ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូននឹងចេញស្លាកលេខ និងបណ្ណបើកបរបណ្ដោះអាសន្នសម្រាប់រថយន្តកែច្នៃ ដែលបម្រើដល់វិស័យកសិកម្មតាមការស្នើសុំរបស់អគ្គស្នងការនគរបាលជាតិ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ និងងាយស្រួលគ្រប់គ្រងព្រមទាំងសម្រួលដល់ការដឹកជញ្ជូនរបស់កសិករ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងកាលពីថ្ងៃអង្គារថាលោកទទួលយកសំណូមពររបស់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ក្នុងការអនុញ្ញាតឲ្យចេញស្លាកលេខដល់យានយន្តកែច្នៃនៅទូទាំងប្រទេសដែលបម្រើដល់វិស័យកសិកម្មរបស់ប្រជាពលរដ្ឋ។ លោកនឹងពិចារណាដាក់បញ្ចូលកិច្ចការគ្រប់គ្រង ការផ្ដល់ស្លាកលេខ និងបណ្ណបើកបរសម្រាប់យានយន្តកែច្នៃទៅក្នុងច្បាប់ចរាចរណ៍ដែលកំពុងធ្វើវិសោធនកម្ម ឬចេញអនុក្រឹត្យមួយលើបញ្ហានេះ។
លោក ចាន់ថុល ថ្លែងថា៖ «មួយទៀតឯកឧត្តម [នេត សាវឿន] បានលើកឡើងការបិទកន្លែងកែច្នៃ ខ្ញុំសុំឯកភាពថា ខ្ញុំបានលើកច្រើនដងច្រើនសាហើយ តែនៅមានជាង ៣០០ [កន្លែង] ទៀតនៅអត់មានច្បាប់អីទេ នៅតែបើក បិទអត់អស់។ អ៊ីចឹងសុំឯកភាពថា ត្រូវតែបិទឲ្យអស់កន្លែងកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស»។
កាលពីថ្ងៃទី ៧ កក្កដា លោក នេត សាវឿន បានថ្លែងអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងពិធីបូកសរុបលទ្ធផលសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្រសួងមហាផ្ទៃដោយលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍មួយផ្នែកក៏បណ្ដាលមកពីយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសផងដែរ។ តាមរបាយការណ៍ដែលលោកទទួលបានក្នុងសប្ដាហ៍នេះមានយានយន្តកែច្នៃចំនួនជាង ៥ ០០០ គ្រឿង កំពុងប្រើប្រាស់នៅក្នុងខេត្តចំនួន ៥។
យានយន្តទាំងនេះកំពុងប្រើប្រាស់យ៉ាងសកម្មសម្រាប់បម្រើជីវភាពសង្គមនៅតាមមូលដ្ឋានរបស់ពលរដ្ឋដូចជាការដឹកស្រូវអង្ករ សម្ភារ និងផលិតផលកសិកម្ម។ លោកបន្តថា បញ្ហាប្រឈមពាក់ព័ន្ធនឹងយានយន្តកែច្នៃ រួមមានកន្លែងកែច្នៃមិនអាចធានាលក្ខណៈបច្ចេកទេសដែលបង្កហានិភ័យខ្ពស់ក្នុងការបង្កគ្រោះថ្នាក់ ការមិនអាចគ្រប់គ្រងចំនួនបាន និងគ្រោះថ្នាក់នៅលើដងផ្លូវ។ លោកបានដកពិសោធន៍ទៅនឹងប្រទេសជិតខាងកម្ពុជាគឺវៀតណាម និងថៃ។
លោកថ្លែងថា នៅប្រទេសវៀតណាម យានយន្តកែច្នៃត្រូវបានហាមឃាត់មិនឲ្យមានការប្រើប្រាស់កាលពីឆ្នាំ ២០០៨។ ការបញ្ឈប់ការប្រើប្រាស់នេះបានធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍នៅវៀតណាមបានថយចុះ។ ចំណែករដ្ឋាភិបាលថៃបានធ្វើច្បាប់គ្រប់គ្រងយានយន្ត ហើយក្នុងច្បាប់នោះមានការអនុញ្ញាតឲ្យប្រើយានយន្តកែច្នៃសម្រាប់បម្រើវិស័យកសិកម្ម។
បច្ចុប្បន្នរថយន្តប្រភេទនេះកំពុងតែប្រើប្រាស់នៅប្រទេសថៃជាធម្មតា ដោយថ្នាក់ខេត្តចេញស្លាកលេខបណ្ដោះអាសន្នក្នុងតម្លៃថោកបំផុតសម្រាប់ឲ្យពលរដ្ឋប្រើប្រាស់។ លើសពីនេះរដ្ឋាភិបាលថៃបានយោគយល់ដល់កសិករដោយមិនតម្រូវឲ្យម្ចាស់យានយន្តបង់ពន្ធឡើយ។
លោក នេត សាវឿន ថ្លែងដូច្នេះថា៖ «ចំណុចទាំងអស់នេះដូចខ្ញុំបានលើកពីខាងដើម ផ្សារភ្ជាប់នឹងជីវភាពរបស់ប្រជាពលរដ្ឋ។ ឥឡូវនេះគឺឡានកែច្នៃទាំងអស់ដឹកជញ្ជូនស្រូវអង្ករ កសិផលនេះជារឿងដែលចាំបាច់បំផុត។ តើយើងឲ្យគាត់ប្រើទៀតទេ ឬយើងឈប់ឲ្យប្រើ ឬយើងឈានទៅគ្រប់គ្រងគាត់ ចេញស្លាកលេខឲ្យគាត់? នេះជារឿងមួយដែលត្រូវពិចារណា»។
លោកសំណូមពរឲ្យលោក ស៊ុន ចាន់ថុល ពិនិត្យលទ្ធភាពគ្រប់គ្រងយានដ្ឋានកែច្នៃយានយន្តនៅតាមបណ្ដាខេត្ត ដោយបញ្ចប់យានយន្តដែលអត់ច្បាប់ គ្រប់គ្រងយានយន្តកែច្នៃទាំងចំនួនយានយន្ត និងលក្ខណៈបច្ចេកទេស និងអ្នកប្រើប្រាស់។ លោកស្នើឲ្យក្រសួងសាធារណការផ្ដល់ស្លាកលេខបណ្ដោះអាសន្ន និងកំណត់រយៈពេលនៃការប្រើប្រាស់យានយន្តទាំងនោះ។
លោកថ្លែងបន្តថា៖ «សំណូមពរអ្នកបច្ចេកទេស គួរពិចារណាកំណត់ភូមិសាស្ត្រឲ្យឡានកែច្នៃនេះធ្វើដំណើរ ថាតើអាចធ្វើដំណើរតាមផ្លូវជាតិទេ ឬបានតែក្នុងភូមិ ស្រុក និងខេត្ត។ នេះខ្ញុំសុំសំណើដោះស្រាយបញ្ហា ៤ នេះជូនឯកឧត្តមទេសរដ្ឋមន្ត្រីពិចារណា និងសម្រេច»។
លោក ឈួន វ៉ុន អ្នកនាំពាក្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃក្រសួងសាធារណការថ្លែងថា យានដ្ឋានកែច្នៃយានយន្តសរុបនៅកម្ពុជាមានចំនួន ៣៤០ កន្លែងក្នុងនោះមានច្បាប់ចំនួន ៣២៧ និងអត់ច្បាប់ ១៣ កន្លែងដែលត្រូវបានបិទ។ ប៉ុន្តែលោកមិនមានតួលេខនៃចំនួនយានយន្តកែច្នៃសរុបទូទាំងប្រទេសទេ។ លោកបញ្ជាក់ថា យានយន្តកែច្នៃដែលលោក សាវឿន លើកឡើងគឺប្រភេទយានយន្តសម្រាប់វិស័យកសិកម្ម ដូចជា គោយន្តជាដើមដែលមិនបានមកចុះបញ្ជីនៅក្រសួង។ ចំពោះរថយន្តកែច្នៃដែលមកចុះបញ្ជីគឺជារថយន្តដែលមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា បើគិតទៅលើបញ្ហាសេដ្ឋកិច្ចខ្នាតតូចវិញ លោកលើកទឹកចិត្តឲ្យមានការកែច្នៃយានយន្តសម្រាប់បម្រើដល់វិស័យកសិកម្ម។ ប៉ុន្តែលោកស្នើឲ្យពិចារណាលើកម្រិតគុណភាព បច្ចេកទេសដែលតម្រូវឲ្យស្ថាប័នពាក់ព័ន្ធពិនិត្យឲ្យបានហ្មត់ចត់លើរថយន្តទាំងនោះ។
លោកថា៖ «ជារួមខ្ញុំសំណូមពរថា ឲ្យយើងមានទៅអាយានយន្តកែច្នៃ ដើម្បីលើកស្ទួយអាជីវកម្មធុនតូចផង លើកកម្ពស់កម្រិតជីវភាពពលរដ្ឋ និងការងារផ្សេងៗទៀត។ តែសុំឲ្យមានការតាមដានពិនិត្យប្រភេទនៃការកែច្នៃ ដើម្បីឲ្យគ្រប់លក្ខណៈបច្ចេកទេស»។
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកយល់ឃើញថា កម្ពុជាគួរសិក្សាបន្ថែមឲ្យបានច្បាស់ពីចំនួន និងកត្តាហានិភ័យរបស់យានយន្តកែច្នៃ។ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីកត្តាយានយន្តមានប្រហែលជា ២% ។ «ជាគោលដៅយូរអង្វែង យើងមិនគួរប្រើប្រាស់វាទៀតទេ។ តែសម្រាប់ដំណោះស្រាយបន្ទាន់ យើងត្រូវកំណត់នូវបទដ្ឋានបច្ចេកទេស និងបទដ្ឋានស្តង់ដាសុវត្ថិភាពសម្រាប់យានយន្តដែលមានស្រាប់ក្នុងការចរាចរ ដូចជាការកំណត់ឲ្យប្រើប្រាស់លើផ្លូវលំសហគមន៍ជាដើម និងត្រូវមានការចុះបញ្ជីគ្រប់គ្រងច្បាស់លាស់ដូចការលើកឡើងរបស់ឯកឧត្តម នេត សាវឿន»។
លោកស្នើឲ្យរាជរដ្ឋាភិបាលទុកពេលឲ្យពលរដ្ឋមានពេលវេលាគ្រប់គ្រាន់ ដើម្បីឲ្យពួកគាត់អាចធ្វើការផ្លាស់ប្តូរពីការប្រើប្រាស់យានយន្តកែច្នៃមកប្រើយានយន្តដែលមានស្តង់ដាត្រឹមត្រូវវិញហើយត្រូវធ្វើជាជំហានៗ៕