ភ្នំពេញៈ ក្រុមការងារ​ព័ត៌មានវិទ្យា​ (IT) ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាននិង​កំពុង​ធ្វើ​ប្រព័ន្ធ​កម្មវិធី​ App ​ថ្មី​មួយទៀត ដើម្បី​ថត​នូវ​រាល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ចរាចរណ៍​ទាំងអស់​របស់​អ្នកបើកបរ​នៅ​កម្ពុជា​ដើម្បី​ដកពិន្ទុ​លើ​បណ្ណ​បើកបរ មុនពេល​ឈាន​ទៅដល់​ការពិន័យ ឬ​បញ្ឈប់​លែងឱ្យ​បើកបរ​ចាប់ពី​រយៈពេល​ ៦ ​ខែ​ទៅ​ ១ ​ឆ្នាំ​។

លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​ ២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២១ កាលពី​ម្សិលមិញ​ថា ការបង្កើត​ប្រព័ន្ធ​ App ថ្មី​នេះ​អាច​នឹងត្រូវ​​បញ្ចប់​ក្នុង​ខែមិថុនា ឆ្នាំ​ ២០២១ ខាងមុខនេះ​។ ​នៅពេល​ការងារ​នេះ​បញ្ចប់​នឹង​យកទៅ​បង្ហាញ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​មុន​នឹង​ឈានដល់​ការដាក់​ឱ្យប្រើប្រាស់​ជា​ផ្លូវការ​។

លោក​ថ្លែងថា៖ «​កម្មវិធី App នេះ​នឹង​ដក​ពិន្ទុ​លើ​បណ្ណ​បើកបរ​។

ច្បាប់​យើង​បាន​ចែងថា ៥ ​ឆ្នាំ​ក្រោយពី​ច្បាប់​ចូល​ជា​ធរមាន​នឹង​មាន​ការដក​ពិន្ទុ​នូវ​អ្នកបើក​យានយន្ត​ខុសច្បាប់​។ ​ឧទាហរណ៍​​បើកបរ​លើស​ល្បឿន​ខុសច្បាប់​បើកបរ​មិន​ឈប់​ភ្លើងស្តុប​ក្រហម បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង បើក​អត់​ពាក់​ខ្សែក្រវាត់​។​ល​។ កន្លែង​នេះ​ត្រូវ​ដក​ពិន្ទុ​»​។

លោក​ ស៊ុន ចាន់ថុល បាន​ពន្យល់​​ថា ប្រព័ន្ធ​ App ថ្មី​នេះ​នឹង​កត់ត្រា​ពិន្ទុ​ដោយ​ខ្លួនឯង ហើយ​នៅពេល​ដក​ពិន្ទុ​គ្រប់​ហើយ​ដែល​មាន​ចំនួន​ ១២ ​ពិន្ទុ ​គឺ​មិន​អនុញ្ញាត​​ឱ្យ​បើកបរ​តទៅទៀត​នោះទេ​។

លោក​បន្ថែមថា មិនមែន​គ្រាន់តែ​ផាកពិន័យ​ជា​ប្រាក់​ហើយ​រួចខ្លួន​​ទេ គឺ​ត្រូវ​ដក​ពិន្ទុ​ថែមទៀត​កុំឱ្យ​មាន​ការប្រើ​បណ្ណ​បើកបរ​អាច​ចាប់ពី​ ៦ ​ខែ ទៅ​ ១ ​ឆ្នាំ ទៅតាម​ច្បាប់​ដែលមាន​ចែង​។

បើតាម​លោក ស៊ុន ចាន់ថុល ក្រុមការងារ​ក្រសួង​នឹង​រៀបចំ​ឱ្យ​ចប់​នៅក្នុង​ខែមិថុនា ហើយ​នឹង​យកទៅ​ធ្វើ​បទបង្ហាញ​ជូន​លោក ស ខេង នៅក្នុង​ខែកក្កដា ឆ្នាំ​ ២០២១​។ បន្ទាប់មកទៀត​នឹងត្រូវ​ចាប់ផ្តើម​ផ្សព្វផ្សាយ​ឱ្យ​បងប្អូន​ពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​សាធារណៈ​ឱ្យបាន​ដឹងថា កម្ពុជា​មាន​ច្បាប់ មាន​សម្ភារ និង​មាន​ App ត្រឹមត្រូវ​ដើម្បី​ចាប់ផ្តើម​ដក​ពិន្ទុ​។

លោក​ ស៊ុន ចាន់ថុល បញ្ជាក់​បន្ថែមថា ការបង្កើត App សម្រាប់​ដក​ពិន្ទុ​ចំពោះ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​នេះ ក៏បង្ក​ភាពងាយស្រួល​ដល់​ក្រុមហ៊ុន​ធានារ៉ាប់រង​ផងដែរ​ក្នុង​ការលក់​កញ្ចប់​ធានារ៉ាប់រង​ក្នុងតម្លៃ​ថ្លៃ​ដែល​ទៅមុខ​​ទៀត​នឹងមាន​ការផ្ទេរ​ព័ត៌មាន​ទៅវិញ​ទៅមក​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ធានារ៉ាប់រង​។

លោក​ គង់ រតនៈ អ្នកជំនាញ និង​ជា​អ្នកពិគ្រោះ​យោបល់​លើ​បញ្ហា​ចរាចរណ៍​ផ្លូវគោក បាន​ស្វាគមន៍​ចំពោះ​ការធ្វើ​ទំនើបកម្ម​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ការបង្កើត​ App ​ថ្មី​នេះ សម្រាប់​តាមដាន​រាល់​បទល្មើស​ចរាចរណ៍​របស់​អ្នក​ប្រើប្រាស់​ផ្លូវ​សាធារណៈ​។

លោក​ គង់ រតនៈ បាន​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ​ចំពោះ​ការធ្វើ​ទំនើបកម្ម​ដូចជា App ដើម្បីឱ្យ​មាន​ការគ្រប់គ្រង​ទៅលើ​ឥរិយាបថ​ ឬ​កំណត់ត្រា​នូវ​កំហុស​របស់​អ្នកបើកបរ​ដែល​ល្មើស​ហ្នឹង គឺជា​រឿងល្អ ពីព្រោះ​ថា​មកទល់​ឆ្នាំនេះ ​ពលរដ្ឋ​ភាគច្រើន​មានលទ្ធភាព​ក្នុង​ការប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន ជាពិសេស​សំដៅ​ទៅលើ​សមត្ថកិច្ច​ដែលមាន​តួនាទី​ក្នុងការ​ប្រើប្រាស់​ជា​ចាំបាច់​»​។

យ៉ាងណាក្ដី លោក​ គង់ រតនៈ បាន​បញ្ជាក់ថា ចំពោះ​ការបង្កើត​ប្រព័ន្ធ​កម្មវិធី App នេះ​មាន​សុក្រឹតភាព​ប៉ុនណា ឬ​ការអនុវត្ត​របស់​សមត្ថកិច្ច​បាន​កម្រិត​ប៉ុនណា​នោះ​គឺជា​រឿង​មួយ​ផ្សេងទៀត ប៉ុន្តែ​អ្វីដែល​ក្រសួង​ផ្តួចផ្តើម​ឱ្យមាន​ App ​គឺ​បង្ក​ឱ្យ​មាន​ភាពងាយស្រួល​ដល់​ការប្រមូល​បាន​នូវ​កំណត់ត្រា​កំហុសឆ្គង​របស់​អ្នកបើកបរ ជាពិសេស​គឺអាច​​ដឹង​ពី​កម្រិត​ចំណេះដឹង​នៃ​អ្នក​​បើកបរ​ដែល​បាន​ប្រឡង​យក​បណ្ណ​បើកបរ​កន្លងមក​៕