ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់ពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្ដាលជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន បន្តបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតអំពីជំនន់ទឹកភ្លៀងដែលអាចនឹងកើតមានឡើងនៅចុងសប្ដាហ៍នេះ។
ផ្អែកតាមលទ្ធផលនៃការព្យាករកាលពីព្រឹកម្សិលមិញ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា៖ «ភ្លៀងនឹងបន្តធ្លាក់គ្របដណ្ដប់លើតំបន់វាលទំនាបកណ្ដាល ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសានក្នុងកម្រិតពីមធ្យមទៅច្រើនចាប់ពីថ្ងៃទី ១២-១៨ ខែសីហា ឆ្នាំ ២០២០»។
បើតាមការព្យាករនេះ ព្យុះ JANGMI ដែលកើតនៅឧបទ្វីបកូរ៉េ និងព្យុះ MEKKHALA នៅសមុទ្រចិនខាងត្បូងជាប់នឹងកោះតៃវ៉ាន់បានជំរុញឲ្យមានជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី បង្កើនឥទ្ធិពលកាន់តែខ្លាំងមកលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យមានភ្លៀងពីមធ្យមទៅច្រើនដែលអាចបង្កជាជំនន់ទឹកភ្លៀង ពិសេសនៅតំបន់ខាងលើ និងនៅមាត់សមុទ្រ។
ទន្ទឹមនឹងនេះបាតុភូតខ្យល់កន្ត្រាក់ និងរន្ទះក៏នឹងកើតច្រើនដែរ ពេលមេឃជិតភ្លៀង និងកំពុងភ្លៀង។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ជា ពិសិដ្ឋ អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពេលនេះ [ម្សិលមិញ] កម្ពស់ទឹកនៅបឹងតាម៉ុក ខេត្តឧត្តរមានជ័យបានស្រកចុះប្រមាណ ១០ សង់ទីម៉ែត្រ បើធៀបនឹងថ្ងៃទី ១០ ខែសីហា។ ប៉ុន្តែផ្ទៃមេឃនៅអួអាប់ និងមានភ្លៀងធ្លាក់ក្នុងតំបន់ផ្ទៃរងទឹកភ្លៀងជាប់ជួរភ្នំដងរែក។
លោកថា៖ «បច្ចុប្បន្នផ្ទះអ្នកភូមិមួយចំនួនដែលស្ថិតនៅផ្នែកខាងក្រោមជាប់តំបន់អាងទឹកតាម៉ុកកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង ហើយផ្ទះអ្នកភូមិទាំងនោះនឹងរងការជន់លិច ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាដូចការព្យាករ»។
លោក ពិសិដ្ឋ បានបន្តថា ពេលនេះអាជ្ញាធរកំពុងចុះផ្សព្វផ្សាយដល់ពលរដ្ឋក្នុងតំបន់ងាយរងគ្រោះឲ្យបង្កើនការប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀងនេះ និងបានត្រៀមទីទួលសុវត្ថិភាពសម្រាប់ផ្ដល់ជូនដល់ពួកគេ ដើម្បីតាំងលំនៅបណ្ដោះអាសន្នរួចហើយ។
ទោះជាយ៉ាងណា ប្រជាកសិករ និងអាជ្ញាធរស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យកាលពីថ្ងៃម្សិលមិញបានសម្ដែងក្ដីរីករាយ បន្ទាប់ពីទទួលដំណឹងពីការព្យាករដែលថាមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើនចាប់ពីថ្ងៃទី ១២-១៨ ខែសីហា បន្ទាប់ពីជួបគ្រោះរាំងស្ងួត និងខ្វះទឹកប្រើប្រាស់ចាប់ពីចុងខែឧសភា ឆ្នាំ ២០២០ មកនោះ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរីបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា នៅឆ្នាំនេះភាពរាំងស្ងួតបានអូសបន្លាយយូរធ្វើឲ្យស្ទឹងព្រែក និងប្រព័ន្ធប្រឡាយនានាក្នុងស្រុកមង្គលបុរី ខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃផង និងខ្វះទឹកស្រោចស្រពស្រូវវស្សាផង ជាហេតុធ្វើឲ្យស្រូវជិត ៧០ ភាគរយនៃផ្ទៃដីសរុបជាង ៥០ ០០០ ហិកតា រងផលប៉ះពាល់ និងខូចខាត។
លោកថា៖ «មកទល់ពេលនេះយើងទើបទទួលបានទឹកភ្លៀង ២ មេធំៗប៉ុណ្ណោះ ខណៈដំណាំស្រូវរបស់កសិករប្រមាណជិត ៧០ ភាគរយបានរងការខូចខាតស្ទើរទាំងស្រុង។ កសិករយើងនឹងកាន់តែរីករាយ ប្រសិនបើមានភ្លៀងធ្លាក់ច្រើននៅចុងសប្ដាហ៍នេះដូចការព្យាករមែននោះ»។
ជាមួយគ្នានេះលោក ជា ទី តំណាងប្រជាកសិករក្នុងឃុំសឿបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រោយពីមានភ្លៀងធ្លាក់ ២ មេធំៗជាប់ៗគ្នាមក ស្ទឹងមង្គលបុរីដែលគោករីងជាច្រើនសប្ដាហ៍កន្លងមកនេះមានទឹកដក់ត្រឹមពាក់កណ្ដាលស្ទឹងវិញ ហើយប្រឡាយ និងព្រែកមួយចំនួនទៀតក៏មានទឹកដក់ឡើងវិញផងដែរ។
លោកថ្លែងថា៖ «នៅពេលនេះយើងត្រូវការទឹកភ្លៀង ដើម្បីសង្គ្រោះស្រូវរបស់យើងដែលកំពុងខ្វះទឹក ហើយយើងចង់ឲ្យមានភ្លៀងធ្លាក់ខ្លាំង ៣-៤ មេធំៗបន្ថែមទៀតដើម្បីឲ្យមានទឹកដក់ពេញនៅក្នុងស្ទឹង និងប្រព័ន្ធប្រឡាយព្រែកនានា ដើម្បីឲ្យមានភាពងាយស្រួលដល់ពួកយើងក្នុងការបង្កបង្កើនផលស្រូវជាលើកទី ២ ដើម្បីស្ដារការខូចខាតឡើងវិញ»៕
វីដេអូ៖