ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សម្រេច​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ចរៀបចំ និង​គ្រប់គ្រង​យន្តការ​ជំនួយ​សង្គម​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​នៅក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ ក៏​ប៉ុន្តែ​ក្រុមការងារ​នេះ​នឹង​រំលាយ​វិញ នៅពេល​ជំងឺឆ្លង​នេះ​ត្រូវ​បានបញ្ចប់​ជា​ស្ថាពរ​។

សេចក្តី​សម្រេច​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ៣ មេសា បាន​ឲ្យ​ដឹងថា ក្រុមការងារ​ចំពោះ​កិច្ច​នេះ​មាន​សមាសភាព​មកពី​ ១៤ ​ក្រសួង ស្ថាប័ន ដែល​ដឹកនាំ​ដោយ​លោកស្រី ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​ប្រធាន​។

សេចក្តី​សម្រេច​ដដែល​បាន​ឲ្យ​ដឹងថា ក្រុមការងារ​នេះ​មាន​ភារកិច្ច​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ក្រុម​ជន​ងាយរងគ្រោះ និង​ក្រុម​ជន​ដែល​ត្រូវការ​ការគាំពារ​ជា​ចាំបាច់​ផ្សេងទៀត​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។ បន្ថែម​ពីនេះ​ក្រុម​ការងារ​នេះ​ក៏ត្រូវ​រៀបចំ​គម្រោង​វិធានការ និង​គម្រោង​សកម្មភាព​អន្តរាគមន៍​ដែល​ផ្តល់​ការ​គាំពារ​ដល់​ក្រុម​គោលដៅ​ដើម្បី​ដោះស្រាយ​ស្ថិរភាព​នៃ​ជីវភាព​របស់​ពួកគេ​ដែលជា​អ្នក​ទទួល​រង​ផលប៉ះពាល់ និង​រងគ្រោះ​បំផុត​។

ក្រៅពីនេះ​បើ​តាម​ក្រសួង ក្រុមការងារ​ចំពោះ​កិច្ច​នេះ​អាច​ប្រើប្រាស់​មន្ត្រី​ក្រោមឱវាទ​ក្រសួង ស្ថាប័ន ដើម្បី​អនុវត្ត​ភារកិច្ច ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ផ្តល់​កិច្ចសហការ​ក្នុង​ការបំពេញ​ភារកិច្ច​តាម​ការចាំបាច់​។

ក្រសួង​សេដ្ឋកិច្ច​បានបញ្ជាក់​ថា​៖ «​ក្រុមការងារ​ចំពោះ​កិច្ច​មាន​សិទ្ធិ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ចូលរួម​ប្រជុំ​តាម​ការចាំបាច់​។ ក្រុមការងារ​ចំពោះ​កិច្ច​មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សម្រាប់​ដំណើរការ​ការងារ​របស់ខ្លួន​។ តួនាទី និង​ភារកិច្ច​របស់​ក្រុមការងារ​ចំពោះ​កិច្ច​ដែល​ត្រូវបាន​កំណត់​ក្នុង​សេចក្តីសម្រេច​នេះ​មាន​អានុភាព​អនុវត្ត​រហូតដល់​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ ​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​»​។

យ៉ាងណាក្ដី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មិន​បាន​បញ្ជាក់ថា ថវិកា​ដែល​ក្រុមការងារ​ចំពោះ​កិច្ច​នេះ​ប្រើប្រាស់​សម្រាប់​ផ្តល់​ការគាំពារ​ដល់​ក្រុម​គោលដៅ រួមមាន​ការឧបត្តម្ភ​ជា​សាច់ប្រាក់​ និង​មិនមែន​ជា​សាច់ប្រាក់​បាន​មកពីណា​នោះទេ​។

មាស សុខសេនសាន លើកឡើង​ថា ក្រមការងារ​នេះ​គឺ​គ្រាន់តែ​វាយតម្លៃ​កំណត់​អត្តសញ្ញាណ​ជន​ដែល​អាច​ទទួលបាន​ប្រាក់​​ឧបត្តម្ភ​បន្ថែម ដែល​រដ្ឋាភិបាល​នឹង​ផ្តល់ជូន​ប៉ុណ្ណោះ​។ ​លោក​បន្តថា​ក្រុម​នេះ​មិនមាន​សិទ្ធិ​​ចាយវាយ​ថវិការ​នោះទេ ខណៈ​ថវិកា​ដែល​នឹង​ផ្តល់ជូន​ជន​ងាយរងគ្រោះ និង​គ្រួសារ​ក្រីក្រ​អាច​ប្រមូលបាន​ពី​រដ្ឋ និង​ប្រាក់​សប្បុរសជន​នានា​។

លោក កែវ អ៊ួលី ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​នៃ​ក្រសួងផែនការ និង​ជា​សមាជិក​នៃ​ក្រុមការងារ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ដោយសារ​ក្រុមការងារ​នេះ​ទើបតែ​បង្កើត ដូច្នេះ​លោក​មិនអាច​លម្អិត​បាន​ទេ​ដោយ​ត្រូវ​រង់ចាំ​ការប្រជុំ​ជា​លើកដំបូង​​នៅ​ថ្ងៃទី​ ៩ មេសា ខាងមុខ​សិន​។

ក៏ប៉ុន្តែ​លោក អ៊ួលី បាន​បង្ហើប​ថា ក្រុម​គោលដៅ​អាចជា​ជនរងគ្រោះ​ដែលមាន​នៅក្នុង​​បញ្ជី​ជនក្រីក្រ​ស្រាប់ និង​ជន​ដែល​ងាយ​ប្រឈម​ដទៃទៀត​ដែល​គ្មាន​ការងារ​ធ្វើ​នៅក្នុង​អំឡុង​ផ្ទុះ​ជំងឺ​កូវីដ​១៩​នេះ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា យើង​នឹងធ្វើ​អន្តរាគមន៍​ទៅ​ក្រុម​គោលដៅ​ណា​ច្បាស់​ទេ ប៉ុន្តែ​ជាទូទៅ​យើង​មើល​អ្នកក្រីក្រ ដែល​យើង​អាច​គាំទ្រ​មុន ដែល​គាត់​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ចំណូល​ទាប​។ ​ខ្ញុំ​មិនទាន់​អាច​និយាយ​អ្វី​ឲ្យ​ច្បាស់​ជាង​ហ្នឹង​ទេ ព្រោះ​កិច្ចការ​នេះ​ទើបតែ​បង្កើត ហើយ​មិនទាន់​​បាន​ប្រជុំ​អី​សោះ​...»​។

លោក​ សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​លើកឡើង​ថា​កន្លងទៅ​លោក​ឃើញ​មាន​ការបង្កើត​គណៈកម្មការ​មួយ​រួចហើយ​ជុំវិញ​បញ្ហា​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ នេះ ដែល​មិនគួរ​បង្កើត​ក្រុមការងារ​បន្ថែម​​ទេ​។

លោក​ថា ការបង្កើត​ក្រុមការងារ និង​គណៈកម្មការ​ច្រើន​បែបនេះ​គឺ​ធ្វើ​ឲ្យ​មាន​ការបាត់បង់​ប្រយោជន៍​។ ប៉ុន្តែ​លោក​ចង់​ឲ្យ​ក្រុមការងារ​ដែលមាន​ស្រាប់​បន្ថែម​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​មូលដ្ឋាន​ដែល​នឹង​អាច​ក្តោប​ព័ត៌មាន​ក្រុម​ងាយ​រងគ្រោះ និង​ពលរដ្ឋ​ដែល​ត្រូវការ​ជំនួយ​។

លោក​ថា​៖ «​បើ​មាន​ក្រុម​ការងារ​ចំពោះ​កិច្ច​អី​ផ្សេងទៀត វា​ចេះតែ​ច្រើន​ទៅ​។ យើង​គួរ​ពង្រឹង​ហើយ​បែងចែក​ការទទួល​ខុសត្រូវ​នៅក្នុង​គណៈកម្មការ​ដែល​មាន​ស្រាប់​ហ្នឹង​ទៅ ក្នុង​នោះ​គួរ​បែងចែក​ឲ្យ​មានការ​ទទួលខុសត្រូវ​ជាក់លាក់​បន្ថែម​ការទទួលខុសត្រូវ​មួយចំនួន​ដោយ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​មូលដ្ឋាន​ឲ្យ​បានច្បាស់លាស់​។ ពីព្រោះ​សព្វថ្ងៃ​យន្តការ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដូចជា​ឃុំ​សង្កាត់​ក្រុង​ស្រុក​ខណ្ឌ​នេះ​ គឺ​ពួកគេ​ក្តោប​បាន​ព័ត៌មាន​ទាក់ទង​នឹង​ប្រជាពលរដ្ឋ​ហើយ​»៕

វីដេអូ៖