ភ្នំពេញៈ ទោះបី​ការរីករាលដាល​នៃ​វីរុស​កូវីដ​ ១៩ នៃ​ព្រឹត្ដិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ កំពុង​បន្ត​រីករាលដាល​ខ្លាំង ប៉ុន្ដែ​ក្រុមការងារ​អនុវត្ដ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី-ខេត្ត​នៅតែ​បន្ត​អនុវត្ដ​យុទ្ធនាការ​នេះ ដោយ​គ្រោង​បញ្ចប់​នា​ខែ​ឧសភា​ខាងមុខ​ដដែល​។ ​នេះ​បើតាម​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​។

លោក ជិន ម៉ាលីន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ ពី​ម្សិលមិញ​ថា យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង គឺ​នៅ​តែ​ដំណើរការ​ជាធម្មតា តាម​ផែនការ​របស់ខ្លួន​គឺ​ត្រូវ​អនុវត្ដ​រយៈពេល​ ១ ​ឆ្នាំ​ដោយ​គិត​ចាប់ពី​ខែឧសភា ឆ្នាំ​ ២០២០ ហើយ​ត្រូវ​បិទ​បញ្ចប់​នៅ​ខែឧសភា ឆ្នាំ​ ២០២១ ខាងមុខ​នេះ​។

លោក​បាន​ថ្លែងថា​៖ «​ក្នុង​តំបន់​រីករាលដាល​កូវីដ​ ១៩ សវនាការ​ត្រូវ​ពន្យារ​ពេលខ្លះ ក៏ប៉ុន្ដែ​មិនមែន​ត្រូវ​ពន្យារពេល​គ្រប់​សវនាការ​ទេ​។ ​សំណុំរឿង​ណា​ដែល​អាទិភាព ចាំបាច់​បន្ទាន់​គឺ​ត្រូវ​ដោះស្រាយ​ដដែល ប៉ុន្ដែ​ត្រូវ​អនុវត្ដ​ដោយ​ផ្អែកលើ​វិធានការ​សុខាភិបាល និង​សុវត្ថិភាព​ដោយ​មធ្យ័ត​»​។

លោក​ ជិន ម៉ាលីន បញ្ជាក់ថា​៖ «​យើង​ពន្យារពេល​មែន ប៉ុន្ដែ​មិនឱ្យ​មានទំនាស់​ខុស​ទៅ​នឹង​នីតិវិធី​ច្បាប់​ដែលមាន​ជាធរមាន​ទេ​។ យើង​ពន្យារ​ដោយ​ករណី និង​ដោយ​កន្លែង​តែប៉ុណ្ណោះ​មិនមែន​ពន្យារ​គ្រប់កន្លែង​ទាំងអស់​នោះទេ​។ យើង​គ្រោង​បិទបញ្ចប់​យុទ្ធនាការ​នេះ​តាម​ផែនការ​របស់​យើង​ដដែល​»​។

ក្នុង​រយៈពេល​ ២២២ ​ថ្ងៃ បន្ទាប់ពី​ប្រកាស​អនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី-ខេត្ត​របស់​ក្រសួង​យុត្ដិធម៌​គិត​ត្រឹម​ថ្ងៃទី​ ១៨ ខែ​ ឧសភា ឆ្នាំ​ ២០២០ ក្រុមការងារ​បាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​កកស្ទះ​ជាង ៣៥ ១០០ ​សំណុំរឿង​ដែល​ស្មើនឹង​ ៨៩ ​ភាគរយ​ នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​កកស្ទះ​សរុប​ ៣៩ ១៥២ សំណុំរឿង និង​បាន​ជួយ​កាត់បន្ថយ​នូវ​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ដោយសារតែ​មាន​ការដោះលែង​ជន​ជាប់ឃុំ​ប្រមាណ ២៦ ១០០ ​នាក់​។

តាមរយៈ​យុទ្ធនាការ​នេះ​ក៏បាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​ចូល​ថ្មី​ក្នុង​ឆ្នាំ​ ២០២០ បាន​ចំនួន​ជាង ៣៦ ៥០០ ​សំណុំរឿង​ផងដែរ​។ នេះ​បើតាម​ក្រសួង​យុត្ដិធម៌​។

តាមរយៈ​បទពិសោធ​នៃ​ការអនុវត្ដ​យុទ្ធនាការ​នេះ​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃទី​ ២៦ ខែមិថុនា ឆ្នាំមុន​ក៏បាន​សម្រេច​បង្កើត​ក្រុមការងារ​បច្ចេកទេស​បង្កើត​គោលនយោបាយ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធតុលាការ​បន្ថែម​ទៀតផង​ដែរ ដើម្បី​ជា​និរន្តរភាព​ក្នុងការ​បង្ខិត​សេវា​យុត្តិធម៌​ឱ្យទៅ​ជិត​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី-ខេត្ដ ដើម្បី​បង្កើត​នូវ​ភាព​សុខដុមរមនា​ដល់​ពលរដ្ឋ​នៅតាម​សហគមន៍​។

លោក អំ សំអាត នាយករង​អង្គការ លីកាដូ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា តាម​ការសង្កេត​កន្លង​មក ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកមាន​ឥទ្ធិពល​មួយចំនួន តែងតែ​ប្រើប្រាស់​តុលាការ ដើម្បី​ស្វែងរក​ដំណោះស្រាយ បើទោះបី​ជា​ករណី​វិវាទ​ខ្លះ​អាចមាន​លទ្ធភាព​បញ្ចប់​ជម្លោះ​​ដោយ​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ឬ​វិវាទ​ដែល​មិនគួរ​កើតឡើង​ក៏ដោយ​។

លោក​បាន​ថ្លែងថា​៖ «​បញ្ហា​ទាំងអស់​នេះហើយ ដែល​បាន​ចូលរួមចំណែក​បង្កឱ្យមាន​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ​ និង​បង្ក​ឱ្យ​មាន​ការបាត់បង​ទំនុកចិត្ត​លើ​ប្រព័ន្ធ​យុតិ្តធម៌​»៕