ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា កំពុង​រៀបចំ​បង្កើត​ «​មជ្ឈមណ្ឌល​សម្រាប់​ការអប់រំ​ឌីជីថល និង​ការអប់រំ​ពី​ចម្ងាយ​» ​នៅក្នុង​បរិវេណ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដែល​ពិធីបើកការដ្ឋាន​ជួសជុល​អគារ​ត្រូវធ្វើ​នៅ​ព្រឹក​ថ្ងៃទី​ ២២ ខែមិថុនា​នេះ ក្រោម​អធិបតីភាព​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​​ស្រប​តាម​ចក្ខុវិស័យ​របស់​ក្រសួង​នេះ​ថា​ «​ដើម្បី​ឱ្យមាន​សេដ្ឋកិច្ច​បែប​ឌីជីថល​លុះត្រាតែ​មានការ​អប់រំ​បែប​ឌីជីថល​»​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​។

តាម​សេចក្ដី​ប្រកាស​ដែល​បានចេញ​ផ្សាយ​ពី​ថ្ងៃ​ ១៩ ខែ​មិថុនា​ឆ្នាំ​ ២០២០ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​ធ្វើជា​អធិបតី​បើក​ការដ្ឋាន​ជួសជុល​ និង​កែលម្អ​អគារ​មជ្ឈមណ្ឌល​នេះ លោក​រដ្ឋមន្ត្រី​ក៏​ធ្វើ​​សន្និសីទ​សារព័ត៌មាន​ជុំវិញ​ការបង្កើត​មជ្ឈមណ្ឌល​នេះ​ផងដែរ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ថា​ «​ការអប់រំ​ឌីជីថល​ក្នុង​បរិបទ​ឧស្សាហកម្ម​ ៤.០ ​មាន​សារៈសំខាន់​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការបោះជំហាន​ឱ្យ​ក្លាយជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឌីជីថល និង​រដ្ឋាភិបាល​ឌីជីថល ដោយសារ​ផ្នែក​ទាំងអស់​នេះ​ត្រូវការ​អ្នកជំនាញ​ជាច្រើន​ដើម្បី​បំពេញការងារ និង​គ្រប់គ្រង​ប្រព័ន្ធ​ឆ្លាតវៃ​ទាំងអស់​»​។

ក្រសួង​អប់រំ​បាន​បញ្ជាក់ថា ស្រប​តាម​ចក្ខុវិស័យ​នេះ​ក្រសួង​អប់រំ បាននិង​កំពុង​រៀបចំ​មូលដ្ឋានគ្រឹះ​សម្រាប់​ការអប់រំ​ឌីជីថល​ឱ្យ​ឆ្លើយតប​ជាមួយ​យុគសម័យ​បច្ចេកវិទ្យា តាមរយៈ​ការធ្វើ​កំណែទម្រង់​គ្រឹះស្ថាន​សិក្សា និង​កំណែ​ទម្រង់ការ​បណ្ដុះបណ្ដាល​គ្រូ​ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ភាគី​ពាក់ព័ន្ធ​មាន​សមត្ថភាព​ខ្ពស់​ខាង​បច្ចេកវិទ្យា​មុន​នឹង​ចែករំលែក​បន្ត​ទៅ​ដល់​សិស្សានុសិស្ស ដែល​ជា​ធនធាន​មនុស្ស​ជំនាន់​ថ្មី​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ថា ការអប់រំ​ឌីជីថល​ (Digital Education)​គឺជា​ការប្រើប្រាស់ ប្រកប​ដោយ​នវានុវត្ដន៍​នៃ​ឧបករណ៍ និង បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ការបង្រៀន និង​ការរៀន ក៏ដូចជា ការគ្រប់គ្រង​លើ​ការបង្រៀន និង​ការរៀន​។ ក្នុងន័យ​នេះ​ការអប់រំ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-Learning) ជា​ប្រព័ន្ធ​នៃ​ការអប់រំ​តាមបែប​ឌីជីថល​មួយបែប​ដែល​មាន​មូលដ្ឋាន​ចេញពី​ការអប់រំ​ផ្លូវការ និង​ប្រើប្រាស់​ធនធាន​អេឡិចត្រូនិក​ជា​ជំនួយ​។

ជាមួយ​នេះ​ដែរ សេចក្ដី​ប្រកាស​​ព័ត៌មាន​បាន​ឱ្យ​ដឹង​ទៀតថា ការអប់រំ​ពី​ចម្ងាយ​ (Distance Learning) ជា​វិធីសាស្ត្រ​មួយ​ដែល​សិស្ស​អាច​ទទួល​បាន​ការអប់រំ​សម្រាប់​អភិវឌ្ឍ​សម្បទា​ទាំង​ ៤ គឺ​ពុទ្ធិសម្បទា​បំណិន​សម្បទា កាយសម្បទា និង​ចរិយា​សម្បទា ដោយ​ពុំ​ចាំបាច់​មាន​វត្ដមាន​នៅ​សាលារៀន​ ឬ​ជួប​ជាមួយ​គ្រូ​ដោយ​ផ្ទាល់​ឡើយ​។

បើ​តាម​ក្រសួង​អប់រំ គ្រឹះស្ថានសិក្សា​មួយចំនួន​ផ្សារភ្ជាប់​កម្មវិធី​ «​អប់រំ​ពី​ចម្ងាយ​» ​ជាមួយ​នឹង​ «​ប្រព័ន្ធ​នៃ​ការសិក្សា​តាមបែប​ចម្រុះ​» (Blended Learning) ​ឬ​ដែល​ផ្សារភ្ជាប់​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​ការសិក្សា​ (Learning Management System) ​។

ដោយ​ផ្អែកលើ​បទពិសោធ​ដែល​ទទួល​បាន​ពី​ការអនុវត្ដ​កម្មវិធី​អបរំ​តាម​ប្រព័ន្ធ​ឡេឡិចត្រូនិក​នាពេល​កន្លងមក និង​ផ្អែកលើ​តម្រូវការ​សម្រាប់​បន្ត​អនុវត្ដ​នៅពេល​អនាគត​ក្រសួង​អប់រំ​នឹង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការអប់រំ​ឌីជីថល និង​ការអប់រំ​ពី​ចម្ងាយ​ផងដែរ​។ នេះ​​បើ​តាម​សេចក្ដី​ប្រកាស​ដដែល​។

ចំណែក​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការអប់រំ​ឌីជីថល និង​ការអប់រំ​ពី​ចម្ងាយ ដែល​ក្រសួង​អប់រំ​នឹង​អភិវឌ្ឍ​នោះ​មាន ១. ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គ្រប់គ្រង​ទិន្នន័យ​នៃ​ការអប់រំ​ឌីជីថល​ដោយ​ផ្ដោតលើ​ការរៀបចំ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​ (Data ceter)​។ ២. ​សកម្មភាព​ផលិត​វីដេអូ​នៃ​ការបង្រៀន​ដោយ​រួមបញ្ចូល​នូវ​ការបញ្ជ្រាប​វិធីសាស្ដ្រ​បង្រៀន​បែប​ថ្មី និង​ការឆ្លើយតប​ចំពោះ​ការអប់រំ​បរិយាប័ន្ន​ (​ការអប់រំ​ពិសេស​)​។ ​៣. ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ផលិត​វីដេអូ​នៃ​ការបង្រៀន​ដោយ​ផ្ដោតលើ​ការបង្កើត​ស្ទូឌីយោ​សម្រាប់​ផលិត​វីដេអូ​បង្រៀន និង​មាតិកា​ឌីជីថល​ដទៃទៀត និង​ស្ទូឌីយោ​ខ្នាត​​ធំ​សម្រាប់​វេទិកា​អប់រំ​។ ​៤. វេទិកា​ឌីជីថល​សម្រាប់​ការអប់រំ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ និង​ប្រព័ន្ធ​គ្រប់គ្រង​ការសិក្សា​ដោយ​ផ្អែកលើ​បរិបទ​នៃ​ការអប់រំ​នៅ​កម្ពុជា​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ពី​ការបង្កើត មជ្ឈមណ្ឌល​នេះ​កាលពី​ម្សិលមិញ ដោយ​លោក​ប្រាប់​ឱ្យ​រង់ចាំ​ទទួល​​ព័ត៌មាន​បន្ថែម​ពី​លោក ហង់ជួន ណារ៉ុន ដែល​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​៕