ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្កើត​លេខាធិការដ្ឋាន​សម្របសម្រួល​ និង​ពង្រឹង​កិច្ចដំណើរការ​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ដើម្បី​ជួយ​ដល់​ដំណើរការ​នានា​របស់​ក្រសួង​ទាក់ទង​នឹង​វិស័យ​កសិកម្ម​ជាដើម​។

សេចក្ដី​សម្រេច​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ថ្ងៃទី​ ២២ ខែមេសា ដោយ​មាន​លោក គុយ ម៉ារិនឌី រដ្ឋលេខាធិការ​ក្រសួង​នេះ​ជា​ប្រធាន​រួម​នឹង​អនុប្រធាន និង​សមាជិក​សរុប​ ១៨ រូប​ផ្សេងទៀត​។

បើ​តាម​សេចក្តី​សម្រេច​លេខាធិការដ្ឋាន​នេះ​មាន​ភារកិច្ច​សម្របសម្រួល សហការ​ជាមួយ​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ឯកជន និង​អ្នកពាក់ព័ន្ធ​នានា​ដើម្បី​ផ្ដល់​ការគាំទ្រ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការរៀបចំ​ការគ្រប់គ្រង ការចាត់ចែង និង​ការអនុវត្ដ​ការងារ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ឬ​កិច្ចការ​អាទិភាព​របស់​ក្រសួង​កសិកម្ម​។

សេចក្ដី​សម្រេច​នេះ​បញ្ជាក់​ថា​៖ «​លេខាធិការដ្ឋាន​នេះ​មាន​ភារកិច្ច​សម្របសម្រួល និង​រៀបចំ​លើក​ផែនការ​សកម្មភាព និង​ថវិកា​ប្រចាំឆ្នាំ​សម្រាប់​គាំទ្រ​ការងារ​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ វិស័យ​កសិកម្ម ដោយ​ដាក់បញ្ចូល​ទៅក្នុង​គម្រោង​ផែនការ​សកម្មភាព​ និង​ថវិកា​ប្រចាំឆ្នាំ​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​​ដើម្បី​ពិនិត្យ​សម្រេច​។ រៀបចំ​របាយការណ៍​ស្ដីពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នៃ​ការគ្រប់គ្រង​ការចាត់ចែង និង​ការអនុវត្ដ​ការងារ កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​ក្រសួង​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​ជាដើម​»​។

លោកស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា កន្លងមក​ក្រសួង​មិន​ដែល​មាន​លេខាធិការដ្ឋាន​បែបនេះ​ទេ ហើយ​ការបង្កើត​នេះ​គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​វិមជ្ឈការ​ និង​វិសហមជ្ឈការ​របស់​ក្រសួង​។

តាម​សេចក្ដី​សម្រេច​ដដែល​ការបង្កើត​លេខាធិការដ្ឋាន​នេះ​ក៏​ស្រប​ទៅ​តាម​សេចក្ដី​សម្រេច​រួម​រវាង​ក្រសួង​កសិកម្ម​ជាមួយ​នឹង​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ក្រោម​ជាតិ​ (​គ.ជ.អ.ប​) ​ស្ដីពី​ការអនុវត្ដ​ផែនការ​សកម្មភាព និង​ថវិកា​ប្រចាំឆ្នាំ​របស់ គ.ជ.អ.ប ផងដែរ​។

លោក គុយ ម៉ារិនឌី រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នេះ​មិន​អាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​បានទេ កាលពី​ម្សិលមិញ​ដោយ​លោក​បញ្ជាក់​តាម​ទូរស័ព្ទ​ថា កំពុង​រវល់​ប្រជុំ​៕