ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ​បាន​ថ្លែងថា​ថវិកាជាតិ​ប្រមាណ​ជាង​ ៧ ​ពាន់​លាន​រៀល ​ត្រូវបាន​បង្វែរ​ចូល​​រដ្ឋ​វិញ​កាលពី​ឆ្នាំ​មុន បន្ទាប់ពី​បាន​រកឃើញ​ថា ប្រើប្រាស់​មិន​ត្រឹមត្រូវ ខណៈ​អ្នកនាំពាក្យ​ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច​អះអាង​ថា​កម្ពុជា​លែង​មាន​មន្ត្រី​ខ្មោច​។

លោក​ យក់ ប៊ុនណា អ្នក​នាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ថវិកាជាតិ​ប្រមាណ​ ៧ ១៩៨ ១៣៥ ៥១៤ រៀល ​ត្រូវ​បាន​បង្វែរ​ចូល​ថវិការដ្ឋ​វិញ បន្ទាប់ពី​ក្រសួង​រកឃើញ​បើក​លើស និង​បើក​ឲ្យ​មន្ត្រី​ដែល​បាន​លុបឈ្មោះ​ចេញ​ហើយ​។

លោក​បាន​ពន្យល់ថា ដោយសារ​ក្នុង​បញ្ជី​មន្ត្រីរាជការ​ទូទាំង​ប្រទេស​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​​ និង​បាន​លុបឈ្មោះ​មន្ត្រី​ដែល​មាន​តែ​ឈ្មោះ​ចេញ​។ ​រីឯ​ខ្លះទៀត​​បាន​ទទួល​មរណភាព ប៉ុន្តែ​មិនទាន់​កាត់​ចេញ​ពី​បញ្ជី​ប្រាក់​បៀវត្សរ៍​ជា​ហេតុ​នាំឲ្យ​ការបើក​​ប្រាក់​បៀវត្សរ៍​លើស​នេះ​។

លោក​ថា​៖ «​ករណី​នេះ​ព្រោះតែ​មន្ត្រី​ទាំងអស់​ត្រូវ​បង្ហាញ​វត្តមាន​ជាប្រចាំ និង​ត្រូវ​មាន​គណនី​ធនាគារ​ត្រឹមត្រូវ​ទើប​អាច​បើកប្រាក់​បៀវត្សរ៍​បាន​ដូច្នេះ​ពាក្យ​ថា មន្ត្រី​ខ្មោច​ដែល​ពីមុន​តែង​ឮ​នោះ​ក្នុង​ពេលនេះ​គឺ​លែង​មាន​ទៀត​ហើយ​»​។

ការលុបឈ្មោះ​មន្ត្រី​ខ្មោច​ពី​បញ្ជី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​បាន​ចាប់ផ្តើម​ពី​ឆ្នាំ​ ២០១៤ បន្ទាប់ពី​កម្ពុជា​បាន​រៀបចំ​បើកប្រាក់​បៀវត្សរ៍​តាម​ធនាគារ​ដែល​តាម​លោក យក់ ប៊ុនណា ថា ឆ្នាំនេះ គ្រប់​មន្ត្រីរាជការ​ទាំងអស់​ជាង ២១ ម៉ឺន​នាក់ ​គឺ​សុទ្ធតែ​មាន​គណនីធនាគារ និង​បើកប្រាក់​បៀវត្សរ៍​របស់​ពួកគេ​តាម​ធនាគារ​។

មិន​ខុសពី​ការអះអាង​នេះ​ទេ​លោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួង​​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​ និង​អធិការកិច្ច​» ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ២០ ​ខែកុម្ភៈ​ ថា​ ក្រោយ​ការចុះ​ធ្វើ​​អធិការកិច្ច​លើ​ ១៤ ក្រសួង​កន្លង​មក​នេះ ក្រុម​ការងារ​រក​មិនឃើញ​មន្ត្រី​ខ្មោច​ទៀត​ទេ​។

លោក ណារិន្ទ បាន​លើកឡើង​ថា បច្ចុប្បន្ន​មន្ត្រី​ខ្មោច​លែង​មាន​ទៀត​ហើយ ព្រោះ​ការធ្វើ​អធិការកិច្ច​កន្លងមក គឺ​រក​ឃើញ​តែ​មន្ត្រី​ចុះ​បេសកកម្ម និង​មន្ត្រី​ខ្លះ​​ព្យួរ​ការងារ​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ខ្មោច​មាន​តែ​ឈ្មោះ ហើយ​មិន​ធ្វើការ​នោះទេ​។

លោក ណារិន្ទ បាន​ឲ្យ​ដឹងថា​៖ «​យើង​បាន​ចុះ​ធ្វើ​ (​អធិការកិច្ច​) ​កិច្ចការងារ​ហ្នឹង​មាន​មន្ត្រី​អធិការកិច្ច​ចុះទៅ​ធ្វើ​។ ​ប៉ុន្តែ​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ ការធ្វើ​កិច្ចការងារ​នេះ​នៅ​តាម​ក្រសួង​ហ្នឹង​មិន​សូវ​បាន​​ទាំងអស់​ទេ ព្រោះតែ​យើង​ធ្វើ​មួយ​​ក្រសួងៗ មាន​រយៈពេល​យូរ ហើយ​បញ្ហា​អស់​នេះ យើង​បាន​ចេញ​ (​សជណ​) ទៅ​តាម​ប្រធាន​អង្គភាព​ផងដែរ​»​។

បន្ថែម​ពីនេះ​លោក​បញ្ជាក់​ថា ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច​ដែល​មាន​តួនាទី​ធ្វើ​អធិការកិច្ច​លើ​គ្រប់​វិស័យ​សំដៅ​ប្រឆាំង​អំពើ​ពុករលួយ ការរំលោភ​អំណាច និង​បាតុភាព​អសកម្ម​នានា​នៅតាម​ក្រសួង​ស្ថាប័ន​ផង​នោះ​នឹង​បន្ត​ចុះ​ធ្វើ​អធិការកិច្ច​ទៅ​តាម​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​ទៀត​ក្នុង​ឆ្នាំ​ ២០២០ នេះ​។

តាម​តួលេខ​របស់​ក្រសួង​មុខងារសាធារណៈ​បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំនេះ កម្ពុជា​មាន​​មន្ត្រីរាជការ​ប្រមាណ ២១៨ ៥៥២ ​នាក់ ខណៈ​កាលពី​ឆ្នាំ​មុន​មាន ២១៨ ៤៨២ នាក់​។

បើ​តាម​សៀវភៅ​ណែនាំ​ស្តីពី​កំណែ​ទម្រង់​រដ្ឋបាល​សម្រាប់​មន្ត្រីរាជការ​ដែល​បោះពុម្ព​ក្នុង​ឆ្នាំ​ ២០១០ មន្ត្រីរាជការ​ត្រូវបំពេញ​ការងារ​ ៨ ​ម៉ោង​ក្នុង​ ១ ​ថ្ងៃ​ ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ពី​ម៉ោង​ ៧:៣០ ​នាទី​ព្រឹក ដល់​ម៉ោង​ ១១:៣០ និង​ពី​ម៉ោង​ ២ ​រសៀល​​ដល់​ ៥:៣០ ​ល្ងាច ហើយ​មន្ត្រី​រាជការ​ត្រូវបាន​ហាមប្រាម​មិន​ឲ្យ​ធ្វើ​ការងារ​ផ្ទាល់ខ្លួន​ក្នុង​អំឡុង​ម៉ោង​ការងារ​ទេ ប្រសិន​បើ​បំពាន​នឹងមាន​ការដាក់ពិន័យ​ទោសទណ្ឌ​។

កាលពី​ឆ្នាំ​ ២០១០ មាន​មន្ត្រី​ខ្មោច​ប្រមាណ ​៣០ ០០០ ​នាក់​ ត្រូវបាន​លុបឈ្មោះ​ចេញ​ពី​បញ្ជី​បើក​ប្រាក់ខែ​ក្នុង​នោះ​ប្រហែល​ ២៨ ០០០ ​នាក់​ នៅ​ថ្នាក់​ខេត្ត និង​ក្នុង​ជួរ​នគរបាល និង​កងទ័ព ហើយ​នៅក្នុង​ឆ្នាំ​ ២០១១ មាន​មន្ត្រី​ខ្មោច ៤ ០០០ ​នាក់​ទៀត​ ត្រូវបាន​រកឃើញ​ផងដែរ​។

នេះ​បើតាម​ការចុះផ្សាយ​របស់​​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​អំឡុង​ឆ្នាំ​ ២០១៤៕

វីដេអូ៖