ភ្នំពេញៈ​ កម្ពុជា​ទទួល​បាន​មក​វិញ​នូវ​សាកសព​ចំនួន ​៧១​​ ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ចំនួន​ ​២១ ៧៤៦​ នាក់​​បាន​ធ្វើ​ទេសន្តរប្រវេសន៍​ការងារ​​នៅ​ក្រៅ​ប្រទេស​ ហើយ​បាន​​ប្រឈម​មុខ​ភាព​រងគ្រោះ​នៅ​ក្នុង​រយៈពេល​ ៦ ​ខែ ​ដើម​ឆ្នាំ ​​២០១៩​ នេះ។​

ទោះ​យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​របាយការណ៍​របស់​ក្រសួង​មហា​ផ្ទៃ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ស្លាប់​នោះ​ទេ​។​ នេះ​បើ​យោង​តាម​​លោកស្រី​ ​ជូ​ ​ប៊ុនអេង​ ​រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ ​និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ​ដែល​បាន​​ថែ្លង​ក្នុង​វេទិកា​ជាតិ​ ​អន្តរ​សាសនា ​លើក​ទី៣​ ​«​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​ មនុស្ស និង​ទាសភាព​សម័យ​ទំនើប​»​ ​នៅ​មជ្ឈមណ្ឌល​សន្និបាត ​និង​ពិព័រណ៍​កោះ​ពេជ្រ​កាល​ពី​ថ្ងៃ​ម្សិលមិញ ​ដែល​មាន​មន្ត្រី​ប្រយុទ្ធ​ប្រឆាំង​​អំពើ​ជួញ​ដូរ​មនុស្ស​ ​ក្រសួង​ធម្មការ​ ​និង​សាសនា ​និង​អង្គការ​ការីតាស​កម្ពុជា​ ​​ថ្នាក់​ដឹកនាំ​ សាសនា​រួម​មាន​ ​ព្រះពុទ្ធ​សាសនា​ ​អ៊ិស្លាម​សាសនា​ ​កាតូលិក ​និង​ ​គ្រិស្ត​បរិស័ទ​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ចូលរួម​ក្រោម​អធិបតីភាព​លោក​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ដ្រី​ ​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ។

លោកស្រី​ ​ជូ​ ​ប៊ុនអេង​ ​​ថ្លែង​ថា​ ក្នុង​រយៈពេល ​៦ ​ខែ​ដើម​ឆ្នាំ​នេះ​ មាន​ប្រជាជន​កម្ពុជា​ចំនួន​ ​២១ ​​៧៤៦ ​នាក់​ ​ដែល​បាន​ធ្វើ​ទេសន្តរប្រវេសន៍​ការងារ​នៅ​ក្រៅ​ប្រទេស​ត្រូវ​បាន​ប្រឈម​នឹង​ភាព​រងគ្រោះ​ និង​ត្រូវ​បញ្ជូន​មក​កម្ពុជា​​វិញ​ដោយ​មូលហេតុ​ផ្សេងៗ​។​

លោកស្រី​ ថ្លែង​​ថា​៖ ​«​ក្រសួង​ការ​បរទេស​បាន​ជួយ​សម្របសម្រួល​ផ្តល់​ឯកសារ​ដើម្បី​បាន​វិល​ត្រឡប់​​មក​កម្ពុជា​វិញ។​ ភាគ​ច្រើន​ជា​ពលករ​ដែល​ត្រូវ​បញ្ជូន​ត្រឡប់​ពី​ប្រទេស ​ថៃ​ ​ប្រ​មាណ​ជា ​២១ ​៦៥៨ ​នាក់​។​ ក្នុង​រយៈពេល​​មួយ​ឆមាស​កន្លង​ទៅ​នេះ​ដែរ​ ​ក៏​មាន​ការ​បញ្ជូន​សាកសព​ត្រឡប់​វិញ​ផ្លូវ​ការ​ចំនួន​ ​៧១ ​(​ស្រី ១២ ​នាក់​ ​កុមារ​ ១ ​នាក់​)​ ​ដោយ​មិន​គិត​ពី​សាកសព​ដែល​ត្រូវ​បាន​បូជា​ ​ឬ​មិន​បាន​រាយការណ៍​នៅ​ប្រទេស​គោលដៅ​ទេ»​។​

លោកស្រី​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​អំពើ​ជួញដូរ​មនុស្ស ​គឺ​ជា​ទម្រង់​នៃ​ឧក្រិដ្ឋកម្ម​មួយ​ដែល​មាន​បណ្តាញ​ចាត់​​តាំង​យ៉ាង​ទូលំទូលាយ​ភាគ​ច្រើន​ ​ជា​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ​ហើយ​មាន​រូបភាព ​និង​ទ្រង់ទ្រាយ​ខុសៗ​គ្នា​​នៅ​កម្ពុជា​ ​ក្នុង​តំបន់ ​និង​ក្នុង​ពិភព​លោក​។

លោកស្រី ​បញ្ជាក់​ថា​៖ ​«​រៀងរាល់​ថ្ងៃ​ ​មាន​មនុស្ស​ក្មេង​ចាស់​ ​ប្រុស​ ​ស្រី​ រាប់​លាន​នាក់​ក្នុង​តំបន់​ ​និង​រាប់​រយ​លាន​នាក់​ក្នុង​ពិភព​លោក​ ​ដែល​ត្រូវ​បាន​គេ​ជួញដូរ​ ​កេង​ប្រវ័ញ្ច​ដូច​សត្វ​ធាតុ​ ​ហើយ​មនុស្ស​ទាំង​នោះ​ បាន​ខូចខាត​ និង​បាត់បង់​សិទ្ធិ​សេរីភាព​ ​សុខភាព​ផ្លូវ​កាយ​ ​ផ្លូវ​ចិត្ត​ ​រង​នូវ​ការ​លំបាក​វេទនា ខាតបង់​ទ្រព្យ​ធន​ពេលវេលា ​បាត់បង់​ទំនាក់ទំនង​ផ្សារភ្ជាប់​មនោសញ្ចេតនា​រវាង​ស្វាមី​ភរិយា​ ​ឪពុកម្តាយ​ ​បងប្អូន​ ​ញាតិមិត្ត​ ​សាច់​សាលោហិត​ ​ឬ​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​ ដោយ​ការងារ​ធ្ងន់​ធ្ងរ​គ្រោះ​ថ្នាក់​ និង​មួយ​ចំនួន​បាន​ក្លាយ​ជា​ជន​ពិការ​រាង​កាយ​ វិកល​ចរិត​ ​និង​រហូត​ដល់​បាត់បង់​អាយុ​ជីវិត​ថែម​ទៀត​»​។​

លោកស្រី​ថ្លែង​ថា​ ​ជា​រឿយៗ​​ជន​រងគ្រោះ​ត្រូវ​បាន​រក​ឃើញ​ ​និង​សង្គ្រោះ​ដើម្បី​​ផ្តល់​សេវា​គាំពារ​ទាំង​ការ​ធ្វើ​មាតុភូមិនិវត្តន៍ ការ​ស្តារនីតិសម្បទា​ ​ការ​ធ្វើ​សមាហរណកម្ម ​ការ​ផ្តល់​សេវា​ផ្លូវ​ច្បាប់​ដើម្បី​ទាមទារ​យុត្តិធម៌​ និង​សំណង​ប៉ះប៉ូវ​ការ​ខូចខាត​ ការ​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ ​ការងារ​ ​និង​មុខ​របរ។ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ​ក៏​នៅ​មាន​ជន​រងគ្រោះ​ជា​ច្រើន​ទៀត​ដែល​គ្មាន​ភ័ព្វ​សំណាង​ ​បាន​ទទួល​សេវា​ទាំង​អស់​នេះ​ទេ​ ​ព្រោះ​ពួក​គេ​ត្រូវ​បាន​គេ​បង្ខាំង​ទុក​ ​ឬ​ត្រូវ​បាន​បាត់បង់​អាយុ​ជីវិត​ទៅ​ហើយ​​។​

លោក​ ​គឹម​ ​រតនា​ ​នាយ​ប្រតិបត្តិ​អង្គការ​ការីតាស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ បើ​ទោះបី​ជា​មាន​ការ​ខិតខំ​ប្រឹងប្រែង និង​សម្រេច​បាន​នូវ​លទ្ធផល​ជា​ច្រើន​ឥត​គណនា​ពី​សំណាក់​រដ្ឋាភិបាល​ អង្គការ​ជាតិ​ អន្តរជាតិ​នានា​ ​លើ​ការ​អប់រំ​ ផ្សព្វផ្សាយ​ ​ការ​បង្ការ​ទប់ស្កាត់​ ​ការ​បង្ក្រាប​ ​និង​ដាក់​ទោស​ទណ្ឌ​ដល់​ជន​​ល្មើស​យ៉ាង​ណា​ក៏​ដោយ​ ក៏​ប៉ុន្តែ​អំពើ​ជួញដូរ​មនុស្ស ​និង​ទាសភាព​សម័យ​ទំនើប​នេះ​នៅ​មិន​ទាន់​មាន​ភាព​ប្រសើរ​នៅ​ឡើ​យ​ ​ទាំង​នៅ​ក្នុង​តំបន់​ក៏​ដូចជា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​ថ្លែង​ថា​៖ ​«​ដូច្នេះ​កិច្ចការ​នេះ​ទាមទារ​ឲ្យ​​មាន​​ការ​ប្តេជ្ញា​ចិត្ត​ ​និង​ការ​ចូលរួម​ចំណែក​បន្ថែម​ទៀត​ ​ពី​សំណាក់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​វា​គឺ​ជា​បញ្ហា​របស់​យើង​រាល់​គ្នា ​ដូច្នេះ​យើង​រួម​គ្នា​ផ្សព្វផ្សាយ ​លើក​កម្ពស់​ការ​យល់ដឹង​ទប់ស្កាត់​បញ្ឈប់​ឲ្យ​​បាន​នូវ​ទាសភាព​សម័យ​ទំនើប​ ​ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ការពារ​ និង​ថែរក្សា​ជន​រងគ្រោះ​ឲ្យ​​រស់នៅ​ក្នុង​ក្តី​សង្ឃឹម​»៕