ភ្នំពេញៈ ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បានឱ្យ ដឹងថា​ក្នុង​រយៈពេល​ ១២ ​ថ្ងៃ បន្ទាប់ពី​មាន​ការដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ QRCode «​ទប់ស្កាត់​កូវីដ​ StopCovid» ​គឺ​មាន​ទីតាំង​ចុះឈ្មោះ​ចំនួន​ ៩៩ ២២៤ ​កន្លែង​ និង​មាន​បុគ្គល​ស្កេន​តាម​ទីតាំង​ផ្សេងៗ​ជិត​ ៥ ​លាន​ដង ប៉ុន្តែ​ក៏បាន​រកឃើញ​ករណី​ល្មើស​នឹង​​វិធាន​កើតឡើង​ផងដែរ​។

តាម​សេចក្តីប្រកាស​របស់​ក្រសួង​នៅ​ថ្ងៃ​ម្សិលមិញ​បាន​ឱ្យ​ដឹងថា តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​នេះ​អ្នក​ស្កេន​អាច​ទទួលបាន​ដំណឹង​ភ្លាមៗ​ ប្រសិន​បើ​មាន​​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ហើយ​ម្ចាស់​ទីតាំង​អាច​ដឹង​ពី​ស្ថានភាព​បុគ្គល​ម្នាក់ៗ​ដែល​ទៅដល់​ទីតាំង​របស់ខ្លួន​។

ក្រសួង​បាន​បញ្ជាក់ថា​ «​តាមរយៈ​ទិន្នន័យ​ប្រព័ន្ធ​ QRCode» ​បាន​បង្ហាញថា ក្នុងចំណោម​បុគ្គល​​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ដោយ​ខ្លួនឯង​នៅផ្ទះ​មាន​បុគ្គល​ខ្លះ​បាន​ចាកចេញ​ពី​ផ្ទះ ដោយ​ចូល​ទីតាំង​ជាច្រើន​កន្លែង ដែល​ជា​​ការល្មើស​នឹង​វិធាន​នៃ​ការធ្វើ​ចត្តាឡីស័ក​»​។

ទន្ទឹមនឹងនេះ ក្រសួង​ប្រៃសណីយ៍​ក៏បាន​អំពាវនាវ​ដល់​បុគ្គល​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ដោយ​ខ្លួនឯង មិន​ត្រូវ​ចាកចេញ​ពី​ផ្ទះ​ ឬ​កន្លែង​ធ្វើ​ចត្តាឡីស័ក​ជា​កំហិត​ក្នុង​អំឡុងពេល​ ១៤ ​ថ្ងៃ ដើម្បី​បន្ត​ការពារ​សុខភាព​សាធារណៈ និង​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

នៅ​ថ្ងៃ​ម្សិលមិញ​នេះដែរ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី​ ឱ វណ្ណឌីន បានឱ្យ​ដឹងថា ក្រសួង​បាន​រកឃើញ​នូវ​អ្នកមាន​វិជ្ជមាន​វីរុស​កូវីដ​១៩​ដែល​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​​ ២០ ​កុម្ភៈ​ ចំនួន​ ២៤ ​នាក់​បន្ថែមទៀត ដែល​ធ្វើឱ្យ​ចំនួន​សរុប​អ្នក​ឆ្លង​ក្នុង​សហគមន៍​លើក​ទី​៣ ​នេះ​កើន​ដល់​ ៥០១ ​នាក់ ប៉ុន្តែ​ក៏មាន​អ្នកជា​សះស្បើយ​ចំនួន​ ៧ ​នាក់​ផងដែរ ដែល​ពួកគាត់​ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍​លើក​ទី​៣ ​នេះ​។

លោកស្រី​បន្តថា ក្នុងចំណោម​អ្នក​ឆ្លង​ទាំង​ ២៤ ​នាក់​នេះ​ មាន​ជនជាតិខ្មែរ​ ៧ ​នាក់ ជនជាតិ​ចិន​ ១២ ​នាក់ និង​ជនជាតិ​វៀតណាម​ ៥ ​នាក់​។ ​ការរកឃើញ​នេះ​មាន​​នៅ​ ៥ រាជធានី-ខេត្ត គឺ​ភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ចាម និង​ខេត្តកំពង់ធំ​។

គិត​ត្រឹម​ព្រឹក​ម្សិលមិញ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូវីដ​ ១៩​ សរុប​ចំនួន​ ១ ០១១ ​នាក់​ ក្នុង​នោះ​អ្នកឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ មាន​ចំនួន​ ៥០១ ​នាក់ ខណៈ​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​មាន ៥១៧ ​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​ ៤៩៣ ​នាក់​។

ទាក់ទង​នឹ​បញ្ហា​នេះ រដ្ឋបាលខេត្ត​កំពង់ចាម​បាន​ប្រកាស​​រក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ និង​ប្រយោល​ជាមួយ​នឹង​បុរស​ជនជាតិខ្មែរ​ម្នាក់​ឈ្មោះ​ ម៉ី ស៊ីថាន អាយុ​ ២៧ ​ឆ្នាំ​ ដែល​ជា​គ្រូបង្រៀន​ម៉ាស្សា​នៅ​សណ្ឋាគារ​ស៊ីញជីង-ថៃ​ ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បានធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ ១៩ ​ពីថ្ងៃ​ទី​ ៧ ខែមីនា ដើម្បី​ឱ្យមក​ធ្វើតេស្ត និង​ធ្វើ​ចត្តាឡីស័ក​ឱ្យបាន​ត្រឹមត្រូវ​។ ​បច្ចុប្បន្ន​អ្នកជំងឺ​រូបនេះ​កំពុងតែ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​។

បើតាម​រដ្ឋបាលខេត្ត បុរស​រូបនេះ​មាន​ការពាក់ព័ន្ធ​ច្រើន​កន្លែង​ដោយសារ​គាត់​បានធ្វើ​ដំណើរ​មកពី​ខេត្ត​ព្រះសីហនុ​តាំងពី​ថ្ងៃទី​ ៣ ខែមីនា ដោយ​ឆ្លងកាត់​កន្លែង​មួយចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ និង​ក្នុង​ខេត្តកំពង់ចាម​។ ​គាត់​បាន​ជិះ​រថយន្តឈ្នួល ម៉ូតូឌុប ម៉ូតូកង់​ ៣ (PassApp) ​និង​ចូលក្នុង​ផ្សារ​ព្រៃទទឹង​ផងដែរ​។

ដោយឡែក​សម្រាប់​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​ ១៩​ នៅ​មណ្ឌល​ចត្តាឡីស័ក​ព្រែកព្នៅ​នឹងត្រូវ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ព្យាបាល​កូវីដ​ ១៩​ ដឺងហ្គ្រេតឌូក ដែល​ជា​អតីត​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់ នៅ​​ព្រឹក​ថ្ងៃទី​ ៨ ខែមីនា ដើម្បី​បន្ត​ការថែទាំ និង​ព្យាបាល​ជំងឺ​។

លោក​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ និង​ជា​កូនប្រុស​ច្បង​របស់លោក​ ហ៊ុន សែន បានលើកឡើង​ក្នុង​បណ្តាញ​សង្គម​របស់លោក​ពី​ម្សិលមិញ​ថា ក្នុង​រយៈពេល​តែ​ ៣៣ ​ម៉ោង​ប៉ុណ្ណោះ​ [​យើង​] ​បាន​​រួមគ្នា​សម្រេច​នូវ​បេសកកម្ម​ដ៏ធំ​មួយ​គឺ​ការកែប្រែ​សណ្ឋាគារ​ The Great Duke (​អតីត​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់​) ​ដែល​បាន​បិទទ្វារ​អស់​រយៈពេល​ប្រមាណ​ ២ ​ឆ្នាំ​មកហើយ​ឱ្យ​ក្លាយ​ទៅ​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩​កម្រិត​ស្រាល​ដែល​អាចដាក់​អ្នកជំងឺ​បាន​​ប្រមាណ​ ៥០០ ​នាក់​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​ក្រុមការងារ​ទាំងអស់​ពី​អង្គភាព​កងទ័ព កងរាជ​អាវុធហត្ថ នគរបាលជាតិ ក្រសួងសុខាភិបាល ក្រសួង​ការងារ សាលា​រាជធានី​ភ្នំពេញ អគ្គិសនី​កម្ពុជា​ (EDC) ​រដ្ឋាករទឹក ក្រុមហ៊ុន​ឯកជន និង​មិត្តភក្ដិ​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការរៀបចំ​នេះ​...»​។

លោក ហ៊ុន ម៉ាណែត បាន​បន្តថា ការដាក់​ឱ្យ​ដំណើរការ​ទីតាំង​សណ្ឋាគារ​នេះ​ជា​មន្ទីរពេទ្យ​សម្រាប់​អ្នកជំងឺ​កូវីដ​១៩​កម្រិត​ស្រាល​គឺ​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ក្រសួងសុខាភិបាល​ក្នុងការ​ប្រមូលផ្តុំ​ធនធានមនុស្ស​សម្ភារ​,​បរិក្ខារ និង​បច្ចេកទេស​ចាំបាច់​មួយចំនួន​បម្រើ​ដល់​ការជួយ​សង្គ្រោះ​មនុស្ស​ឱ្យបាន​ទាន់ពេល​ និង​ធានា​ទប់ស្កាត់​ការរីករាលដាល​កាន់តែ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​​នៅក្នុង​សហគមន៍​។

ទន្ទឹមនឹង​នេះដែរ​ក្រសួង​សុខាភិបាល​ក៏បាន​ជូនដំណឹង​ទៅដល់​​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​​កូវីដ ​១៩​ លើក​ទី​ ១ នៅ​មន្ទីរពេទ្យ​ថ្នាក់ជាតិ រាជធានី​ភ្នំពេញ ដែល​បច្ចុប្បន្នកំពុង​ជាប់​នៅ​ខេត្ត​ព្រះសីហនុ​គឺអាច​ទៅ​ទទួល​វ៉ាក់សាំង​លើក​ទី​ ២ ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​បាន​។

ក៏ប៉ុន្តែ​ក្រសួង​បាន​បញ្ជាក់ថា​​បុគ្គល​នោះ​ត្រូវ​ផ្តល់ព័ត៌មាន​ ៣ ​ថ្ងៃ មុន​ទៅដល់​ក្រុម​ចាក់​វ៉ាក់សាំង​នៅ​ខេត្ត​ព្រះសីហនុ​ដែល​នឹងត្រូវ​ស្នើសុំ ព្រមទាំង​បញ្ជូន​ព័ត៌មាន​អ្នក​ដែល​ត្រូវ​ចាក់​លើក​​ទី​ ២ ​ទៅ​ក្រុមបច្ចេកទេស​ព័ត៌មានវិទ្យា​នៅ​ក្រសួងសុខាភិបាល​ផងដែរ​។

គិតពី​ថ្ងៃទី​ ១០ ខែកុម្ភៈ ដល់​ថ្ងៃទី​ ៧ ខែ មីនា ឆ្នាំ​ ២០២១ ​នេះ​ក្រសួង​សុខាភិបាល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ បាន​ចំនួន​ ៧១ ១៨៥ ​នាក់ និង​ក្រសួងការពារជាតិ​ចាក់​វ៉ាក់សាំង​ជូន​កងកម្លាំង​ប្រដាប់អាវុធ​បាន​ចំនួន ៩៦ ៣០២ ​នាក់​៕