ភ្នំពេញៈ ក្រសួង​មួយចំនួន​ក្រើន​រំឭក​ឱ្យ​មន្ត្រី និង​ស្ថាប័ន​ដែល​នៅក្រោម​បង្គាប់ អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ឱ្យបាន​ម៉ឺងម៉ាត់​ពី​ជំងឺ​កូវីដ​ ១៩ ហើយ​បុគ្គល​ម្នាក់ៗ​ត្រូវ​រាយការណ៍ និង​តាមដាន​សុខភាព​ប្រចាំថ្ងៃ បន្ទាប់ពី​ព្រឹត្តិការណ៍​ថ្ងៃ​ ៣ វិច្ឆិកា ដែល​ធ្វើឱ្យ​មន្ត្រី​ជាន់ខ្ពស់​ចំនួន​ ៤ ​នាក់ បាន​ឆ្លង​ជំងឺ​នេះ​។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឱ្យដឹង​ក្នុង​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​ ១០ វិច្ឆិកា​ថា ការ​រំឭក​ជាថ្មី​នេះ គឺ​ដើម្បី​បន្ត​បង្កើន​ការយក​ចិត្ត​ទុកដាក់ និង​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការអនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ជាពិសេស​នៅតាម​រោងចក្រ​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​។

ក្រសួង​ការងារ​បាន​ណែនាំ​ឱ្យ​តាម​បណ្តា​រោងចក្រ​ទាំងអស់​ត្រូវ​ចាត់តាំង​ឱ្យ​មាន​អ្នករដ្ឋបាល ឬ​អ្នកគ្រប់គ្រង​ចំនួន ២ នាក់ ឬ​ប្រគល់​សិទ្ធិ​ដល់​គណៈកម្មការ​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែង​ធ្វើការ​ឱ្យធ្វើ​ការផ្សព្វផ្សាយ និង​ណែនាំ​ជាប្រចាំ​ដល់​កម្មករនិយោជិត​អំពី​វិធានការ​អនាម័យ សុវត្ថិភាព និង​សុខភាព ជាពិសេស​វិធានការ​បង្ការ​ជំងឺ​កូវីដ ១៩ ហើយ​ការផ្សាព្វផ្សាយ​នេះ​ត្រូវ​ធ្វើ​ឡើង​ជា​រៀងរាល់ថ្ងៃ​សៅរ៍ ឬ​ច្រើនជាង​នេះ​រហូត​ដល់​ករណី​ជំងឺ​កូវីដ​ ១៩ ត្រូវបាន​បញ្ចប់​។

ក្រសួង​ក៏​បាន​ណែនាំ​ឱ្យ​គ្រប់​រោងចក្រ​ទាំងអស់​ត្រូវ​តាមដាន កត់ត្រា និង​ត្រៀម​អាល់កុល ឬ​ជែល សាប៊ូ​លាងដៃ នៅតាម​ច្រកចេញចូល​រោងចក្រ និង​ប្រើ​ម៉ាស៊ីន​វាស់​កម្តៅ​ទៅលើ​កម្មករ​គ្រប់ៗ​គ្នា បើ​ក្នុង​ករណី​មាន​ការសង្ស័យ​ត្រូវ​រាយការណ៍​ទៅ​ក្រសួង​សុខាភិបាល​ជា​បន្ទាន់​។

ក្រសួង​បញ្ជាក់ថា​៖ «​ទូរស័ព្ទ​ទៅ ១១៥ ប្រសិន​ជា​មាន​កម្មករ​និយោជិត​ណា​ម្នាក់​មាន​កម្តៅ​លើសពី ៣៧, ៥ អង្សា និង​មាន​រោគសញ្ញា​មួយ​យ៉ាងតិច​ដូចជា​ក្អក ហៀរសំបោរ ឈឺបំពង់ក ដង្ហើម​ខ្លី ឬ​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​តំបន់​ដែលមាន​កើត​ជំងឺ​កូវីដ​ ១៩ ឬ​បាន​ប៉ះពាល់​ជាមួយ​សត្វ​ឈឺ​ក្នុង​អំឡុងពេល ១៤ ​ថ្ងៃ​មុន​ចេញ​រោគសញ្ញា​»​។

ក្រសួង​រំពឹង​ថា ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស កម្មករនិយោជិត អង្គការ​វិជ្ជាជីវៈ​នានា និង​សាធារណជន​ទាំងអស់​ចូលរួម​សហការ​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តី​ជូនដំណឹង​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

ជាមួយ​គ្នា​នោះ​ផងដែរ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏​បាន​ណែនាំ​ឱ្យ​មន្ត្រី​របស់ខ្លួន​ដែល​បន្ត​បំពេញ​​ការងារ​ជាធម្មតា​ឱ្យ​អនុវត្ត​វិធានការ​តាមដាន​ស្ថានភាព​សុខភាព​ផ្ទាល់ខ្លួន​ប្រចាំថ្ងៃ និង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ព្រឹត្តិការណ៍​វិវត្ត​ថ្មី​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សាធារណការ​កាលពី​ថ្ងៃទី ១០ វិច្ឆិកា ​បានបញ្ជាក់​ថា មន្ត្រី​បន្ត​ធ្វើការ​បំពេញ​ទម្រង់​ឌីជីថល​រាយការណ៍​ពី​ស្ថានភាព​ផ្ទាល់ខ្លួន​ឱ្យ​បាន​ទៀងទាត់​ជា​រៀងរាល់ថ្ងៃ​តាមរយៈ​ប្រព័ន្ធ​គេហទំព័រ​ដែល​មាន​អាសយដ្ឋាន http://trace.covid19.gov.kh ឬ​ស្កែន QR code ។ ជាមួយ​គ្នា​នោះ ស្នើឱ្យ​បន្ត​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​រាតត្បាត​»​។

ខណៈ​ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏​បាន​ណែនាំ​ដល់​មន្ត្រី​អប់រំ​បម្រើការ​នៅតាម​អង្គភាព​ថ្នាក់ជាតិ​ឱ្យ​បំពេញ​ការងារ​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​តាម​ប្រព័ន្ធ​អនឡាញ និង​ផ្អាក​ការត្រួតពិនិត្យ​វត្តមាន​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ក៏​បាន​ឱ្យដឹង​តាមរយៈ​លិខិត​ផងដែរ​ថា ក្រសួង​អនុញ្ញាត​ឱ្យ​មន្ត្រី​អប់រំ​ទាំងនោះ បន្ត​ដាក់​ឆ្លង​ឯកសារ និង​បែងចែង​ឯកសារ​តាម​ប្រព័ន្ធ​អនឡាញ និង​រៀបចំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ ខណៈ​អង្គភាព​ថ្នាក់ជាតិ​ទាំងអស់​ត្រូវ​តាមដាន និង​រាយការណ៍​ជាប្រចាំ​អំពី​ស្ថានភាព​សុខភាព​ឱ្យ​បាន​គ្រប់ពេលវេលា នៅពេល​ចេញ​ ឬ​ចូល​កន្លែង​ការងារ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ចាក់​ផងដែរ​ថា​៖ «​ត្រូវ​រក្សា​អនាម័យ ដោយ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​ទឹក​អាល់កុល​ជាប្រចាំ​។ គ្រប់​ច្រកចេញចូល​ត្រូវ​កំណត់ឱ្យ​មានការ​វាស់​កម្តៅ និង​ពាក់ម៉ាស់​ជាប្រចាំ ហើយ​ក្នុងករណី​មិន​អនុវត្ត​តាម​ការណែនាំ មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ចូលក្នុង​បរិវេណ​កន្លែង​ការងារ​»​។

លោក ហែន ភារៈ វេជ្ជបណ្ឌិត​ផ្នែក​ផ្លូវដង្ហើម​ដែល​មាន​បទពិសោធ​ជាង ២០ ឆ្នាំ​បាន​ថ្លែង​ឱ្យដឹង​កាលពី​ម្សិលមិញ​ថា វិធានការ​ដែល​រដ្ឋាភិបាល និង​ក្រសួង បាន​ដាក់​ចេញ​ក្នុង​ពេលនេះ ​គឺ​ពិតជា​វិធានការ​ដែល​ត្រឹមត្រូវ បន្ទាប់ពី​ព្រឹត្តិការណ៍ ៣ វិច្ឆិកា បាន​កើតឡើង​។ ប៉ុន្តែ​លោក​មាន​ការសោកស្តាយ​ដែល​មុន​ហ្នឹង មន្ត្រី​រដ្ឋាភិបាល​ហាក់​មាន​​ការធ្វេសប្រហែស​ដែល​នាំឱ្យ​ជំងឺ​នេះ ផ្ទុះឡើង​ជាថ្មី​ទៀត​ក្នុង​ពេលនេះ​។

លោក​បញ្ចាក់​ថា​៖ «​វិធានការ​នេះ​គឺ​ត្រឹមត្រូវ​ហើយ នៅពេល​ដែល​យើង​ប្រឈម​។ ប៉ុន្តែ​មុន​ហ្នឹង យើង​ប្រឈម​គឺ​យើង​ឆកល្វែង​ដែរ ព្រោះតែ​កូវីដ​ ១៩ រៀង​ស្ងាត់​នៅក្នុង​ប្រទេស​មួយរយៈ​។ ចំពោះ​បញ្ហា​កូវីដ​១៩​នេះ​យើង​មិន​អាច​ភ្លេចខ្លួន​បានទេ ទោះបី​ជា​យើង​មិនទាន់​ឆ្លង​ចូល​សហគមន៍​ក៏ដោយ ព្រោះ​វា​គំរាម​យើង​រហូត​គ្រប់​វិនាទី​។ ទាល់តែ​វ៉ាក់សាំង​ចេញមក​ទើប​ការព្រួយបារម្ភ​ផ្នែក​ផ្លូវចិត្ត​បាត់​»​។

លោក ហែន ភារៈ មិន​បារម្ភ​ចំពោះ​ការចម្លង​ចូលក្នុង​សហគមន៍​នោះ​ទេ ឱ្យ​តែ​រាជរដ្ឋាភិបាល​រួមទាំង​ប្រជាពលរដ្ឋ​គ្រប់​រូប​ចូលរួម​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​ដែល​បានដាក់​ចេញ​ដោយ​ក្រសួង​សុខាភិបាល ប៉ុន្តែ​បារម្ភ​ចំពោះ​ភាពភ័យខ្លាច​របស់​ពលរដ្ឋ​នេះ​អាច​នឹង​ធ្វើឱ្យ​ទំនិញ​លើ​ទីផ្សារ​មាន​ការឡើងថ្លៃ ដែល​ធ្វើឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ពលរដ្ឋ​៕