ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​កំពុង​រៀបចំ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ថ្មី​ដោយ​ប្រើ​កម្មវិធី​ស្កេន​លើ​បណ្ណ​បើកបរ​អ្នកបើកបរ​ ដើម្បី​ចាប់យក​រូប​រថយន្ត​ដែល​កំពុង​បើកបរ​នៅលើ​ដងផ្លូវ​ដោយ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់​ពិន្ទុ​ពី​បុគ្គល​អ្នកបើកបរ​ដែល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់ មុន​ឈាន​ទៅ​ដល់​ការដក​បណ្ណ​បើកបរ​ទាំងស្រុង​។ កម្មវិធី​នេះ​អាច​នឹង​ចាប់ផ្ដើម​អនុវត្ត​សាកល្បង​ក្នុង​ឆ្នាំ​នេះ នៅពេល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ពិនិត្យ និង​សម្រេច​ជា​ផ្លូវការ​។

ទោះយ៉ាងណា​ក៏ដោយ មន្ត្រី​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឱ្យ​ដឹងថា ចំនួន​ពិន្ទុ​ដែល​ត្រូវ​កាត់​ចេញពី​បណ្ណបើកបរ​នឹង​កំណត់​លម្អិត​ទៅតាម​ប្រភេទ​បទល្មើស​ដែល​បាន​ចែង​នៅក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ក្រសួង​នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅពេល​មានការ​សម្រេច​ជា​ផ្លូវការ​។

នៅ​ថ្ងៃទី​ ៦ ខែ មេសា ឆ្នាំ​ ២០២១ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ជួបពិភាក្សា​ការងារ​នេះ​ជាមួយ​គណៈប្រតិភូ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ដោយ​មាន​ការចូលរួម​ដោយផ្ទាល់​ពី​ថ្នាក់ដឹកនាំ​ទទួលបន្ទុក​លើ​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ជាច្រើនរូប​នៅ​ទីស្តីការក្រសួង​។

ក្នុងឱកាស​នោះ​លោក ស៊ុន ចាន់ថុល ថ្លែង​ថា អត្រា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ដូច្នេះ ក្រសួង​បានរៀបចំ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មួយ​ថ្មី​ទៀត​ក្នុង​ការចាប់យក​រូបភាព​យានយន្ត​ដែល​បើកបរ​ល្មើស​នឹង​ច្បាប់ ដោយ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​នេះ មាន​កម្មវិធី​ស្កេន​លើ​បណ្ណ​បើកបរ​ដើម្បី​កាត់បន្ថយ​ពិន្ទុ​ទៅតាម​ស្ថាន​នៃ​បទល្មើស បំណង​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ​។

លោក ស៊ុន ចាន់ថុល ថ្លែងថា​៖ «​ក្រុមការងារ​ព័ត៌មានវិទ្យា (IT) របស់​ក្រសួង​កំពុង​ជំរុញ​ការងារ​រៀបចំ​ប្រព័ន្ធ​នេះ​ឱ្យបាន​ចប់សព្វគ្រប់ ដើម្បី​យកទៅ​ធ្វើ​បទបង្ហាញ​ជូន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​មុន​នឹង​សម្រេច​ឈានទៅ​អនុវត្ត​ជាក់ស្តែង​»​។ «​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ថ្មី​នេះ គឺ​ទទួល​បាន​ការគាំទ្រ​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែល​បាន​ផ្តល់​កិច្ចសហការ​ល្អជា​បន្តបន្ទាប់ ខណៈ​ការគាំទ្រ​របស់​ស្ថាប័ន​នេះ​នាពេល​កន្លងមក​បាន​ធ្វើឱ្យ​កម្ពុជា​អនុវត្ត​គម្រោង​នានា​សម្រេចបាន​ជោគជ័យ​»​។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ចូន​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ម្សិលមិញ​ថា ដោយហេតុ​កន្លងមក​មាន​អ្នកបើកបរ​មួយចំនួន​មិន​មាន​ការរាងចាល​នោះទេ បើ​ទោះ​បើកបរ​ល្មើសច្បាប់​ទទួល​នូវ​ការផាកពិន័យ​ក៏ដោយ​។ ប្រព័ន្ធ​ថ្មី​នេះ គឺជា​ការទុក​ឱកាស​ឱ្យ​អ្នកបើកបរ ដែល​បាន​ល្មើសច្បាប់ ហើយ​បញ្ឈប់​សកម្មភាព​ល្មើស​របស់​ខ្លួន​ចៀសវាង​មិនអាច​បន្ត​ការបើកបរ​តទៅទៀត ព្រោះ​សមត្ថកិច្ច​ដកហូត​បណ្ណ​បើកបរ​។

លោក សុទ្ធាយុត្តិ ថ្លែងថា​៖ «​យើង​រៀបចំ​ជា​នីតិវិធី ដើម្បី​ឱ្យ​សមត្ថកិច្ច គាត់​ពិន័យ ហើយ​កត់​ត្រាទុក​ក្នុង​ករណី​ដែល​ការផាកពិន័យ​បែបនេះ តើ​ត្រូវ​ដក​ប៉ុន្មាន​ពិន្ទុ​? គឺ​យើង​ដកៗ​រហូត​ដល់​ធ្លាក់​ដល់​ ០ គឺ​យើង​ដក​បណ្ណ​បើកបរ​គាត់ ហើយ​ផ្អាក​ការបើកបរ​របស់គាត់ តែបើ​គាត់​នៅតែ​បើកបរ គឺ​ខុសច្បាប់​ហើយ​»​។

លោក សុទ្ធាយត្តិ បាន​អះអាង​ថា ប្រព័ន្ធ​ថ្មី​នេះ​នឹង​អាច​ដាក់​ឲ្យ​អនុវត្ត​សាកល្បង​នៅ​ចំណុច​គោលដៅ​ចន្លោះ​ពី ១០០ ទៅ​២០០ កន្លែង ក្រោយ​ឆមាស​ទី​១ ឆ្នាំ ២០២១ បន្ទាប់ពី​ទទួល​បាន​ការឯកភាព​យល់ព្រម​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

លោក​បញ្ជាក់​ថា​៖ «​ការសាកល្បង​នេះ យើង​អាច​ធ្វើឡើង​តាម​ប្រព័ន្ធ mobile app បញ្ចូន​ទៅ​មន្ត្រីនគរបាល ដើម្បី​ឱ្យ​ពួកគាត់​ងាយស្រួល​ប្រើ​។ យើង​បង្រៀន​ព័ត៌មាន​ដល់​គាត់​ទាំងអស់ ដើម្បី​ឱ្យ​គាត់​កត់ត្រា ឬ​ចម្លង​ចូលក្នុង​ប្រព័ន្ធ​នេះ​ភ្លាមៗ នៅពេល​មានការ​ផាកពិន័យ​»​។

លោក គង់ សុវណ្ណ ជា​ទីប្រឹក្សា​ជំនាញ និង​ជា​អនុប្រធាន​ក្រុម​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​សហគមន៍​នៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ជនបទ​ជំហាន​ទី២ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ថ្លែង​ដោយ​បង្ហាញ​ការគាំទ្រ​ដល់​គម្រោង​ថ្មី​របស់​ក្រសួង​សាធារណការ​ដែល​បាន​បង្កើត​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ថ្មី​មួយ​នេះ​។ ប្រព័ន្ធ​នេះ​គឺជា​ប្រព័ន្ធ​តម្រង់ទិស​មួយ ដែល​នាំឱ្យ​អ្នកបើកបរ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន​ជាង​មុន គឺ​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​អ្នកបើកបរ ផ្លូវ និង​យានយន្ត​ទាំងអស់ ឡើង​ដល់​កម្រិត​ផ្កាយ​ ៥ ឬ​គ្រប់លក្ខណៈ​បច្ចេកទេស​។

លោក​បាន​បន្ថែមថា​៖ «​ការរៀបចំ​ប្រព័ន្ធ​ក្នុង​ការដក​ពិន្ទុ​ជា​រឿង​មួយ​ដែល​ល្អ ដែល​ប្រទេស​ផ្សេងៗ​ធ្វើបាន​ជោគជ័យ​ដូចជា​ប្រទេស​អូស្ត្រាលី និង​អឺរ៉ុប​ជាដើម​។ ចំណុច​មួយ​ដ៏សំខាន់​គឺ​ត្រូវ​សិក្សា​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ថា តើ​នឹងមាន​បញ្ហា​ប្រឈម​អ្វីខ្លះ​? បើ​មិន​អ៊ីចឹង​ទេ នឹង​ជួប​ការប្រទាំងប្រទើស​ច្រើន ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​នឹង​ត្រូវ​បាន​អសារ​បង់​ទៅ​វិញ​។ ខ្ញុំ​ជឿជាក់ថា ក្រសួង​លោក​បាន​សិក្សា​ល្អិតល្អន់​ហើយ​សម្រាប់​រឿងនេះ​»៕

វីដេអូ៖