាន​ការ​យល់​ខុស លើ​ស្ថានភាព​អាកាសធាតុ​ជាក់​ស្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​គ្រប់​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ទាំង​អស់ កុំ​មាន​ការ​ភាន់ច្រឡំ ឬ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ផ្សព្វផ្សាយ​នូវព័​ត៌មាន​មិន​ពិត​ស្ដីពី​ស្ថានភាព​អាកាសធាតុ និង​ជំនន់​ទឹក​ភ្លៀង ឬ​ជំនន់​ទន្លេ​មេគង្គ​នៅ​ប្រទេស​កម្ពុជា ដោយ​ក្រុម​ជន​អនាមិក​មួយ​ចំនួន​នៅ​លើ​ផេក​ ឬ​គណនី​ហ្វេសប៊ុក​ណា​មួយ​ដែល​មិនមែន​ជា​របស់​រដ្ឋ។

ជាមួយ​គ្នា​នេះ ក្រសួង​ធនធាន​ទឹក​ក៏​បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​ទាំង​ឡាយ​ណា ដែល​នៅ​តែ​បន្ត​ការ​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ស្ថានភាព​អាកាសធាតុ​មិន​ពិត​នេះ ក្នុង​បំណង​ទុច្ចរិត​ណា​មួយ ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍ ឬ​ដើម្បី​បំភាន់​មតិ​សាធារណជន។

ជុំវិញ​ករណី​នេះ Cambodia Weather Service បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ប្រាប់​មហាជន​ថា Page នេះជា Page ឯកជន​សុទ្ធសាធ។ ឯ​ការ​ចុះផ្សាយ​របស់​ខ្លួន គឺ​ក្នុង​គោល​បំណង​ចែក​រំលែក​ចំណេះ​ដឹង និង​ព័ត៌មាន​ទាក់ទង​នឹង​ស្ថានភាព​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា ប៉ុណ្ណោះ។

កាល​ពី​រសៀល​ថ្ងៃទី ៦ ខែឧសភា Cambodia Weather Service បាន​បង្ហោះ​ព័ត៌មាន​មួយ​ស្ដីពី​ការ​ព្រមាន​អំពី​ជំនន់​ទឹក​ភ្លៀង (Flood Flash warning) ក្នុង​តំបន់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។

តាម​ការ​ផ្សព្វផ្សាយ​នោះ​ថា រាជធានី-ខេត្ត​ទាំង ២ នេះ នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយ​ឡំ​នឹង​គំនួច​ខ្យល់​ដែល​មាន​ផ្គរ​រន្ទះ (downpour and Supercell) ដែល​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង កើត​ឡើង​ក្នុង​កម្រិត​តិច​តួច នៅ​តាម​បណ្ដា​ស្រុក-ខណ្ឌ មួយ​ចំនួន ដែល​ស្ថិត​ក្នុង​តំបន់​ទី​ទំនាប៕