ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ម្សិលមិញ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ទន្លេសេកុង សេសាន​ និង​ទន្លេ​ស្រែពក ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ចំពោះ​គ្រោះ​ទឹកជំនន់​ដែល​បង្កឡើង​ពី​ទឹកទន្លេ​ទាំង​ ៣ ​នេះ​។

សេចក្ដី​អំពាវនាវ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ពិនិត្យឃើញ​ស្ថានភាព​កម្ពស់​ទឹកទន្លេ​ទាំង ៣ ​ខាងលើ​នេះ​មាន​ការ​ហក់ឡើង​ជា​បន្តបន្ទាប់ ក្រោយពី​ឥទ្ធិពល​ព្យុះ​លីនហ្វា (Linfa) និង​ប្រព័ន្ធ​វិសម្ពាធ​ទាប (ITCZ) បាន​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា បង្ក​ជា​ជំនន់​ទឹកភ្លៀង​នៅក្នុង​ផ្នែក​ខ្លះ​នៃ​តំបន់​វាលទំនាប​ជាប់​ផ្លូវទឹក និង​ក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​បណ្ដា​ខេត្ត​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។

ក្រសួង​បាន​ប្រកាស​ថា​៖ «​ឥទ្ធិពល​ទាំង​ ២ ​នេះ​កំពុង​ជំរុញ​ឱ្យ​កម្ពស់​ទឹកទន្លេ​សេកុង សេសាន និង​ទន្លេស្រែពក ក្នុង​ខេត្ត​ស្ទឹងត្រែង​ស្ទុះ​ងើបឡើង​យ៉ាង​ឆាប់រហ័ស​ដែល​នឹង​អាច​បង្ក​ជា​ជំនន់​ជន់លិច​នៅ​ផ្នែក​ខ្លះ​បន្ថែមទៀត​ក្នុង​តំបន់​វាលទំនាប​ជាប់​ផ្លូវទឹក និង​ខ្ពង់រាប​នៃ​ខេត្ត​នេះ​»​។

ជាមួយ​នឹង​ការកើនឡើង​នៃ​កម្ពស់​ទឹកទន្លេ​ទាំង​ ៣ ​នេះ និង របាយ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​នៅក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​អាង​ទន្លេមេគង្គ​ផ្នែក​ខាងលើ​ក៏បាន​ជំរុញ​ឱ្យ​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង ក្រចេះ និង កំពង់ចាម មានការ​ហក់​ឡើង​មួយកម្រិត​ផងដែរ ប៉ុន្តែ​សម្ទុះ​នៃ​ការហក់​ឡើង​នេះ គឺ​ស្ថិតនៅ​ទាប​ជាង​កម្រិត​កម្ពស់​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​នៅឡើយ​។

ទោះយ៉ាងណា​ក៏ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​សាធារណជន ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អមសងខាង​ទន្លេសេកុង សេសាន និង​ទន្លេស្រែពក បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​តាមដាន​ជាប្រចាំ​អំពី​ស្ថានភាព​នៃ​កម្ពស់​ទឹក​ក្នុង​ទន្លេ​ទាំង​ ៣ ​នេះ ដើម្បី​បង្ការ និង​កាត់បន្ថយ​នូវ​ហានិភ័យ​ផ្សេងៗ​នៅក្នុង​សហគមន៍​មូលដ្ឋាន​។ ចំពោះ​បណ្ដា​ខេត្ត​ដែលមាន​ទំនាក់ទំនង​នឹង​របប​ទឹកទន្លេ​ត្រូវ​មាន​វិធានការ​បើក​ទ្វារ​ទឹក ដើម្បី​បញ្ចូល​ទៅតាម​ព្រែក បណ្ដា​អាងទឹក​នានា និង​តំបន់​ទំនាប​។

ជុំវិញ​ករណី​នេះ​លោក ម៉ែន គុង អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្ពស់​ទឹកទន្លេ​សេកុង គិត​ត្រឹម​វេលា​ម៉ោង​ ១០ ​ព្រឹក​ថ្ងៃទី​ ១២ ខែតុលា ឆ្នាំ​ ២០២០ ​បាន​ហក់ឡើង​ដល់​ ១០,៥២ ​ម៉ែត្រ ប្រកៀក​នឹង​កម្រិត​កម្ពស់​ដែល​ត្រូវ​ប្រកាសអាសន្ន ១១,៥០ ​ម៉ែត្រ ខណៈ​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅ​ស្ថានីយ​ស្ទឹងត្រែង​បាន​ហក់ឡើង​ដល់​ ៧,១៥ ​ម៉ែត្រ គឺ​ទាបជាង​កម្រិត​កម្ពស់​ប្រកាសអាសន្ន​រហូតដល់ ៤,៥៥ ​ម៉ែត្រ​។

លោក​ថ្លែងថា​៖ «​ថ្វីបើ​កម្ពស់​ទឹកទន្លេ​សេកុង និង​ទឹកទន្លេ​មេគង្គ នៅ​មិនទាន់​ហក់​ឡើងដល់​កម្រិត​ប្រកាសអាសន្ន ប៉ុន្តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​ជាច្រើន​ថ្ងៃ​មកនេះ​បាន​បង្ក​ជា​ជំនន់​ទឹកភ្លៀង ជន់លិច​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​ ១០០០ ​គ្រួសារ​នៅក្នុង​ឃុំ​ចំនួន​ ៥ ​នៃ​ស្រុក​ថាឡាបរិវ៉ាត់​។ ខណៈ​នេះ​អាជ្ញាធរ​យើង​កំពុង​ចុះ​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រងគ្រោះ​»​។

ចំណែក​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​ហូរ​ចាក់​ពី​ភ្នំ និង​ប្រព័ន្ធ​អូរ និង​ស្ទឹង​មួយចំនួន បាន​ធ្វើឱ្យ​ច្រោះ​បាក់ខ្នង​ទំនប់​ស្ទាក់​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភូមិ​ថ្នល់បត់ ឃុំ​អមលាំង ស្រុក​ថ្ពង​កាលពី​យប់​ថ្ងៃអាទិត្យ​។

លោក​ថ្លែងថា​៖ «​ការបាក់​ធ្លាយ​ទំនប់​ស្ទាក់​ទឹក​នេះ​បាន​បង្ក​ការលិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ១៧០ ​គ្រួសារ​ក្នុង​នោះ​ផ្ទះ​ ១១ ​ខ្នង​បាន​ខូចខាត​ទាំងស្រុង ដោយសារ​ទឹក​ហូរ​បុក​។ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ​»​។

ដោយ​ពិនិត្យឃើញ​ស្ថានភាព​នៃ​កម្ពស់​ទឹក​នៅក្នុង​អាង​ស្តុកទឹក និង​ស្ទឹង​មួយចំនួន​នៅក្នុង​ខេត្ត​នេះ​ទឹក​បាន​ហក់​ឡើង​ជា​បន្តបន្ទាប់​នោះ លោក សំណាង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ផ្នែក​ខាងក្រោម​នៃ​ទំនប់​ចាន់​ថ្នាល​ផ្នែក​ខាងលើ​ និង​ខាងក្រោម​នៃ​ទ្វារ​ទឹក​រលាំងជ្រៃ និង​តាម​បណ្ដោយ​ដងស្ទឹង​ព្រែក​ត្នោត​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន និង​ត្រៀម​បង្ការ​ឱ្យ​បាន​ខ្ពស់ ដោយ​ជំនន់​ទឹកភ្លៀង​នេះ​នឹង​អាច​កើតមានឡើង​នៅ​តាម​តំបន់​ខាងលើ​ជាយថាហេតុ​។ ជាមួយ​គ្នា​នេះ​លោក​ក៏បាន​បញ្ជា​ឱ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​ ៣ ​ប្រភេទ មន្ទីរ​​ជំនាញ​ត្រូវ​ទទួល​ខុសត្រូវ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​ផងដែរ​។

ការបាក់​ទំនប់​ស្ទាក់​ទឹក​នៅ​ខេត្តកំពង់ស្ពឺ និង​ការ​ធ្លាក់ភ្លៀង​ដ៏ច្រើន​សន្ធឹកសន្ធាប់​នា​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​បាន​ធ្វើឱ្យ​មាន​ជំនន់​ទឹកភ្លៀង​កើតឡើង នៅ​ផ្នែក​ខ្លះ​នៃ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​ដែល​ធ្វើឱ្យ​មាន​ការផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​នៅ​តាម​ផ្លូវ​មួយចំនួន​ក្នុង​ទីប្រជុំជន​រាជធានី​នេះ​ផងដែរ​។

ដើម្បី​ដោះស្រាយ​នូវ​វិបត្តិ​នេះ​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​កាលពី​យប់​ថ្ងៃអាទិត្យ​បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លើ​ខ្នង​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ដែល​កំពុង​យាយី​ដោយ​ជំនន់​ស្ទឹង​ព្រែក​ត្នោត​នៅ​ភូមិសាស្ត្រ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។

ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ជាក់ស្តែង​ទាំងយប់​នេះ​លោក​រដ្ឋមន្ត្រី លឹម គានហោ បាន​ណែនាំ​បន្ថែមទៀត​ទៅដល់​ក្រុម​ការងារ​បច្ចេកទេស​ឱ្យ​យក​បាវ​ខ្សាច់​មក​រៀប​លើ​ខ្នង​ទំនប់​កម្ពស់ ០,៥០ ​ម៉ែត្រ ដើម្បី​លើកកម្ពស់​ខ្នង​ទំនប់​បន្ថែម បង្ការ​​លំហូរ​ទឹក​ពីលើ​ខ្នង​ទំនប់​ដែល​អាច​បង្ក​ឱ្យ​មាន​ការលិច​លង់ដល់​ភូមិឋាន​ប្រជាពលរដ្ឋ​នៅ​ប៉ែក​ខាងក្រោម​។

លោក រដ្ឋមន្ត្រី បាន​បញ្ជាក់ថា​៖ «​ស្ថានភាព​ទឹក​នៅ​បន្ត​ឡើង​បន្ថែម​ទៀត តែ​មិនទាន់​មាន​អ្វីដែល​ជា​ការយាយី​ដល់​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ដោយ​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង​បាន​ធ្វើការ​បិទ​រូង​នាគ​ជាច្រើន​កន្លែង​នៅតាម​ខ្នង​ទំនប់ និង​យាម​ប្រចាំការ ២៤ ​ម៉ោង​លើ​ ២៤ ​ម៉ោង​អស់​រយៈពេល​ ១ ​សប្តាហ៍​មកហើយ​»​។

ជាមួយ​គ្នា​នេះ​លោក​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ដែល​កំពុង​ធ្វើ​ការដ្ឋាន​ក៏ដូចជា​បណ្តា​ក្រុមហ៊ុន​ឯកជន និង​បងប្អូន​ប្រជាពលរដ្ឋ រក្សា​នូវ​ទំហំ ឬ​ច្រក​មុខទឹក​ចាស់ ដើម្បី​ធានា​ដល់​ការរំដោះ​ទឹក​ឱ្យមាន​ប្រសិទ្ធភាព ទាន់ពេលវេលា បើ​ពុំ​នោះទេ​រាជធានី​ភ្នំពេញ​នឹង​ទទួល​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​។

ចាប់​តាំងពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ១២ ខែ​តុលា ឆ្នាំ​ ២០២០ ជំនន់​ទឹកភ្លៀង​បាន​បង្ក​ការជន់លិច រាជធានី-ខេត្ត​ចំនួន​ ១០ រួមមាន រាជធានី​ភ្នំពេញ កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ស្ទឹងត្រែង និង​ស្វាយរៀង​ព្រមទាំង​បាន​បង្ក​ឱ្យ​មនុស្ស​ចំនួន​ ១១ ​នាក់​ស្លាប់ និង​មាន​ពលរដ្ឋ​ជាង​ ១២០០ ​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅឋាន​ទៅកាន់​ទីទួល​សុវត្ថិភាព​។ នេះ​បើតាម​សម្ដី​របស់​លោក ឃុន សុខា អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ​កាលពី​ថ្ងៃ​ចន្ទ​៕

វីដេអូ៖