ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ខេត្ត​ឧត្តរមានជ័យ បង្កើន​ការប្រុងប្រយ័ត្ន​អំពី​បាតុភូត​ភ្លៀង​ និង​ផ្គររន្ទះ​ដែល​កើតឡើង​ពី​ឥទ្ធិពល​នៃ​រលក​កម្ដៅ​ក្នុង​បរិយាកាស​។ នេះ​បើ​យោងតាម​សេចក្ដី​ជូនដំណឹង​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ថ្ងៃទី​ ១០ ខែ មីនា ឆ្នាំ​ ២០២១​។

យោង​តាមរយៈ​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​បាន​ឱ្យដឹង​ថា នៅពេលនេះ​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប៉ាស៊ីហ្វិក​បាន​ធ្លាក់​ចុះមក​គ្របដណ្ដប់​លើ​តំបន់​ខ្ពង់រាប​ឦសាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បង្កើត​ឱ្យ​មាន​បាតុភូត​សម្ពាធ​ទាប​តូចៗ​ដែល​បំប្លែង​ចេញពី​កម្ដៅ​ខ្យល់ និង បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើ​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ដោយ​មាន​លាយឡំ​ជាមួយ​បាតុភូត​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​។

តាមរយៈ​សេចក្ដី​ជូន​ដំណឹង​ដដែល​នោះបាន​ឱ្យដឹងថា​៖ «​ចាប់ពី​ថ្ងៃទី​ ១០ ដល់​ថ្ងៃទី​ ១៦ ខែមីនា សីតុណ្ហភាព​អតិបរមា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​កើនឡើង​នៅក្នុង​ចន្លោះ​ពី​ ៣៦-៣៨ ​អង្សាសេ​។ ការកើនឡើង​នៃ​រលក​កម្ដៅ​ក្នុង​បរិយាកាស​នេះ​នឹង​បង្ក​ឱ្យ​មាន​បាតុភូត​ភ្លៀងខ្យល់ និង​ផ្គរ​រន្ទះ​កើតឡើង​ដោយ​អន្លើ​នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ពាយព្យ និង​ជួរ​ភ្នំដងរែក ជាពិសេស​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​»​។

ទន្ទឹមនឹងនេះ​លោក ញើន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង ឧតុនិយម ខេត្ត​ឧត្តរមានជ័យ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ​ម្សិលមិញ​ថា នៅ​សប្ដាហ៍​ទី​ ១ ដើមខែ​មីនា​នេះ​បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បាន​កើត​មាន​ ២ ​លើក​មកហើយ​នៅក្នុង​ក្រុង​សំរោង ដោយ​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ ៣១ ​ខ្នង​។

លោក ញើន កួន បាន​ថ្លែងថា បន្ទាប់ពី​មាន​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​នេះ រលក​កម្ដៅ​ក្នុង​បរិយាកាស​ក៏បាន​ស្ទុះ​ងើប​យ៉ាង​ឆាប់រហ័ស​ឡើងវិញ​ផងដែរ ជាមួយ​សីតុណ្ហភាព​អតិបរមា​ពី​ ៣៦-៣៨ ​អង្សាសេ​នៅក្នុង​ចន្លោះពេល​ពី​ម៉ោង​ ១១ និង​ ៣០ ​នាទី​ព្រឹក​ដល់​ម៉ោង​ ២ និង​ ៣០ ​នាទី​រសៀល​។

លោក កួន បាន​ថ្លែង​ថា​៖ «​នៅពេលនេះ [​រសៀល​ថ្ងៃ​ពុធ​] ផ្ទៃមេឃ​ស្រទំ ប៉ុន្តែ​សីតុណ្ហភាព​បាន​កើនឡើង​ដល់​ ៣៧ អង្សាសេ និង​មាន​សភាព​ស្អុះស្អាប់ ហប់​ខ្យល់​ដែល​ហាក់ដូចជា​មេឃ​កំពុង​រកកល់ភ្លៀង​»​។

បើតាម​លោក កួន ស្ថានភាព​អាកាសធាតុ​នៅក្នុង​ឆ្នាំ ២០២១ ​នេះ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​បណ្ដា​ឆ្នាំមុនៗ ព្រោះ​រដូវរងា​បាន​អូសបន្លាយ​រយៈពេល​វែង ហើយ​ក្នុង​រដូវប្រាំង​នេះ​ទៀតសោត​មាន​ភ្លៀង​កក់ខែ​កើតឡើង​ច្រើន​ដែល​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការងារ​បង្កបង្កើនផល​កសិកម្ម​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅ​ឆ្នាំនេះ​ប្រភពទឹក​ [​អាង​ស្តុក​ទឹក​] ​យើង​នៅសល់​ទឹក​ច្រើន​គ្រប់គ្រាន់ សម្រាប់​ផ្គត់ផ្គង់​ការស្រោចស្រព​ស្រូវប្រាំង និង​ដំណាំ​រួមផ្សំ​ផ្សេងទៀត​របស់​ប្រជាកសិករ​នៅ​ទូទាំង​ខេត្ត​នេះ​»​។

ចំណែក​លោកស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង​នៅ​ថ្ងៃ​ម្សិលមិញ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​តំបន់ឆ្នេរ ជាពិសេស​ប្រជានេសាទ​នៅក្នុង​ខេត្ត​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ និង​ផ្គររន្ទះ​នេះ​ផងដែរ​។

លោកស្រី មិថុនា ភូថង បាន​ថ្លែង​បញ្ជាក់ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ឱ្យដឹងថា​៖ «​បន្ទាប់ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ជូនដំណឹង​អំពី​ស្ថានភាព​អាកាសធាតុ រដ្ឋបាល​ខេត្តកោះកុង​យើង​បាន​ធ្វើការ​ផ្សព្វផ្សាយ​បន្ត ដោយ​បាន​អំពាវនាវ​ដល់​ប្រជានេសាទ​ផ្អាក​ចេញ​ទូក​នេសាទ​ជា​បណ្ដោះអាសន្ន ដើម្បី​បង្ការ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​»​។

បើតាម​លោកស្រី មិថុនា ខេត្ត​កោះកុង​មាន​ភ្លៀង​ធ្លាក់​ ២ ​ថ្ងៃ​ជាប់​គ្នា​មកហើយ ប៉ុន្តែ​មិនមាន​ខ្យល់​បក់បោក​ខ្លាំង បង្ក​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ដុំកំភួន​នៅឡើយ​ទេ​។ ទោះជា​បែបណា លោកស្រី មិថុនា ភូថង បាន​ណែនាំ​ដល់​គ្រប់​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​នៅ​ទូទាំង​ខេត្តកោះកុង ត្រៀម​លក្ខណៈ​ចុះ​អន្តរាគមន៍​ជួយ​ដល់​ពលរដ្ឋ​ក្នុង​ករណី​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​កើតឡើង ដោយសារ​បាតុភូត​ធម្មជាតិ ដូចជា​​ខ្យល់​កន្ត្រាក់​ដែល​អាច​នឹង​កើត​លើ​តំបន់​ណាមួយ​៕