ភ្នំពេញ៖ ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បក​ស្រាយ​​ថា ​រោងចក្រ ​សហគ្រាស​ ដែល​ឈាន​ដល់​ការ​បិទ​ដំណើរការ​ទាំង​​ស្រុង​ដោយសារ​ទទួល​រង​ពី​ជំងឺ​រាត​ត្បាត​កូវីដ ១៩ ​នឹង​មិន​ត្រូវ​ទទួល​កាតព្វកិច្ច​ទូទាត់ ​«ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត» ​និង ​«ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ឲ្យ​ដំណឹង​មុន​» ជូន​កម្មករ​នោះ​ទេ ​បន្ទាប់​ពី​បាន​ព្យាយាម​ដោះស្រាយ​វិបត្តិ​នេះ ​​តាមរយៈ​វិធានការ​ស្រប​ច្បាប់។​

ការ​បក​ស្រាយ​នេះ ​ដើម្បី​ឆ្លើយ​តប​ទៅ​កាន់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​(GMAC) ដែល​បាន​ស្នើ​ឲ្យ​ក្រសួង​ការងារ​បក​ស្រាយ​អំពី​ការ​ទូទាត់​ «ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត» និង «ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ឲ្យ​ដំណឹង​មុន» ​ដែល​មាន​ចែង​ក្នុង​មាត្រា ​៨២​ មាត្រា ៨៧ ​ថ្មី ​និង​មាត្រា ​៩១ ​ថ្មី​ នៃ​ច្បាប់​ស្តីពី​ការងារ។

យោង​តាម​លិខិត​ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​​ បាន​ផ្ញើ​ទៅ​កាន់​ប្រធាន​ GMAC ​កាល​ពី​ថ្ងៃទី ២៩​ មិថុនា ​បាន​ឲ្យ​ដឹង​ថា ​អនុលោម​តាម​មាត្រា ៧១ ​នៃ​ច្បាប់​ស្តីពី​ការងារ ​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ ឬ​ការ​លំបាក​ជា​ពិសេស​ណា​មួយ​ ដែល​នាំ​ឲ្យ​ព្យួរ​សកម្មភាព​សហគ្រាស​មិន​លើស​ពី ២ ​ខែ ​គឺ​ជា​មូល​ហេតុ ដែល​​ច្បាប់​អនុញ្ញាត​ឲ្យ​មាន​ការ​ព្យួរ​កិច្ច​សន្យា​ការងារ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​អធិការកិច្ច​ការងារ។

លិខិត​​បន្ត​ថា ក្នុង​ន័យ​នេះ​ ផល​វិបាក​ផ្នែក​សេដ្ឋកិច្ច​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​តាម​បណ្តា​រោងចក្រ​សហគ្រាស​​មួយ​ចំនួន​ក្នុង​វិស័យ​វាយនភណ្ឌ ​កាត់​ដេរ ​ផលិត​ស្បែក​ជើង ​ផលិតផល​ធ្វើ​ដំណើរ ​និង​កាបូប ដែល​កើត​ឡើង​ដោយ​ផ្ទាល់​ពី​ការ​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​នៅ​ទូទាំង​សកល​លោក ក៏​ជា​មូលហេតុ​ ដែល​អាច​ចាត់​ទុក​ថា​ ត្រឹមត្រូវ​ក្នុង​ការ​រំលាយ​កិច្ច​សន្យា​ការងារ​បន្ទាប់​ពី​ព្យួរ​កិច្ច​សន្យា​ការងារ​ផង​ដែរ។

លោក​ អ៊ុក ចាន់ធូ ​ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​បញ្ជាក់​ក្នុង​លិខិត​ថា ​ដោយសារ​ពេល​នេះ​មាន​រោងចក្រ​មួយ​ចំនួន​បាន​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ ១៩ ​ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​លុប​ចោល​ការ​បញ្ជា​ទិញ​ទាំង​ស្រុង។ ការ​ផ្អាក​មិន​ទទួល​យក​នូវ​​ទំនិញ​ ដែល​បាន​ផលិត​រួច​ហើយ​ទាំង​អស់ ​និង​ការ​ដែល​មិន​ទូទាត់​ប្រាក់​តាម​កិច្ចសន្យា​ទិញ​លក់។

លោក​បន្ត​ថា ផ្អែក​តាម​ស្មារតី​នេះ ​ការ​ទាមទារ​សោហ៊ុយ​ជំងឺ​ចិត្ត​ គឺ​មិន​អាច​អនុវត្ត​ចំពោះ​ការ​រំលាយ​កិច្ច​សន្យា​ការងារ​ដោយ​មូលហេតុ​ត្រឹមត្រូវ​ដូច​ខាង​លើ​នោះ​ទេ។ ចំណែក​សោហ៊ុយ​ជំងឺ​ចិត្ត ​និង​ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ឲ្យ​ដំណឹង​មុន​ ក៏​មិន​ត្រូវ​អនុវត្ត​នោះ​ដែរ​ ក្នុង​ករណី​នៃ​ការ​បិទ​សហគ្រាស​ គ្រឹះស្ថាន ​ស្រប​តាម​លក្ខខណ្ឌ​ដែល​ត្រូវ​បាន​កំណត់​។

លោក​ថា​៖ «ក្នុង​ស្ថានភាព​​​វិបត្តិ​ធ្ងន់ធ្ងរ​ដែល​កើត​ឡើង​ ដោយសារ​ការ​រីក​រាលដាល​ជា​សកល​នៃ​ជំងឺ​កូវីដ ១៩ ​នេះ​ សោហ៊ុយ​ជំងឺ​ចិត្ត ​និង​ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ឲ្យ​ដំណឹង​មុន​ មិន​ត្រូវ​​អនុវត្ត​ចំពោះ​រោងចក្រ ​សហគ្រាស​ ដែល​​ឈាន​ដល់​ការ​បិទ​ដំណើរ​ការ​រោងចក្រ​សហគ្រាស​ទាំង​ស្រុង ​បន្ទាប់​ពី​បាន​ព្យាយាម​ដោះ​ស្រាយ​​វិបត្តិ​នេះ​តាមរយៈ​វិធានការ​ស្រប​ច្បាប់​នានា​ រួម​ទាំង​​ការ​ព្យួរ​កិច្ច​សន្យា និង​ឬ​ការ​រំលាយ​​ កិច្ច​សន្យា​ការងារ​​របស់​កម្មករ​និយោជិត​រួច​មក»។

លោក ​កាំង ម៉ូនីកា ​អគ្គលេខាធិការ​រង ​GMAC ​ពី​ម្សិលមិញ​ថ្លែង​ថា ទោះ​រដ្ឋាភិបាល ​និង​ភាគី​និយោជក​​យល់​ច្បាស់​នូវ​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ​របស់​កម្មករ​ ​​ក្នុង​បរិបទ​នៃ​វិបត្តិ​ជា​សកល​ ដែល​បណ្តាល​មក​ពី​ការ​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​ក៏​ដោយ​កម្ពុជា​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍ ​និង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ដែល​មាន​ជា​ធរមាន​ ដែល​ធានា​ផ្តល់​ភាព​ត្រឹមត្រូវ ​និង​យុត្តិធម៌​ដល់​គ្រប់​ភាគី។

លោក​ថា​៖ «ជាមួយ​គ្នា​នេះ​ដែរ​ ការ​បំភ្លឺ​របស់​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខាង​លើ ​មិនមែន​ជា​សេចក្តី​សម្រេច​ថ្មី​នោះ​ទេ​។ ប៉ុន្តែ​គឺ​ជា​ការ​បញ្ជាក់​ឲ្យ​កាន់​តែ​​ ច្បាស់​នូវ​ការ​ប្រតិបត្តិ​តាម​​គោលការណ៍ ​និង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ដែល​កំពុង​មាន​ជា​ធរមាន»។

លោក ​ប៉ាវ ស៊ីណា ​ប្រធាន​សហជីព​ចលនា​កម្មករ ចាត់​ទុក​សេចក្តី​សម្រេច​​របស់​ក្រសួង​ការងារ​នា​ពេល​ចុង​ក្រោយ​នេះ គ្មាន​តម្លាភាព​ចំពោះ​កម្មករ​​។ លោក​ថា ​មិន​មែន​មាន​តែ​​និយោជក​នោះ​ទេ​ដែល​រង​ផល​ប៉ះពាល់​ ដោយ​វិបត្តិ​កូវីដ។ ក្រសួង​ការងារ​គួរ​តែ​បង្កើត​កិច្ច​ពិភាក្សា​រវាង​អ្នក​ពាក់ព័ន្ធ​ មុន​សម្រេច​ដក​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​កម្មករ​នឹង​ទទួល​បាន​​។

លោក ស៊ីណា​ ​បញ្ចេញ​ទស្សនៈ​ចង់​ឲ្យ​ភាគី​និយោជក​បង្ហាញ​ពី​ផល​ប៉ះពាល់​ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ​ ដោយ​គ្មាន​ការ​បញ្ជា​​ទិញ ​និង​មិន​មាន​ការ​ទូទាត់​ប្រាក់​ពី​អ្នក​បញ្ជា​ទិញ​ឲ្យ​បាន​ច្បាស់​ថា មាន​ផល​ប៉ះ​ពាល់​​ប៉ុនណា​? ចៀស​វាង​យក​លេស​ក្នុង​ន័យ​កេង​ចំណេញ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

លោក​បញ្ជាក់​ថា​៖ «យើង​ចង់​ឲ្យ​មាន​តម្លាភាព ​ព្រោះ​ថា​គ្រប់​យ៉ាង​​វា​បញ្ហា​ផល​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​លើ​កម្មករ​ហើយ។ មក​ដល់​ម៉ោង​នេះ ​យើង​មិន​មាន​របាយការណ៍​ណា​ជាក់លាក់​ថា ​GMAC បាន​បង្ហាញ ​[ពី​ផល​ប៉ះពាល់] ​ប៉ុន្មាន​​នោះ​ទេ។ យើង​​ចង់​ឃើញ​របាយការណ៍​នេះ​ទាំង​អស់​ពី​រោងចក្រ​ដែល​មាន​ផល​ប៉ះពាល់​ហ្នឹង ​ដើម្បី​យើង​ជជែក​គ្នា ហើយ​សហជីព​ក៏​មាន​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ទាក់ទង​ជាមួយ​អ្នក​បញ្ជា​ទិញ​នេះ​ដូចគ្នា​ដែរ»​។

លោក​ថា ​នៅ​ពេល​ក្រសួង​ការងារ​​​ផ្តល់​លទ្ធភាព​​​ខ្លាំង​ដល់​ភាគី​និយោជក​ គឺ​ពួក​គេ​នឹង​មាន​ឱកាស​កាន់​តែ​ច្រើន​យក​ហេតុផល​បញ្ឈប់​កម្មករ និង​គេច​ចេញ​ពី​ការ​ទូទាត់​អត្ថប្រយោជន៍​​ដល់​កម្មករ៕

វីដេអូ៖