The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​បង្កើត​ស្ថាប័ន​ថ្មី ​ផ្ដោត​លើ​ការ​បង្ក្រាប​ឈើ​ប្រណីត

ក្រសួង​បង្កើត​ស្ថាប័ន​ថ្មី ​ផ្ដោត​លើ​ការ​បង្ក្រាប​ឈើ​ប្រណីត

Content image - Phnom Penh Post
ឈើគ្រញូងដែលសមត្ថកិច្ចបង្ក្រាបបានកន្លងមក។ ហ្វេសប៊ុក

ក្រសួង​បង្កើត​ស្ថាប័ន​ថ្មី ​ផ្ដោត​លើ​ការ​បង្ក្រាប​ឈើ​ប្រណីត

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​សម្រេច​បង្កើត​ស្ថាប័ន​ថ្មី​មួយ​បន្ថែម​ទៀត​ដែល​មាន​តួនាទី​ក្នុង​ការ​បង្ការ ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទ​ល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ពិសេស​បទ​ល្មើស​ជួញដូរ​ឈើ​គ្រញូង។ នេះ​បើ​តាម លោក សួន សុវណ្ណ អ្នក​នាំ​ពាក្យ​រដ្ឋបាល​ព្រៃឈើ កាល​ពី​ម្សិលមិញ។

លោក សុវណ្ណ បាន​ថ្លែងថា ស្ថាប័ន​ដែល​ទើប​បង្កើតឡើងកាល​ពី​ថ្ងៃ​ទី ៤ ខែ​មករា ឆ្នាំ​នេះ មាន​ឈ្មោះ​ថា «លេខា​ធិការ​ដ្ឋាន​អចិន្រៃ្តយ៍​ថ្នាក់​ជាតិ បង្ការ​ទប់​ស្កាត់ និង​បង្ក្រាប​ការ​កាប់ ការ​ដឹក​ជញ្ជូន ការ​ប្រមូល ការ​ស្តុកទុក និង​ការ​នាំ​ចេញ​ឈើ​គ្រញូង» ដែល​មាន​សមាស​ភាព​មក​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ក្រសួង​ការពារ​ជាតិ ក្រសួង​មហាផ្ទៃ ក្រសួង​ពាណិជ្ជ​កម្ម ក្រសួង​បរិស្ថាន កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​និង អភិបាល​រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស។

លោក សុវណ្ណ បាន​បញ្ជាក់ថា៖ «ការងារ​ស្នូល​របស់​លេខាធិ​ការដ្ឋាន​អចិន្រៃ្តយ៍​ថ្នាក់​ជាតិ​នេះ​គឺ​ផ្ដោត​សំខាន់​តែ​លើ​ឈើ​គ្រញូង​ប៉ុណ្ណោះ ដោយសារ​ឈើ​នេះ​ជា​ប្រភេទ​ឈើ​កម្រ​នៅ​ក្នុង​ប្រទេស​របស់​យើង»។

ប៉ុន្តែ​នៅពេល​សួរថា ហេតុអ្វី​បានជា​ស្ថាប័ន​ថ្មី​នេះ​មាន​គោល​ដៅ​បង្ក្រាប​ដោយ​ផ្ដោត​សំខាន់តែ​លើ​ឈើ​គ្រញូង ហើយ​ឈើ​ប្រណីត​ដទៃ​ទៀត​មិន​ចាប់​ឬ​មួយ​យ៉ាង​ណា​នោះ? លោក សួន សុវណ្ណ ដែល​មាន​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៃ​រដ្ឋបាល​ព្រៃឈើ​និង​ជា​លេខាធិការ​នៃលេខាធិការ​ដ្ឋាន​អចិន្រៃ្តយ៍​ថ្នាក់​ជាតិ​នេះ​ផង​នោះ បាន​ពន្យល់​ថា ជា​ទូទៅ​ឈ្មួញ​ឈើ តែង​ប្រើល្បិច​គ្រប់​រូបភាព​ក្នុង​ការ​កាប់ ដឹក​ជញ្ជូន ប្រមូល​ស្តុក​ទុក​និង​នាំ​ចេញ​ឈើ​គ្រញូង​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​តាមរយៈ​ការ​លួច​បង្កប់​នៅ​ក្នុង​ប្រភេទ​ឈើ​ប្រណីត​ផ្សេងៗ​ទៀត។

លោក​បាន​បន្តថា៖ «ដូច្នេះ​មិន​ចំពោះតែ​ឈើ​គ្រញូង​នោះទេ ឈើ​អី​ក៏ដោយ ឲ្យ​តែ​ល្មើស​​ច្បាប់​គឺ​ត្រូវ​បង្ក្រាប​ទាំង​អស់។ ប៉ុន្តែ​ករណី​ឆែក​ឆេរ​មិន​ឃើញ​ឈើ​គ្រញូង​ទេ​នោះ លេខា​ធិការដ្ឋាន​អចិន្រៃ្តយ៍​ថ្នាក់​ជាតិ យើង​នឹង​ប្រគល់​សំណុំ​រឿង​នោះ​ឲ្យ​ស្ថាប័ន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក​ចាត់​វិធានការ​បន្ត​តាម នីតិវិធី​ច្បាប់»។

បើតាម​លោក សុវណ្ណ ការបង្កើត​លេខាធិការដ្ឋាន​អចិ​ន្រៃ្ត​យ៍​ថ្នាក់ជាតិ​នេះ​គឺ​ដើម្បី​ពង្រឹង​និង​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​បទ​បញ្ជា​លេខ ០២ របស់​រាជ​រដ្ឋាភិបាល​ដែល​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​យន្តការ​បង្ការ ទប់ស្កាត់​និង​បង្ក្រាប​នូវ​រាល់​បទ​ល្មើស​ព្រៃឈើ​គ្រប់​រូបភាព ពិសេស​ករណី​កាប់​បំផ្លាញ​និង​ជួញដូរ​ឈើ​គ្រញូង។

កន្លងមក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​មួយ​ដែល​មាន​លោក​នាយ​ឧត្តម​សេនីយ៍ សៅ សុខា ជា​ប្រធាន។គណៈ​កម្មការ​នោះ បាន​ចុះ​ស្រាវជ្រាវ​និង​បង្ក្រាប​បទ​ល្មើស ព្រៃឈើ សត្វព្រៃ និង​ការ​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​យក​ជា​កម្ម​សិទ្ធិ បាន​លទ្ធផលជាច្រើន ដោយ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​មួយ​ចំនួន បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​ជា​បន្ត​បន្ទាប់​ដែល​រហូត​មក​ទល់​ពេល​នេះ មាន​ជន​សង្ស័យ​មួយ​ចំនួន​កំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​នៅ​ឡើយ។

ទោះជា​យ៉ាងណា បទល្មើស​កាប់ ដឹកជញ្ជូន ប្រមូល ស្តុកទុក​និង​ជួញដូរ​ផល​អនុផល​ព្រៃឈើ​ខុស​ច្បាប់​ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​នៅតែ​បន្ត​កើត​មាន​នៅ​ឡើយ ពិសេស​នៅ​ក្នុង​តំបន់​ភូមិភាគ​ឦសាន និង​តំបន់ជួរ​ព្រំដែន ​កម្ពុជា-ថៃ-ឡាវ និង​វៀតណាម។

ទាក់ទង​នឹង​ការបង្កើត​ស្ថាប័ន​នេះ ម្ចាស់​ពានរង្វាន់​វីរជន​បរិស្ថាន​ពិភពលោក លោក អ៊ូច ឡេង ដែល​តែង​ឃ្លាំមើល​ពីបទ​ល្មើស​ព្រៃឈើ​នៅ​កម្ពុជា​បាន​ថ្លែង​ថា​ការ​បង្កើត​ស្ថាប័ន​កាន់​តែ​ច្រើន​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នេះ បង្ហាញ​ថា​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​ព្រៃឈើនៅ​កម្ពុជា នៅ​មាន​កម្រិត។

លោក អ៊ូច ឡេង បាន​បញ្ជាក់ថា៖ «ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​មិន​ស្ថិតនៅ​ត្រង់​បង្កើត​ឲ្យ​មាន​ស្ថាប័ន​ច្រើន​ទេ។ ឈ្មួញ​ឈើ​ធំៗ​ភាគ​ច្រើន មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​មាន​អំណាច​ធំៗ ដូច្នេះ ការ​បង្កើត​ស្ថាប័ន​ច្រើន វា​គ្មាន​ប្រយោជន៍​ឡើយ បើ​ខ្វះ​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​និង​មិន​លុប​បំបាត់​ឲ្យ​អស់​នូវ​វប្បធម៌​អន្តរា​គមន៍​ឬ​និទ្ទណ្ឌភាព​ទេ​នោះ»។

ទាក់ទិន​ករណីនេះ​លោក សុវណ្ណ មិនបាន​បកស្រាយ​លម្អិត​ទេ កាលពី​ម្សិលមិញ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា បទ​ល្មើស​ជួញ​ដូរ​ឈើ​ប្រណីត រួមទាំង​ឈើ​គ្រញូង​គឺមាន​ភាព​ស្មុគ​ស្មាញ​ខ្លាំង ព្រោះ​ពួក​ឈ្មួញ​មាន​ល្បិច​ច្រើន។

យ៉ាងណាក្ដី លោក​ថា តាមរយៈស្ថាប័ន​ថ្មី​នេះ​នឹង​ខិតខំ​ទប់ស្កាត់​បទ​ល្មើស​ឈើ​គ្រញូង​ក៏​ដូចជា​ឈើ​ប្រណីត​ដទៃ​ទៀត​ឲ្យ​បាន​ខ្លាំងក្លា​បំផុត៕

អត្ថបទគួរចាប់អារម្មណ៍