ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី ១២ មេសា​នេះ បាន​រក​ឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ចំនួន ២៧៧ នាក់​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត-ក្រុង​ចំនួន ៧ ដែល​សុទ្ធ​តែ​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ រីឯ​អ្នក​ជា​សះស្បើយ​មាន​ចំនួន ៦០ នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ម្នាក់។

តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ចំនួន​អ្នក​ឆ្លង​ទាំង​នេះ មាន​នៅ​រាជធានី​ភ្នំពេញ​ចំនួន ២០៤ នាក់, ខេត្ត​ស្វាយរៀង ចំនួន ៤៣ នាក់, ខេត្ត​កណ្តាល ២៣ នាក់, ខេត្ត​ពោធិ៍សាត់ ៣ នាក់, ខេត្ត​ព្រៃវែង​ចំនួន ២ នាក់, ខេត្ត​ព្រះសីហនុ និង​តាកែវ ១ នាក់​ដូច​គ្នា។

នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ពី​ការ​ព្យាបាល​ជា​សះស្បើយ​​នៃ​អ្នក​ជំងឺកូវីដ ១៩ មាន​ចំនួន​ ៦០ នាក់​ផង​ដែរ។

ក្រៅ​ពី​នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ករណី​ស្លាប់​ស្ត្រី​ខែ្មរ​វ័យ ៦១ ឆ្នាំ​ម្នាក់ កាល​ពី​យប់​ថ្ងៃទី ១១ ខែ​មេសា​ផង​ដែរ​ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​កូវីដ ១៩ នៅ​កម្ពុជា​កើន​ដល់ ៣០ នាក់។

បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​បាន​ឱ្យ​ដឹង​ថា ស្រ្តី​រូប​នេះ​រស់នៅ​សង្កាត់​ព្រែកព្នៅ​ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ម៉ោង ១៨ និង ៣០ នាទី។ មុន​ពេល​ស្លាប់​អ្នកស្រ្តី​រូប​នេះ ត្រូវ​បាន​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ហើយ​បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ហ្លួងម៉ែ កាល​ពី​យប់​ថ្ងៃ ៣០ មីនា ២០២១។ ប៉ុន្តែ​ដោយសារ​អ្នក​ជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ហត់​ដង្ហក់​ខ្លាំង និង​មាន​ជំងឺ​ទឹកនោម​ផ្អែម​ផង​ គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន។

តាម​ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ​ស្ត្រី​រូប​នេះ​បាន​ស្លាប់​ដោយសារ​វិបត្តិ​ផ្លូវ​ដង្ហើម​ស្រួច​ស្រាល់​ធ្ងន់ធ្ងរ និង​រលាក​សួត​ទាំង​សង​ខាង​ដោយសារ​ជំងឺ​កូវីដ ១៩ លើ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រចាំកាយ។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១ នេះ ក្រសួង​បាន​រក​ឃើញ​អ្នក​មាន​វិជ្ជមាន​វីរុស​កូវីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ៤ ៥១៥ នាក់ ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ចំនួន ២ ២១២ នាក់ អ្នក​កំពុង​ព្យាបាល ២ ៣០៣ នាក់ និង​ស្លាប់​ចំនួន ៣០ នាក់៕