The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​បង្កើត​អនុគណៈកម្មាធិការ ​ទប់ស្កាត់​ការហ៊ុមព័ទ្ធ​យក​ដីព្រៃ

ក្រសួង​បង្កើត​អនុគណៈកម្មាធិការ ​ទប់ស្កាត់​ការហ៊ុមព័ទ្ធ​យក​ដីព្រៃ

Content image - Phnom Penh Post
សកម្មភាព​ឈូសឆាយ​វាត​យក​ដី​របស់​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី​កាលពី​ពេល​កន្លងមក​។ រូបថត ហ្វេសប៊ុក

ក្រសួង​បង្កើត​អនុគណៈកម្មាធិការ ​ទប់ស្កាត់​ការហ៊ុមព័ទ្ធ​យក​ដីព្រៃ

មណ្ឌលគិរីៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​​បាន​ប្រកាស​បង្កើត​អនុគណៈ​កម្មាធិការ​ខេត្ត​មណ្ឌលគិរី​ដើម្បី​ទប់ស្កាត់ លុបបំបាត់ និង​បង្ក្រាប ការកាប់​រាន ដុត ឈូសឆាយ និង​ហ៊ុមព័ទ្ធ​ដីព្រៃ​ដើម្បី​វាត​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ជា​អ្វី​ដែល​មន្ត្រី​បាន​បញ្ជាក់ថា យន្តការ​នេះ​ជា​ផ្នែក​មួយ​ដើម្បី​កុំឱ្យ​មន្ត្រី​រុញ​ការងារ​ដាក់​គ្នា​ទៀត​ជុំវិញ​ការចុះ​ទប់ស្កាត់​សកម្មភាព​ខុសច្បាប់​ទាំងនេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម​កាលពី​ថ្ងៃ​ទី​ ៩ ​វិច្ឆិកា​ បាន​បញ្ជាក់ថា អនុគណៈកម្មាធិការ​នេះ គឺ​មាន​សមាសភាព​ដូចជា លោក​ ស្វាយ សំអ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​ធ្វើជា​ប្រធាន និង​លោក​ សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ធ្វើ​ជា​លេខា​ប្រតិបត្តិ ខណៈ​សមាជិក​ជាច្រើន​ទៀត​មានដូចជា មន្ត្រី​តុលាការខេត្ត ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន​ ស្នងការខេត្ត កងរាជអាវុធហត្ថ​ខេត្ត ទាហាន និង​អភិបាលស្រុក និង​ក្រុង​ចំនួន​ ៥ ​ផ្សេង​ទៀត ។

តាម​សេចក្ដី​ប្រកាស​បានបញ្ជាក់​ថា ក្រុមការងារ​ទាំងនេះ​នឹង​អនុវត្ត​នូវ​តួនាទី​សំខាន់ៗ​មួយ​ចំនួន​ដូចជា ការស្រាវជ្រាវ​រក​មេខ្លោង និង​មេខ្យល់​ដែល​រៀបចំ​ឱ្យមាន​ចលនា​នៃ​ការកាប់​រាន​ដុត ឈូសឆាយ និង​ហ៊ុមព័ទ្ធ​ដីព្រៃ​ខុសច្បាប់ រួមទាំង​ការបន្ត​ចេញ​ដីកា​ប្រកាស​បដិសេធ និង​ដកហូត​ដីព្រៃ​គ្រប់​ប្រភេទ​ដែល​ត្រូវបាន​រំលោភបំពាន​ខុសច្បាប់​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​។

សេចក្ដី​ប្រកាស​សរសេរ​ថា​ «​សមាជិក​អនុគណៈកម្មាធិការ​ខេត្ត​នេះ​ត្រូវ​ចូលរួម​ទទួលខុស​ត្រូវ​ក្នុង​ក្របខ័ណ្ឌ​សមត្ថកិច្ច ភារកិច្ច​របស់​ខ្លួន និង​ត្រូវ​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ប្រធាន​។ អនុគណៈកម្មាធិការ​ខេត្ត​នេះ​មាន​លេខាធិកាដ្ឋាន​ប្រតិបត្តិ​ជា​ជំនួយការ​នៅ​មន្ទីរកសិកម្ម និង​មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​រដ្ឋបាល​ខេត្ត​ដើម្បី​អនុវត្តភារកិច្ច និង​សម្រួល​ការងារ​របស់ខ្លួន​»​។

លោក​ សុក សេរ៉ា មន្ត្រី​នាំពាក្យ​​ខេត្ត​មណ្ឌលគិរី​បានបញ្ជាក់​បន្ថែម​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ការបង្កើត​អនុគណៈកម្មាធិការ​នេះ​គឺ​ដើម្បី​កុំឱ្យ​មាន​ការរុញ​ការងារ​ដាក់​គ្នា​​ និង​ដើម្បី​បង្កើតជា​កម្លាំង​រួមគ្នា​ដើម្បី​ទប់ស្កាត់​ការហ៊ុមព័ទ្ធ​យក​ដីព្រៃ​ខុសច្បាប់​។

លោក​ថា ក្រុម​ការងារ​នៃ​អនុគណៈកម្មាធិការ​នេះ​នឹង​ចុះទៅ​ទប់ស្កាត់​ភ្លាមៗ​​នៅពេល​មាន​ការកាប់​រាន​យក​ដីព្រៃ​ហើយ​ក្នុងនោះ​ក៏​មាន​ការពិនិត្យ​ឡើងវិញ ចំពោះ​ការកាប់​ទន្ទ្រាន​យក​ដី​ធ្វើជា​ដី​កម្មសិទ្ធិ​នាពេល​កន្លងមក​ដើម្បី​ដកហូត​ដី​នោះ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​។

លោក​ថា​៖ «​យើង​នឹង​ពិនិត្យ​ជាក់ស្ដែង​អំពី​ប្រវត្តិ​ដី​ហ្នឹង ភាពសមស្រប​របស់​គាត់ ហើយ​ប្រសិនបើ​មាន​ភាពមិន​ប្រក្រតី អាហ្នឹង​យើង​ដកហូត​ជា​សម្បត្តិ​រដ្ឋ​វិញ​»​។

កាលពី​អំឡុង​ខែ​កក្កដា​ឆ្នាំនេះ លោក ស្វាយ សំអ៊ាង អភិបាល​ខេត្តមណ្ឌលគិរី​បានចេញ​លិខិត​ដកហូត​បាន​ដី​ចំនួន ​១ ៧៥៤ ​ហិកតា​ ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ពី​លោក​ សេង សុវណ្ណារ៉ា ដែល​កាលនោះ​លោក​ធ្វើ​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ខណៈ​ពលរដ្ឋ​ចោទ​គាត់​ថា​បាន​ធ្វើ​លិខិត​កាន់កាប់​លើដី​សហគមន៍ និង​ដី​ដែនជម្រក​សត្វព្រៃ​ក្នុងស្រុក​កោះ​ញែក និង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។

ប៉ុន្តែ​កាលនោះ​អាជ្ញាធរខេត្ត​មណ្ឌលគិរី​មិនបាន​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​លោក សេងសុវណ្ណារ៉ា ឡើយ ដោយ​អះអាង​ថា ដី​ដែល​ធ្វើលិខិត​កាន់កាប់​នោះ​គឺ​មិនទាន់​បាន​ឈូសឆាយ​នៅ​ឡើយ​។

នៅពេល​ទាក់ទង​សុំ​ការបញ្ជាក់​​បន្ថែម​ជុំវិញ​ការបង្កើត​អនុគណៈកម្មាធិការ​នេះ​ពី​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃអាទិត្យ លោក​មិន​បាន​ឆ្លើយតប​ទេ​។

បើតាម​លោក សុក សេរ៉ា អនុគណៈកម្មាធិការ​ខេត្ត​មណ្ឌលគិរី​នេះ​គឺ​បង្កើតឡើង បន្ទាប់ពី​ក្រសួងកសិកម្ម​បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​កាលពី​ខែមិថុនា​ឆ្នាំ​ ២០១៩ ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ការទន្ទ្រាន​យក​ដីព្រៃ​។

លោក​បន្ត​ថា គ្រប់​ខេត្ត​ទាំងអស់​នឹងត្រូវ​បង្កើត​ឱ្យមាន​អនុគណៈកម្មាធិការ​នេះ ដូច​នៅ​ខេត្ត​មណ្ឌលគិរី​ផង​ដែរ​៕

អត្ថបទគួរចាប់អារម្មណ៍