The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​នៅ​តែ​បដិសេធ​ថា មិន​មាន​ឈ្មោះ​បុរស​ប៉ង​ធ្វើ​រដ្ឋប្រហារ

ក្រសួង​នៅ​តែ​បដិសេធ​ថា មិន​មាន​ឈ្មោះ​បុរស​ប៉ង​ធ្វើ​រដ្ឋប្រហារ

Content image - Phnom Penh Post
សំ សុវណ្ណារ៉ា ដែលប៉ងធ្វើរដ្ឋប្រហារ។ facebook

ក្រសួង​នៅ​តែ​បដិសេធ​ថា មិន​មាន​ឈ្មោះ​បុរស​ប៉ង​ធ្វើ​រដ្ឋប្រហារ

ភ្នំពេញៈ ក្រសួង​ការពារ​ជាតិ​និង​កង​យោធពល​ខេមរ​ភូមិន្ទ​កម្ពុជា (RCAF) បាន​បដិសេធ​ទៅ​លើ​ករណី​វីដេអូ​របស់​លោក សំ សុណ្ណារ៉ា នៅ​ក្នុង​គេហទំព័រ YouTube ដែល​បាន​គំរាម​ធ្វើ​រដ្ឋ​ប្រហារ​ដោយ​បាន​អះ​អាង​ថា​ ឈ្មោះ​នេះ​មិន​ធ្លាប់​បម្រើ​ការងារ​ជា​កង​ទ័ព តែ​មន្ត្រី​យោធា​មួយ​រូប​ថា គេ​ធ្លាប់​បម្រើ​ការ​បាន​ជាង​កន្លះ​ឆ្នាំ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​លោក​ ឈុំ​ សុជាតិ ​បាន​ឱ្យ​ដឹង​ថា កង​យោធពល​ខេមរភូមិន្ទ​បាន​ស្រាវ​ជ្រាវ​បញ្ជី​ឈ្មោះ​របស់​ខ្លួន​តែ​មិន​បាន​រក​ឃើញ​ដាន​ណា​មួយ​ពី​ឈ្មោះ​ សុវណ្ណារ៉ា​នោះ​ទេ។

លោក​ សុជាតិ​ បាន​និយាយ​ថា៖ «ឈ្មោះ​របស់​គាត់​គឺ​មិនមាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​របស់​កង​ទ័ព​ដែល​មាន ១០០.០០០ នាក់​នោះ​ទេ គាត់​បាន​ក្លែង​បន្លំ​វា​ក្នុង​គោល​បំណង​ដើម្បី​បង្ក​ឱ្យ​មាន​ភាព​ចលាចល។ ខ្ញុំ​កំពុង​ពិនិត្យ​មើល​លើ​បញ្ហា​នេះ​ថា​គាត់​បាន​ឯក​សារ​នេះ​មក​ពី​ណា»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ឧត្តម​សេនីយ៍​ទោ​ ស្រី ​ឌឹក មេបញ្ជា​ការ​កងពល​ធំលេខ​ ៣ កាល​ពី​ថ្ងៃ​ម្សិល​មិញ​បាន​ឱ្យ​ដឹង​ថា គាត់​បាន​យក​លោក​ សុវណ្ណារ៉ា​ ធ្វើ​ជា​ទាហាន​តិច​ជាង​កន្លះ​ឆ្នាំ​ គឺ​នៅ​ចុង​ឆ្នាំ​ ២០១១ ដើម្បី​ឲ្យ​គាត់​ជួយ​កិច្ច​ការ​ផ្នែក​ជំនាញ​កុំព្យូទ័រ។

លោក​ ស្រី​ឌឹក​ បន្ថែម​ថា ក្រៅ​ពី​ធ្វើ​ការ​ផ្នែក​ជំនាញ​កុំព្យូទរ័​ លោក សុវណ្ណា​រ៉ា​ មិន​ដែល​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ណា​មួយ​នោះទេ​។

លោក​ សុវណ្ណារ៉ា​ បាន​ប្រាប់​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ ​កាល​ពី​សប្តាហ៍​មុន​ថា លោក​ធ្លាប់​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ជ្រក​កោន​ដោយ​ប្រទេស​ កាណាដា ​កាល​ពី​ឆ្នាំ​ ២០១៣ ជា​កន្លែង​ដែល​លោក​កំពុង​រស់​នៅ​បច្ចុប្បន្ន។ ប៉ុន្តែ លោក​សុជាតិ​ បាន​ថ្លែង​ថា ក្រសួង​ការពារ​ជាតិ​មាន​សុទិដ្ឋិនិយម​ថា លោក​ សុវណ្ណារ៉ា​ នឹង​ត្រូវ​បាន​ចាប់​ខ្លួន។

លោក​ សុជាតិ​ បាន​ថ្លែង​ថា៖ «យើង​មាន​នីតិវិធី​ជា​ច្រើន​ [ដែល​យើង​អាច​ប្រើ​បាន]។ ផ្ទះ​របស់​គាត់​គឺ​នៅ​ទីនេះ​ សាច់​ញាតិ​របស់​គាត់​រស់​នៅ​ទី​នេះ គាត់​បាន​ហោះ​ហើរ​ចាក​ចេញ​មែន តែ​គាត់​ចោល​សំបុក​របស់​គាត់​នៅ​ទី​នេះ។ យើង​មាន​វិធី​របស់​យើង​ ហើយ​យើង​កំពុង​ធ្វើ​ការងារ​ហ្នឹង។ ប្រសិន​បើ​យើង​មិន​មាន​សង្ឃឹម​ទេ​ នោះ​យើង​នឹង​មិន​ធ្វើ​ការ​នេះ​ទេ ប៉ុន្តែ​យើង​មាន​សង្ឃឹម​»។

លោក ​អ៊ី រិន្ទ មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ករណី​លោក​សុវណ្ណា​រ៉ា​ នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ព្រះ​រាជអាជ្ញា​រួច​ហើយ ​ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​និយាយ​លម្អិត​ពី​ករណី​នេះទេ។

អ្នក​នាំ​ពាក្ស​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី សុផាណា មិន​អាច​ទាក់​ទង​បាន​ទេ​កាល​ពី​ម្សិល​មិញ។

ក្នុង​សារ​មួយ​កាល​ពី​ម្សិលមិញ​ លោក​ សុវណ្ណារ៉ា​ បាន​និយាយ​ថា ​លោក​មិន​បារម្ហ​ អំពី​ការ​ចាប់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ក៏​មិន​ប្រគល់​ខ្លួន​ឲ្យ​នោះ​ដែរ។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​តុលាការ​ឯករាជភាព​និង​យុត្តិធម៌​ ខ្ញុំ​នឹង​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ»។

ទន្ទឹម​នឹង​នេះ​​ លោក ​ឈុំ សុជាតិ​ ​ក៏​បាន​បញ្ជាក់​ផង​ដែរ ពី​របាយការណ៍​ដែល​លេច​ឮ​ថា​ ថា រថពាស​ដែក​ត្រូវ​បាន​គេ​បញ្ជូន​ត្រឡប់​មក​រាជធានី​ កាល​ពី​សប្តាហ៍​មុន ។

លោក​បាន​ថ្លែង​ថា ការ​ផ្លាស់​ប្តូរ​រថក្រោះ ជា​ផ្នែក​មួយ​នៃ​ផែន​ការ​ដក​កង​កម្លាំង​មួយ​ចំនួន​ពី​ព្រំ​ដែន ថៃ​ មក​វិញ​ហើយ​មួយ​ចំនួន​ជា​សមាជិក​កង​អង្គរក្ស​ ខណៈ​ដែល​ភាព​តាន​តឹង​រវាង​កម្ពុជា​និង​ប្រទេស​ជិត​ខាង​នៅ​ភាគ​ខាង​លិច​បាន​ធូរ​ស្រាល​៕NS

អត្ថបទគួរចាប់អារម្មណ៍