
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីចុះពិនិត្យ និងស្រាវជ្រាវករណីវិវាទដីធ្លី ស្ថិតនៅក្នុងតំបន់ពយម៉ាចូវ និងតំបន់ព្រែកទឹកសាបក្បាលឆាយ ក្នុងខេត្ដព្រះសីហនុ។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអះអាងនៅក្នុងលិខិតរបស់លោកកាលពីថ្ងៃទី ៧ ខែ មីនា ថា ការសម្រេចបង្កើតក្រុមការងារចំពោះកិច្ចនេះ ដោយក្រសួងបានចាត់តាំងមន្ដ្រីជំនាញមានតាំងពីអនុរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ដ និងមន្រ្ដីជំនាញផ្នែកសុរិយោដីសរុបចំនួន ១២ រូប។ ក្នុងនោះ មានលោក សៀក វណ្ណា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ជាប្រធាន លោក ឡោ ដាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ដ ជាអនុប្រធាន និងលោក ប៉ែន ច័ន្ទសុខខេមរា ជាអនុប្រធានអចិន្រៃ្តយ៍លោក ជា សុផារ៉ា បានឲ្យដឹងនៅក្នុងលិខិតដដែលនោះថា ក្រុមការងារចំពោះកិច្ចនេះ មានភារកិច្ចពិនិត្យស្ថានភាពវិវាទដីធ្លីពាក់ព័ន្ធនឹងសាលដីកា លេខ ៣៤៨ ឈ ចុះថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ របស់តុលាការកំពូល មានទីតាំងនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ កំណត់អត្ដសញ្ញាណកម្មដី និងអត្ដសញ្ញាណកម្មប្រជាពលរដ្ឋពាក់ព័ន្ធនឹងដីដែលរាជរដ្ឋាភិបាលបានកាត់ចេញពីតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ស្ថិតនៅភូមិ ១ សង្កាត់ ២ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ ក្រុមការងារចំពោះកិច្ច មានភារកិច្ចសហការជាមួយអាជ្ញាធរដែនដី រដ្ឋបាលខេត្ដព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ ពិនិត្យស្រាវជ្រាវ ករណីវិវាទដីធ្លីខាងលើ។
ក្នុងលិខិតនោះដែរលោកបានឲ្យដឹងថា៖ «ក្រុមការងារចំពោះកិច្ចនេះ មានភារកិច្ចធ្វើរបាយការណ៍អំពីលទ្ធផលការងារជូនក្រសួង ដើម្បីពិនិត្យ និងសម្រេច។ ក្រុមការងារចំពោះកិច្ចនេះ អាចប្រើប្រាស់មន្រ្ដីក្រោមឱវាទក្រសួងឲ្យជួយការងារតាមការចាំបាច់»។
លោក សេង ឡូត អ្នកនាំពាក្យក្រសួង ដែនដី នគរូបនីយកម្ម និងសំណង់សុំមិនធ្វើ អត្ថាធិប្បាយនៅថ្ងៃអាទិត្យម្សិលមិញ។
ខណៈលោក ចេង ស្រុង ប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្ដព្រះសីហនុ មិនអាចសុំការបកស្រាយបានកាលពីម្សិលមិញ។
លោក ឱ សារឿន អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា រដ្ឋបាលខេត្ដព្រះសីហនុសាទរចំពោះការបង្កើតក្រុមការងារចំពោះកិច្ចពីថ្នាក់ក្រសួងនេះ ដោយរដ្ឋបាលខេត្ដនឹងសហការជាមួយក្រុមការងារក្រសួង ដើម្បីពន្លឿនក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីនៅក្នុងតំបន់ខាងលើឲ្យឆាប់ចប់។
លោកបន្តថា៖ «យើងសង្កេតទៅ មាន ច្រើនដោយសារតែពាក់ព័ន្ធមួយចំណែក ទៅលើការកាន់កាប់ច្រើនគ្នាក្នុងគោលដៅតែមួយ មួយចំណែកទៀតការទៅកាន់កាប់ទៅជាន់លើដីដែលមានម្ចាស់កម្មសិទ្ធិហើយជាដើម។ រឿងនេះដោយសារតែដីវាមានហាងឆេងខ្ពស់ (ដីឡើងថ្លៃ) ធ្វើឲ្យអ្នកកាន់កាប់ខ្លះបង្កជម្លោះរវាងគ្នានឹងគ្នា»។
លោកបន្ថែមថា៖ «ចាំបាច់ត្រូវមានការសម្របសម្រួល អ៊ីចឹងហើយ អាជ្ញាធរក៏មានការអបអរសាទរ ក្នុងការអន្ដរាគមន៍ពីថ្នាក់ក្រសួងដើម្បី ដោះស្រាយឲ្យបានឆាប់នូវបញ្ហាពាក់ព័ន្ធនឹងវិវាទដីធ្លីនេះ»។
លោក សារឿន បានឲ្យដឹងថា រដ្ឋបាលខេត្ដព្រះសីហនុ តែងតែសំណូមពរជារឿយៗ ដល់ក្រសួងឲ្យចុះជួយដោះស្រាយវិវាទដីធ្លីនេះ លើសពីនេះរឿងរ៉ាវក្នុងវិស័យផ្សេងៗទៀត ខេត្ដក៏បានសំណូមពរដល់ក្រសួងពាក់ព័ន្ធឲ្យចុះមកជួយផងដែរ។ លោកថា៖ «យើងដឹងហើយថា ដោយសារតែការអភិវឌ្ឍជាគំហុក តែងតែមានផលប៉ះពាល់ចៀសមិនផុត»។
បើតាមលោក សារឿន បញ្ហាវិវាទដីធ្លីដែលបន្ដកើតមានឡើងនៅតំបន់ ព្រែកទឹកសាបក្បាលឆាយនេះ មួយចំនួន កើតឡើងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងខេត្ដព្រះសីហនុ និងមួយចំនួនធំទៀតមកពីខាងក្រៅ (រាជធានីភ្នំពេញ និងខេត្ដផ្សេងៗ) ដោយជឿតាមការបបួលលួងលោម ការសន្យាតៗគ្នា និងការទិញដីតៗគ្នាជាដើម។
លោកបញ្ជាក់ថា៖ «អ៊ីចឹងបានជាការសិក្សាទៅឃើញថា ទាល់តែមន្រ្ដីជំនាញយើងមកពិនិត្យ ដើម្បីនឹងរួមគ្នាធ្វើការងារហ្នឹងទើបអាចដំណើរការបានស្រួល បើពឹងផ្អែកតែលើអាជ្ញាធរមូលដ្ឋាន គឺមានការលំបាកណាស់»។
លោក យូរ វាសនា តំណាងសហគមន៍ដីធ្លីខេត្ដព្រះសីហនុ សាទរចំពោះការបង្កើតក្រុមការងាររបស់ក្រសួងនេះ ដោយលោកសង្ឃឹមថានឹងឆាប់បញ្ចប់ ការដោះស្រាយបញ្ហាវិវាទដីធ្លីនៅតំបន់ក្បាលឆាយ និងពយម៉ាចូវ ដោយផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅជាក់ស្ដែង។
លោកបន្ដថា៖ «តំបន់ក្បាលឆាយនេះ មានវិវាទដីធ្លីច្រើន ដោយសារមានបុគ្គលមានអំណាចមួយចំនួនបានយកប័ណ្ណកម្មសិទ្ធិដីធ្លីចាស់តាំងពីឆ្នាំ ១៩៩០ មកប្រើ និងបុគ្គលខ្លះយកអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងអ្នកខ្លះយកលិខិតដែលចុះហត្ថលេខាដោយអភិបាលខេត្ដព្រះសីហនុចាស់មកសំអាងលើដីក្នុងតំបន់នោះថា ជារបស់ខ្លួនជាដើម»។
លោក វាសនា ថ្លែងបន្ដថា នៅក្នុងតំបន់ព្រែកទឹកសាបក្បាលឆាយ មានផ្ទៃដីជាង ៦ ០០០ ហិកតានេះ ត្រូវបានរាជរដ្ឋាភិបាលរំលាយប័ណ្ណកម្មសិទ្ធិទាំងអស់ ដោយកំណត់តំបន់នេះទុកជា គម្របព្រៃឆ្នាំ ២០០២ ជាដីសម្បត្ដិរបស់រដ្ឋ ទុកជាតំបន់ទឹកស្អាតក្នុងខេត្ដព្រះសីហនុ ដល់ទីបំផុតនៅក្នុងតំបន់នេះបានក្លាយជាសង្រ្គាមដីធ្លីដ៏ធំមួយ ហើយរ៉ាំរ៉ៃទៀត។
លោក វាសនា បានថ្លែងផងដែរថា ជុំវិញករណីវិវាទដីធ្លីនៅតំបន់ព្រែកទឹកសាបក្បាលឆាយនៃខេត្តព្រះសីហនុនេះ ភាគច្រើនបង្កឡើងដោយបុគ្គលមានអំណាចមួយចំនួន បានយកប័ណ្ណកម្មសិទ្ធិចាស់តាំងពីឆ្នាំ ១៩៩០ ជាងមកអះអាងថាជាម្ចាស់ដីនៅក្នុងតំបន់នេះ៕